យុគសម័យ - សកម្មភាពរបស់វៀតណាមនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនត្រឹមតែជួយលើកកំពស់ឋានៈរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការជំរុញទំនាក់ទំនងទ្វេភាគីជាមួយប្រទេសនានាឱ្យកាន់តែស៊ីជម្រៅនិងបើកចេញឱកាសវិនិយោគទៀតផង។
ក្រុមបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិចូលរួមសម័យពិភាក្សានៃអង្គការសហប្រជាជាតិ (រូបថតៈ TTXVN)
វៀតណាមជាលើកដំបូង បានដើរតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០០៨-២០០៩ ដែលបានបន្សល់ទុកនូវការចាប់អារម្មណ៍ និងទទួលស្គាល់ក៏ដូចជាការវាយតម្លៃខ្ពស់ពីមិត្តភក្តិអន្តរជាតិផងដែរ។
ផ្តើមចេញពីបំណងប្រាថ្នាដែលចង់ក្លាយទៅជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ក៏ដូចជាតម្រូវ ការនៃការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅនោះ បន្ទាប់ពីបញ្ចប់អាណត្តិ ២០០៨-២០០៩ ភ្លាមមក វៀតណាមបន្តឈរឈ្មោះជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ ហើយបន្តរួមចំណែកកាន់តែច្រើនដល់សន្តិភាព ការអភិវឌ្ឍនិងវិបុលភាពនៅលើពិភពលោក។
ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នសំខាន់ៗទាំងប្រាំមួយរបស់អង្គការសហប្រជាជាតិនោះ ក្រុមប្រឹក្សាសន្តិសុខត្រូវបានផ្តល់សិទ្ធិដោយរដ្ឋជាសមាជិកដើម្បីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់យល់ស្របនឹងអនុវត្តការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្ដិសុខផងដែរ។
ខណៈពេលដែល ស្ថាប័នដទៃរបស់អង្គការសហប្រជាជាតិ ត្រឹមតែនាំចេញសេចក្តីសម្រេចចិត្តមានចរិតលក្ខណៈអនុសាសន៍សម្រាប់រដ្ឋាភិបាលនៃរដ្ឋជាសមាជិក។ រាល់សេចក្តីសម្រេចចិត្តនិងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្ដិសុខនៅពេលត្រូវបានអនុម័ត សុទ្ធតែមានចរិតលក្ខណៈចាប់បង្ខំ ហើយសមាជិកទាំងអស់នៃអង្គការសហប្រជាជាតិមានកាតព្វកិច្ចគោរពនិងប្រតិបត្តិជាពុំខាន។
ក្រុមប្រឹក្សាសន្តិសុខរួមមានសមាជិកចំនួន ១៥ ក្នុងនោះ សមាជិកអចិន្រ្តៃយ៍មានចំនួន ៥ គឺប្រទេសចិន, បារាំង, រុស្ស៊ី, អង់គ្លេស, សហរដ្ឋអាមេរិកនិងសមាជិកមិនអចិន្ត្រៃយ៍ចំនួន ១០ ដែលមានអាណត្តិរយៈពេល ២ ឆ្នាំ ត្រូវបានជ្រើសរើសដោយមហាសន្និបាតអង្គការសហប្រជាជាតិ។ អាសនៈមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខចំនួន ១០ ត្រូវបានបែងចែកដោយតំបន់ភូមិសាស្ដ្រ។
ចូលរួមវិភាគទានវិជ្ជមាន ម្ចាស់ការនិងគ្រប់ជ្រុងជ្រោយ
បន្ទាប់ពីត្រូវបានមហាសន្និបាតអង្គការរហប្រជាជាតិ ជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ សម្រាប់អាណត្តិ ២០០៨-២០០៩ មក វៀតណាមបានសម្របខ្លួនយ៉ាងឆាប់រហ័ស ដោយចូលរួមយ៉ាងសកម្ម ម្ចាស់ការនិងគ្រប់ជ្រុងជ្រោយលើបញ្ហាទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
មិនត្រឹមតែសម្របខ្លួនយ៉ាងឆាប់រហ័សនិងចូលរួមកិច្ចប្រជុំទាំង ១,៥០០ របស់ក្រុមប្រឹក្សាសន្តិសុខប៉ុណ្ណោះទេ វៀតណាម ថែមទាំងមានការរួមចំណែកសកម្មលើបញ្ហាទាំងអស់ ពោលគឺពីបទថ្លែងមតិ ចូលរួមជំនួបពិភាក្សា រួមមតិយោបល់ក្នុងការចងក្រងសេចក្តីសម្រេចចិត្ត ដល់ធ្វើជាប្រធាន អនុប្រធាននៃអនុគណកម្មការរបស់ក្រុមប្រឹក្សាសន្តិសុខជាដើម។
ជាតំណាងទ្វីបអាស៊ី វៀតណាមមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញដោះស្រាយដោយសន្តិវិធី រាល់បញ្ហាតំបន់។ វៀតណាមក៏មានការយកចិត្តទុកដាក់ ក្នុងការដោះស្រាយរាល់បញ្ហានៅតំបន់ផ្សេងៗ ដូចជា អាហ្វ្រិកនិងមជ្ឈិមបូព៌ាផងដែរ។ ពោលគឺ ក្នុងនាមជាប្រធានប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខពីរលើកមក វៀតណាមសុទ្ធតែ ចូលរួមការពិភាក្សាបើកជំហរ ស្តីពីបញ្ហាសន្តិភាពនៅមជ្ឈិមបូព៌ា។
ទិដ្ឋភាពនៃសម័យពិភាក្សាបើកទូលាយមួយនៃក្រុមប្រឹក្សាសន្តិសុខ (រូបថតៈ TTXVN)
ការចូលរួមនិងការបោះឆ្នោតរបស់វៀតណាម នៅក្រុមប្រឹក្សាសន្តិសុខលើបញ្ហាប្រឆាំងនឹងសង្រ្គាម ការរំសាយសព្វាវុធ ការប្រឆាំងភេវរកម្ម ការដាក់កំហិតលើការប្រើប្រាស់វិធានការដាក់ទណ្ឌកម្ម ការរួមចំណែកដល់កិច្ចការពារឯករាជ្យ អធិបតេយ្យភាព។ ទាំងអស់នេះ បានរួមចំណែកក្នុងការធានាគោលការណ៍ ក៏ដូចជាផលប្រយោជន៍ជាតិ។
ទន្ទឹមនឹងនេះ វៀតណាមមានភាពបត់បែននិងប៉ិនប្រសពក្នុងការដោះស្រាយទំនាក់ទំនងជាមួយបណ្តាប្រទេសធំៗ ប្រ ទេសដែលមានផលប្រយោជន៍ពាក់ព័ន្ធនិងមិត្តភក្តិប្រពៃណី ... ដោយឈរលើមូលដ្ឋាននៃការគោរពនិងការពារផលប្រយោជន៍សំខាន់ៗ ដែលស្របតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។
បង្កើនរូបភាពនិងឋានៈររបស់វៀតណាម
អាចនិយាយបានថា សកម្មភាពរបស់វៀតណាមនៅក្នុងយន្តការសហប្រតិបត្តិការពហុភាគីដ៏សំខាន់នេះ បានរួមចំណែកដល់ការកែលម្អរូបភាពនិងឋានៈរបស់វៀតណាម ជំរុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងដៃគូនានារបស់ខ្លួន ជាសក្ខីភាពជាក់ស្តែងនិងច្បាស់លាស់អំពីប្រទេសវៀតណាមមួយសកម្មនិងជឿជាក់ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិនិងថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាច្រើន ជាពិសេសបណ្ដាប្រទេសធំៗ ដៃគូសំខាន់ៗ ក្នុងតំបន់ សុទ្ធតែបានវាយតំលៃខ្ពស់ ចំពោះការរួមចំណែករបស់វៀតណាមចំនៅក្រុមប្រឹក្សាសន្តិសុខ។ ទន្ទឹមជាមួយគ្នានោះ បានបង្ហាញអំពីប្រទេសវៀតណាមមួយ ម្ចាស់ការ រួមចំណែកជាវិជ្ជមាននិងមានទំនួលខុសត្រូវ ក្នុងការចូលរួមកិច្ចការរួមនិងរំពឹងថាវៀតណាមនឹងដើរតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាតំបន់និងអន្តរជាតិ ជាពិសេស នៅពេលដែលវៀតណាម ទទួលបានតំណែងជាប្រធានអាស៊ានកាលពីឆ្នាំ ២០១០ កន្លងមក។
សកម្មភាពរបស់វៀតណាមនៅឯក្រុមប្រឹក្សាសន្តិសុខ មិនត្រឹមតែជួយលើកកំពស់ឋានៈរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការជំរុញទំនាក់ទំនងទ្វេភាគីជាមួយប្រទេសនានាឱ្យកាន់តែស៊ីជម្រៅ បើកចេញឱកាសវិនិយោគ ពាណិជ្ជកម្មឬបើកចេញឱកាសចូលរួមទីផ្សារនៅក្នុងប្រទេសនិងតំបន់ជាច្រើន ទៀតផង
ដំណើរការនៃការចូលរួមរបស់វៀតណាមនៅក្នុងក្រុមប្រឹក្សាសន្តិសុខបាននាំមកនូវបទពិសោធន៍ដ៏មានតម្លៃស្តីពីការសំរបសំរួលអន្តរស្ថាប័ន។ បទពិសោធន៍ទាំងនេះ គួរតែបន្តត្រូវបានលើកកម្ពស់នៅក្នុងសកម្មភាពតាមបណ្តាវេទិកាពហុភាគីផងដែរ។
នុងដំណើរចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខ វៀតណាមបំពេញល្អក្នុងការស្រាវជ្រាវយុទ្ធសាស្ត្រ ការព្យាករណ៍ស្ថានភាពនិងបានបណ្តុះបណ្តាលអ្នកការទូតពហុភាគី ដែលក្តាប់ជាប់នូវគោលជំហរនិងគោលការណ៍ណែនាំរបស់បក្សនិងរដ្ឋ ពូកែភាសាបរទេស និងមានបទពិសោធន៍តាមរយៈការអនុវត្តស្ថានភាពជាក់ស្តែង។
តាមរយៈបទពិសោធន៍ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០០៨-២០០៩ ជាមួយការខិតខំរបស់ខ្លួន វៀតណាមបានទទួលការកោតសរសើរខ្ពស់ពីមិត្តភក្តិអន្តរជាតិ។
លើសពីនេះទៀត ការរៀបចំប្រកបដោយជោគជ័យរាល់កិច្ចប្រជុំនិងព្រឹត្តិការណ៍អន្តរជាតិជាច្រើនក្នុងពេលកន្លងមក បានរួមចំណែកក្នុងការលើកកម្ពស់ឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិនិងក្នុងទំនាក់ទំនងពហុភាគីផងដែរ៕
(ប្រែសម្រូលដោយស្រីពេជ្រ)


មតិពីមិត្តអ្នកអាន