នាយករដ្ឋមន្ត្រីវៀតណាមនិងរុស្ស៊ីអះអាងថា ថាមពលគឺជាសសរស្តម្ភសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី

10:33 | 23/05/2019 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី ២២ ខែឧសភា (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ីលោក D.A. Medvedev ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ីលោក D.A. Medvedev (រូបថតៈ VGP/Quang Hieu)

ក្នុងជំនួបនេះ នាយករដ្ឋមន្ដ្រីរុស្ស៊ី លោក D.A. Medvedev បានស្វាគមន៍យ៉ាងកក់ក្តៅនិងវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc លើកនេះ ដោយអះអាងថា រុស្ស៊ីជានិច្ចកាល ចង់ពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

អញ្ជើញមានមតិឆ្លើយតបវិញ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្តែងក្តីសប្បាយរីករាយ ដែលបានបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងគូសបញ្ជាក់ថា វៀតណាមជានិច្ចកាល គោរពនិងផ្តល់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនិងមិត្តភាពជាប្រពៃណីជាមួយរុស្ស៊ី ។

នាយករដ្ឋមន្ត្រីទាំងពីររូបអញ្ជើញជួបសំណេះសំណាល (រូបថតៈ VGP/Quang Hieu)

នាយករដ្ឋមន្ត្រីទាំងពីររូប បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរៀបចំឆ្នាំវៀតណាមនៅរុស្ស៊ីនិងឆ្នាំរុស្ស៊ីនៅវៀតណាម ក្នុងឆ្នាំ ២០១៩-២០២០ និងចាត់ទុកថា នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងទ្វេភាគី ដែលរួមចំណែកដល់ការរឹតបន្តឹងថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្ត្រីទាំងពីររូប បាន វាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងនយោបាយ រវាងវៀតណាមនិងរុស្ស៊ី ដែលបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។

ក្នុងបរិយាកាសមិត្តភាព ជឿទុកចិត្តគ្នាទៅវិញទៅមកនេះ នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក D.A.Medvedev បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើទិសដៅនិងវិធានការ ដើម្បីបង្កើនថែមទៀត កិច្ចសហប្រតិបត្តិការដែលពោរពេញទៅដោយសក្កានុភាពរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

ទិដ្ឋភាពនៃជំនួបពិភាក្សាជាន់ខ្ពស់វៀតណាម - សហព័ន្ធរុស្ស៊ី (រូបថតៈ VGP/Quang Hieu)

នៅឯជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានសម្តែងក្តីរីករាយក្រៃលែងដោយឃើញថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប ដែលបានចូលជាធរមានកាលពីឆ្នាំ ២០១៦នោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងរុស្ស៊ី មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ពោលគឺទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ ទទួលបាន ៤,៥៧ ពាន់លានដុល្លារអាមេរិក (យោងតាមស្ថិតិរបស់រុស្ស៊ីគឺទទួលបានជាង ៦ ពាន់លានដុល្លារអាមេរិក) កើន ២៨,៦% ធៀបនឹងឆ្នាំ ២០១៧។ ដើម្បីពង្រីកថែមទៀត នូវសក្កានុភាពសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ វៀតណាមនិងរុស្ស៊ីនឹងរួមសហការ សម្របសម្រួលនិងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ នឹងទំនិញនៃប្រទេសទាំងពីរ ជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក D.A. Medvedev បានអះអាងថា ថាមពលគឺជាសសរស្តម្ភសំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងរុស្ស៊ី។ ហេតុដូច្នេះ ភាគីទាំងពីរបានព្រមព្រៀងលើកកម្ពស់សហគ្រាសប្រេងនិងឧស្ម័ននៃប្រទេសទាំងពីរដើម្បីសហប្រតិបត្តិការក្នុងការរុករកប្រេងនិងឧស្ម័ននៅលើដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនិងនៅលើទឹកដីរុស្ស៊ីតែម្តង។

នាយករដ្ឋមន្ត្រីវៀតណាមនិងនាយករដ្ឋមន្ត្រីរុស្ស៊ី អញ្ជើញជាសក្សី ពិធីចុះហត្ថលេខាលើកកិច្ចសហប្រតិបត្តិការមួយចំនួន (រូបថតៈ VGP/Quang Hieu)

នាយករដ្ឋមន្រ្តីទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនិងសន្តិសុខ ដែលសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកដល់ការពង្រឹងជំនឿទុកចិត្តជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល ដូចជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា អប់រំនិងបណ្តុះបណ្តាល វប្បធម៌ កីឡានិងទេសចរ ដើម្បីរួមចំណែកធ្វើឲ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម - រុស្ស៊ី កាន់តែសម្បូរបែប។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងអាជ្ញាធររុស្ស៊ី ក្នុងការជួយសម្រួល បង្កលក្ខណៈងាយស្រួលដល់សហគមន៍ជនវៀតណាមនៅរុស្ស៊ីក្នុងការរស់នៅ ធ្វើការនិងរៀនសូត្រ ប្រកបដោយស្ថិរភាពនៅរុស្ស៊ី រួមចំណែកធ្វើជាស្ពានតភ្ជាប់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីររូប បានព្រមព្រៀងលើវិធានការជាក់លាក់មួយចំនួនដើម្បីជំរុញកិច្ចសហប្រតិបត្តិការពលកម្ម រវាងប្រទេសទាំងពីរ ដោយចាត់ទុកថាវាជាវិស័យមានសក្តានុពលខ្លាំងដែលសមស្របនឹងតម្រូវការរបស់ភាគីទាំងពីរ។

នាយករដ្ឋមន្ត្រីទាំងពីររូប អញ្ជើញជាសហអធិបតីនៃសន្និសីទសារព័ត៌មាន បន្ទាប់ពីជំនួបពិភាក្សា (រូបថតៈ VGP/Quang Hieu)

ស្របពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីររូប បានពិភាក្សានូវបញ្ហាអន្តរជាតិនិងតំបន់មានមានការយកចិត្តទុកដាក់រួមគ្នា ក្នុងនោះមានការរក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍នៅអាស៊ី - ប៉ាស៊ីហ្វិក ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផងដែរ។ វៀតណាម បានវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រទេសមហារអំណាចរបស់រុស្ស៊ីនិងមានបំណងចង់ឲ្យរុស្ស៊ីបន្តរួមចំណែកសកម្មទៅក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់និងលើពិភពលោក។

នាយករដ្ឋមន្ត្រីទាំងពីររូបបានជឿជាក់ថា លទ្ធផលដ៏ល្អប្រសើរទទួលបានពីដំណើរទស្សនកិច្ចនេះ នឹងបង្កើតនូវកម្លាំងចលករថ្មី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - រុស្ស៊ីក្នុងគ្រប់វិស័យ។ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញនាយករដ្ឋមន្ត្រីរុស្ស៊ី លោក D.A. Medvedev អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។ នាយករដ្ឋមន្ដ្រីរុស្ស៊ី លោក D.A. Medvedev បានថ្លែងអំណរគុណនិងទទួលការអញ្ជើញដោយរីករាយ។

បញ្ចប់ជំនួប នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក D.A.Medvedev បានធ្វើជាសាក្សី ពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងវិស័យនុយក្លេអ៊ែរ ប្រេងឧស្ម័ន សំណង់ ទេសចរណ៍ យុត្តិធម៌ និងកិច្ចសហប្រតិបត្តិការតាមតំបន់នីមួយនៃប្រទេសទាំងពីរផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត