យុគសម័យ - នាយប់ថ្ងៃទី ២៣ ខែឧសភា (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងម៉ូស្គូ បញ្ចប់ប្រកបដោយជោគជ័យ នូវដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី និងឆ្ពោះទៅកាន់រដ្ឋធានី Oslo ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសន័រវែស។
នាយករដ្ឋមន្ត្រីវៀតពណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitri Medvedev អញ្ជើញជាអធិបតីក្នុងពិធីបើកឆ្នាំខ្វែងគ្នា វៀតណាម-រុស្ស៊ី (ពោលគឺឆ្នាំវៀតណាមនៅរុស្ស៊ីនិងឆ្នាំរុស្ស៊ីនៅវៀតណាម) នាយប់ថ្ងៃទី២២ ខែឧសភា (តាមម៉ោងតំបន់) នៅរដ្ឋធានីម៉ូស្គូ (រូបថតៈ TTXVN)
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងម៉ូស្គូ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Dmitri Medvedev។ ថ្នាក់ដឹកនាំបានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ចំនួន ១៤ ផងដែ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថតៈ VGP/Quang Hieu)
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin។ ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម នាពេលកន្លងទៅ ដោយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ព្រមទាំង សម្ដែងនូវការត្រៀមខ្លួនជាស្រេច បន្តលុបបំបាតើរបាំងពាណិជ្ជកម្មនានា ជាពិសេសគឺចំពោះវិស័យកសិផល រុក្ខផល និងជលផលនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបបានចាត់ទុកថា វៀតណាមនិងរុស្ស៊ីនៅតែមានសក្ដានុភាព ជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបតិ្តការ ហើយត្រូវការខិតខំប្រឹងប្រែងថែមទៀត ដើម្បីសម្រេចបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១០ ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ជាច្រើន ដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងឯកភាព បន្តកិច្ចសហប្រតិបត្តិការនិងគាំទ្រគ្នាទៅ វិញទៅមកនៅវេទិកាពហុភាគីនានាផងដែរ។
ទិដ្ឋភាពនៃជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថតៈ VGP/Quang Hieu)
ប្រធានាធិបតីលោក Putin បាន អះអាងថា រុស្ស៊ីគាំទ្រចំពោះការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីដ៏សមស្របនឹងច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS) ក៏ដូចជាការអនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិសម្រាប់ភាគីនៅសមុទ្រខាងកើត (DOC) និងការកសាងក្រមប្រតិបត្តិកសម្រាប់ភាគីនៅសមុទ្រខាងកើត (COC) អោយបានឆាប់ៗទៀតផង។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានក្រុមប្រឹក្សាសហព័ន្ធ លោកស្រី Valentina Ivanovna Matviyenko (រូបថតៈ VGP)
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយប្រធាន Duma ជាតិរុស្ស៊ី លោក Vyacheslav Viktorovich Volodin និងប្រធានក្រុមប្រឹក្សាសហព័ន្ធ លោកស្រី Valentina Ivanovna Matviyenko ផងដែរ។
នៅទីក្រុងម៉ូស្គូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានរួមជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Maxim Akimov ចូលរួមនិងថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម - រុស្ស៊ីដោយមានការចូលរួមពីពាណិជ្ជករជាង ២៥០ នាក់និងវិនិយោគិននៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយសមាគមអតីតយុទ្ធជនរុស្ស៊ីនាគ្រាសង្គ្រាមនៅវៀតណាមនិងសមាគមមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ី (រូបថតៈ baochinhphu)
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយសមាគមអតីតយុទ្ធជនរុស្ស៊ីនាគ្រាសង្គ្រាមនៅវៀតណាមនិងសមាគមមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ី។ លោកនាយករដ្ឋមន្ត្រីក៏បានអញ្ជើញជួបនិងនិយាយជាមួយបុគ្គលិកស្ថានទូត សហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី រួមទាំងបានទទួលជួបជាមួយអគ្គនាយកក្រុមហ៊ុន Kaspersky Lab ផងដែរ៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)





មតិពីមិត្តអ្នកអាន