យុគសម័យ - គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Bui Thanh Son បានចូលរួមកិច្ចប្រជុំកំពូលលើកទី ២ របស់អង្គការសហប្រជាជាតិស្តីពីកិច្ចសហប្រតិបត្តិការត្បូង-ត្បូង (South-south cooperation) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២២ ខែ មីនា នៅប្រទេសអាហ្សង់ទីន។
អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son អញ្ជើញថ្លែងមតិនៅក្នុងសម័យប្រជុំពេញអង្គ ស្តីពីកិច្ចសហប្រតិបត្តិការត្បូង-ត្បូង លើកទី២ ដែលបានប្រារព្ធពីថ្ងៃទី២០ដល់ថ្ងៃទី២២ខែមីនា នៅរដ្ឋធានី Buenos Aires នៃប្រទេសអាហ្សង់ទីន (រូបថតៈ TTXVN)
ប្រតិភូជាង ១០០ មកពីបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិបានចូលរួមកិច្ចប្រជុំនេះ ក្នុងនោះមានវត្តមានប្រមុខរដ្ឋ ៥ រូប និងគណៈប្រតិភូថ្នាក់រដ្ឋមន្ត្រីឡើងទៅជាង ៤០រូប រួមទាំង អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិនិងអង្គការអន្ដរជាតិ អង្គការសង្គមកិច្ចនិងសហគ្រាសជាច្រើនផងដែរ។ គណៈប្រតិភូវៀតណាម ចូលរួមក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son។
ដោយប្រធានបទ “តួនាទីរបស់កិច្ចសហប្រតិបត្តិការត្បូង-ត្បូងនិងការអនុវត្តន៍របៀបវារៈ ២០៣០ ស្តីពីការអភិវឌ្ឍដោយចីរភាព: បញ្ហាប្រឈមនិងកាលានុវត្តន៍ភាព” កិច្ចប្រជុំនេះបានវាយតម្លៃនូវដំណើរការ ៤០ឆ្នាំ នៃការអនុវត្តកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និង ពិភាក្សា ដាក់ចេញទិសដៅសម្រាប់សហប្រតិបត្តិការត្បូង - ត្បូងក្នុងបរិបទថ្មី។
លោក Bui Thanh Son អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំពេញអង្គ (រូបថតៈ infonet.vn)
កិច្ចប្រជុំនេះបានបញ្ជាក់អំពីគោលការណ៍ជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការត្បូង - ត្បូងដោយសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការត្បូង - ត្បូងដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសអភិវឌ្ឍន៍និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ (ខាងជើង - ខាងត្បូង)។
ស្តីពីទិសដៅសហប្រតិបត្តិការត្បូង - ត្បូង កិច្ចប្រជុំបានសង្កត់ធ្ងន់ថា ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគី ដោយស្របតាមការអនុវត្តន៌របៀបវារៈ ២០៣០ របស់អង្គការសហប្រជាជាតិ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយគ្នានេះ បន្តបង្កើនការចែករំលែកបទពិសោធន៍ កិច្ចសហប្រតិបត្តិការបច្ចេកទេស ចាំបាច់ត្រូវពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនទៀត ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន ការអប់រំ ជាដើមដើម្បីជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពចំពោះបញ្ហាប្រឈមនៃការអភិវឌ្ឍន៍ ជាពិសេសភាពក្រីក្រនិងការប្រែប្រួលអាកាសធាតុ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son បានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេនី (រូបថតៈ infonet.vn )
កិច្ចប្រជុំបានស្នើការប្រមូលប្រភពធនធានដែលមានស្រាប់សម្រាប់កិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងនោះមានប្រភពដើមទុនឯកជន។ ម្យ៉ាងវិញទៀត អំពាវនាវដល់បណ្តាប្រទេសអភិវឌ្ឍន៍ដើម្បីបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងសង្កត់ធ្ងន់លើការបង្កើនតួនាទីរបស់អង្គការសហប្រជាជាតិនិងអង្គការពហុភាគីក្នុងការសំរបសំរួល ការជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូងនិងកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងយន្តការសហប្រតិបត្តិការអភិវឌ្ឍន៍។
អញ្ជើញថ្លែងមតិនៅសម័យប្រជុំពេញអង្គនាថ្ងៃទី ២០ ខែមីនា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា: វៀតណាមជានិច្ចកាលគាំទ្រនិងវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការត្បូង-ត្បូង; ជំរុញយ៉ាងសកម្មកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងក្របខ័ណ្ឌទ្វេភាគី អនុតំបន់ទន្លេមេគង្គ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងតំបន់។ វៀតណាមបានអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការត្រីភាគីចំនួនជាង ១០ គម្រោង ក្នុងនោះបានបញ្ចូនអ្នកជំនាញជាង ៣០០ នាក់ ទៅកាន់បណ្តាប្រទេសអាហ្រ្វិក ដើម្បីផ្ទេរបច្ចេកវិទ្យា បណ្តុះបណ្តានិងជួយឧបត្ថម្ភការអភិវឌ្ឍន៍កសិកម្ម រួមចំណែកជាវិជ្ជមានដល់ការកាត់បន្ថយភាពក្រីក្រនិងធានាសន្តិសុខស្បៀងនៅអាហ្រ្វិកជាដើម។
លោក Bui Thanh Son អញ្ជើញជួបជាមួយអគ្គនាយក UNDP (រូបថតៈ infonet.vn )
លោកអនុរដ្ឋមន្រ្តីការបរទេសវៀតណាម បានសង្កត់ធ្ងន់ថាកិច្ចសហប្រតិបត្តិការត្បូង - ត្បូង គួរតែបន្តពង្រឹងបន្ថែមទៀតនូវសាមគ្គីភាព សម្លេងនិងផលប្រយោជន៍រួមនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងបញ្ហាសកលលោក ជាពិសេសការលើកកម្ពស់លទ្ធិពហុភាគីនិងអនុវត្តគោលដៅអភិវឌ្ឍសហសវត្តន៍ប្រកបដោយនិរន្តរភាព (SDG)។ ទន្ទឹមជាមួយគ្នានោះ ស្នើអង្គការសហប្រជាជាតិនិងអង្គការអភិវឌ្ឍន៍ឱ្យបន្តការជួយឧបត្ថម្ភលើកិច្ចសហប្រតិបត្តិការត្បូង - ត្បូងដើម្បីសន្តិភាពនិងវិបុលភាពក្នុងពិភពលោក។
កិច្ចប្រជុំកំពូលលើកទី ២ របស់អង្គការសហប្រជាជាតិស្តីពីកិច្ចសហប្រតិបត្តិការត្បូង - ត្បូងត្រូវបានប្រារព្ធឡើងក្នុងឱកាសខួបលើកទី ៤០ នៃសហគមន៍អន្តរជាតិ តាមរយៈផែនការសកម្មភាពទីក្រុង Buenos ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ (BAPA) ។
នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ អង្គការសហប្រជាជាតិបានរួមសហការជាមួយប្រទេសម្ចាស់ផ្ទះអាហ្សង់ទីននិងដៃគូរបស់ខ្លួន ដើម្បីរៀបចំការតាំងពិព័រណ៍ស្តីពីសមិទ្ធិផលទទួលបានក្នុងរយៈពេល៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងសកម្មភាពនៅខាងក្រៅជាច្រើនទៀត ដើម្បីបង្កើនបទពិសោធន៍ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង ផងដែរ៕
(បកប្រែដោយ ស្រីព្រេជ)




មតិពីមិត្តអ្នកអាន