យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែក នាព្រឹកថ្ងៃទី១៧ខែមេសា តាមម៉ោងតំបន់ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលជួបសវនាការជាមួយប្រធានសភាជាតិសាធារណរដ្ឋឆែក លោក Radek Vondracek។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលជួបសវនាការជាមួយប្រធានសភាជាតិសាធារណរដ្ឋឆែក លោក Radek Vondracek (រូបថតៈ VGP/Quang Hieu)
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាល ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងជាមួយឆែក ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សភាជាតិឆែក សម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យសភាជាតិឆែក បន្តជំរុញឲ្យ EU ចុះហត្ថលេខានិងអនុម័តយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - EU (EVFTA)។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យរដ្ឋសភានៃប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូរបទពិសោធន៍លើវិស័យតាក់តែងច្បាប់ ជាពិសេស ផ្តោតការយកចិត្តទុកដាក់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា រួមទាំងកសិកម្ម ពលកម្មរវាងតំបន់នានានៃប្រទេសទាំងពីរ។
ចំណែកខ្លួនវិញ ប្រធានសភាជាតិឆែក លោក Radek Vondracek បានឲ្យដឹងថា សភាឆែកមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី វៀតណាម-ឆែក ព្រមទាំងអះអាងថា សភាជាតិឆែក គាំទ្រទាំងស្រុង ការចុះហត្ថលេខាយ៉ាងឆាប់លើកិច្ចព្រមព្រៀង EVFTA) និង (EVIPA)។ ប្រធានសភាជាតិឆែកមានបំណងចង់ឲ្យភាគីទាំងពីរ ធ្វើអាជីវកម្មល្អ រាល់សកក្តានុភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសម្តែងក្តីសោមនស្សរីករាយដោយបានឃើញថា ការបើកជើងហោះហើរត្រង់ពីទីក្រុងហាណូយទៅកាន់ រដ្ឋធានី Praha នឹងរួមចំណែក ជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍រវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានគណបក្សកុម្មុយនិស្តឆែក-Morova លោក Vojtech Filip និងជាអនុប្រធានសភាជាតិឆែក (រូបថតៈ baochinhphu.vn)
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានគណបក្សកុម្មុយនិស្តឆែក-Morova លោក Vojtech Filip និងជាអនុប្រធានសភាជាតិឆែកផងដែរ។
លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះការដែលរដ្ឋឆែកបានទទួលស្គាល់ សហគមន៍ ជនឆែកដើមកំណើតវៀត ណាម ជាជនជាតិភាគតិចរបស់សាធារណរដ្ឋឆែក។ នាយករដ្ឋមន្ត្រីបានជឿជាក់ថា ភាគីឆែក នឹងបន្តបង្កលក្ខណៈងាយស្រួលឲ្យជនវៀតណាមដែលកំពុងរស់នៅនិងសិក្សារៀនសូត្រនៅឆែក សម្របខ្លួនជាមួយប្រទេសសាមី និងពង្រីក ថែមទៀត នូវតួនាទីជាស្ពាន រួមចំណែកបង្កើនចំណងមិត្តភាពនិងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើឲ្យប្រធានគណបក្សកុម្មុយនិស្តឆែក លោក Vojtech Filip ជំរុញបន្ថែមដើម្បីកិច្ចព្រមព្រៀង EVFTA និង EVIPA ត្រូវបានចុះហត្ថលេខាយ៉ាងឆាប់ៗនាពេលខាងមុខ។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញចូលជួបសម្តែងការគួរសម ប្រធានាធិបតីសាធារណរដ្ឋឆែក លោក Miloz Zeman (រូបថតៈ baochinhphu.vn)
មុននោះ នារសៀលថ្ងៃទី១៧ខែមេសា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញចូលជួបសម្តែងការគួរសម ប្រធានាធិបតីសាធារណរដ្ឋឆែក លោក Miloz Zeman ផងដែរ។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលមានបំណង បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសមិត្តភក្តិប្រពៃណី ក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងនោះ សាធារណរដ្ឋឆែកជាអាទិភាពមួយដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្តែងនូវការពេញចិត្ត ចំពោះការវិវឌ្ឍដ៏វិជ្ជមាន ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងទៅលើគ្រប់វិស័យ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យសាធារណរដ្ឋឆែកនិងរូបលោក Miloz Zeman ផ្ទាល់ គាំទ្រការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) នាពេលឆាប់បំផុត។
ជាការឆ្លើយតបវិញ លោកប្រធានាធិបតី Miloz Zeman បានវាយតម្លៃខ្ពស់ ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចនៅសាធារណរដ្ឋឆែកលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ព្រមទាំងអះអាងថា ទំនាក់ទំនងវៀតណាម -សាធារណរដ្ឋឆែក មានសក្តានុភាពជាច្រើន សម្រាប់ការអភិវឌ្ឍនាពេលខាងមុខ។
ក៏នារសៀលថ្ងៃដដែល នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Sa Pa នៅរដ្ឋធានី Praha នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាម ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅសាធារណរដ្ឋឆែកផងដែរ។
ការជួបសំណេះសំណាលជាមួយអាណិកជនជាសកម្មភាពចុងក្រោយក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែករបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម។
នាយប់ថ្ងៃទី១៧ខែមេសា តាមម៉ោងតំបន់ ពោលគឺព្រឹកថ្ងៃទី១៨ខែមេសា តាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងគណៈប្រតិភូ បានចាកចេញពីរដ្ឋធានី Praha បញ្ចប់ប្រកបដោយជោគជ័យ នូវដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែក៕



មតិពីមិត្តអ្នកអាន