យុគសម័យ - ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទៅកាន់ប្រទេសអេហ្ស៊ីបជាការគូសសញ្ញានូវទំព័រប្រវត្តិសាស្រ្តថ្មីមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
កាសែតអេហ្ស៊ីបជាច្រើនបានចេញផ្សាយព័ត៌មានអំពីដំណើរទស្សនកិច្ចនៅអេហ្ស៊ីបរបស់ប្រធានរដ្ឋ លោក Tran Dai Quang
សារព័ត៌មានអេហ្ស៊ីបនាថ្ងៃទី ២៦ ខែសីហាបន្តផ្សព្វផ្សាយនូវព័ត៌មាននិងអត្ថបទ ជាច្រើនស្តីពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទៅកាន់អេហ្ស៊ីប ដោយបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ជាពិសេសសម្រប់អេហ្ស៊ីបនិងទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជាជម្រុញផ្នែកឧស្សាហកម្មទេសចរណ៍របស់អេហ្ស៊ីបផងដែរ។
កាសែត Shourouknews បានចុះផ្សាយអត្ថបទរបស់ឯកអគ្គរដ្ឋទូតលោក Mohammed Al-Orabi អតីតរដ្ឋមន្រ្តីក្រសួងការបរទេសនិងជាសមាជិកសភាជាន់ទាបអេហ្ស៊ីបដោយអត្ថាធិប្បាយអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទៅកាន់ប្រទេសអេហ្ស៊ីបដែល “មានសារៈសំខាន់សម្រាប់អេហ្ស៊ីបនិងតំបន់អាហ្វ្រិកលើឆាកអន្តរជាតិ”។
ឯកអគ្គរដ្ឋទូត Al-Orabi បានចង្អុលបង្ហាញពីជោគជ័យនិងបទពិសោធន៍របស់វៀតណាមក្នុងវិស័យកសិកម្មនិងឧស្សាហកម្ម។ លោកបានចាត់ទុកថា នោះគឺជាការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាមដើម្បីសម្រេចបានគោលដៅដូចបំណងប្រាថ្នា។ ក៏យោងតាមឯកអគ្គរដ្ឋទូតរូបនេះ អេហ្ស៊ីបអាចទាញយកសក្តានុពលដ៏ធំធេងរបស់វៀតណាមដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងនៅក្នុងតំបន់អាស៊ីនិងអាស៊ីអាគ្នេយ៍។
រីឯកាសែត Elwatannews (ព័ត៌មានជាតិ)៖ នេះគឺជាដំណើរទស្សនកិច្ចមានចរិតលក្ខណៈប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះសំដៅបង្កើនការផ្លាស់ប្តូរទំនាក់ទំនង កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម វប្បធម៌និងទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសនៅពេលដែលប្រទេសវៀតណាមទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងវិស័យឧស្សាហកម្មបើប្រៀបធៀបទៅនឹងប្រទេសអភិវឌ្ឍន៍សំខាន់ៗដទៃទៀត។ អេហ្ស៊ីបអាចរៀនសូត្រនូវបទពិសោធន៍ច្រើនពីវៀតណាមក្នុងវិស័យនេះ។
អតីតរដ្ឋមន្ត្រីការបរទេសរូបនេះវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Tran Dai Quang នៅអេហ្ស៊ីប ពោរពេញដោយសារៈសំខាន់សម្រាប់តំបន់អាហ្វ្រិក។
កាសែត El Fagr បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “សញ្ញាសម្គាល់សំខាន់មួយក្នុងទំនាក់ទំនងវៀតណាម - អេហ្ស៊ីប” ដែលក្នុងនោះបានបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទៅកាន់ប្រទេសអេហ្ស៊ីបដែលជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងប្រទេសទាំងពីរចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៦៣មក។
ដំណើរទស្សនកិច្ចនេះពោរពេញទៅដោយអត្ថន័យពិសេសដែលបានប្រព្រឹត្តទៅចំទៅនឹងឱកាសរំលឹកខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ វៀតណាមនិងអេហ្ស៊ីបមានទំនាក់ទំនងយ៉ាងជិតស្និទ្ធអំពីប្រវត្តិសាស្រ្ត ហើយប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងសន្ធិសញ្ញាជាច្រើនលើវិស័យផ្សេងៗ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវេទិកាអន្តរជាតិ។
សារព័ត៍មាននានារបស់អេហ្ស៊ីបសុទ្ធតែជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នឹងរួមចំណែកក្នុងការជម្រុញទីផ្សារទេសចរណ៍រវាងប្រទេសទាំងពីរ ពិសេសផ្នែកទេសចរណ៍របស់អេហ្ស៊ីបកំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនមកពីអាស៊ីបូព៌ា។ ទន្ទឹមជាមួយគ្នានោះ បើកចេញទីផ្សារទេសចរណ៍ថ្មីសម្រាប់វិស័យទេសចរណ៍អេហ្ស៊ីប រួមចំណែកបង្កើនការផ្លាស់ប្តូររវាង ខឿនវប្បធម៌នៃប្រទេសទាំងពីរផងដែរ៕


មតិពីមិត្តអ្នកអាន