យុគសម័យ - នាថ្ងៃទី ៨ ខែមិថុនា កាសែត Khmer Times បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការងារកម្ពុជា លោក ហេងសួរ ថាពលករប្រមាណ ១១០.០០០ នាក់ដែលធ្វើការនៅក្នុងរោងចក្រនិងសហគ្រាស នៅកម្ពុជាចំនួន ៣៤៤ បានទទួលទឹកប្រាក់ឧបត្ថម្ភដោយសារការបាត់បង់ការងារធ្វើ។
អ្នកនាំពាក្យក្រសួងការងារកម្ពុជា លោក ហេងសួរ
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបាននិយាយថា កម្មករប្រមាណ ១១០,០០០ នាក់បានទទួលប្រាក់ឧបត្ថម្ភរបស់ពួកគេពីសហគ្រាស និងរោងចក្រចំនួន ៣៤៤។ លោកបាននិយាយថាក្រុមហ៊ុន Wing នឹងផ្ញើរសាររំលឹកទៅកាន់កម្មករនីមួយៗដើម្បីមកយកប្រាក់ឧបត្ថម្ភរបស់ពួកគេបន្ទាប់ពីព័ត៌មានលម្អិតត្រូវបានបំពេញរួចរាល់។ លោកបាននិយាយថា៖ «កម្មករមានអារម្មណ៍សប្បាយចិត្តពេលដែលពួកគេឃើញសារដែល Wing បានផ្ញើរទៅ»។ លោកបន្តថា៖«បើសិនជាកម្មករមិនបានឃើញសារដែលបានផ្ញើរទៅទេ ពួកគេគួរតែទាក់ទងទៅកាន់ក្រុមហ៊ុនរបស់ពួកគេពីព្រោះអាចជាមានបញ្ហាដូចជាលេខទូរស័ព្ទ និងឈ្មោះខុស»។
លោក ហេង សួរ បាននិយាយថា ក្រសួងបានបញ្ជូនទឹកប្រាក់សរុបប្រមាណ ២,៤ លានដុល្លារអាមេរិកទៅកាន់ករណី Wing របស់កម្មករនៅចន្លោះថ្ងៃទី ២៨ ខែឧសភា និងថ្ងៃទី ០៣ ខែមិថុនា។ លោកបន្តថា ៖ «ពួកយើងជម្រុញអោយក្រុមហ៊ុនព្យាយាមស្វែងរកការងារអោយកម្មករ។ ទោះជាយ៉ាងណារាជរដ្ឋាភិបាលកំពុងតែធ្វើការក្នុងការជួយជ្រោមជ្រែងជីវភាពរស់នៅរបស់កម្មករដោយផ្តល់ថវិកាទាំងនេះ»។លោក ហេង សួរ បានថ្លែងថា ការផ្ទេរប្រាក់នេះគឺជាដំណាក់កាលដំបូងនៃប្រាក់ឧបត្ថម្ភទូទាត់ក្រៅការងារដែលត្រូវបានផ្តល់អោយអាស្រ័យលើរយៈពេលដែលកម្មករនិយោជិកត្រូវបានព្យួរការងារដែលមានកុងត្រារយៈពេលមួយខែ ប្រាក់ឈ្នួល ១៥ ដុល្លារសម្រាប់រយៈពេល ៧ ទៅ ១០ ថ្ងៃនៃព្យួរការងាររយៈពេលមួយខែ ៣០ ដុល្លារសម្រាប់ ១១ ទៅ ២០ ថ្ងៃ និង ៤០ ដុល្លារសម្រាប់លើសពី ២១ ថ្ងៃ។
លោក ហេង សួរ បានពន្យល់ថា កំឡុងពេលការផ្អាកការងារនេះ ក្រសួងត្រូវតែបែងចែកប្រាក់ឧបត្ថម្ភនេះពីព្រោះរោងចក្រខ្លះបានបន្តការងាររបស់ពួកគេមុនការកំណត់។ លោកនិយាយថា៖ “ឧទាហរណ៍ រោងចក្រខ្លះបានដាក់ការព្យួរផលិតកម្មរយៈពេលពីរខែ ប៉ុន្តែមួយខែក្រោយមក ពួកគេទទួលការកុម្ម៉ង់ពីហាងយីហោមួយ ដូច្នេះពួកគេបន្តផលិតកម្មរបស់ពួកគេ។ នេះជាមូលហេតុដែលក្រសួងទូទាត់ប្រាក់ឧបត្ថម្ភទៅតាមការដែលបានកំណត់”។ លោកបានបន្ថែមថា ក្រសួងកំពុងរៀបចំទឹកប្រាក់បន្ថែមប្រមាណ ១២ លានដុល្លារសហរដ្ឋអាមេរិកបញ្ជូនទៅកាន់ Wing ក្នុងករណីដែលស្ថានភាពនេះនៅតែបន្ត។លោកបានបន្តថា ក្រសួងអនុញ្ញាតអោយក្រុមហ៊ុនផ្អាកដំណើរការរបស់ខ្លួនយូរបំផុត ២ ខែម្តង។ ពួកគេអាចដាក់ស្នើរសុំការផ្អាកដំណើរការក្រុមហ៊ុនរបស់ខ្លួនរយៈពេល ២ ខែទៀតក្រោយពីមានការអនុញ្ញាតពីក្រសួង។ លោកបាននិយាយថា ៖ «វិស័យនេះត្រូវចាំបាច់ត្រូវចេះបត់បែនដើម្បីប្រាកដថាកម្មករមានប្រាក់ចំណូលសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពួកគេកំឡុងពេលដ៏ពិបាកនេះ»។
ចំនួនទឹកប្រាក់ ១២ លានដុល្លារសហរដ្ឋអាមេរិកនឹងរៀបចំថែមទៀតសម្រាប់កម្មករដែលរងគ្រោះដោយសារការព្យួរការងារ
លោក ឈុន វឌ្ឍនៈភក្តី នាយកអាជីវកម្ម Wing Cambodia បាននិយាយក្នុងបទសម្ភាសន៍ទូរទស្សន៍ CNC កាលពីថ្ងៃព្រហស្បតិ៍ថា Wing មានស្តង់ដែលផ្តល់សេវាកម្មប្រមាណ ៧.៥០០ ទូទាំងប្រទេស សម្រាប់អោយកម្មករធ្វើការដកប្រាក់ឧបត្ថម្ភនេះ។ លោកថា ដំណើរការក្នុងការដកប្រាក់នេះត្រូវការតែអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទរបស់កម្មករប៉ុណ្ណោះ។
លោកបានបន្ថែមថា ៖ «ដំណើរការដកប្រាក់នេះមានភាពងាយស្រួល។ ខ្ញុំមានមោទនភាពចំពោះអាជិវកម្ម Wing ដែលក្នុងនាមជាក្រុមហ៊ុនឯកជន ពួកយើងអាចសហការជាមួយរដ្ឋក្នុងការផ្តល់ប្រាក់ឧបត្ថម្ភទៅកម្មករដោយផ្ទាល់ដោយមិនមានខ្វះប្រាក់មួយសេន”។លោកបាននិយាយថា ៖«អាជីវកម្ម Wing ត្រូវបានកម្មករប្រើប្រាស់ច្រើនក្នុងការបញ្ជូនប្រាក់ពីទីក្រុងទៅស្រុកកំណើត»។ គាត់ក៏បាននិយាយថា ប្រមាណជា ៥០ ភាគរយនៃកម្មករបានធ្វើប្រតិបត្តិការការទូទាត់ទឹកប្រាក់តាមហាង Wing នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
លោក Amaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប (EUROCHAM)បាននិយាយថា៖ «ការរីករាលដាលនៃរោគរាតត្បាតនេះបានធ្វើអោយមានផលប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងពិភពលោក ហើយផលប៉ះពាល់នេះមិនមានអ្វីខុសប្លែកពីកម្ពុជាឡើយ ដែលកម្ពុជាជាប្រទេសដែលពឹងផ្អែកទៅលើវិស័យពាណិជ្ជកម្មទៅកាន់អ៊ឺរ៉ុប»។ លោកបាននិយាយថា៖ “នៅក្នុងបរិបទនេះ សភាអឺរ៉ុបបានកំណត់ថ្ងៃទី ១២ ខែសីហា ជាថ្ងៃដែលអនុវត្តការដក EBA ដែលការដកនេះអាចជាការវាយប្រហារដ៏ធំមួយក្នុងឧស្សាកម្មកម្ពុជា”។
លោក វ៉ាន ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបាននិយាយថា៖ «បើការដកនេះនៅតែបន្ត នោះការកុម្ម៉ង់ទិញ និងការងារនឹងត្រូវបាត់បង់ ហើយវាក៏ចំណែកមួយដែលធ្វើអោយវិស័យមួយនេះមិនងើបឡើងវិញ។ សហភាពអ៊ឺរ៉ុបមិនត្រូវអើពើទៅលើស្ថានភាពមួយនេះ និងផលប៉ះពាល់ដែលរងគ្រោះដោយសារការដកផលចំណេញពី EBA នៅខែសីហានេះឡើយ ដោយសារតែការខូចខាតដោយរោគរាតត្បាតនេះនៅតែបន្តផ្តល់ផលប៉ះពាល់ដល់វិស័យនេះ»៕
(ប្រែសម្រួលដោយ ហេង វុធ្ធី)

