ប្រមុខដឹកនាំកម្ពុជា-ថៃ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងពិធីប

23:11 | 22/04/2019 (ប្រភព៖ akp.gov.kh)

បន្ទាប់ពីអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់អាគារច្រកព្រំដែនអន្តរជាតិស្ទឹងបត់នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) ដែលជាអំណោយរបស់រាជរដ្ឋាភិបាលថៃ ជូនដល់រាជរដ្ឋាភិបាល កម្ពុជា ដែលពិធីនេះបានប្រាព្ធធ្វើឡើងក្នុងទឹកដីថៃ។

ក្នុងពិធីនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នេះជាយុទ្ធសាស្រ្ត និងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងការតភ្ជាប់ផ្លូវដែកសារជាថ្មី ក្រោយពីបានកាត់ផ្តាច់នៅឆ្នាំ១៩៧៣ ដោយសារសង្គ្រាមនៅកម្ពុជា។ កិច្ចព្រមព្រៀង ប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនឆ្លងកាត់ព្រំដែន តាមផ្លូវដែក និងការតភ្ជាប់ផ្លូវដែក កម្ពុជា និងថៃ នឹងនាំមកនូវកាលានុវត្តភាពថ្មី សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ដែលជាមធ្យាបាយដឹកជញ្ជូនទំនិញ ដ៏មានប្រសិទ្ធភាព មានតម្លៃថោក និងមានសុវត្ថិភាពខ្ពស់ ដើម្បីជំរុញ ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងពីរ និងរួមចំណែកក្នុងការតភ្ជាប់ និងអភិវឌ្ឍតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងដែរថា ផ្លូវដែកពីភ្នំពេញ ប៉ោយប៉ែតព្រំដែន កម្ពុជា-ថៃ ដែលមានប្រវែង ៣៨៦គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្តារ ឡើងវិញរួចហើយ ថ្វីត្បិតតែមិនទាន់មានលក្ខណៈស្តង់ដារ និងទំនើបក៏ពិតមែន ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យយុទ្ធសាស្ត្រ និងផែនការ ច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យផ្លូវដែកដែលជាឆ្អឹងខ្នងនៃការដឹកជញ្ជូននៅកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏ បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលថៃ ដែលបានជួយសាងសង់ជាថ្មីនូវស្ពាន និងផ្លូវដែកព្រំដែនកម្ពុជា-ថៃ អូរជ្រៅប្រវែង ៤៣ម៉ែត្រ ដែលប្រើប្រាស់ថវិកាសាងសង់ប្រមាណ ១លាន ដុល្លារអាម៉េរិក ព្រមទាំងបានធ្វើអំណោយជាក្បាលរថភ្លើងចំនួនមួយគ្រឿង ភ្ជាប់ជាមួយទូអ្នកដំណើរ ចំនួន ៤ ដែលអាចផ្ទុកអ្នកដំណើរបានដល់ ៨០នាក់ក្នុងទូនីមួយៗផងដែរ។

បន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជា និងថៃ បានបញ្ចប់ការថ្លែងសុន្ទរកថា ក្នុងពិធី ចុះហត្ថលេខា លើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវ ដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង នាយករដ្ឋមន្រ្តីទាំងពីរ និងគណៈប្រតិភូរួមគ្នាធ្វើ ដំណើររួមគ្នាតាមរថភ្លើងចេញពីស្ថានីយបានក្លងលឹករបស់ថៃ ឆ្ពោះមកកាន់ស្ថានីយ រថភ្លើង ប៉ោយប៉ែតរបស់កម្ពុជាស្ថិតនៅក្នុងក្រុងប៉ោយប៉ែតផងដែរ៕

(ប្រភព៖ akp.gov.kh)

(ប្រភព៖ akp.gov.kh)

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត