យុគសម័យ - នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញដឹកនាំសមាជិក សមាជិកា ប្រមាណ ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត។

ការដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ ធ្វើការជួបជុំ ព្រមទាំងដង្ហែក្បួនចេញពីមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ មុននឹងចេញដង្ហែក្បួនសម្តេចតេជោ ហ៊ុនសែន មានការថ្លែងសារនយោបាយជូនមហាជន ហើយការថ្លែងសារនេះ នឹងផ្សាយផ្ទាល់តាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។

ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលមានកម្លាំងរហូតដល់ទៅ២៥ម៉ឺននាក់ចេញដង្ហែបិទក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោតទៅ នៅក្នុងរាជធានីភ្នំពេញនេះ ក៏មានគណបក្សនយោបាយ៦ផ្សេងទៀត បានចេញដង្ហែបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតផងដែរ។ នេះបើតាមរបាយការណ៍គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅរាជធានីភ្នំពេញ។



របាយការណ៍បានឲ្យដឹងថា គណបក្សនយោបាយទាំង៦នោះរួមមាន៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរក្រោក, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួម។ បើតាមរបាយការណ៍ដដែលនេះបានឲ្យដឹងថា ការដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅក្នុងរាជធានីភ្នំពេញ មានអ្នកចូលរួមសរុបទាំងអស់ជាង ៣២ម៉ឺននាក់ និងមានរថយន្តចំនួន ៣,៦៧០គ្រឿង ម៉ូតូកង់បីជិត ១ពាន់គ្រឿង និងម៉ូតូជាង ៨ពាន់គ្រឿង៕
(យោងតាម freshnewsasia.com)