កំណាត់ផ្លូវ មានប្រវែង ២៤៨.៥៣គីឡូម៉ែត្រ ដែលចំណាយថវិកា២៥៥.០២លានដុល្លារ បានដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ។
រូបថតៈ Khmer Times
កំណាត់ផ្លូវជាតិលេខ៦ បានក្រាលបេតុងកៅស៊ូ AC កម្រាស់១០សង់ទីម៉ែត្រ ចាប់ពីថ្នល់កែង ខេត្ដកំពង់ចាម ដល់អង្គ្រង ខេត្តសៀមរាប ដោយឆ្លងកាត់ ខេត្តកំពង់ចាម ប្រវែង ៤៣.៩៨គីឡូម៉ែត្រ ខេត្តកំពង់ធំ ប្រវែង ១៤៤.២៥គីឡូម៉ែត្រ និងខេត្តសៀមរាប ប្រវែង ៦០.៣០គីឡូម៉ែត្រ។
កំណាត់ផ្លូវនេះ គឺជាខ្សែផ្លូវដែលមានសក្តានុពលសេដ្ឋកិច្ចជាតិ ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប និងជាមួយរាជធានី-ខេត្តផ្សេងៗទៀត តាមរយៈបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡាតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ។
ជាមួយគ្នានេះ កំណាត់ផ្លូវជាតិលេខ៦ នឹងជួយជំរុញកំណើនវិស័យទេសចរណ៍ នៃទេសចរជាតិ និងអន្តរជាតិ មកទស្សនានៅបណ្តាខេត្ត ស្ថិតតាមបណ្តាយខ្សែផ្លូវនេះ ពិសេស ខេត្តកំពង់ធំ សៀមរាប និងខេត្តព្រះវិហារ ជាដើម ដែលសម្បូរទៅដោយប្រាសាទប្រវត្តិសាស្ត្រ និងរមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតជាច្រើនកន្លែង៕
(ប្រភពព័ត៌មាន: thmeythmey.com)
