ការព្យាករណ៍នេះត្រូវបានចែករំលែកនៅថ្ងៃទី ២២ ខែធ្នូដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានៅកិច្ចប្រជុំពេញអង្គលើសេចក្តីព្រាងច្បាប់ស្តីពីថវិកាឆ្នាំ ២០២១ នៅចំពោះមុខព្រឹទ្ធសភានៃប្រទេសកម្ពុជា។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។ (ប្រភព៖ TTXVN)
ព្រឹទ្ធសភាបានអនុម័តជាឯកច្ឆន្ទនូវថវិកាចំនួន ៧,៦២ ពាន់លានដុល្លារសម្រាប់សេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិនៅឆ្នាំក្រោយ ដែលជាការកាត់បន្ថយ ៥០០លាន បើប្រៀបធៀបទៅនឹងឆ្នាំនេះចំពេលមានបញ្ហាប្រឈមចំពោះសេដ្ឋកិច្ចជាតិដែលជាលទ្ធផលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។
សេចក្តីព្រាងច្បាប់នេះ មាន ៦ ជំពូកនិង ១៥ មាត្រាត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី ២៥ ខែវិច្ឆិកាបន្ទាប់ពីទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ២៣ ខែតុលា។
យោងតាមលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា សមាជិកព្រឹទ្ធសភាចំនួន ៥៧ រូបដែលបានចូលរួមប្រជុំពេញអង្គដែលដឹកនាំដោយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកាលពីម្សិលមិញបានគាំទ្រសេចក្តីព្រាងច្បាប់នេះដោយមិនមានការផ្លាស់ប្តូរអ្វីឡើយ ហើយសេចក្តីព្រាងនេះនិងត្រូវបញ្ជូនទៅដំណាក់កាលចុងក្រោយមុនពេលក្លាយជាច្បាប់ពេញលេញ។
លោកបន្តថា៖ «ថវិកាឆ្នាំ ២០២១ គឺជាថវិកាសម្រាប់ប្រយុទ្ធដើម្បីការពារអាយុជីវិតប្រជាជននិងរក្សាតុល្យភាពសេដ្ឋកិច្ចសង្គម។ ថវិកានេះនឹងជួយស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩»។
លោកបន្ថែមថាច្បាប់នេះក៏នឹងធានាដល់សុខភាព សន្តិភាព ស្ថិរភាពសង្គម និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរបស់កម្ពុជាជាមួយនឹងការបន្តកែលម្អសុខុមាលភាពរបស់ប្រជាជន។
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែតុលាបានអនុម័តសេចក្តីព្រាងថវិកាប្រចាំឆ្នាំប្រមាណ ៧,៦២ ពាន់លានដុល្លារសម្រាប់ឆ្នាំក្រោយ។
សេចក្តីព្រាងថវិកាប្រចាំឆ្នាំ ២០២១ បន្តពីថវិកាប្រចាំឆ្នាំ ២០២០ ដែលមានចំនួនជាង ៨,២ ពាន់លានដុល្លារដែលជាការធ្លាក់ចុះ ៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ទឹកប្រាក់ចំនួន ៧,៦២ ពាន់លានដុល្លាររួមមានចំនួនជាង ៤,៣៦ ពាន់លានដុល្លារសម្រាប់ចំណាយបច្ចុប្បន្ននិង ៣,២៦ ពាន់លានដុល្លារសម្រាប់ចំណាយមូលធន។
ក្នុងចំណោមថវិកាសរុប ៧,៦២ ពាន់លានដុល្លារ ៤៩៣,០៤ លានដុល្លារនឹងត្រូវចំណាយសម្រាប់ចំណាយរដ្ឋបាលទូទៅ ខណៈដែលក្រសួងការពារជាតិទទួលបាន ៦៤១,៤៦ លានដុល្លារ និងក្រសួងមហាផ្ទៃ និងសន្តិសុខសាធារណៈជាង ៤២៥,៤៦ លានដុល្លារ។ ប្រាក់ដែលនៅសល់នឹងត្រូវចំណាយទៅលើសុខុមាលភាពសង្គម ការអភិវឌ្ឍសេដ្ឋកិច្ច ការជួយសង្គ្រោះបន្ទាន់ ការចំណាយដែលមិនបានរំពឹងទុកនិងសំណងសម្រាប់បំណុលបរទេស។
ទិដ្ឋភាពនៃកិច្ចប្រជុំ។
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាបាននិយាយកាលពីម្សិលមិញថាសេចក្តីព្រាងថវិកាឆ្នាំ ២០២១ ត្រូវបានធ្វើឡើងចំពេលដែលប្រទេសកម្ពុជានិងពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ។ លោក និងសមាជិកព្រឹទ្ធសភាដទៃទៀតបានគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីព្រាងច្បាប់នេះ។
លោកក៏ជាជាប្រធាននៃគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ បានបន្តថាទឹកជំនន់នៅកម្ពុជានាពេលថ្មីៗនេះបានជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។
លោកនិយាយថា៖ «កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការរក្សាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧ ភាគរយក៏ដូចជាការកាត់បន្ថយភាពក្រីក្រមិនបានទទួលជោគជ័យទេនៅឆ្នាំនេះដោយសារវិបត្តជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិ។ ខ្ញុំគាំទ្រគំនិតផ្តួចផ្តើមមួយដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ»។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីដើមខែនេះបានកែតម្រូវទស្សនវិស័យរយៈពេលមធ្យមរបស់ខ្លួនសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដោយព្យាករថាធនាគារនេះនឹងធ្លាក់ចុះ ៤ ភាគរយនៅចុងឆ្នាំនេះ។
ទស្សនវិស័យពីមុនរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ថាសេដ្ឋកិច្ចជាតិនឹងធ្លាក់ចុះ ៥.៤ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុនដែលជាលទ្ធផលនៃការរីករាលដាលនៃជំងឺរាតត្បាតនេះ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដែលតំណាងរដ្ឋាភិបាលដើម្បីការពារសេចក្តីព្រាងច្បាប់នេះបានប្រាប់សម័យប្រជុំពេញអង្គព្រឹទ្ធសភាកាលពីម្សិលមិញថាលោកជឿជាក់ថាថវិកានេះនឹងចូលរួមដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។
លោកមានសុទិដ្ឋិនិយមចំពោះលទ្ធភាពទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅឆ្នាំ ២០២១ ដោយនិយាយថារដ្ឋាភិបាលកម្ពុជាបានកំណត់រួចហើយនូវផែនការសកម្មភាពក្នុងការទិញវ៉ាក់សាំងសម្រាប់ប្រជាជនកម្ពុជាដោយមិនគិតថ្លៃ។
លោកបន្តថា៖ «យើងសង្ឃឹមថាស្ថានភាពជំងឺកូវីដ-១៩ នឹងប្រសើរឡើងដូច្នេះយើងត្រូវត្រៀមខ្លួនជាមូលដ្ឋានសម្រាប់ការងើបឡើងវិញ។ នៅឆ្នាំ ២០២១ យើងនឹងប្រឈមមុខនឹងសម្ពាធដោយសារតែទឹកជំនន់នៅឆ្នាំនេះ។ ប្រជាជននឹងទាមទារឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមទៀតលើការស្តារជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសនៅក្នុងវិស័យកសិកម្ម»។
សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យម្តងទៀតមុននឹងដាក់ជូនព្រះមហាក្សត្រនរោត្តម សីហមុនី ដើម្បីចុះហត្ថលេខាដើម្បីក្លាយជាច្បាប់ពេញលេញមួយ៕
(ប្រែសម្រួលដោយវិច្ឆិកា)


មតិពីមិត្តអ្នកអាន