ADB ថា កម្ពុជា​ប្រឈម​ការបាត់​ការងារ​ ៣៩ ​ម៉ឺន​កន្លែង​ឆ្នាំនេះ​ ដោយសារ​កូវីដ

13:08 | 19/07/2020

ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ព្យាករ​ថា​កម្ពុជា​ប្រឈម​បាត់បង់​ការងារ​ចំនួន​ ៣៩ ​ម៉ឺន​កន្លែង​នៅ​ឆ្នាំ​ ២០២០ ដោយសារ​ការរាតត្បាត​សកល​នៃ​ជំងឺ​កូវីដ​ ១៩​។ ប៉ុន្តែ​ស្ថាប័ន​នេះ​អបអរ​ដល់​កម្ពុជា​ចំពោះ​ការឆ្លើយតប​ទៅនឹង​វិបត្តិ​នេះ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ហើយ​ខ្លួន​ក៏​បាន​ផ្តល់​ប្រាក់កម្ចី​ចំនួន​ ២៥០ ​លាន​ដុល្លារ​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។

លោកស្រី Sunniya Durrani-Jamal នាយក​ប្រតិបត្តិ ADB (​ឆ្វេង​) ​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កម្ចី​កាលពី​ឆ្នាំមុន​។ រូបថត ADB

ADB កាលពី​សប្ដាហ៍​មុន​បាន​អនុម័ត​ប្រាក់កម្ចី​ចំនួន​ ២៥០ ​លាន​ដុល្លារ សម្រាប់​កម្ពុជា​ក្នុង​ការឆ្លើយតប​ទៅនឹង​ការរាតត្បាត​សកល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​។

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​លោកស្រី Sunniya Durrani-Jamal នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា​ថ្លែងថា កម្ចីសម្បទាន​នេះ​នឹង​មាន​រយៈពេល​ ២៤ ​ឆ្នាំ​ បូករួម​ទាំង​រយៈពេល​អនុគ្រោះ​ ៨ ​ឆ្នាំ​។ កម្ចី​នេះ​នឹង​មាន​អត្រា​ការប្រាក់​ ១ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​ក្នុង​រយៈពេល​អនុគ្រោះ និង​មាន​អត្រា​ ១,៥ ​ភាគរយ​នៅ​ដំណាក់កាល​បន្ទាប់​។

លោកស្រី​បញ្ជាក់ថា ក្រៅពី​កម្ចី​នេះ ADB នឹង​ផ្ដល់ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ក៏ដូចជា ជំនួយ​បច្ចេកទេស​សម្រាប់​កម្មវិធី​ឧបត្ថម្ភ សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយរងគ្រោះ​។ បន្ទាប់ពី​កម្ចី​នេះ​ត្រូវ​បាន​អនុម័ត​កម្ពុជា​នឹងមាន​លទ្ធភាព​ទទួល​ការគាំទ្រ​ជំនួយ​បច្ចេកទេស​ក្នុង​ទឹកប្រាក់ ៥ ​លានដុល្លារ​ក្នុង​កម្មវិធី​ប្រឹក្សា​គោលនយោបាយ សម្រាប់​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​វិបត្តិ​កូវីដ​១៩​។​

លោកស្រី​មាន​ប្រសាសន៍​ថា​៖ «​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់មាន​បង្កដោយ​កូវីដ ​១៩​។ ដំណើរ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​នៅ​កម្ពុជា​នឹង​ដាក់សម្ពាធ​លើ​ក្រុមមនុស្ស​ក្រីក្រ និង​ងាយ​រងគ្រោះ ហើយ ADB ប៉ាន់ប្រមាណ​ថា កូវីដ​ ១៩ នឹង​នាំ​ដល់​ការបាត់បង់​ការងារ​ចំនួន​ ៣៩ ​ម៉ឺន​កន្លែង​នៅ​ឆ្នាំ ២០២០ ​នេះ​»​។

លោកស្រី​បន្តថា​៖ «​ជំងឺ​កូវីដ​ ១៩ នឹង​ធ្វើឲ្យ​មាន​ភាព​ងាយរងគ្រោះ​កាន់តែ​ខ្លាំង​សម្រាប់​ពលរដ្ឋ​ក្រីក្រ ដោយសារ​តែ​ពួកគេ​មាន​ប្រភព​ចំណូល​មាន​កម្រិត​។ ការគាំពារ​សង្គម​មាន​សារៈសំខាន់​ណាស់​ក្នុង​ការទប់ស្កាត់​ការរីក​កាន់តែ​ធំ​នៃ​ភាពក្រីក្រ ហើយ​យើង​សូម​អបអរ​ដល់​រដ្ឋាភិបាល​ដែល​បាន​ដាក់បញ្ចូល​ទឹកប្រាក់​ ៣០០ ​លាន​ដុល្លារ​ ទៅក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នៃ​គោលនយោបាយ​ឆ្លើយតប​របស់​ខ្លួន​»​។

លោកស្រី​បញ្ជាក់ថា ការគាំទ្រ​ផ្នែក​ថវិកា​របស់​ ADB នឹង​ផ្ដោត​ទៅលើ​ធុរកិច្ច គ្រួសារ និង​បុគ្គល​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​នេះ ដោយ​ផ្ដោត​ការយកចិត្ត​ទុកដាក់​ពិសេស​ទៅ​ក្រុមមនុស្ស​ក្រីក្រ និង​អ្នក​ងាយ​រងគ្រោះ​។ ADB និង​ដៃគូ​អភិវឌ្ឍន៍​ដទៃ​ទៀត​នឹង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ពង្រឹង​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​។

លោកស្រី​ថ្លែងថា​៖ «​រឿង​មួយ​ដែល​យើង​ស្វាគមន៍​យ៉ាងខ្លាំង​ដល់​ការរៀបចំ​កម្មវិធី​របស់​រដ្ឋាភិបាល​គឺថា កម្មវិធី​នេះ​បាន​បញ្ចូល​សមាសភាព​គ្រួសារ​ក្រីក្រ​។ នេះ​មានន័យថា​ពលរដ្ឋ​ដែល​បាត់បង់​ប្រាក់​ចំណូល​ភ្លាមៗ​ដោយសារ​តែ​កូវីដ​ ១៩ អាច​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​»​។

លោកស្រី​ប៉ាន់ប្រមាណ​ថា ការចំណាយ​ប្រចាំខែ​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​នឹង​មាន​តម្រូវការ​សាច់ប្រាក់​លើស​ពី​ ២៥ ​លាន​ដុល្លារ​ក្នុង​ ១ ​ខែ ដោយសារ​តែ​ចំនួន​អ្នក​ដែល​នឹង​ទទួលបាន​ការឧបត្ថម្ភ​នេះ​នឹង​កើនឡើង​។ ធនាគារ ADB ក៏​ត្រៀមខ្លួន​ជួយ​ដល់​កម្ពុជា​បន្ថែមទៀត​ប្រសិន​បើ​បញ្ហា​នេះ​កើតឡើង​។

លោក​ មាស សុខសេនសាន្ត អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្លែងថា ព័ត៌មាន​លម្អិត​អំពី​កម្ចី ២៥០ ​លាន​ដុល្លារ​នេះ​នឹង​បញ្ចេញ​នៅពេល​ក្រសួង​ចុះហត្ថលេខា​ជាមួយ ADB នាពេល​ឆាប់ៗ​នេះ​។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ជឿជាក់​ថា​កម្ចី​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ និង​ជួយ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​អាច​រួច​ផុតពី​ភាពក្រីក្រ​។ ប៉ុន្តែ​រឿង​ទាំង​នេះ​អាច​សម្រេច​បាន​ដរាបណា​កម្ចី​នេះ​ត្រូវបាន​ប្រើប្រាស់​ត្រឹមត្រូវ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​កម្ចី​នេះ​ត្រូវតែ​ប្រើប្រាស់​ប្រកប​ដោយ​តម្លាភាព និង​មាន​ប្រសិទ្ធភាព​ទៅលើ​គោលដៅ​។ ត្រូវតែ​មាន​ការធ្វើ​សវនកម្ម​តាមដាន​ដោយ​ភ្នាក់ងារ ឬ​ដោយ​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​។ បើ​មិន​អ៊ីចឹង​ទេ វា​នឹង​ធ្វើឲ្យ​បំណុល​កាន់តែ​កើន​ច្រើនឡើង ហើយ​សេវា ឬ​គម្រោង​អភិវឌ្ឍន៍​មិនបាន​ធ្វើ​ដោយ​ប្រសិទ្ធភាព​។ ដូច្នេះ​ត្រូវ​មាន​យន្តការ​តាមដាន ហើយ​គោលដៅ​អាទិភាព​ត្រូវតែ​កំណត់​ឲ្យ​បាន​ច្បាស់​»៕

(ប្រភពព័ត៌មាន: postkhmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ