ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងសុខាភិបាល ត្រូវសហការឱ្យបានល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាក់ថ្នាក់ ក្នុងការ ត្រៀមរៀបចំទីកន្លែងពិនិត្យសុខភាព និងត្រៀមបម្រុងនូវសម្ភារឱ្យបានគ្រប់គ្រាន់ ជូនពលករមកពីប្រទេសថៃ ដែលត្រូវដាក់ពួកគេនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបញ្ជាណែនាំបន្ថែម ក្នុងការដោះស្រាយជូនបងប្អូនកូនក្មួយពលករដែលបានវិលត្រឡប់មកពីប្រទេសថៃកន្លងមក ចំនួនប្រមាណ ៥ម៉ឺននាក់ ហើយដែលចំនួននេះនឹងមានមកជាបន្តបន្ទាប់ទៀត ដែលអាចនឹងកើនចំនួនបន្ថែមទៀត។ ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្តេចតេជោ បានណែនាំទៅក្រសួងសុខាភិបាល «ត្រូវតាមដានត្រួតពិនិត្យនៅតាមព្រំដែនឱ្យបានហ្មត់ចត់ ហើយក្នុងនោះត្រូវត្រៀមរៀបចំបំពាក់សម្ភារបរិក្ខារពេទ្យ និងរៀបចំទីកន្លែងពិនិត្យសុខភាពឱ្យបានល្អដល់ពលករ។ ក្រសួងសុខាភិបាលត្រូវធ្វើជាម្ចាស់ការលើការងារនេះ ហើយសហការជាមួយក្រុមការងារនៅតាមព្រំដែនទាំងអស់។ ទន្ទឹមនឹងនេះ គឺត្រូវត្រៀមទិញមុង ភួយ កន្ទេល ខ្នើយ ក្រមា សម្រាប់ប្រគល់ជូនបងប្អូនកូនក្មួយពលករ ដែលត្រូវដាក់ឱ្យស្នាក់នៅដាច់ដោយឡែកបណ្តោះអាសន្នចំនួន១៤ថ្ងៃ ដូចជា នៅតាមសាលារៀន តាមសហគមន៍ ឬនៅតាមលំនៅដ្ឋានជាមួយក្រុមគ្រួសារជាដើម»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា «ពេលណាបងប្អូនចាកចេញពីទីនោះ គឺសូមប្រគល់សម្ភារទាំងនោះជូនទៅគាត់យកទៅប្រើប្រាស់តែម្តង»។ ចំពោះមធ្យោបាយសម្រាប់ដឹកជញ្ជូនបងប្អូនកូនក្មួយពលករវិញ គឺត្រូវប្រើប្រាស់រថយន្តកងទ័ពមកពីកងពលលេខ៩០ និង កងពលលេខ៩៩ ដែលត្រូវរៀបចំដាក់ដំបូលឱ្យបានសមស្រប។ សម្ដេចតេជោថ្លែងបន្តថា មកទល់ពេលនេះ បងប្អូនកូនក្មួយពលករទាំងអស់ដែលបានវិលត្រឡប់មកប្រទេសវិញ គឺមិនមានបង្ករហានិភ័យណាមួយនៅតាមសហគមន៍នៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ និងកោតសរសើរដល់ថ្នាក់ភូមិ ថ្នាក់ឃុំ ស្រុក ខេត្ត និងក្រុមការងារថ្នាក់ជាតិ ដែលបានចុះជួយនៅតាមមូលដ្ឋាន ក្នុងនោះរួមទាំងការអប់រំឃោសនា ផ្សព្វផ្សាយណែនាំទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ដែលធ្វើឱ្យយើងគ្រប់គ្រងស្ថានការណ៍បានល្អមកទល់ពេលនេះ៕
(ប្រភពព័ត៌មាន: akp)

មតិពីមិត្តអ្នកអាន