តាមការគ្រោងទុក ខេត្តសៀមរៀបនឹងរៀបចំធ្វើសៀមរាបសង្ក្រាន្ត នៅរមណីយដ្ឋានអង្គរ ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជន និង សាធារណជនខ្មែរទូទៅបានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមមហាគ្រួសារខ្មែរតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ ស្មារតីខ្មែរតែមួយអនាគតតែមួយ និង ដើម្បីផ្តល់ឱកាសឲ្យយុវជនខ្មែរជំនាន់ក្រោយ បានស្វែងយល់នូវភាពរុងរឿង ល្បីល្បាញ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យមហានគរ រហូតមកដល់បច្ចុប្បន្ន និង ឈានទៅបន្តថែរក្សាកេរ្តិ៍មរតកនេះឲ្យបានគង់វង្សទៅអនាគត ។
ពិធីសង្រ្កាន្តសៀមរៀប ពីឆ្នាំមុន។ (រូបថត៖ cen.com.khmer)
ម្យ៉ាងទៀតក៏ជាការទាក់ទាញដល់ភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នៅតំបន់រមីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ ។ ប៉ុន្តែកម្ពុជាបានរកឃើញមេរោគកូវីត១៩ មួយករណី និង អាចគ្រប់គ្រងស្ថានការណ៍រួចមក រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក៏បានប្រកាសលុបចោលសង្ក្រាន្តនៅសៀមរាបផងដែរ។
លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចឲ្យលោក ប្រកាសការលុបចោលសង្ក្រាន្តសៀមរាបនៅក្នុងសន្និសីទកាសែតនេះតែម្តង ដើម្បីចាំឃ្លាំមើលការវិវត្តន៍នៃជំងឺនេះ។
សូមជម្រាបថា កម្ពុជាបានរកឃើញមេរោគកូវីត១៩ មួយករណី នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា បុរសជនជាតិខ្មែរម្នាក់ ដែលបានរកឃើញមេរោគកូវីត១៩ថ្មី កំពុងស្ថិតនៅបន្ទប់ដាច់ដោយឡែក ដោយមានការតាមដានព្យាបាល ខ្ពស់បំផុត ពីក្រុមគ្រូពេទ្យ បច្ចុប្បន្ននេះ បុរសជនជាតិខ្មែរម្នាក់ ដែលពិនិត្យឃើញវិជ្ជមាន នៃមេរោគកូវីត១៩ថ្មីនេះ មានសុខភាពធម្មតា៕
(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន