នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះក្រសួងការពារជាតិរបស់មហាអំណាចចិន បានចេញមុខមកប្រកាសអះអាងថា ចិនគ្មានធ្វើកិច្ចព្រមព្រៀងណាមួយ ជាមួយកម្ពុជា ដើម្បីអនុញ្ញាតឲ្យយោធាចិនឈរជើងនៅមូលដ្ឋានសមុទ្រកម្ពុជានោះឡើយ វាជាព័ត៌មានមិនពិត។
ក្រសួងការពារជាតិចិនចេញមុខ បដិសេធពីកិច្ចព្រមព្រៀងសម្ងាត់ជាមួយកម្ពុជាហើយ
បន្ទាប់កក្រើកខ្លាំងទាក់ទងនឹងការចេញផ្សាយរបស់កាសែត The Wall Street Journal កាលពីថ្ងៃទី២១ កក្កដា ពីកិច្ចព្រមព្រៀងសម្ងាត់ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ចិន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជាមក នៅថ្ងៃទី២៤ កក្កដា នេះ ក្រសួងការពារជាតិ របស់មហាអំណាចចិន បានចេញមុខមកប្រកាសអះអាងថា ចិនមិនបានធ្វើកិច្ចព្រមព្រៀងណាមួយ ជាមួយកម្ពុជា ដើម្បីអនុញ្ញាតឲ្យយោធាចិនឈរជើងនៅមូលដ្ឋានសមុទ្រកម្ពុជានោះឡើយ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ចិនកំពុងកសាងមូលដ្ឋានទ័ពជើងទឹកក្នុងប្រទេសកម្ពុជា អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានអះអាងថា វាគឺជាពាក្យ ចចាមអារ៉ាម និងជារបាយការណ៍មិនពិត។ លោក Wu Qian និយាយថា ប្រទេសចិន និងកម្ពុជា មានត្រឹមកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺនជំនាញជាមួយគ្នា ព្រមទាំងការផ្តល់ជំនួយ ដល់គ្នាទៅវិញទៅមក ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ គឺគ្មានការកំណត់គោលដៅទៅលើប្រទេសទីបីណាមួយឡើយ។
បញ្ហាដ៏រសើបនេះ ក៏ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន បានអះអាងថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ លោកហ៊ុន សែនចោទជាសំណួរថា«តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី?
សូមបញ្ជាក់ថា ការឆ្លើយតបរបស់ក្រសួងការពារជាតិចិនពេលនេះ ជាការបន្ថែមទៅលើការបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គេង ស័ង (Geng Shuang) កាលពីថ្ងៃទី២២ កក្កដា ដែលគ្រាន់តែអះអាងថា ចិន និងកម្ពុជាបានបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នានៅទូទាំងប្រទេស ហើយកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងដោយបើកចំហ ប្រកបដោយតម្លាភាព និងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដែលមជ្ឈដ្ឋានខ្លះថា នេះគ្រាន់តែជាការឆ្លើយពង្វាងសំណួរអ្នកសារព័ត៌មាននោះ។
យ៉ាងនេះ ក្តី ទាំងរដ្ឋាភិបាលកម្ពុជា និងចិន បានត្រឹមតែបដិសេធព័ត៌មាននេះប៉ុណ្ណោះ ប៉ុន្តែគ្មានគម្រោងអនុញ្ញាតឱ្យអ្នកជំនាញការបរទេស មន្ត្រីស្ថានទូត ឬអ្នកសារព័ត៌មាន បានចុះទៅដល់ទីតាំងដែលមានការសង្ស័យនោះឡើយ ស្របពេលទំនាក់ទំនងលើវិស័យយោធារវាងចិន និងកម្ពុជា កាន់តែល្អូកល្អិនឡើងជាលំដាប់៕
(យោងតាម freshnewsasia និង vayofm សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន