រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏កក់ក្ដៅសម្រាប់ភ្ញៀវទេសចរគ្រប់ៗគ្នា ដែលនៅតែមានការការពារសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ ហើយត្រៀមទទួលស្វាគមន៍វត្តមានភ្ញៀវអន្តរជាតិជានិច្ច ពិសេសគឺធានាបានការគ្រប់គ្រងបញ្ហាជំងឺរលាកសួតប្រភេទថ្មី (Coronavirus) បានយ៉ាងជឿជាក់បំផុត។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍កម្ពុជា
ការប្រកាសរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ ដើម្បីរកដំណោះស្រាយទប់ទល់នឹងឧស្សាហកម្មទេសចរណ៍ក្នុងប្រទេស ស្របពេលដែលពិភពលោកកំពុង ប្រឈមការរីករាលដាលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណា (2019-nCoV) ជាមួយវិស័យឯកជន សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគមសណ្ឋាគារកម្ពុជា សមាគមម្ហូបអាហារ និងចុងភៅកម្ពុជា និងដៃគូពាក់ព័ន្ធនានា នៅទីស្ដីការក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។ នេះបើយោងតាមក្រសួងទេសចរណ៍។
ឯកឧត្តម ថោង ខុន បានអំពាវនាវយ៉ាងទទូចដល់ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក៏ដូចជាមូលដ្ឋានរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ត្រូវរួមគ្នាអនុវត្តន៍នូវវិធានការរួមគ្នាទប់លំនឹងឧស្សាហកម្មទេសចរណ៍ក្នុងប្រទេស ស្របពេលមានការធ្លាក់ចុះនូវចំនួនភ្ញៀវអន្តរជាតិ ក្នុងដំណាក់កាលផ្ទុះការរីករាលដាលជំងឺថ្មីនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា បើទោះបីកម្ពុជាមានការឆ្លងវីរុសកូរ៉ូណាថ្មីនេះចំនួន ១ករណី កន្លងទៅក្ដី ប៉ុន្តែក្រសួងសុខាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធបាននិងកំពុងរួមគ្នាទប់ស្កាត់យ៉ាងសស្រាក់សស្រាំ ហើយក៏គ្មានការឆ្លងរីករាលដាលបន្តទៀតនោះដែរ។ ឯកឧត្តមបានបន្តទៀតថា ក្រសួងទេសចរណ៍បានមើលឃើញចលនាទេសចរណ៍ក្នុងប្រទេសមានភាពសកម្មយ៉ាងខ្លាំង ពោលគឺមិនមានអ្វីគួរឱ្យព្រួយបារម្ភដូចនៅប្រទេសមួយចំនួននោះឡើយ ចំណែកឯភ្ញៀវទេសចរអន្តរជាតិដែលកំពុងស្ថិតក្នុងប្រទេសកម្ពុជាក៏កំពុងរីករាយជាមួយដំណើរកម្សាន្តរបស់ខ្លួន នៅតាមគោលដៅទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។
ទិដ្ឋភាពនៃកិច្ចប្រជុំ
ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ជាក់ស្ដែង ក្នុងអំឡុងពេលចូលឆ្នាំចិនកន្លងទៅ គេសង្កេតឃើញមានភ្ញៀវទេសចរចេញដើរកម្សាន្តយ៉ាងសប្បាយរីករាយពិសេសគោលដៅទេសចរណ៍មួយចំនួន ដែលកន្លងទៅមានការធ្លាក់ចុះចំនួនភ្ញៀវនោះ ក៏ចាប់ផ្ដើមមានវត្តមានភ្ញៀវទេសចរច្រើនកុះករមកវិញគួរឱ្យកត់សម្គាល់ផងដែរ ដូចជា ក្រុងព្រះសីហនុ តំបន់ទឹកធ្លាក់ធម្មជាតិ តំបន់អេកូទេសចរណ៍ តំបន់បេតិកភណ្ឌជាដើម។បើតាមការលើកឡើងរបស់ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានឱ្យដឹងថា បច្ចុប្បន្នចលនាទេសចរណ៍ក្នុងប្រទេសកម្ពុជាមានភ្ញៀវទេសចរចាប់ពី ១០,០០០,០០០នាក់ ដល់ ១២,០០០,០០០នាក់ ក្នុងនោះមានទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
(ប្រភពព័ត៌មាន: information.gov.kh)
មតិពីមិត្តអ្នកអាន