កម្ពុជាបានប្រារព្ធពិធីបុណ្យរំលឹកគុណអង្គរលើកទី៤ នៅរមណីយរដ្ឋានអង្គរ ខេត្តសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ដើម្បីរំលឹកគុណបុព្វបុរសខ្មែរដែលបានកសាងនិងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដែលផ្ដល់ប្រយោជន៍យ៉ាងខ្លាំងដល់ប្រជាជននិងមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ។
កម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ កម្ពុជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៤,២៩ លាននាក់ក្នុងរយៈពេល ៨ ខែ កើនឡើង ២២,៥% |
![]() |
ការប្រារព្ធពិធីសាសនាក្នុងពិធីបុណ្យរំលឹកគុណអង្គរនៅមុខប្រាសាទអង្គរកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ |
ពិធីបុណ្យរំលឹកគុណអង្គរបានប្រកាសបើកជាផ្លូវការនៅមុខប្រាសាទអង្គរវត្តកាលពីថ្ងៃសៅរ៍ក្រោមអធិបតីភាពរបស់លោកស្រី ពេជ ចន្ទមុន្នី ស្ត្រីទី១នៃកម្ពុជា និងមានការចូលរួមពីលោកស្រី ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងមនុស្សប្រមាណ២,០០០អង្គ/នាក់។ ព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរមានការប្រារព្ធពិធីសាសនា ការដាក់តាំងពិព័រណ៍សមិទ្ធផលការងាររបស់អាជ្ញាធរជាតិអប្សរា ការសម្ដែងល្ខោន ក៏ដូចជាសិល្បៈទស្សនីយភាពជាច្រើនផ្សេងទៀត ដើម្បីអបអរសាទរខួប៣២ឆ្នាំ ការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ជាមួយនឹងគ្នានោះក៏មានផងដែរ ការប្រារព្ធព្រឹត្តិការណ៍វប្បធម៌ “រាត្រីចងចាំ” ដើម្បីបង្ហាញនូវការចងចាំសម្បត្តិសិល្បៈវប្បធម៌ខ្មែរទាំងរូបីនិងអរូបីដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ជាពិសេសដើម្បីអបអរសាទរក្រមាខ្មែរដែលបានចុះក្នុងបញ្ជីតំណាងសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។លោកស្រី ពេជ ចន្ទមុន្នី បានថ្លែងបើកពិធីបុណ្យរំលឹកគុណអង្គរថា ពិធីបុណ្យនេះប្រារព្ធនៅពីមុខប្រាសាទអង្គរដ៏អស្ចារ្យដែលកសាងដោយព្រះមហាក្សត្រ សូយ៌្យវម៌្មទី២។ ប្រាសាទអង្គរជាដួងព្រលឹងជាតិខ្មែរនិងជាសម្បត្តិបតិកភណ្ឌរបស់មនុស្សជាតិទូទាំងពិភពលោក។
លោកស្រីថា ពិធីបុណ្យរំលឹកគុណអង្គរ ជាព្រឹត្តិការណ៍តំណាងអរិយធម៌ដ៏ខ្ពស់ខ្ពង់និងសីលធម៌សង្គមដ៏ថ្លៃថ្លា ដែលបានប្រារព្ធធ្វើក្នុងថ្ងៃខួប៣២ឆ្នាំ ការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។លោកស្រីបានបញ្ជាក់ថា ពិធីបុណ្យរំលឹកគុណអង្គរ គឺប្រារព្ធធ្វើក្នុងគោលបំណងរំលឹកគុណបុព្វការីជនគ្រប់ជំនាន់និងព្រះមហាក្សត្រជំនាន់មុនគ្រប់ៗអង្គដែលបានកសាងប្រាង្គប្រាសាទនានា។ លោកស្រីបន្ថែមថា ព្រឹត្តិការណ៍នេះមានគោលដៅសំខាន់មួយទៀត គឺដើម្បីអប់រំ ផ្សព្វផ្សាយ បណ្ដុះបណ្ដាល ដាស់តឿន ព្រមទាំងរំលឹកកូនខ្មែរគ្រប់រូបត្រូវចងចាំបន្តអភិរក្សនិងអភិវឌ្ឍវប្បធម៌នូវការដឹងគុណដែលជាផ្នែកមួយនៃវប្បធម៌អរូបីដែលមានគុណតម្លៃនិងគំរូផ្នែកសីលធម៌ ជាពិសេសត្រូវស្គាល់ពីប្រភពអរិយធម៌ដែលបុព្វបុរសខ្មែរបានបន្សល់ទុក ព្រមទាំងប្ដេជ្ញាចិត្តការពារវប្បធម៌និងសមិទ្ធផលនានាទាំងនៅតំបន់រមណីយដ្ឋានអង្គរនិងនៅទូទាំងប្រទេស។
លោកស្រីជឿថា ព្រឹត្តិការណ៍នេះប្រាកដជារួមចំណែកផ្សព្វផ្សាយបន្ថែមនូវសក្ដានុពលវប្បធម៌និងទេសចរណ៍របស់កម្ពុជា ដែលអ្នកទេសចរនឹងអាចបន្តមើលឃើញពីសក្ខីកម្មស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរប្រកបដោយទេពកោសល្យខ្ពស់។ លោកស្រីបាននិយាយថា៖ «ជាការពិតមិនមែនប្រកែនបាន បរិយាកាសអំណោយផលទាំងឡាយកើតចេញពីសន្ដិភាពនិងស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិនីមួយៗដែលត្រូវកសាងនិងការពារ»។ លោកស្រីបន្ថែមថា៖ «យើងត្រូវបន្តគុណតម្លៃ ដើម្បីបន្តគាំទ្ររដ្ឋធម្មនុញ្ញនិងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិ»។
លោកស្រីថា កិច្ចអភិរក្សនិងអភិវឌ្ឍក្នុងរមណីយដ្ឋានអង្គរទាំងមូលមានការផ្លាស់ប្ដូរប្រកបដោយសោភ័ណភាពតាមចង្អុលបង្ហាញរបស់រដ្ឋាភិបាល។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានប្រកាសនិងចាត់ទុកថា អង្គរ គឺជាគំរូអន្តរជាតិសម្រាប់កិច្ចអភិរក្សនិងអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រីកត់សម្គាល់ឃើញថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត វិស័យវប្បធម៌និងវិស័យទេសចរណ៍កំពុងមានវិឌ្ឍនភាព។ វិស័យទាំងពីរនេះមានភាពប្រទាក់ក្រឡានិងគាំទ្រគ្នា ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ថា ពិធីបុណ្យរំលឹកគុណអង្គរបានប្រារព្ធទៅបានដោយសារតែប្រទេសមានសន្តិភាពពេញលេញ និងការរីកចម្រើនគ្រប់វិស័យដែលកើតចេញពីគោលនយោបាយឈ្នះឈ្នះរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការបន្តឧត្តមភាពជោគជ័យនេះតាមរយៈគោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានរួមបញ្ចូលអាទិភាពកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌និងសិល្បៈជាតិ ដើម្បីពង្រឹងការការពារអត្តសញ្ញាណជាតិខ្មែរ។
លោកស្រីបានមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចចូលរួមអភិរក្សនិងការពារសម្បត្តិវប្បធម៌ជាតិ ជាពិសេសរមណីយដ្ឋានអង្គរដែលមិនត្រឹមតែរតនៈសម្បត្តិជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូល ហើយក៏ជាមោទនជាតិខ្មែរផងដែរ»។
សេចក្ដីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញថា វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ជាពិសេសនៅរមណីយដ្ឋានអង្គរបានស្ដែងចេញសញ្ញាវិជ្ជមានគួរជាទីកត់សម្គាល់។ រយៈពេល១១ខែកន្លងមកនេះ ទេសចរប្រមាណ៩០ម៉ឺននាក់បានចូលទស្សនារមណីយដ្ឋានអង្គរ ដែលមានការកើនឡើងប្រមាណ៣០% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជាបានប្រមូលថវិកាពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបានប្រមាណ៤២លានដុល្លារ៕
មតិពីមិត្តអ្នកអាន