នាថ្ងៃទី ៧ ខែមេសា សមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) សហការជាមួយក្រុមហ៊ុន Viettel Cambodia (Metfone) រួមជាមួយអង្គភាពអាជីវកម្ម និងអង្គការមនុស្សធម៌ស្ម័គ្រចិត្តវៀតណាមមួយចំនួន បានរៀបចំកម្មវិធីពិនិត្យសុខភាព ចែកថ្នាំពេទ្យ និងផ្តល់អំណោយជូនអាណិកជនវៀតណាម និងប្រជាជនខ្មែរជួបការលំបាកក្នុងខេត្តកំពង់ឆ្នាំង។
![]() |
![]() |
![]() |
សកម្មភាពពិនិត្យសុខភាពជូនប្រជាជន |
នៅក្នុងកម្មវិធី អាណិកជនវៀតណាមចំនួន ៣០០ នាក់ និងប្រជាជនខ្មែរចំនួន ៣០០ នាក់ ដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ ត្រូវបានពិនិត្យសុខភាពដោយបុគ្គលិកពេទ្យជាង ៦០ នាក់។
ថ្លែងមតិក្នុងកម្មវិធីនេះ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ក្នុងនាមថ្នាក់ដឹកនាំមូលដ្ឋាន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលតែងតែចែករំលែក និងជួយឧបត្ថម្ភប្រជាជនកម្ពុជាក្នុងគ្រាលំបាក។ ការពិនិត្យសុខភាព ចែកថ្នាំពេទ្យ និងផ្តល់អំណោយ ជូនអាណិកជនវៀតណាម និងប្រជាជនខ្មែរ បង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ។
តំណាងអង្គភាពឧបត្ថម្ភដូចជា Metfone, Angkor Milk និងអង្គភាពអាជីវកម្មនានា បានបង្ហាញពីមនោសញ្ចេតនា និងទំនួលខុសត្រូវចំពោះកិច្ចការសង្គមនៅកម្ពុជា រួមទាំងការរួមចំណែកផ្នែកហិរញ្ញវត្ថុ និងអំណោយជាច្រើនសម្រាប់ប្រជាជនក្នុងអំឡុងពេលបុណ្យទាន និងអំឡុងពេលពិនិត្យសុខភាព និងចែកថ្នាំពេទ្យជាប្រចាំឆ្នាំ។
នៅសល់តែប្រហែលមួយសប្តាហ៍ទៀតប៉ុណ្ណោះ ប្រជាជនខ្មែរនឹងទទួលអំណរបុណ្យចូលឆ្នាំថ្មី ដូច្នេះហើយ កម្មវិធីពិនិត្យសុខភាព ចែកថ្នាំពេទ្យ និងផ្តល់អំណោយជូនប្រជាជនក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានស្វាគមន៍ និងវាយតម្លៃខ្ពស់ពីមតិសាធារណៈ រួមចំណែកពង្រឹងចំណងសាមគ្គីភាពរវាងសហគមន៍អាណិកជន និងប្រជាជនក្នុងប្រទេសសាមី ព្រមទាំងបង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា៕
មតិពីមិត្តអ្នកអាន