សិលាចារឹកភាសាស្ត្រឹតមួយផ្ទាំងមានអក្សរ ៥៥បន្ទាត់ កម្ពស់ ១០០សង់ទៅម៉ែត្រ ទទឹង ៤០សង់ទៅម៉ែត្រ និងកម្រាស់ ២០សង់ទៅម៉ែត្រ ដែលបានរកឃើញនៅការដ្ឋានជួសជុលប្រាសាទទន្លេស្ងួត កាលពីខែមិថុនា ឆ្នាំ២០២០ ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា តាមរយៈលោកសាស្ត្រាចារ្យ អាំង ជូលាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំឱ្យអ្នកជំនាញផ្នែកសិលាចារឹកខ្មែរមួយក្រុម ហៅថា Corpus des Inscriptions Khmères (CIK) ដែលភាគច្រើនសមាជិកក្រុមនេះជាអ្នកបម្រើការនៅសាលាបារាំងចុងបូព៌ា ជួយចុះបញ្ជីសារពើភណ្ឌ។
សិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួត ត្រូវបានចុះលេខ K.1459 ក្នុងបញ្ជីសារពើភណ្ឌសិលាចារឹកកម្ពុជា
លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួត ប្រហែលជាសិលាចារឹកពុំទាន់ចុះបញ្ជី និងពុំទាន់មានអ្នកបានឃើញពីមុនមកទេ ព្រោះសិលាចារឹកនេះជាថ្មចាស់យកពីកន្លែងផ្សេងមកកសាងប្រាសាទទន្លេស្ងួត (ធ្វើជាកម្រាលផ្លូវដើរ) ដែលកសាងក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧។
ដោយឡែក បើពិនិត្យលើទម្រង់អក្សរសិលាចារឹកនេះវិញ អាជ្ញាធរជាតិអប្សរាបានសន្និដ្ឋានបានថា ពុំមែនជាអក្សរចារក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ទេ ព្រោះអក្សរមានរាងមូលខុសពីអក្សរក្នុងរាជ្យព្រះអង្គរដែលច្រើនមានរាងជ្រុង។ ដូច្នេះទើបអាជ្ញាធរជាតិអប្សរាបានស្នើឱ្យ CIK ជួយពិនិត្យដើម្បីចុះបញ្ជីលេខសម្គាល់។ ក្រោយពិនិត្យផ្ទៀងផ្ទាត់តាមលក្ខណៈបច្ចេកទេសលើព័ត៌មានមួយចំនួនដែលទទួលបានពីអាជ្ញាធរជាតិអប្សរា CIK បានរកឃើញថា សិលាចារឹកនេះ ពិតជាសិលាចារឹកដែលពុំទាន់បានចុះបញ្ជីនៅឡើយមែន ទើប CIK បានសម្រេចចុះបញ្ជីសិលាចារឹកប្រាសាទទន្លេស្ងួត K.1459។
សិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួត ត្រូវបានចុះលេខ K.1459 ក្នុងបញ្ជីសារពើភណ្ឌសិលាចារឹកកម្ពុជា
ចំពោះចំនួនសិលាចារឹកជាភាសាខ្មែរបុរាណក្តី ជាភាសាសំស្រ្កឹតក្តី ដែលបានរកឃើញនៅលើទឹកដីកម្ពុជា និងនៅលើអតីតទឹកដីកម្ពុជាដែលបានចុះបញ្ជីរួច ចាប់ពីទស្សវត្សរ៍ឆ្នាំ១៩២០ ដែលមានលោក ចច សឺដេស (George Cœdès) ជាអ្នកដំបូងគេក្នុងការផ្តួចផ្តើមរៀបចំចុះបញ្ជី រហូតមកដល់សព្វថ្ងៃនេះមានចំនួន ១,៤៥៩ផ្ទាំង រួមទាំងសិលាចារឹកប្រាសាទទន្លេស្ងួតដែលទើបចុះបញ្ជីរួចថ្មីៗនេះផង។ លោក ទិន ទីណា បានបញ្ជាក់បន្ថែមថា ចំពោះអក្សរ K ដែលដាក់នៅពីមុខលេខនៃលេខសម្គាល់សិលាចារឹកនីមួយៗ គឺជាអក្សរសម្គាល់អត្តសញ្ញាណសិលាចារឹកខ្មែរ។
ដោយឡែក ចំពោះ ខ្លឹមសារសិលាចារឹកទន្លេស្ងួតនេះ អាជ្ញាធរជាតិអប្សរាកំពុងសហការជាមួយលោក Dominic Goodal អ្នកជំនាញខាងផ្នែកភាសាសំស្រ្កឹត និងលោក Dominique Soutif សមាជិកស្ថាប័នសាលាបារាំងចុងបូព៌ា (លោកទាំងពីរក៏ជាសមាជិក CIK) ដើម្បីប្រែសិលាចារឹកថ្មីនេះ។
សូមគួររំលឹកដែរថា ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញសិលាចារឹកជាភាសាសំស្រ្កឹតចារលើថ្មភក់មួយផ្ទាំង នៅបរិវេណប្រាសាទទន្លេស្ងួត ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ខណៈដែលពួកគាត់កំពុងធ្វើការសម្អាតថ្ម និងជួសជុលប្រាសាទ។
សិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួត ត្រូវបានចុះលេខ K.1459 ក្នុងបញ្ជីសារពើភណ្ឌសិលាចារឹកកម្ពុជា
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកឡុង កុសល បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បត្តិ៍ថា ផ្ទាំងសិលាចារឹកនេះ ត្រូវបានមនុស្សជំនាន់មុន បានរៀបជាគ្រឿងបង្គុំថ្មក្រាលខ្លោងទ្វារខាងមុខប្រាង្គកណ្តាលនៃប្រាសាទទន្លេស្ងួត ដែលកម្ពស់១០០ សង់ ទីម៉ែត្រ ទទឹង ៤០សង់ទីម៉ែត្រ និងកម្រាស់ ២០សង់ទីម៉ែត្រ មានភាសាសំស្ក្រឹតចំនួន ៥៥បន្ទាត់។
លោកបន្តថា៖ «បច្ចុប្បន្ន ផ្ទាំងសិលានោះ ត្រូវបានក្រុមអ្នកជំនាញយកទៅចេញពីបរិវេណប្រាសាទ ទៅថែទាំ និងជួសជុលនៅស្នាក់ការនាយកដ្ឋានអភិរក្សប្រាសាទ មុននឹងយកឲ្យអ្នកជំនាញភាសាសំស្ក្រឹតធ្វើការសិក្សា និងបកប្រែ»។
អាជ្ញាធរជាតិអប្សរា បានបន្តថា ប្រាសាទនេះ មានហានិភ័យខ្ពស់ដោយសារដើមឈើ និងទឹកភ្លៀង ក្នុងនោះដើមឈើបានដុះនៅលើតួប្រាសាទ ហើយឬសវាបានចាក់ចូលគ្រឹះប្រាសាទបានធ្វើឲ្យថ្មនៃរចនាសម្ព័ន្ធប្រាសាទ រំកិលចេញពីស្ថានភាពដើម និងថ្មមួយចំនួនបានរអិលធ្លាក់ចុះពីតួប្រាសាទ ខណៈ ទឹកភ្លៀងបានជ្រាបចូលដល់គ្រឹះប្រាសាទដែលធ្វើឲ្យគ្រឹះប្រាសាទចុះខ្សោយ ដែលអាចនឹងប្រឈមនឹងការដួលរលំ។
សិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួត ត្រូវបានចុះលេខ K.1459 ក្នុងបញ្ជីសារពើភណ្ឌសិលាចារឹកកម្ពុជា
ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លោក អ៉ឹម សុខរិទ្ធី បានមានប្រសាសន៍ថា ផ្ទាំងថ្មចារឹកនេះ អាចពុំមែនជារបស់មន្ទីរពេទ្យទន្លេស្ងួតនេះទេ ហើយប្រហែលជាគេយកចេញពីប្រាសាទណាមួយមកប្រើជាថ្មកម្រាល ដោយរៀបដាក់ផ្ទៃដែលមានអក្សរចារឹកទៅក្រោម និងផ្ទៃខាងក្រោយដែលពុំ មានអក្សរត្រូវបានគេដាក់ផ្ងារឡើងលើ។
លោកថា៖ «តាមការសន្និដ្ឋានដំបូងលើលក្ខណៈតួអក្សរឆ្មារៗ និងពិចិត្រ ដែលបៀបនឹងសិលាចារឹកនៅប្រាសាទភ្នំដីស្ថិតនៅខាងជើងប្រាសាទទន្លេស្ងួតនោះ ឃើញថា សិលាចារឹតនេះប្រហែលចារនៅចុងសតវត្សទី១១ ដល់ដើមសតវត្សទី១២»។
លោក អ៉ឹម សុខរិទ្ធី បានបន្តថា ផ្ទាំងសិលាចារឹតនេះ មានការបាត់បង់តួអក្សរមួយផ្នែក ប៉ុន្តែនៅមានតួអក្សរច្រើនដែលអាចធ្វើការសិក្សាស្រាវជ្រាវបន្ថែមបាន។ លោកបានបន្ថែមថា៖ «ការបាត់បង់តួអក្សរនេះ មិនមែនជាករណីបំផ្លាញនោះទេ ព្រោះតាមស្ថានភាពថ្ម គឺមនុស្សសម័យនោះ បានកាត់តម្រឹមឲ្យត្រូវចន្លោះ ដើម្បីធ្វើជាថ្មកម្រាលក្នុងការសាងសង់ប្រាសាទទន្លេស្ងួត ហើយការយកថ្មចាស់ពីកន្លែងផ្សេងមកកសាងប្រាសាទថ្មី ក៏ជាទម្លាប់ធម្មតានាសម័យបុរាណនោះដែរ»។
ក្នុងដំណើការសម្អាត និងជួសជុលប្រាសាទទន្លេស្ងួត ដែលធ្វើជាដំណាក់កាលៗ នាពេលកន្លងមកនោះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា ក៏បានរកឃើញបំណែកបដិមាសំខាន់ៗចំនួន៣ រួមមាន ព្រះពុទ្ធបដិមាគ្រូថ្នាំ និងរូបបដិមាទ្វារបាល ត្រូវបានរកឃើញកាលពីឆ្នាំ២០១៧ និងបំណែកជើងបដិមាទ្វារបាល ត្រូវបានរកឃើញនៅដើម ឆ្នាំ២០២០នេះ។
រូបបដិមាទាំងនោះ ត្រូវបានក្រុមអ្នកជំនាញ យកទៅផ្គុំបំណែកដែលបែកបាក់នោះឡើងវិញ ហើយដាក់តាំងបង្ហាញជូនភ្ញៀវទេសចរ និងសាធារណជន បានសិក្សាស្វែងយល់ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ខេត្តសៀមរាប៕
(សរុបដោយ ហេង វុធ្ធ)
(ប្រភពព័ត៌មាន: freshnewsasia.com និង khmertimeskh.com)
មតិពីមិត្តអ្នកអាន