សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ កំពុងដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ ដែលមានទម្ងន់ប្រមាណ៣តោននៅក្នុងសារមន្ទីរនេះ។ ព្រះពុទ្ធបាទនេះមានលាបម្រ័ក្សណ៍ព័ណ៌ខ្មៅ ក្រហម និងទឹបទឹកមាសតាំងពីពេលកសាងមក។
![]() |
ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរខេត្តសៀមរាប លោក គុន ផល្លី បានថ្លែងថា ព្រះពុទ្ធបាទបុរាណធ្វើពីថ្មភក់មួយនេះ ត្រូវបានកសាងឡើងតាំងពីអំឡុងសតវត្សទី១៤-១៦ ។ វត្ថុសម្រាប់សក្ការបូជានេះ មានទម្ងន់ប្រមាណជា៣តោន ដែលមានបណ្តោយមានប្រវែង ២,១០ម៉ែត្រ ទទឹង ១,១៥ម៉ែត្រ និងមានកម្ពស់ ៣១សង់ទីម៉ែត្រ។
លុះក្រោយមក ព្រះពុទ្ធបាទធ្វើពីថ្មភក់ ត្រូវបានក្រុមអភិរក្សយកទៅរក្សាទុក និងជួសជុលនៅអភិរក្សដ្ឋានអង្គរ។ នៅចំកណ្តាលពុទ្ធបាទមានរូបកងចក្រចំនួន១៦កាំ និងនៅជុំវិញកងចក្រមានឆ្លាក់ចម្លាក់ផ្សេងៗចំនួន១០៨ ដែលគេយល់ថា អាចជាសិរីមង្គល នៅក្នុងក្រុមធំៗចំនួន៥ ទាក់និងសញ្ញាសិរីមង្គលទាំង១០៨នេះ។
តាមការសិក្សាស្រាវជ្រាវបង្ហាញថា តាំងអតីតកាលពុទ្ធបាទនេះ ត្រូវបានប្រជាជនខ្មែរ ចាត់ទុកជាវត្ថុសក្តារៈគោរពបូជាយ៉ាងសំខាន់ ចំពោះព្រះពុទ្ធសាសនាថេរវាទ និងបានដាក់តម្កល់នៅ ក្នុងរួតព្រះពាន់នាអំឡុងសតវត្សរ៍ទី១៤ រហូតដល់ឆ្នាំ១៩៨៥។
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរនេះ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥។
ការទស្សនាសារមន្ទីរព្រះនរោត្តមសីហនុ ក្រៅតែពីបានទស្សនាព្រះពុទ្ធបាទ ភ្ញៀវក៏អាចទស្សនាវត្ថុសិល្បៈជាច្រើនរាប់រយប្រភេទផ្សេងទៀត ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ និងការបរិច្ចាគពីសាធារណជនផងដែរ៕
thmeythmey25.com

មតិពីមិត្តអ្នកអាន