រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦២ បត់ស្ដាំត្រង់ភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ។ បច្ចុប្បន្នប្រាសាទសំបូរព្រៃគុក មានការអភិវឌ្ឍប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ដោយមានផ្លូវក្រាលកៅស៊ូ មានចំណតរថយន្ត ផ្សារលក់វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ និងផ្ទះស្នាក់សហគមន៍ប្រាសាទសំបូរព្រៃគុកដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកទេសចរទៅទស្សនាកម្សាន្ត និងសិក្សាស្រាវជ្រាវ
ប្រាសាទសំបូរព្រៃគុក
ប្រាសាទសំបូរព្រៃគុក ភាគច្រើនកសាងឡើងដោយព្រះបាទឦសានវរ្ម័ន ដើម្បីឧទ្ទិសចំពោះព្រះសីវៈ ។ ប្រាសាទសំបូរព្រៃគុកសង់មានលក្ខណៈជាប្រាសាទទោល និងសង់ជាក្រុមក្នុងកំពែងតែមួយ។ សម្ភារៈសំណង់គឺ ឥដ្ឋកំបោរបាយអ ថ្មភក់ ឯប្លង់ប្រាសាទមានរាងបួនជ្រុង គ្រឿងលំអស្ថាបត្យកម្មមានផ្តែ និងសរសរពេជ្រ សុទ្ធសឹងធ្វើអំពីថ្មភក់ និង មានចំលាក់លើកំបោរបាយអ។
ប្រាសាទសំបូរព្រៃគុក
លោកសេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ឲ្យដឹងថា ប្រាសាទសំបូរព្រៃគុកជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយមានចំណាស់ជាង១៣៥០ឆ្នាំ មុនអង្គរវត្តដែលជាអតីតរាជធានីដ៏ល្បីល្បាញរបស់ខ្មែរមានឈ្មោះថា «ឦសានបុរៈ»ហើយរាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក ក្នុងពេល ឆាប់ៗខាងមុខ។
ប្រាសាទសំបូរព្រៃគុក សម្បូរទៅដោយប្រាសាទបុរាណរាប់រយកសាងឡើងអំពីឥដ្ឋក្នុងសតវត្សទី៧ ។ ក្រៅពីប្រាសាទជាច្រើនរមណីយដ្ឋាននេះ ក៏មានដើមឈើតូចធំដុះពាសពេញដែលជាទីមនោរម្យសម្រាប់អ្នក ទេសចរទៅទស្សនាកម្សាន្ត និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ។
ទេសភាពតំបន់ប្រាសាទសំបូរព្រៃគុកលេចឆោមស្រស់ខ្ចី
ក្រៅពីរមណីយដ្ឋានប្រាទសំបូរព្រៃគុក ខេត្តកំពង់ធំមានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងទៀត ជាទីមនោរម្យសម្រាប់អ្នកទេសចរទៅទស្សនាកម្សាន្ត ដូចជារមណីយដ្ឋានប្រាសាទគុកនគរ រមណីយដ្ឋាន កែច្នៃបឹងសំរឹទ្ធិ រមណីយដ្ឋានស្ទឹងជីនិត និងរមណីយដ្ឋាន ភ្នំសន្ទុកជាដើម ។
លោកប្រធានមន្ទីរទេសចរណ៍ឱ្យដឹងថា ក្នុងឆ្នាំ២០១៦ មានអ្នកទេសចរទៅទស្សនាកម្សាន្ត និងសិក្សាស្រាវជ្រាវ នៅខេត្តកំពង់ធំ សរុប២០៣.៥២៥នាក់់ ក្នុងនោះអ្នកទេសចរជាតិចំនួន១៨៥.៣៤៥នាក់ និងអ្នកទេសចរអន្តរជាតិចំនួន១៨.១៨០នាក់។
ក្រោយត្រូវភ្លៀងប៉ុន្មានមេនាដើមរដូវវស្សានេះ តំបន់ប្រាសាទសំបូរព្រៃគុកប្រៀបដូចទទួលបានពរជ័យពីព្រះភិរុណ ដែលដល់កាលវេលាសម្ដែងឫទ្ធបង្អុលភ្លៀងស្រោចស្រពប្រឹថពី ញ៉ាំងបណ្ដាព្រឹក្សព្រៃក្នុងតំបន់ការពារទេសភាពព័ទ្ធរាជធានីបុរាណខ្មែរនេះ ឱ្យលូតលាស់ស្លឹកត្រួយបៃតងស្រស់ខ្ចី ចេញបានបុប្ផាផ្កាភ្ញីចម្រុះពណ៌រាយមន្តអន្ទងភ្នែកកវី។
ទេសភាពតំបន់ប្រាសាទសំបូរព្រៃគុកលេចឆោមស្រស់ខ្ចី
ទិដ្ឋភាពបែបនេះ បានលម្អសោភ័ណភាពរមណីយដ្ឋានទាំងមូលឱ្យកាន់តែស្រស់ត្រកាល មិនរំលងផុតសារស័ព្ទវាចារកោតស្ងប់ស្ងែង ពីសំណាក់អ្នកដែលបានទៅដល់ទីនោះឡើយ។ ដើរកាត់ក្រោមម្លប់ឈើត្រជាក់ត្រឈឹងត្រឈៃ ប្រាសាទឈរញញឹមប្រិមប្រិយរាក់ទាក់ពីចម្ងាយ សំឡេងបក្សាបក្សីច្រៀងស្វាគមន៍ ទទួលវត្តមានអ្នកដំណើរ វល្លិវែងកោងវាត់ព័ទ្ធរុំដើមឈើទាក់ទាញប្លែកភ្នែក អន្ទងសណ្ដំហឫទ័យអាត្មាឱ្យត្រេកត្រអាលនឹងសម្រស់វប្បធម៌ បើកបង្ហាញអត្ថន័យបេតិកភណ្ឌផ្សារភ្ជាប់ជាមួយសម្រស់ធម្មជាតិ។
តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសង់លើដីរាបស្មើមានទំហំ ៣,០០០ ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ស្ថិតនៅតាមបណ្តោយស្ទឹងសែន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តនេះមានចម្ងាយប្រមាណ ២៨ គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ។
ទេសភាពតំបន់ប្រាសាទសំបូរព្រៃគុកលេចឆោមស្រស់ខ្ចី
ឆ្លងពីប្រាង្គប្រាសាទមួយទៅប្រាសាទមួយទៀត ប្រតិភូថ្មើរជើងយើងបានពើបប្រទះនូវទិដ្ឋភាពប្លែកភ្នែកជាច្រើននៅក្នុងរមណីយដ្ឋាននេះ ឬអាចនិយាយបានថា កំពុងស្ថិតក្នុងជំរុំព្រឹក្សាដែលលាក់កំបាំងរាជធានីអាទិទេពដ៏ស្កឹមស្កៃមួយ ហាក់គ្មានអ្នកណាបានឃើញពីមុនមក។ សួរថាតើអារម្មណ៍បែបនេះរំភើបប៉ុនណា?
សូមជម្រាបថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាវេលាម៉ោង ៩៖៤០ នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាខូវ សាធារណរដ្ឋប៉ូឡូញ។
ទេសភាពតំបន់ប្រាសាទសំបូរព្រៃគុកលេចឆោមស្រស់ខ្ចី
បរមភូមិនេះគឺជារាជធានីចាស់នាសម័យចេនឡាមានបុព្វនាមថា «ឥសានបុរៈ» មានន័យថាជាទីក្រុងរបស់ព្រះឥសូរ ដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះសិវៈ ឬព្រះឥសូរ (សម័យក្រោយមកគេហៅ ព្រះឥន្ទ្រ ឬព្រះឥន្ទ្រាធិរាជ) ហើយក៏ជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនាដ៏ធំប្រចាំអាស៊ីអាគ្នេយ៍ផងដែរ។ ចេនឡា ជាអតីតសាមន្តរដ្ឋរបស់អាណាចក្រភ្នំ ឬហ្វូណន។ អាណាចក្រចេនឡាបានបន្តការរីកចម្រើនចាប់តាំងពីរជ្ជកាលព្រះបាទភវវរ្ម័នទី១ ព្រះបាទមហេន្ទ្រវរ្ម័នទី១ រហូតដល់ព្រះបាទឥសានវរ្ម័នទី១ ដែលជាព្រះរាជបុត្ររបស់ព្រះបាទមហេន្ទ្រវរ្ម័នទី១ និងជាព្រះមហាក្សត្របានដណ្តើមអំណាចពីអាណាចក្រភ្នំដោយជោគជ័យ ដោយវាយយកបានរាជធានីចុងក្រោយរបស់អាណាចក្រភ្នំ គឺនៅរាជធានីនរវបុរៈ បច្ចុប្បន្នស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ។
ប្រាសាទសំបូរព្រៃគុក ភាគច្រើនកសាងឡើងដោយព្រះបាទឥសានវរ្ម័នទី១ ដែលមានលក្ខណៈជាប្រាសាទទោល និងសង់ជាក្រុមក្នុងកំពែងតែមួយ។ សម្ភារសំណង់ គឺមានឥដ្ឋតាន កំបោរបាយអ ថ្មភក់ រីឯប្លង់ប្រាសាទមានរាងបួនជ្រុង និងប្រាំបីជ្រុង មានចម្លាក់លើកំបោរបាយអ។ គ្រឿងលម្អស្ថាបត្យកម្មមានផ្តែរ និងសរសរពេជ្រសុទ្ធសឹងធ្វើអំពីថ្មភក់ ចំណែកជណ្ដើរសិលា និងស៊ុមទ្វារ ក៏សាងឡើងអំពីថ្មភក់ដែរ។
ក្រុមប្រាសាទនៅតំបន់ប្រាសាទសំបូរព្រៃគុកនេះ ត្រូវបានកំណត់បែងចែកជា ៣ ក្រុមធំៗ និងមានក្រុមតូចៗជាច្រើនទៀត ដូចជា៖
១៖ ក្រុមប្រាសាទខាងជើង ឬក្រុមប្រាសាទសំបូរ កសាងឡើងនៅដើមសតវត្សរ៍ទី៧ ក្រោមស្នាព្រះហស្ដព្រះបាទឥសានវរ្ម័នទី១ ឧទ្ទិស ចំពោះព្រះសិវៈ ដែលព័ទ្ធជុំវិញដោយក្រុមប្រាសាទតូចៗជាច្រើន កសាងអំពីឥដ្ឋតាន់ ។
២៖ ក្រុមប្រាសាទកណ្តាល ឬក្រុមប្រាសាទតោ កសាងឡើងក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី២ នាសតវត្សរ៍ទី៩ ឧទ្ទិសចំពោះព្រះសិវៈ។ ក្រៅពីប្រាសាទតោនៅកណ្ដាល ក៏នៅមានប្រាង្គប្រាសាទតូចៗចំនួន ៧ ទៀត ដែលកសាងពីឥដ្ឋក្នុងដើមសតវត្សរ៍ទី៧ ក្រោមស្នាព្រះហស្ដព្រះបាទឥសានវរ្ម័នទី១ផងដែរ។
៣៖ ក្រុមប្រាសាទខាងត្បូង ឬក្រុមប្រាសាទយាយព័ន្ធ សាងឡើងនៅដើមសតវត្សរ៍ទី៧ ក្រោមស្នាព្រះហស្ដព្រះបាទឥសានវរ្ម័នទី១ ដែលលមានប្រាង្គកណ្តាលមួយឈ្មោះថា ប្រាសាទនាគព័ន្ធ ឬប្រាសាទយាយព័ន្ធ រីឯប្រាង្គបន្ទាប់ បន្សំទៀតមានចំនួន ៧ ដែលស្ថិតនៅក្នុងកំពែងពីរជាន់ព័ន្ធជុំវិញ ក្នុងនោះកំពែងខាងក្នុងសាងអំពីឥដ្ឋតាន់ ឧទ្ទិស ចំពោះព្រះសិវៈ។
ចំណែកឯក្រុមប្រាសាទតូចៗទៀត មានដូចជាក្រុមប្រាសាទក្រោលរមាស ក្រុមប្រាសាទត្រពាំងរពាក់ ក្រុមប្រាសាទឫស្សីរលែក ក្រុមប្រាសាទសណ្តាន់ ក្រុមប្រាសាទបុស្សរាមជាដើម។ ទិដ្ឋភាពដ៏ស្រស់បំព្រងនារដូវនេះ ភ្ញៀវទេសចរមិនគួររំលងពីការអញ្ជើញទៅទស្សនាឡើយ។
ទេសភាពតំបន់ប្រាសាទសំបូរព្រៃគុកលេចឆោមស្រស់ខ្ចី
តើប្រាសាទសំបូរព្រៃគុក នាសម័យបុរាណជាទីតាំងអ្វី ? ហើយពាក្យ «ព្រៃគុក» មានន័យយ៉ាងណា ?
អ្នកជំនាញផ្នែកអាយ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីទីតាំងប្រាសាទសំបូរព្រៃគុក នាសម័យបុរាណ គឺជារាជធានីខ្មែរបុរាណ នគរភ្នំ។ ពាក្យ «គុក» សំដៅ «ប្រាសាទ ឬទីងងឹត» បានន័យថា ជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្ដ ព្រោះថាប្រាសាទជាទីកន្លែងសក្ការៈបូជា របស់ព្រះរាជា គឺមិនមែនជាទីកន្លែងសម្រាប់ព្រះអង្គគង់នៅទេ ហើយបច្ចុប្បន្នពាក្យ «គុក» ក៏មានន័យអប់រំចិត្ដដែរ គឺមិនមែនជាទីសម្រាប់សប្បាយនោះទេ។ ដោយក្នុងនោះចំពោះទីតាំង ភូមិសាស្រ្ដប្រាសាទសំបូរព្រៃគុកទៀតសោត បានភ្ជាប់ទៅនឹងទន្លេសាប ដោយមានផ្លូវបុរាណ ចេញពីកំពែងក្រុង។
ក្នុងបរិវេណនៃទីក្រុងនេះ គឺមានកំពែងព័ទ្ធជុំវិញដោយដីពីរជាន់ ហើយជ្រុងខាងលិចប្រវែងប្រមាណ២គីទ្បូម៉ែត្រ និងមានរៀបចំប្រព័ន្ធផ្លូវទឹកយ៉ាង សំបូរបែបទៀតផង។ ចំពោះការរស់នៅរបស់ប្រជាជនរស់វិញ មានចំនួនរាប់ម៉ឺនគ្រួសារ និងនៅចំកណ្ដាលក្រុង មានការរៀបចំអាសនៈយ៉ាងធំ សម្រាប់ព្រះរាជាធ្វើសវនការ ផងដែរ។
ទេសភាពតំបន់ប្រាសាទសំបូរព្រៃគុកលេចឆោមស្រស់ខ្ចី
លោក រត្ន័ សណ្ដាប់ បានបន្ដថា ប្រាសាទសំបូរព្រៃគុក បានកសាងទ្បើងដោយព្រះបាទឥសានវរ្ម័នទី១ ក្នុងស.វ.ទី៧ នៃគ.ស. បើតាមសិលាចារឹក ជាភាសាសំស្រ្ដឹក និងភាសាខ្មែរ រាជធានីនេះ មានឈ្មោះថា «ឥសានបុរ» ជានាមរបស់ព្រះអង្គផ្ទាល់។ អ្វីដែលសំខាន់នោះ ក្នុងរជ្ជកាលព្រះអង្គ ចំពោះ ការគ្រប់គ្រង គឺផ្អែកតាមនយោបាយ និងសាសនា ដោយហេតុនេះបានជាក្នុងរាជ្យព្រះអង្គ មានការកសាងប្រាសាទយ៉ាងច្រើន។
ក្នុងនោះចំពោះការកសាងក៏មានច្រើនដំណាក់កាលផងដែរ បានន័យថា ចាប់ពីស.វ.ទី៧ ដល់ស.វ.ទី១១ ជាបន្ដបន្ទាប់ មានប្រមាណជា៨០ប្រាសាទ។ តែក្នុងចំណោមប្រាសាទនេះ គឺភាគច្រើនបានកសាងក្នុងរាជ្យស្ដេចបីអង្គគឺ៖ ទីមួយ៖ ឥសានវរ្ម័នទី១ ទីពីរ៖ ព្រះបាទមហេន្រ្ទវរ្ម័ន និងទីបី៖ ព្រះបាទភវរ្ម័នទី២ ព្រោះតែហេតុនេះ បានជាប្រាសាទសំបូរព្រៃគុក ត្រូវបានគេចាត់ថ្នាក់ក្នុងរចនាបថ មានដូចជា៖ សំបូរព្រៃគុក ព្រៃក្មេង កំពង់ព្រះ គូលេន និងបាពួន នាស.វ.ទី១១នេះឯង។ ក្នុងចំណោមប្រាសាទទាំងនេះផងដែរ ចំពោះចំណុចពិសេសផ្នែករចនាបថនោះ គឺក្បាច់ផ្កាឈូក ឬត្របកឈូកជាក្បាច់លម្អ មានអត្ថន័យសំខាន់ណាស់ ក្នុងជំនឿខ្មែរ រហូតមកដល់ថ្ងៃនេះគឺ «តំណាងឲ្យភាពស្អាតស្អំ និងបរិសុទ្ធ»។
ទេសភាពតំបន់ប្រាសាទសំបូរព្រៃគុកលេចឆោមស្រស់ខ្ចី
ជាចុងបញ្ចប់លោក បានថ្លែងថា ស្ថិតក្នុងដំណាក់កាលប្រវត្ដិក្រោយមក ប្រាសាទសំបូរព្រៃគុក នៅឆ្នាំ១៩១១ ត្រូវបានជនជាតិបារាំងលោក ហង់រី ប៉ាតម៉ង់ទីចេ (Henri Parmentier) ជាតំណាងសាលាបារាំងចុងបូព៌ា (EFEO) លោក បានធ្វើការសិក្សាលម្អិត និងបានបែងចែកប្រាសាទសំបូរព្រៃគុកនេះ ជាបីក្រុម៖ ១៖ ក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) ប្រហែលជាប្រាសាទសាងចាស់ជាងគេស.វ.ទី៧។ ២៖ ក្រុមប្រាសាទខាងត្បូង និងចុងក្រោយ ក្រុមប្រាសាទតោ (ក្រុមកណ្ដាល)។ តមកទៀត ក្នុងសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ១៩៧០មក ក្រុមប្រាសាទសំបូរព្រៃគុក ក៏ស្ថិតនៅក្នុងភាពឯកកោ នឹងមានការគំរាមកំហែងពីធម្មជាតិម្ដងទៀត។ បច្ចុប្បន្ន ប្រាសាទសំបូរព្រៃគុក ស្ថិតក្រោមការដឹកនាំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរះ និងបង្ហាញខ្លួនយ៉ាងខ្ពស់ត្រដែត ក្នុងនាមប្រជាជាតិខ្មែរ ធ្លាប់មានអរិយធម៌ដ៏រុងរឿង និងបានស្រែកប្រាប់ទៅពិភពលោកថា «កម្ពុជាបានសន្ដិភាព» ហើយ៕
(សរុបដោយ ហេង វុធ្ធី)
មតិពីមិត្តអ្នកអាន