ស្ករត្នោតជាប្រភេទស្ករម្យ៉ាងរម្ងាស់ចេញពីទឹកត្នោតផ្អែមដែលប្រជាពលរដ្ឋខ្មែរប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃអស់រយៈពេលជាយូរណាស់មកហើយ។ មុននឹងទទួលបានស្ករត្នោត កសិករត្រូវឡើងត្នោតដើម្បីគាបផ្កាត្នោតយកទឹកមករម្ងាស់នៅលើភ្លើងរយៈពេលច្រើនម៉ោង ដោយកូររហូតក្លាយជាស្ករខាប់មានរសជាតិផ្អែមឈ្ងុយជាប់មាត់។
ខេត្តដែលផលិតស្ករត្នោតនៅក្នុងប្រទេសកម្ពុជាមានដូចជា ខេត្តកណ្តាល កំពង់ស្ពឺ ព្រៃវែងនិងតាមបណ្តាខេត្តមួយចំនួនទៀត។ ក្នុងចំណោមខេត្តទាំងនេះ ផលិតផលស្ករត្នោតខេត្តកំពង់ស្ពឺត្រូវបាន ទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្រ្ត GI (Geographical Identification) កាលពីឆ្នាំ២០១០ ក្រោមកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ហើយស្ករត្នោតដែលផលិតនៅតាមបណ្តាខេត្តផ្សេងៗទៀតមិនអាចប្រើឈ្មោះនេះបាននោះទេ។
![]() |
លោក វី វាសនា ជំនួយការសមាគមន៍ស្ករត្នោតកំពង់ស្ពឺ។ (រូបថត៖ លោក វី វាសនា) |
រសជាតិផ្អែមឆ្ងាញ់របស់ស្ករត្នោតកំពង់ស្ពឺនេះត្រូវបានផ្សព្វផ្សាយនៅលើទីផ្សារអន្តរជាតិតាមរយៈក្រុមហ៊ុនខន់ហ្វីរ៉ែល (Confirel) ហើយអតិថិជននៅតាមបណ្តាប្រទេសទាំងនោះបានទទួលស្គាល់គុណភាពនិងរសជាតិនេះ។
លោក វី វាសនា ជំនួយការសមាគមន៍ស្ករត្នោតកំពង់ស្ពឺ បានឱ្យដឹងថា ស្រុកឧដុង្គ ស្រុកសំរោងទង និងស្រុកអង្គស្នួលខេត្តកណ្ដល ជាប់ព្រំទល់ខេត្តកំពង់ស្ពឺជាតំបន់គោលដៅដំបូងគេ ដែលបាននិងកំពុងផលិតស្ករត្នោត នាំចេញទៅលើទីផ្សារក្រៅប្រទេស។
«ស្ករត្នោតប្រភេទសាច់ គេយកទឹកត្នោតចាក់កូរវានៅលើភ្លើងឱ្យក្លាយជាស្កររៀងខាប់ៗ ល្មូតចូលគ្នា ឬកូរឱ្យរឹងទៅតាមតម្រូវការ។ ចំណែកស្ករត្នោតម្សៅ គឺគេយកស្ករសាច់ទៅកិនឱ្យម៉ត់ រួចរែងវាយកម្សៅ ដែលស្រដៀងទៅនឹងស្ករសដែរ»។ នេះបើតាមលោក វី វាសនា បានលម្អិតពីការធ្វើស្ករត្នោត ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ មកកាន់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃទី ២៥វិច្ឆិកា ឆ្នាំ២០២២។
![]() |
ស្ករត្នោតកំពង់ស្ពឺ។ (រូបថត៖ លោក វី វាសនា) |
ស្ករម្សៅ ៧៦តោន និងស្ករសាច់ជាង ២តោនហើយ ដែលបាននាំចេញលើទីផ្សារប្រទេសបារាំង អាឡឺម៉ង់ សហរដ្ឋអាមេរិក ជប៉ុន តៃវ៉ាន់ ថៃនិងប្រទេសវៀតណាមនៅក្នុងឆ្នាំ២០២២។ លោក វាសនា លើកឡើងបែបនេះ ហើយបញ្ជាក់ថា ឆ្នាំ២០២៣ខាងមុខនេះទីផ្សារប្រទេសចិន អាចនឹងនាំចូលស្ករត្នោតកំពង់ស្ពឺ ដោយបច្ចុប្បន្នស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិន និងសមាគមន៍ស្ករត្នោតកំពងស្ពឺ កំពុងចរចាគ្នាជាមួយក្រុមហ៊ុននៅទីនោះ។ លោកបន្តថា ខាងសមាគមន៍សង្ឃឹម ៥០ភាគរយ ដែលអាចនឹងបាននាំចេញស្ករត្នោតកំពង់ស្ពឺទៅចិន ព្រោះបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចរចាគ្នានៅឡើយ។
លោក វី វាសនា បានបន្ថែមថា សមាគមន៍ពួកគេបង្កើតឡើង ដើម្បីគាំទ្រឱ្យស្ករត្នោតកាន់តែមានភាពល្បីល្បាញ ស្របពេលស្ករនេះផលិតមានគុណភាពល្អបែបធម្មជាតិ ព្រមទាំងចង់បានជាអត្តសញ្ញាណសម្គាល់របស់ស្ករត្នោតនៅក្នុងខេត្តកំពង់ស្ពឺ។
អ្នកស្រី ឈិន ឆន ជាសមាជិកសមាគមន៍ស្ករត្នោតកំពង់ស្ពឺ ដែលរស់នៅស្រុកសំរោងទង បានរៀបរាប់ថា អ្នកស្រីប្រកបរបរធ្វើស្ករត្នោតបានប្រមាណ ៤ឆ្នាំ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។ ស្វាមីអ្នកស្រីបានឡើងត្នោតចំនួន ២៥ដើមជារៀងរាល់ថ្ងៃ និងមានលទ្ធភាពផលិតស្ករត្នោតប្រភេទសាច់បាន ៣០គីឡូក្នុងមួយថ្ងៃ ហើយ ១គីឡូលក់បាន ៦០០០រៀល។
![]() |
ស្ករត្នោតកំពង់ស្ពឺ។ (រូបថត៖ លោក វី វាសនា) |
ចាប់ពីម៉ោង ៣រសៀល ក្រុមគ្រួសារអ្នកស្រីតែងតែទៅរែក និងត្រង់ទឹកតោ្នត ដើម្បីយកមកកូរធ្វើជាស្ករ។ នេះបើតាមអ្នកស្រី ឆន ប្រាប់សារព័ត៌មានថ្មីៗ ហើយបញ្ជាក់ថា៖«ខ្ញុំធ្វើស្ករប្រើឧសធម្មជាតិ គឺប្រើកម្លាំងទាំងអស់អត់មានប្រើម៉ាស៊ីនទេ។ ហើយស្ករមានអនាម័យល្អ ព្រោះបើអត់អនាម័យ ខាងសមាគមន៍គេអត់ទទួលទិញទេ កន្លែងធ្វើត្រូវតែស្អាតជានិច្ច»។
បើទោះជាមុខរបរឡើងត្នោត បានជួយសម្រួលជីវភាពគ្រួសារអ្នកស្រី ឈិន ឆន ក៏ពិតមែន ប៉ុន្តែអ្នកស្រីបានលើកឡើងបែបនេះ រាល់ថ្ងៃការងារប្រើកម្លាំងច្រើន ដូច្នេះមានការហត់នឿយខ្លាំង តែមិនដឹងរកស៊ីអ្វី គឺមានតែប្រកបរបរធ្វើស្រែ និងឡើងត្នោត។ អ្នកស្រីសង្កាត់ធ្ងន់ថា៖ «ខ្ញុំបារម្មណ៍ប្ដីឡើងដើមត្នោតខ្ពស់ៗ ខ្លាចគាត់ឈឺក្បាល វិលមុខអីគឺយើងមើលមិនឃើញទេ»។
![]() |
កសិករឡើងត្នោតនៅខេត្តកំពង់ស្ពឺ។ (រូបថត៖ លោក វី វាសនា) |
រដូវកាលឡើងត្នោត គឺមានចាប់ពីខែធ្នូ រហូតដល់ចុងខែឧសភា។ សម្រាប់របរឡើងត្នោតធ្វើស្ករនេះ បានផ្ដល់ប្រាក់ចំណូលឱ្យគ្រួសារអ្នកស្រីបានសមរម្យ។ នេះបើតាមអ្នកស្រី ឈិន ឆន៕
មតិពីមិត្តអ្នកអាន