នារសៀលថ្ងៃទី ២៨ ខែតុលា លោក Le Van Thanh ឧបនាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបក្រុមអធិការកិច្ចនៃគណៈកម្មការអឺរ៉ុប (EC) ទទួលបន្ទុកការប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់ (IUU) ដោយលោក Roberto Cesari ប្រធានផ្នែក IUU (អគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជលផល) ជាប្រធានគណៈប្រតិភូ។
![]() |
![]() |
![]() |
លោក Le Van Thanh ឧបនាយករដ្ឋមន្ត្រីវៀតណាមថ្លែងក្នុងកិច្ចប្រជុំ |
លោក Le Van Thanh ឧបនាយករដ្ឋមន្ត្រីវៀតណាម បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះអនុសាសន៍របស់អគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជលផល ដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការដោះស្រាយនេសាទ IUU។ អនុសាសន៍ទាំងនេះភាគច្រើនគឺស្របតាមការគ្រប់គ្រងនេសាទប្រកបដោយទំនួលខុសត្រូវ និងឆ្ពោះទៅគោលដៅអភិវឌ្ឍន៍នេសាទប្រកបដោយនិរន្តរភាព។
លោក Le Van Thanh បានអះអាងថា វៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដោះស្រាយបានល្អបំផុតនូវអនុសាសន៍របស់ EC ក្នុងការទប់ស្កាត់ និងបញ្ឈប់ការនេសាទ IUU ឆ្ពោះទៅការអភិវឌ្ឍឧស្សាហកម្មនេសាទប្រកបដោយនិរន្តរភាព មានទំនួលខុសត្រូវ និងមានការគ្រប់គ្រង។ វៀតណាមអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន និងបង្ហាញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់គ្រប់គ្រង រួមជាមួយនឹងសហគមន៍នេសាទ និងសហគ្រាសវៀតណាម ប្តេជ្ញាទប់ស្កាត់ បញ្ឈប់ និងឆ្ពោះទៅរកការលុបបំបាត់ការនេសាទ IUU។
លោក Le Van Thanh បានស្នើឲ្យ EC និងបណ្តាប្រទេសជាសមាជិក EU បន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងផ្តល់ជំនួយបច្ចេកទេសទាន់ពេលវេលា ក្នុងការអនុវត្តអនុសាសន៍របស់ EC ស្តីពី IUU ព្រមទាំងស្នើឲ្យ EC ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU និងលទ្ធផលជាវិជ្ជមានដែលវៀតណាមសម្រេចបាន ហើយឆាប់លើកលែងកាតលឿងព្រមានវៀតណាម។
គណៈប្រតិភូបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រមូលផ្តុំប្រព័ន្ធនយោបាយទាំងមូល ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការនេសាទ IUU នាពេលកន្លងមក។ គណៈប្រតិភូបានចាត់ទុកថា វៀតណាមមានវិធានការយ៉ាងខ្លាំងនៅថ្នាក់មជ្ឈិម ដោយបានផ្សព្វផ្សាយបទប្បញ្ញត្តិច្បាប់ យន្តការ និងគោលនយោបាយជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ប៉ុន្តែការអនុវត្តនៅថ្នាក់មូលដ្ឋាននៅមានកម្រិតខ្សោយនៅឡើយ។ នាពេលខាងមុខ វៀតណាមត្រូវមានយន្តការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពជាមួយបទប្បញ្ញត្តិច្បាប់យ៉ាងតឹងរឹង ធានាការអនុវត្តព្រមៗគ្នាពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន។ លើសពីនេះ ត្រូវមានផែនការគ្រប់គ្រងធនធានជលផលទាំងមូល គ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការនាំចូលសម្ភារៈជលផលសម្រាប់កែច្នៃនាំចេញ; បញ្ចប់ស្ថានភាពអ្នកនេសាទរំលោភដែនទឹកបរទេស៕
មតិពីមិត្តអ្នកអាន