បើប្រៀបធៀបទៅនឹងប្រវត្តិសាស្ដ្រដ៏យូរលង់នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរវៀតណាមនិងកម្ពុជា ៥៥ ឆ្នាំមិនមែនជារយៈពេលដ៏យូរនោះទេ ប៉ុន្តែវាគឺជារយៈពេលដ៏មានអត្ថន័យសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ ដោយឆ្លងកាត់ការលំបាកនិងបញ្ហាប្រឈមជាច្រើន ជាមួយការឡើងចុះនៃប្រវត្តិសាស្ត្រ ប្រជាជននៃប្រទេសទាំងពីរវៀត ណាមនិងកម្ពុជាបានរួមសុខរួមទុក្ខ ជួយគាំទ្រគ្នាទៅវិញទៅមកយ៉ាងស្មោះត្រង់ដើម្បីបុព្វហេតុរំដោះជាតិដើម្បីសិទ្ធិរស់នៅដោយសេរីភាព និងសុភមង្គល និងការកសាងប្រទេសឲ្យមានវិបុលភាព។ ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ / ២៤ មិថុនា ២០២២) កាសែតកងទ័ពប្រជាជន សូមចុះផ្សាយអត្ថបទមួយចំនួនដែលក្រឡេកមើលនូវសម័យប្រវត្តិសាស្ត្រពិសេសនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
![]() |
![]() |
![]() |
លោកនាយករដ្ឋមន្ត្រី Pham Van Dong ជួបពិភាក្សាជាមួយប្រមុខរដ្ឋ នរោត្តម សីហនុ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ១៩៧២ |
មូលដ្ឋានគ្រឹះនៃទំនាក់ទំនងល្អប្រសើរ
កាលពី៥៥ឆ្នាំមុន វៀតណាមនិងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ១៩៦៧។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានគូសសញ្ញាក្នុងទំព័រប្រវត្ដិសាស្ដ្រថ្មីនៃទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរជាបងប្អូន។ ក្នុងបរិបទនៅពេលនោះទើបយើងមើលឃើញពីអត្ថន័យពិសេសនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងវៀតណាម-កម្ពុជា។
វៀតណាមនិងកម្ពុជាជាប្រទេសជិតខាងពីរដែលមានទំនាក់ទំនងជាប្រពៃណី សាមគ្គីភាពនិងផ្សាភ្ជាប់តាំងពីរយូរលង់មក។ ទំនាក់ទំនងនេះត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងប្រជាជននៃប្រទេសទាំងពីរជាសាច់ស្រស់ឈាមស្រស់ ហើយបានក្លាយទៅជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានរបស់ ប្រជាជាតិទាំងពីរ។ «ប្រទេសទាំងពីរជាអ្នកជិតខាងល្អ រួមរស់នៅក្នុងសន្ដិភាព ជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ។ ការយោគយល់គ្នាទៅវិញទៅមកដោយឈរលើមូលដ្ឋានសមភាព និងមានផលប្រយោជន៍រួមគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងអ្នកជិតខាងល្អរវាងវៀតណាមនិងកម្ពុជា”។ នេះគឺជាការសង្កត់ធ្ងន់របស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយកាសែតកងទ័ពប្រជាជន។
ត្រលប់មកទសវត្សរ៍ទី ៦០ ក្នុងសតវត្សរ៍មុនសម័យអាមេរិកបង្កសង្គ្រាមនៅវៀតណាមខាងត្បូង និងបានរីករាលដាលបន្តិចម្តងៗទៅក្នុងឥណ្ឌូចិនទាំងមូល ប្រជាជនវៀតណាម ឡាវ និងកម្ពុជាជាថ្មីម្តងទៀតបានពង្រីកប្រពៃណីសាមគ្គីក្នុងការតស៊ូប្រឆាំងនឹងអាណានិគមនិយមដើម្បីបន្តប្រកៀកស្មាគ្នាក្នុងសង្រ្គាមប្រឆាំងនឹងចក្រភពនិយម។ សន្និសីទប្រជាជននៃបណ្ដាប្រជាជាតិនៅឥណ្ឌូចិនដែលធ្វើឡើងនៅទីក្រុងភ្នំពេញនៅដើមឆ្នាំ ១៩៦៥ គឺជាសក្ខីភាពយ៉ាងរស់រវើកនៃប្រពៃណីនោះ ហើយត្រូវបានលោកប្រធានហូជីមិញវាយតម្លៃថាជា "ជ័យជំនះយ៉ាងធំធេងរបស់ប្រជាជននៃប្រទេសទាំងបីវៀតណាម កម្ពុជា និងឡាវក្នុងបុព្វហេតុសាមគ្គីប្រយុទ្ធប្រឆាំងនឹងសត្រូវរួមគឺចក្រពត្តិអាមេរិក។ ក្រោយពីសន្និសីទនេះ ទំនាក់ទំនងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនិងរណសិរ្សជាតិរំដោះវៀតណាមខាងត្បូង ជាមួយព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយសម្តេចប្រមុខរដ្ឋនរោត្តម សីហនុ ត្រូវបានបង្កើនកាន់តែខ្លាំងឡើង។
ជាការបង្ហាញដ៏ត្រចះត្រចង់នូវចំណងសាមគ្គីភាពក្នុងការតស៊ូប្រយុទ្ធ
លុះដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ ១៩៦៧ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមលោក Pham Van Dong, ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សជាតិរំដោះវៀតណាមខាងត្បូង លោក Nguyen Huu Tho និងប្រមុខរដ្ឋ នរោត្តម សីហនុ បានផ្លាស់ប្តូរលិខិតស្ដីពីការបង្កើតទំនាក់ទំនងការទូត។ ក្នុងសារលិខិតផ្ញើជូនប្រមុខរដ្ឋ នរោត្តម សីហនុ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៦៧ លោកប្រធានហូជីមិញបានលើកច្បាស់ថា ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ “ ជាការបង្ហាញដ៏ត្រចះត្រចង់នូវចំណងមិត្ដភាពនិងសាមគ្គីភាពក្នុងការតស៊ូប្រយុទ្ធ” និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា ហើយជាកត្តាវិជ្ជមានក្នុងការរក្សាសន្តិភាពនៅឥណ្ឌូចិន និងអាស៊ីអាគ្នេយ៍”។ “ការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាមគឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យយ៉ាងសំខាន់។ ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៧ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលគូសសញ្ញានូវទំព័រប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងកម្ពុជា-វៀតណាម។ រហូតមកទល់ពេលនេះ ទោះបីឆ្លងកាត់ការលំបាកនិងការចុះឡើងជាច្រើនក្នុងប្រវត្ដិសាស្ដ្រក៏ដោយក៏ប្រទេសយើងទាំងពីរកាន់តែមានទំនាក់ទំនងជិតស្និទ្ធ សហការគ្នាលើគ្រប់វិស័យ ចែករំលែកនិងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាកវេទនា” លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម បាននិយាយបែបនេះជាមួយអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជន។
នៅពេលដែលវៀតណាមខាងត្បូងស្ថិតនៅក្នុងសម័យទទួលរងការទម្លាក់ “គ្រាប់បែក” ការបង្កើតទំនាក់ទំនងការទូតជាផ្លូវការបានបង្ហាញពីការគាំទ្រដ៏មានតម្លៃរបស់ប្រជាជនកម្ពុជាចំពោះប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូរំដោះជាតិ បង្រួបបង្រួមជាតិក្រោមការដឹកនាំរបស់លោកប្រធានហូជីមិញ។ មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang បានឲ្យដឹងថា ព្រឹត្តិការណ៍នេះក៏បញ្ជាក់ពីការគាំទ្រដ៏ស្មោះស្ម័គ្ររបស់ប្រជាជនវៀតណាមចំពោះបុព្វហេតុតស៊ូការពារឯករាជ្យ និងអព្យាក្រឹតភាពនៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយប្រមុខរដ្ឋ នរោត្តម សីហនុ។ “ផ្ដើមចេញពីនេះជោគវាសនារបស់ប្រជាជាតិទាំងពីរកាន់តែស្អិតរមួតនិងជិតស្និទ្ធ ក្នុងសេចក្ដីប្រាថ្នាដណ្ដើមយកឯករាជ្យ សេរីភាពនិងគាំទ្រគ្នាទៅវិញទៅមក បង្កើតទំនុកចិត្តបន្ថែមទៀតដើម្បីលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរបន្តសហការគ្នាក្នុងការតស៊ូប្រយុទ្ធ វាយឲ្យបរាជ័យយុទ្ធនាការយោធាជាច្រើនរបស់អាមេរិក និងកងទ័ពអាយ៉ង Saigon និងកងទ័ពលន់ នល់”។
ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរអង្វែង និងការតស៊ូប្រឆាំងអាណានិគមនិយម ការបង្កើតទំនាក់ទំនងការទូតបានបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជាបន្តប្រកៀកស្មាគ្នាក្នុងការតស៊ូរំដោះជាតិ។ ដោយមានឆន្ទៈដ៏មុតមាំ និងសាមគ្គីភាពជិតស្និទ្ធ កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរបានទទួលជ័យជម្នះជាប្រវត្តិសាស្ត្រនៅនិទាឃរដូវឆ្នាំ ១៩៧៥”។ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បាននិយាយបែបនេះក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជន “៕
មតិពីមិត្តអ្នកអាន