ក្នុងឱកាសរំលឹកខួប ៤៥ ឆ្នាំនៃ “ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន (២០ មិថុនា ១៩៧៧/២០ មិថុនា ២០២២) កាសែតកងទ័ពប្រជាជនវៀតណាមអេឡិចត្រូនិកជាភាសាខ្មែរ មានកិត្តិយសសូមជូនដល់មិត្តអ្នកអានទាំងអស់នូវអត្ថបទមួយដោយមានពីរភាគដែលមានចំណងជើងថា “សម្តេចតេជោ ហ៊ុន សែន៖ ៤៥ឆ្នាំនៃដំណើរផ្លាស់ប្តូរជោគវាសនាប្រទេសជាតិ" ដើម្បីជួយឲ្យមិត្តអ្នកអានយល់កាន់តែស៊ីជម្រៅថែមទៀតអំពីដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។
![]() |
![]() |
ដំណើរនៃការរំដោះប្រទេសកម្ពុជា ឱ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍ ពិតជាដំណើរដ៏វែងឆ្ងាយ និងពោរពេញទៅដោយការលំបាក ឧបសគ្គ និងបញ្ហាប្រឈមដែលរាប់មិនអស់ឡើយ។ ប៉ុន្តែជាភ័ព្វសំណាងល្អណាស់ ក្នុងគ្រាដ៏លំបាកបំផុតរបស់ប្រទេសកម្ពុជា តែងតែមានលេចឡើងនូវវីរជនឆ្នើមៗ ដែលក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺជាបុគ្គលឆ្នើមបំផុត ដែលកាលពី ៤៥ ឆ្នាំមុន នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ បានសម្រេចចិត្ត ផ្លាស់ប្តូរជោគវាសនារបស់ខ្លួនផ្ទាល់ និងជោគវាសនារបស់ប្រទេសជាតិ ដោយសម្តេចបាននាំមិត្តរួមកងឆ្លងកាត់ព្រៃជ្រៅ រួចផុតពីការដេញប្រមាញ់សម្លាប់របស់សត្រូវ ដើម្បីស្វែងរកជំនួយពីវៀតណាម។ ផ្តើមចេញពីនោះ ប្រទេសកម្ពុជាត្រូវបានរំដោះផុតពីមាត់ជ្រោះនៃគ្រោះប្រល័យពូជសាសន៍ បានរស់រានឡើងវិញ និងរីកចម្រើនដូចសព្វថ្ងៃនេះ។
អង្គការខ្មែរក្រហម-ពួកប្រល័យពូជសាសន៍ដ៏ឃោឃៅព្រៃផ្សៃ
ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ពិតជាថ្ងៃចាប់ផ្តើមនៃសម័យកាលដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ពីព្រោះភ្លាមៗបន្ទាប់ពីការរំដោះទីក្រុងភ្នំពេញ ផ្តួលរំលំរបបសាធារណរដ្ឋរបស់ លន់ នល់ ខ្មែរក្រហម ក្រោមការដឹកនាំរបស់ បក្ខពួក ប៉ុល ពត និងអៀង សារី បានកសាងសង្គមមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយបំបែកប្រទេសចេញពីពិភពខាងក្រៅ។ រដ្ឋាភិបាលខ្មែរក្រហមនៅកម្ពុជា បានអនុវត្តនូវគោលនយោបាយមួយយ៉ាងកម្រោលទាំងនៅក្នុងស្រុក និងជាមួយប្រទេសជិតខាង ដែលបណ្តាលឱ្យមានគ្រោះប្រល័យពូជសាសន៍លើប្រជាជនកម្ពុជាស្លូតត្រង់ និងធ្វើឱ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងកម្ពុជា។
![]() |
ប្រជាជនកម្ពុជាត្រូវតែបង្ខំឱ្យធ្វើការដូចទាសករដល់ស្លាម់ដោយអស់កម្លាំង |
ទាក់ទងនឹងកិច្ចការផ្ទៃក្នុង ពួកខ្មែរក្រហម បានបង្កើតនូវរបបផ្តាច់ការ យោធានិយមហ្វាស៊ីស ហើយបានគាបសង្កត់ កាប់សម្លាប់ប្រជាជនស្លូតត្រង់យ៉ាងឃោរឃៅ ព្រៃផ្សៃ បំបាត់សេរីភាព ប្រជាធិបតេយ្យទាំងអស់របស់ប្រជាជន ហើយបានប្រែក្លាយប្រជាជនខ្មែរទៅជាទាសករដែលចុះចូលនឹងគ្រប់បញ្ជារបស់ “អង្គការ”។ ក្រោមកល្បិច "លុបបំបាត់វណ្ណៈ" ខ្មែរក្រហមបានលុបចោលទីក្រុង ថ្កោលទោសមនុស្សដែលត្រូវបានគេសង្ស័យដើម្បីមានលេសធ្វើទុក្ខបុកម្នេញ និងកាប់សម្លាប់មនុស្សដោយសេរី។ ខ្មែរក្រហមបានលុបចោលផលិតកម្មឧស្សាហកម្ម គ្រាន់តែធ្វើកសិកម្មប៉ុណ្ណោះ កសិករត្រូវបានបង្ខំឱ្យចូលទៅក្នុង "សហករណ៍" ដែលការពិតជាជំរុំប្រមូលផ្តុំក្លែងបន្លំខ្លួនទេ។ ពួកវាបានអនុវត្តនយោបាយធ្វើឱ្យប្រជាជនល្ងង់ខ្លៅ លុបបំបាត់សាលារៀន សម្លាប់បញ្ញវន្ត លុបបំបាត់ប្រព័ន្ធអប់រំគ្រប់លំដាប់ថ្នាក់ បំផ្លាញមរតកវប្បធម៌ ទំនៀមទម្លាប់ល្អៗរបស់ជនជាតិខ្មែរ លុបបំបាត់យ៉ាងកម្រោលនូវសេរីភាព ជំនឿសាសនា បំផ្លាញវត្តអារាម សម្លាប់ព្រះសង្ឃ បំផ្លាញគ្រួសារ បង្ខំឱ្យរៀបការ បំផ្លាញភូមិឃុំ ធ្វើទុក្ខមនុស្សចាស់ ស្ត្រី និងកុមារ។ ពួកខ្មែរក្រហមបានបង្កើតរបបសង្គម ដោយគ្មានលុយកាក់ គ្មានសាលារៀន គ្មានវត្តអារាម គ្មានមន្ទីរពេទ្យ... ប្រទេសកម្ពុជាទាំងមូលត្រូវរំលិចលង់ក្នុងសមុទ្រឈាមដោយការបោសសម្អាតផ្ទៃក្នុង ដែលបានសម្លាប់មនុស្សស្លូតត្រង់រាប់លាននាក់។ យើងអាចនិយាយបានថា នេះគឺជារបបប្រល័យពូជសាសន៍ដ៏ឃោរឃៅបំផុតក្នុងសតវត្សរ៍ទី ២០ នៃប្រវត្តិសាស្ត្រមនុស្សជាតិដែលបានកត់ត្រាទុក។
ទាក់ទងនឹងកិច្ចការបរទេស ដោយមានការញុះញង់ និងផ្តល់ជំនួយពីខាងក្រៅ បក្ខពួកប្រតិកិរិយា ប៉ុល ពត ព្យាយាមបំភ្លៃការពិតអំពីទំនាក់ទំនងវៀតណាម និងកម្ពុជា ញុះញង់ឱ្យមានការស្អប់ខ្ពើមពូជសាសន៍ ប្រឆាំងវៀតណាម និងបដិសេធយ៉ាងគំរោះគំរើលនូវប្រវត្តិសាស្រ្តនៃសម្ព័ន្ធភាពប្រយុទ្ធនៃប្រទេសឥណ្ឌូចិនទាំងបី ដោយចោទប្រកាន់វៀតណាមមានឧបាយកលរៀបចំផែនការបង្កើតសហព័ន្ធឥណ្ឌូចិន និងប៉ុនប៉ងលេបបំបាត់ប្រទេសកម្ពុជាថែមទៀត។ ប៉ុល ពត និង អៀង សារី ក៏បានទាមទារជាចំហ ឱ្យរៀបចំផែនការព្រំដែនវៀតណាម-កម្ពុជាឡើងវិញ ដោយធ្វើការអះអាងខុស និងមិនសមហេតុផលអំពីព្រំដែន និងទឹកដីចំពោះវៀតណាមដែលមិនអាចទទួលយកបានជាដាច់ខាតទេ...
ស្វែងរកមាគ៌ាសង្គ្រោះប្រទេស - ជម្រើសត្រឹមត្រូវ
ដោយសារតែទ្រាំមិនបានចំពោះអំពើព្រៃផ្សៃនៃពួកប្រតិកិរិយាខ្មែរក្រហម និងមិនអាចនៅស្ងៀមមើលប្រទេសជាតិនៅជិតមាត់ជ្រោះផុតពូជសាសន៍ទេ លោក ហ៊ុន សែន ដែលគ្រានោះ ជាមេបញ្ជាការកងវរសេនាធំលេខ ២១ យោធភូមិភាគបូព៌ាកម្ពុជាបានប្ដេជ្ញាចិត្តចាកចេញស្វែងរកមាគ៌ាង្គ្រោះជាតិឱ្យរួចផុត ពីការគ្រប់គ្រងដ៏ឃោរឃៅនៃរបបខ្មែរក្រហម។ នៅគ្រាដ៏គ្រោះថ្នាក់ និងបន្ទាន់នោះវាមិនមានជម្រើសច្រើនសម្រាប់លោកទេ ពីព្រោះគាត់បានកំណត់ថា ផ្លូវដែលគាត់ដើរគឺមិនមែនដើម្បីស្វែងរកផ្លូវរស់ឱ្យខ្លួនឯងទេ ប៉ុន្តែក៏ដើម្បីសង្ឃឹមថានឹងជួយសង្គ្រោះជីវិតរបស់ជាតិទាំងមូលដែលកំពុងស្ថិតក្នុងស្ថានភាពរងការប្រល័យពូជសាសន៍ផងដែរ។
![]() |
"ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ" ដែលជាខ្សែភាពយន្តនេះត្រូវបានផ្សាយយ៉ាងទូលំទូលាយទាំងនៅកម្ពុជា និងវៀតណាមផងដែរ |
ក្តីបារម្ភ និងអារម្មណ៍ឆេះឆួលនៅពេលគាត់ត្រូវសម្រេចចិត្តជ្រើសរើសផ្លូវឱ្យខ្លួននៅពេលនោះក៏ត្រូវបាន សម្តេចតេជោ ហ៊ុន សែន បង្ហាញយ៉ាងរំភើបចិត្តនៅក្នុងខ្សែភាពយន្តឯកសារប្រវត្តិសាស្រ្តដ៏មានតម្លៃដែលមានចំណងជើងថា "ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ" ដែលខ្សែភាពយន្តនេះត្រូវបានផ្សាយយ៉ាងទូលំទូលាយទាំងនៅកម្ពុជា និងវៀតណាម ហើយដែរ។ សាច់រឿងនៃខ្សែភាពយន្តនេះបង្ហាញយ៉ាងច្បាស់ និងជាក់ស្តែងបំផុតអំពីដំណើរជួយសង្គ្រោះជាតិរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលដែលសម្តេច និងមិត្តរួមកងបានឆ្លងព្រំដែនចូលកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយសង្គ្រោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
បើតាមសម្តេចតេជោ ជម្រើសទី១ គឺការក្រោកឈរឡើងតស៊ូប្រដាប់អាវុធប្រឆាំង ប៉ុល ពត ដោយប្រើកម្លាំងក្រោមការបញ្ជាផ្ទាល់របស់លោក ដែលមានកងទ័ពប្រមាណ ២,០០០ នាក់ វាយលុក កាន់កាប់ស្រុកមេមត់ ខេត្តកំពង់ចាម និងស្រុកស្នួល ខេត្តក្រចេះ ដើម្បីធ្វើជាមូលដ្ឋានតស៊ូប្រដាប់អាវុធ។ ប៉ុន្តែលោក ហ៊ុន សែន ក៏បានប៉ាន់ស្មានថា ជម្រើសបែបនេះ មិនអាចស្រោចស្រង់បានទេ ដោយសារកំលាំងស្តើងការបះបោរបែបនេះយ៉ាងយូរ មានរយៈពេលមិនដល់មួយខែនឹងត្រូវបញ្ចប់ក្នុងថ្លុកឈាមដោយសារការបង្រ្កាបរបស់ពួក ប៉ុល ពត។
រីឯជម្រើសទី២ គឺរកផ្លូវឆ្លងដែនទៅវៀតណាម ហើយស្នើសុំឲ្យវៀតណាមជួយរំដោះប្រទេស។ សំណួរចោទសួរជាច្រើនថា ហេតុអ្វីបានជាលោកជឿលើវៀតណាម ដោយជ្រើសរើសទៅប្រទេសវៀតណាម មិនមែនប្រទេសផ្សេង? ពីព្រោះថាវៀតណាមជាប្រទេសជិតខាង ដែលធ្លាប់រួមសុខរួមទុក្ខ និងឈរប្រកៀកស្មាគ្នាជាមួយកម្ពុជាក្នុងការតស៊ូប្រឆាំងនឹងសត្រូវរួម និងទាមទារឯករាជ្យ។
ចែករំលែកអំពីជម្រើសនេះ លោកថា ជម្រើសនេះក៏ពិបាក និងប្រថុយប្រថានណាស់ដែរ មិនដឹងថាអាចរស់បានពេលឆ្លងព្រំដែនកម្ពុជា-វៀតណាម ឬអត់? តើលោកត្រូវជួបស្ថានការណ៍មិនទាន់ហាមាត់និយាយបានត្រូវកម្លាំងការពារព្រំដែនវៀតណាមបាញ់ដែរឬទេ? តើលោកនឹងត្រូវចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់ឬ? តើវៀតណាមនឹងជឿលោក ហើយយល់ព្រមជួយលោកទេ? ហើយសំណួរចុងក្រោយរបស់លោកគឺតើវៀតណាមអាចចាប់បញ្ជូនលោកឱ្យ ប៉ុល ពត វិញឬទេ? សំណួរជាច្រើនត្រូវបានចោទសួរដោយខ្លួនលោក ប៉ុន្តែចុងក្រោយលោកបានសម្រេចចិត្តជ្រើសរើសផ្លូវនេះព្រោះគ្មានជម្រើសណាល្អជាង ហើយលោកមាន ការជឿជាក់យ៉ាងមុតមាំថា វៀតណាមនឹងមិនធ្វើព្រងើយគ្រាពេលកម្ពុជាជួបគ្រោះថ្នាក់ទេ។
“វៀតណាមនឹងមិនឱបដៃមើលចំពោះប្រទេសកម្ពុជាដែលកំពុងរងគ្រោះទេ។ ទោះបី ដឹងថាចាកចេញទៅក៏អាចស្លាប់ក្តី ប៉ុន្តែទោះបីជាមានសង្ឃឹមត្រឹមតែ ០.១% ក៏ខ្ញុំនៅតែសម្រេចចិត្តចាកចេញដែរ”។ “ប៉ុន្តែកុំភ្លេចថា នៅមានជម្រើសផ្សេងៗទៀត។ នោះគឺសុទ្ធតែស្លាប់ទាំងអស់ គឺមិនធ្វើអីទេ ចាំតែប៉ុល ពត មកចាប់យកទៅសម្លាប់តែម្តង។ ហើយ ជម្រើសចុងក្រោយគឺការធ្វើអត្តឃាតខ្លួនឯង ប៉ុន្តែជម្រើសនេះខ្ញុំទុកប្រើនៅប្រទេសវៀតណាមទេ។ ខ្ញុំមានម្ជុលចំនួន១២ ដើមដែលខ្ញុំតែងតែយកតាមខ្លួន ដើម្បីត្រៀមចាក់បំពង់ក ក្នុងករណីវៀតណាម ចាប់បញ្ជូនត្រឡប់មកវិញឱ្យ ប៉ុល ពត” សម្តេច ហ៊ុន សែន និយាយក្នុងភាពយន្ត៕
មតិពីមិត្តអ្នកអាន