នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៧ វៀតណាមបានចូលរួមជាផ្លូវការជាមួយអង្គការសហប្រជាជាតិ ជាអង្គការមួយដែលមានតួនាទីស្នូលក្នុងការបង្កើតច្បាប់អន្តរជាតិ ការរក្សាសន្តិភាព ការការពារជម្លោះ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល។
![]() |
ក្នុងរយៈពេល ៤៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ វៀតណាមពីប្រទេសដែលត្រូវការជំនួយសម្រាប់ការកសាងប្រទេសឡើងវិញ ឥឡូវនេះបានក្លាយជាដៃគូសកម្ម ដោយបានរួមចំណែកយ៉ាងច្រើនក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ។ |
ក្នុងរយៈពេល ៤៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ វៀតណាមពីប្រទេសដែលត្រូវការជំនួយសម្រាប់ការកសាងប្រទេសឡើងវិញ ឥឡូវនេះបានក្លាយជាដៃគូសកម្ម ដោយបានរួមចំណែកយ៉ាងច្រើនក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ។
វៀតណាមតែងតែវាយតម្លៃខ្ពស់ និងគោរពចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ចាប់ពីដំណាក់កាលកសាងប្រទេសឡើងវិញក្រោយសង្គ្រាម រហូតដល់សម័យបំបែកការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មទៅក្នុងសហគមន៍អន្តរជាតិកាន់តែស៊ីជម្រៅ។ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាម និងអង្គការសហប្រជាជាតិ មិនត្រឹមតែបំពេញតាមតម្រូវការ និងផលប្រយោជន៍របស់វៀតណាមក្នុងសម័យកាលនីមួយៗប៉ុណ្ណោះទេ ថែមទាំងបានរួមវិភាគទានលើកកំពស់តួនាទី សំឡេង និងការរួមវិភាគទានរបស់វៀតណាមនៅវេទិកាពហុភាគីទៀតផង។
វៀតណាមត្រូវបានអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិវាយតម្លៃថាជាគំរូជោគជ័យក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ហើយជាប្រទេសដែលមានការប្តេជ្ញាចិត្ត និងម៉ឺងម៉ាត់ក្នុងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ នៅក្នុងសន្និសីទលើកទី ២៦ នៃភាគីអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានប្រកាសអំពីគោលដៅរបស់វៀតណាមក្នុងការសម្រេចបាននូវការបំភាយកាបូនឌីអុកស៊ីតសុទ្ធត្រឹមសូន្យនៅឆ្នាំ២០៥០។ វៀតណាមចូលរួមក្នុងគំនិតផ្តួចផ្តើមស្តីពីការសន្យាជាសាកលលើការកាត់បន្ថយការបំភាយឧស្ម័នមេតាន; សេចក្តីប្រកាសទីក្រុងGlasgow របស់មេដឹកនាំស្តីពីព្រៃឈើ និងការប្រើប្រាស់ដី; សេចក្តីប្រកាសការផ្លាស់ប្តូរថាមពលធ្យូងថ្មទៅថាមពលស្អាត និងសម្ព័ន្ធធ្វើសកម្មភាពបន្សាំជាសកល។
ចំណុចលេចធ្លោរបស់វៀតណាមត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងមុខតំណែង និងទីភ្នាក់ងារសំខាន់ៗជាច្រើនរបស់អង្គការសហប្រជាជាតិក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ បន្ទាប់ពីជោគជ័យក្នុងអាណត្តិ ២០០៨-២០០៩ វៀតណាមបានបន្តជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ជាមួយនឹងចំនួនសំឡេងគាំទ្រយ៉ាងច្រើន និងបានបញ្ចប់អាណត្តិដោយជោគជ័យ ដែលនេះជាការបង្ហាញពីការទទួលខុសត្រូវខ្ពស់ ការរួមចំណែកដោយផ្ទាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ និងក្នុងតំបន់។ វៀតណាមកំពុងកាន់មុខតំណែងសំខាន់ៗជាច្រើននៅទីភ្នាក់ងារអង្គការសហប្រជាជាតិ ដូចជាសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU) ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) អង្គការសហប្រជាជាតិសំរាប់ការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌ (UNESCO) គណៈកម្មការច្បាប់អន្តរជាតិ (international law commission: ILC)....
ការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃថាជាឧត្តមភាពមួយរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីរួមចំណែកដោះស្រាយបញ្ហាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។ វៀតណាមបានបញ្ជូនមន្ត្រីយោធិនចំនួន ៤៩៣ នាក់ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងនាយកដ្ឋានរក្សាសន្តិភាពនៅទីស្នាក់ការអង្គការសហប្រជាជាតិ ព្រមទាំងដាក់ពង្រាយកងពេទ្យកម្រិត ២ ចំនួន ៤ លើកនៅស្ថានបេសកកម្មនៅស៊ូដង់ខាងត្បូង និងក្រុមវិស្វករមួយនៅស្ថានបេសកកម្មនៅ Abyei ដែលជាតំបន់ជម្លោះរវាងស៊ូដង់ខាងត្បូង និងស៊ូដង់ ហើយគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាស្ត្រីចូលរួមខ្ពស់បំផុតក្នុងចំណោមប្រទេសបានបញ្ជូនទ័ពទៅ។
កិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងការរីករាលដាលនៃមេរោគ Covid-19 គឺជាចំណុចភ្លឺមួយក្នុងទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិ។ ប្រទេសវៀតណាមបានទទួលវ៉ាក់សាំងជិត ៥០ លានដូសតាមរយៈកម្មវិធី COVAX និងសំភារៈបរិក្ខារពេទ្យដែលមានតម្លៃ ៤៥ លានដុល្លារអាមេរិកពីអង្គការអង្គការសហប្រជាជាតិ។ ដោយមានភាពសកម្ម និងសម្របសម្រួលយ៉ាងល្អជាមួយអង្គការសហប្រជាជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត វៀតណាមបានស្នើសេចក្តីសម្រេចចិត្តមួយស្តីពីការជ្រើសរើសថ្ងៃទី ២៧ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាទិវាអន្តរជាតិសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ហើយត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ។ វៀតណាមបរិច្ចាគ ៥០,០០០ ដុល្លារអាមេរិកដល់មូលនិធិឆ្លើយតប Covid-19 របស់អង្គការសហប្រជាជាតិ និង ១ លានដុល្លារដល់ COVAX វៀតណាមក៏ក្លាយជាកន្លែងទទួល និងព្យាបាលអ្នកជំងឺក្រោមយន្តការនៃក្រុមការងារជម្លៀសវេជ្ជសាស្រ្តទូទាំងប្រព័ន្ធអង្គការសហប្រជាជាតិ (MEDEVAC)ផងដែរ។
ដំណើរសហប្រតិបត្តិការក្នុងអំឡុងពេល ៤៥ ឆ្នាំដោយទទួលបានលទ្ធផលវិជ្ជមាន និងជាក់ស្តែងរវាងវៀតណាម និងអង្គការសហប្រជាជាតិ នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរក្នុងការជំនះពុះពារលើចំណុចខ្វះខាត ហើយទន្ទឹមនឹងនោះពង្រីក និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ គាំទ្រយ៉ាងសកម្មចំពោះការអភិវឌ្ឍន៍ជាតិ និងសមាហរណកម្មអន្តរជាតិរបស់វៀតណាម ព្រមទាំងរួមចំណែកលើកកំពស់តួនាទីរបស់អង្គការសហប្រតិបត្តិការពហុភាគីដ៏ធំបំផុតនៅលើភពផែនដីក្នុងសម័យថ្មី៕
មតិពីមិត្តអ្នកអាន