ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែកក្កដា អ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនបានធ្វើសម្ភាសន៍ជាមួយលោកវរសេនីយ៍ឯក Thomas M. Stevenson អនុព័ន្ធយោធាអាមេរិកស្តីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាឱកាសពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត។
សហរដ្ឋអាមេរិកគាំទ្រវៀតណាមមួយប្រកបដោយភាពរឹងមាំ ឯករាជ្យនិងវិបុលភាព |
រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកធ្វើទស្សនកិច្ចផ្លូវការនៅវៀតណាម |
លោកវរសេនីយ៍ឯក Thomas M. Stevenson |
អ្នកយកព័ត៌មាន៖ តើលោកអាចនិយាយអំពីលទ្ធផលលេចធ្លោក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងសហរដ្ឋអាមេរិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ?
លោកវរសេនីយ៍ឯក Thomas M.Stevenson៖ មានចំណុចលេចធ្លោជាច្រើនដែលធ្វើឱ្យយើងមានមោទនភាពចំពោះកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាដំបូង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការស្វែងរកយោធិនអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាម (MIA) ដែលបានចាប់ផ្តើមកាលពីជាង ៣០ ឆ្នាំមកហើយ។ ហើយថ្មីៗនេះ ទោះបីរោគរាតត្បាត Covid-19 បានធ្វើឱ្យភាគីអាមេរិកមិនអាចបញ្ជូនអ្នកជំនាញទៅប្រទេសវៀតណាមក៏ដោយ ក៏ដៃគូទាំងឡាយរបស់វៀតណាមនៅតែធ្វើការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អធ្ឋិធាតុយោធិនអាមេរិកដដែល។ យើងពិតជាកោតសរសើរចំពោះការជួយគាំទ្ររបស់វៀតណាមក្នុងសកម្មភាពនេះ។
ជាការពិតណាស់ថា យើងបានធ្វើលើសពីនេះទៅទៀត ជាឧទាហរណ៍ប្រទេសទាំងពីរបានសម្របសម្រួលដាក់ពង្រាយសកម្មភាពបោសសំអាតមីននៅខេត្ត Quang Binh និងខេត្ត Quang Tri ។ បច្ចុប្បន្ននេះយើងកំពុងផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ពីព្រោះនេះជាបញ្ហាបន្ទាន់បំផុត។ ត្រឹមតែខែកក្កដានេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ទៅឱ្យប្រទេសវៀតណាមនូវវ៉ាក់សាំង Covid-19 ចំនួន ៥ លានដូសតាមរយៈយន្ដការ COVAX ។
អ្នកយកព័ត៌មាន៖ កិច្ចសហប្រតិបត្តិការក្នុងការជំនះនូវផលវិបាកនៃសង្គ្រាមអាចត្រូវបានចាត់ទុកថាជាគំរូមួយសម្រាប់ទំនាក់ទំនងវៀតណាម -សហរដ្ឋអាមេរិកនិយាយរួម និងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនិយាយដោយឡែក។ តាមយោបល់របស់លោក តើកិច្ចសហប្រតិបត្តិការនេះបាននាំមកនូវផលប្រយោជន៍អ្វីខ្លះដល់ភាគីទាំងពីរ?
លោកវរសេនីយ៍ឯក Thomas M. Stevenson៖ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាមេរិកបានវិនិយោគយ៉ាងច្រើនក្នុងការជំនះនូវផលវិបាកនៃសង្គ្រាមនៅវៀតណាម ហើយនេះបង្ហាញថារដ្ឋាភិបាលសហរដអាមេរិកត្រៀមខ្លួនដោះស្រាយផលវិបាកដែលបង្កឡើងដោយសង្រ្គាមប្រកបដោយទំនួលខុសត្រូវ។ ក្រៅពីសកម្មភាព MIA អាចនិយាយពីការខិតខំប្រឹងប្រែងដែលប្រទេសទាំងពីរបានធ្វើក្នុងការដោះស្រាយជាតិគីមីពុលឌីអុកស៊ីតដូចជាគំរោងនៅទីក្រុង Da Nang ជាដើម។ បច្ចុប្បន្ន ភាគីទាំងពីរកំពុងអនុវត្តគម្រោងមួយទៀតនៅអាកាសយានដ្ឋាន Bien Hoa ដែលមានទ្រង់ទ្រាយដ៏ធំ។ ក្នុងសកម្មភាពបោសសំអាតមីន បន្ទាប់ពីកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងនៅខេត្ត Quang Tri និងខេត្ត Quang Binh ការបោសសំអាតមីនក៏កំពុងបន្តពង្រីកនៅខេត្ត Thua Thien Hue ផងដែរ។ តាមរយៈរាល់សកម្មភាពសហប្រតិបត្តិការ ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ ការទុកចិត្តគ្នារវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់បន្ថែមទៀត។ តាមគំនិតរបស់ខ្ញុំ នៅពេលដែលយើងបង្កើតជំនឿទុកចិត្ត និងដោះស្រាយនូវផលវិបាកនៃអតីតកាលប្រកបដោយទំនួលខុសត្រូវនោះ យើងអាចធ្វើការជាមួយគ្នាបានច្រើនណាស់។
ឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុនឧទ្ធម្ភាគចក្រភាគខាងជើង (អង្គភាពទ័ពលេខ ១៨ ក្រសួងការពារប្រទេស) ក្នុងកំឡុងពេលហោះហើរបម្រើប្រតិបត្ដិការ MIA |
អ្នកយកព័ត៌មាន៖ នាពេលខាងមុខនេះ តើភាគីទាំងពីរគួរផ្តោតលើសកម្មភាពអ្វីខ្លះដើម្បីជំរុញឱកាសសហប្រតិបត្តិការនេះ?
លោកវរសេនីយ៍ឯក Thomas M.Stevenson៖ ខ្ញុំគិតថា វៀតណាម និងសហរដ្ឋអាមេរិកនៅតែមានសក្កានុពលជាច្រើនដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការ។ ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 គឺជាអាទិភាពខ្ពស់បំផុតរបស់ប្រទេសទាំងពីរ។ យើងក៏កំពុងសហការជាមួយប្រទេសវៀតណាមដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុក្រោយពីខ្យល់ព្យុះទាំងឡាយកាលពីឆ្នាំមុនបានបណ្តាលឱ្យបាត់បង់ជីវិត និងទ្រព្យសម្បត្តិយ៉ាងសម្បើមនៅបណ្ដាខេត្តភាគកណ្តាលនៃប្រទេសវៀតណាម។ វិស្វករ និងអ្នកជំនាញទាំងឡាយមកពីប្រទេសទាំងពីរអាចធ្វើការ និងសម្របសម្រួលគ្នាដើម្បីសាងសង់ទីជម្រក ជៀសវាងទឹកជំនន់សម្រាប់ប្រជាជនវៀតណាមក្នុងស្ថានភាពអាសន្ន។ ហើយសង្ឃឹមថា ជំងឺរាតត្បាតនឹងត្រូវទប់ស្កាត់ក្នុងពេលឆាប់ៗនេះដើម្បីយើងអាចបន្តសកម្មភាពសហប្រតិបត្តិការដែលបានអនុវត្តពីមុន។
អ្នកយកព័ត៌មាន៖ សូមលោកឲ្យដឹងថា តើដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាពេលខាងមុខនេះរបស់រដ្ឋមន្ត្រី Lloyd Austin មានន័យយ៉ាងដូចម្តេចសម្រាប់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-អាមេរិកនិយាយរួម និងរវាងកងទ័ពទាំងពីរនិយាយដោយឡែក?
លោកវរសេនីយ៍ឯក Thomas M.Stevenson៖ លោករដ្ឋមន្រ្តី Lloyd Austin គឺជាអ្នកតំណាងជាន់ខ្ពស់ដំបូងគេនៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម។ ខ្ញុំសង្ឃឹមថា ប្រជាជនវៀតណាមនឹងមានការយល់ដឹង និងជឿជាក់ថា សហរដ្ឋអាមេរិកគឺជាដៃគូជឿទុកចិត្តមួយ ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាត Covid-19 នាពេលបច្ចុប្បន្ន។ ហើយដូចដែលបានរៀបរាប់ខាងលើ វៀតណាមបានគាំទ្រអាមេរិកយ៉ាងសម្បើមក្នុងសកម្មភាព MIA។ ដូច្នេះក្នុងដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី Lloyd Austin នេះ តាមគម្រោងភាគីទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈមួយដើម្បីធ្វើឲ្យបានជាក់ស្តែងនូវយន្តការជួយគាំទ្ររបស់អាមេរិកសម្រាប់វៀតណាមក្នុងការស្វែងរកយោធិនវៀតណាមដែលបានបាត់ខ្លួននៅក្នុងសម័យសង្គ្រាមដើម្បីឆ្លើយតបនឹងការជួយគាំទ្រដែលវៀតណាមបានផ្តល់ឱ្យសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ៕
អ្នកយកព័ត៌មាន៖ សូមអរគុណលោក!
មតិពីមិត្តអ្នកអាន