នៅថ្ងៃទី ២៩ ខែមិថុនា ថ្លែងក្នុងសន្និសីទតុមូល ក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវនៃគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការពង្រឹងនិម្មាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា គណបក្សនយោបាយនៅក្នុងប្រទេសនានាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អនិម្មាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។
គណបក្សនយោបាយនៅប្រទេសរុស្ស៊ី និងបណ្តាប្រទេសអាស៊ានអាចធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីបង្កើនផលប្រយោជន៍រួមសំដៅធានាសន្តិភាព និងវិបុលភាព។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងសន្និដ្ឋានពោលខាងលើ នៅពេលដែលឲ្យដឹងថាការឆ្លងរាលដាលដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ បានកើតឡើងក្នុងអំឡុងពេលដ៏លំបាកមួយដែលនិន្នាការពហុភាគីនិយមកំពុងតែស្ថិតនៅក្រោមការគំរាមកំហែងពីសំណាក់ការកើនឡើងនៃនិន្នាការឯកតោភាគីនិយម, ប្រជានិយម និងគាំពារនិយម ។
![]() |
ទិដ្ឋភាពនៃសន្និសីទនៅឯទីក្រុងហាណូយ (រូបថត៖ vnanet.vn) |
ផ្អែកលើការវាយតម្លៃនៃស្ថានភាពបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងគំនិតផ្តួចផ្តើមមួយដើម្បីពង្រឹងនិម្មាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំងការផ្តោតលើភារកិច្ចបន្ទាន់បំផុតគឺការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ-១៩ ការស្តាឡើងវិញក្រោយជំងឺរាតត្បាត ដោយចាត់ទុកថាសន្តិសុខមនុស្សជាតិគឺជាបញ្ហាសំខាន់មួយនៃសន្តិសុខជាតិ ហើយនិងខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ប្រព័ន្ធអន្តរជាតិតាមរយៈអង្គការសហប្រជាជាតិ និងយន្តការក្នុងតំបន់ដោយផ្អែកលើគោលការណ៍នៃការគោរព និងយោគយល់គ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជំរុញកិច្ចសហប្រតិបត្តិការដោយផ្អែកលើការជឿទុកចិត្តគ្នា និងបង្កើនទំនុកចិត្ត។
បណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ចាំបាច់ត្រូវសហការយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយបញ្ហាប្រឈមខាងសន្តិសុខមិនមែនប្រពៃណី ដូចជាសន្តិសុខអ៊ីនធឺណិត និងការជួញដូរមនុស្ស ពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ ដោយគាំទ្រទាំងស្រុងចំពោះ «ម៉ារ៉ាតុងវប្បធម៌» ដែលជាគំនិតផ្តួចផ្តើមរបស់គណបក្សរួបរួមរុស្ស៊ី និងមានភាពស៊ីចង្វាក់ទៅនឹងចក្ខុវិស័យរបស់កម្ពុជាក្នុងការកសាង «ច្រករបៀងវប្បធម៌» ដើម្បីលើកកម្ពស់សន្តិភាព សុខដុមភាព និងវិបុលភាព៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន