Trending now

កម្ពុជា​និង​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២៖ ឱកាស​និង​ការត្រៀម​លក្ខណៈ​ ​ក្នុង​ដំណើរ​ការកសាង​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន

10:32 | 15/05/2021 ហេង វុធ្ធី

យុគសម័យ - ​ជារួម​ទៅ ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន កម្ពុជា​នឹង​អាច​ទទួលបាន​នូវ​ឱកាស​យ៉ាងច្រើន ក្នុងការ​បង្ហាញមុខ​មាត់​និង​កិត្យានុភាព​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ និង​សមត្ថភាព​ក្នុងការ​រួមចំណែក​ដោះស្រាយ​បញ្ហា​តំបន់​និង​អន្តរជាតិ និង​ជា​មោទនភាព​ដ៏​ធំធេង​របស់​កម្ពុជា​ដែល​បានទទួល​តួនាទី​ដ៏​ត្រចះត្រចង់​នេះ​។ ប៉ុន្តែ ភាពជោគជ័យ​ឬ​បរាជ័យ​របស់​កម្ពុជា វា​អាស្រ័យ​លើ​ការត្រៀម​លក្ខណៈ​របស់​ក​ម្ពុ​ជា ទាំង​កិច្ចការ​ខាងក្នុង​និង​កិច្ចការ​ខាងក្រៅ និង​ការចូលរួម​ដោយ​ស្មារតី​គិតគូរ​ផលប្រយោជន៍​ជាតិ​ខ្ពស់​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​ពី​គ្រប់​សមាសភាព​សង្គម​ក​ម្ពុ​ជា រាប់​ចាប់ពី​គណបក្សនយោបាយ ស្ថាប័ន​សិក្សា​ស្រាវជ្រាវ ធនាគារ​ខួរក្បាល​ជាតិ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​និង​ឯកជន អង្គការ​សង្គម​ស៊ីវិល អ្នកសិក្សា​ស្រាវជ្រាវ និង​ពលរដ្ឋ​កម្ពុ​ជាទូទៅ ដែល​ម្នាក់ៗ សុទ្ធ​តែមាន​ចំណែក​ចំពោះ​ភាពជោគជ័យ​ឬ​បរាជ័យ​នៃ​តួនាទី​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នេះ។

​កិច្ចប្រជុំ​គណៈកម្មការ​ធិការ​ជាតិ​ រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ឆ្នាំ​២០២២ ​កិច្ចប្រជុំ​គណៈកម្មការ​ធិការ​ជាតិ​ រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ឆ្នាំ​២០២២
រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ចាប់​ពី​ថ្ងៃទី ៦ ខែ​ឧសភា​តទៅ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ចាប់​ពី​ថ្ងៃទី ៦ ខែ​ឧសភា​តទៅ
កម្ពុជា​និង​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២៖ ឱកាស​និង​ការត្រៀម​លក្ខណៈ​ ​ក្នុង​ដំណើរ​ការកសាង​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន
សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២០ និង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៤៥ របស់​អាស៊ាន នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១២

កម្ពុជា​ជា​ប្រទេស​ចុងក្រោយ​គេ ដែល​បាន​ក្លាយជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៩៩​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​អ្នក​ដែល​នាំ​កម្ពុជា​ចូល​អាស៊ាន បានលើកឡើង​នូវ​​កត្តា​ចម្បង​បួន ដែល​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន​៖ (១).​កត្តា​មិន​ជ្រៀត​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​ទៅវិញទៅមក ដែល​តាមរយៈ​នេះ អាស៊ាន​បាន​ក្លាយជា​របាំង​ដ៏​សំខាន់​សម្រាប់​ការពារ​អធិបតេយ្យ​នៃ​រដ្ឋ​ជា​សមាជិក​, (២).​កត្តា​ស្មារតី​សហគមន៍ គឺ​របៀប​នៃ​ការធ្វើ​សេចក្តីសម្រេចចិត្ត​របស់​អាស៊ាន គឺ​ផ្អែកលើ​គោលការណ៍​កុងសង់ស៊ីស គឺ​សិទ្ធិ​ស្មើគ្នា​ក្នុងការ​ធ្វើ​សេចក្តីសម្រេចចិត្ត ដោយ​មិន​គិតថា សមាជិក​ចាស់ ឬ​សមាជិក​ថ្មី ឬ​ប្រទេស​អ្នកមាន ឬ​ប្រទេស​អ្នកក្រ​, (៣).​កត្តា​សមាហរណកម្ម​តំបន់ ពោល​គឺជា​ស្នូល​នៃ​និម្មាបនកម្ម​តំបន់​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច និង​សង្គម និង​(៤). អាស៊ាន​ជា​ច្រកទ្វារ​ការទូត​ដ៏​សំខាន់​សម្រាប់​កម្ពុជា​។ ចាប់តាំងពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៩​មក អាស៊ាន​តែងតែ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​គោលនយោបាយ​ការបរទេស​របស់​កម្ពុ​ជា​។​

​ ​រយៈពេល ២០​ឆ្នាំ​កន្លងមកនេះ កម្ពុជា​បាន​ចាប់យក​នូវ​ឱកាស​ជាច្រើន​ពី​សមាជិកភាព​របស់ខ្លួន​នៅក្នុង​អាស៊ាន ហើយ​កម្ពុជា​ក៏បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ផងដែរ​ក្នុង​ការកសាង​សហគមន៍​អាស៊ាន និយាយ​ជារួម និង​ការកសាង​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន និយាយ​ដោយឡែក​។ ចាប់តាំងពី​ពេលដែល​កម្ពុជា​បាន​ក្លាយជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៩​មក កម្ពុជា​ធ្លាប់បាន​ធ្វើជា​ប្រធាន​អាស៊ាន ចំនួន​២​លើក​រួចមកហើយ គឺ​លើក​ទី​១​នៅ​ឆ្នាំ​២០០២ និង​លើក​ទី​២​នៅ​ឆ្នាំ​២០១២ ហើយ​នៅ​ឆ្នាំ​២០២២ ខាងមុខនេះ កម្ពុជា​នឹងធ្វើ​ជា​ប្រធាន​អាស៊ាន​ជាថ្មី​ម្តងទៀត​។ ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ តើ​អ្វី​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ដំណើរ​ការកសាង​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន​? តើ​កម្ពុជា​គួរ​ត្រៀមលក្ខណៈ​បែបណាខ្លះ​ដើម្បី​ចាប់យក​ឱកាស​ទាំងនោះ​?

​ជា​ការណ៍​ពិតណាស់ តួនាទី​ជា​ប្រធាន​អាស៊ាន​អាចជា​មោទនភាព​ផង ហើយក៏​អាចជា​សម្ពាធ​ផង ជា​ឱកាស​ផង ហើយក៏​អាចជា​បញ្ហា​ប្រឈម​ផងដែរ​។ ក៏ប៉ុន្តែ​ជាបឋម អ្វី​ដែលជា​ឱ​កា​សម្រាប់​កម្ពុជា​នៅពេលនេះ គឺជា​ពេលវេលា​ដែល​យើង​អាច​បង្ហាញ​ប្រកបដោយ​ក្តី​មោទនភាព​ថា កម្ពុជា ដែល​ពីមុន​ជា​ប្រទេស​ត្រូវ​ទទួលរង​ការហ៊ុមព័ទ្ធ​និង​ឯកោ​ទាំង​ខាង​នយោបាយ​និង​សេដ្ឋកិច្ច​, ឥឡូវ​បាន​ក្លាយជា​ប្រទេសមួយ​ដែល​កំពុង​សមាហរណកម្ម​ខ្លួន​យ៉ាងសកម្ម​ទៅក្នុង​រចនាសម្ព័ន្ធ និង​និម្មាបនកម្ម​តំបន់​និង​ពិភពលោក និង​ជា​ប្រទេស​ដែល​កំពុងតែ​ដើរតួនាទី​យ៉ាងសកម្ម ដោយ​ស្មើ​សិទ្ធិ​និង​ស្មើភាព​ក្នុង​គ្រប់​កិច្ចការ​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ និង​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលការណ៍​ពហុភាគី​និយម​។

​​ជាមួយគ្នានេះដែរ តួនាទី​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ វា​ជា​ឱកាស​ដែល​កម្ពុជា​អាច​បង្ហាញ​ពី​សមត្ថភាព​ខាង​ធនធានមនុស្ស​និង​ហិរញ្ញវត្ថុ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ធំ​បែបនេះ​។ ប៉ុន្តែ សន្តិភាព​និង​ស្ថិរភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា គឺជា​រឿង​ដែល​មិនអាច​មើលរំលង​បាន​។ បើសិនជា​កម្ពុជា​ស្ថិតក្នុង​ចលាចល​ខាង​នយោបាយ​និង​ការ​ហែកហួរ​ដោយ​សង្គ្រាម គឺ​យើង​ពិតជា​មិនមាន​ឱកាស​ទទួល​ភារកិច្ច​ដ៏​ធំ​បែបនេះ​បាន​នោះទេ​។ ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​ឱ្យ​កម្ពុជា​លើក​មុខមាត់​របស់ខ្លួន ទាំង​វិស័យ​នយោបាយ ការទូត សេដ្ឋកិច្ច ប្រតិបត្តិការ​សន្តិភាព និង​ការងារ​មនុស្សធម៌​អន្តរជាតិ​។​

កម្ពុជា​និង​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២៖ ឱកាស​និង​ការត្រៀម​លក្ខណៈ​ ​ក្នុង​ដំណើរ​ការកសាង​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន
ថ្នាក់ដឹកនាំ​អាស៊ាន​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២០ និង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៤៥ បស់​អាស៊ាន នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១២

​នៅក្នុង​តំបន់​ក៏ដូចជា​ពិភពលោក បញ្ហា​ប្រឈម​ខាង​សន្តិសុខ​ជា​ប្រពៃណី​និង​មិនមែន​ប្រពៃណី​ជាច្រើន​កំពុង​កើតឡើង ដូចជា ការប្រកួតប្រជែង​រវាង​មហាអំណាច​, បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​, បញ្ហា​ការប្រើប្រាស់​ទឹក​នៅក្នុង​តំបន់​មេគង្គ​, ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​និង​បញ្ហា​ការទូត​វ៉ាក់សាំង​, ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ជំងឺ​កូ​វីដ​-១៩, គ្រោះមហន្តរាយធម្មជាតិ​, ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​, ឧក្រិដ្ឋកម្ម​ឆ្លងដែន​, ការជួញដូរ​មនុស្ស​, ជន​បាត់បង់​ទីលំនៅ​ក្នុងស្រុក​, ពលករ​ចំណាកស្រុក​, ការផ្លាស់ប្តូរ​អាកាសធាតុ ជាដើម នឹង​បន្ត​ក្លាយជា​បញ្ហា​ប្រឈម​ដែល​កាន់តែ​ស្មុគស្មាញ​ឡើង​។ បញ្ហា​ទាំងអស់នេះ​មិនមាន​កំណត់ព្រំដែន​ឬ​ជាការ​ទទួលខុសត្រូវ​ដាច់ដោយឡែក​របស់​ប្រទេស​ណាមួយ​នោះទេ តែ​វា​ជាការ​ទទួលខុសត្រូវ​រួម​របស់​សហគមន៍​អន្តរជាតិ ដែល​ក្នុងនោះ កម្ពុជា​ក៏មាន​ចំណែក​មួយ​ក្នុងនោះដែរ​។ ដូច្នេះ តួនាទី​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​ខាងមុខ គឺជា​ឱកាស​ដែល​កម្ពុជា​អាច​បង្ហាញ​សមត្ថភាព​របស់ខ្លួន​ក្នុងការ​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ​ខាងលើ​។​

​កម្ពុជា ដែល​ពីមុន​ល្បី​ថា ជា​វាលពិឃាត​, ជា​តំបន់​អសន្តិសុខ​, ជា​ចម្ការមីន​ដែល​គេ​ភ័យខ្លាច​គ្រប់គ្នា​, ឥឡូវនេះ បានក្លាយ​ទៅជា «​កោះសន្តិភាព​» និង​ជា​តំបន់​ទេសចរណ៍​ប្រកបដោយ​ប្រជាប្រិយភាព​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ទទួលបាន​ភ្ញៀវទេសចរ​រាប់លាន​នាក់​ក្នុង​មួយឆ្នាំៗ​។ កម្ពុជា ដែល​ពីមុន​ល្បី​ក្នុងការ​ប្រើប្រាស់​អាវុធ​ដើម្បី​ដណ្តើម​អំណាច​គ្នា​និង​ក្នុងការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​, ឥឡូវនេះ បាន​ក្លាយទៅជា​ប្រទេសមួយ ដែល​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស តាមរយៈ​ការរៀបចំ​យ៉ាង​ទៀត​ទាត់​នូវ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ជ្រើសតាំង​តំណាង​ដឹកនាំ​ប្រទេស​, ជា​នីតិរដ្ឋ​ដែល​គោរព​គោលការណ៍​ច្បាប់​ដោយ​ឥត​ងាករេ និង​ជា​រដ្ឋ​អធិបតេយ្យ ដែលមាន​បូរណភាព​ទឹកដី​ពេញលេញ​។ ទាំងនេះ​ជា​មេរៀន​និង​បទពិសោធន៍​នៃ​ការកសាង​សន្តិភាព ការបង្រួបបង្រួម​ជាតិ និង​ការអនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​កម្ពុជា​អាច​ចែករំលែក​ជាមួយ​សមាជិក​អាស៊ាន​ដទៃទៀត​ក្នុងឱកាស​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នាពេលខាងមុខ​។​

​ការជំរុញ​ដំណើរ​សមាហរណកម្ម​តំបន់​ពេញលេញ​របស់​អាស៊ាន និង​ការ​លើ​កម្ពស់​កិច្ចសហប្រតិបត្តិការ​ខាងក្រៅ​របស់​អាស៊ាន ជា​កិច្ចការ​ដ៏​សំខាន់​ដែល​ប្រធាន​អាស៊ាន​ផ្តោត​ការយកចិត្តទុកដាក់​។ ដូច្នេះ ឆ្នាំ​២០២២​ខាងមុខនេះ ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​ជំរុញ​ការយល់ព្រម​លើ​សមាជិកភាព​របស់​ប្រទេស​ទី​ម័​រ​ខាង​កើតជា​សមាជិក​ទី​១១​របស់​អាស៊ាន និង​ការពង្រីក​ដៃគូ​សន្ទនា​ដ​ទៃទៀត​របស់​អាស៊ាន​។ ទន្ទឹមនឹង​នោះដែរ ចុងក្រោយ ជា​ឱកាស​ដែល​កម្ពុជា​អាច​បង្ហាញ​ពី​សក្តានុពល​នៃ​ការអភិវឌ្ឍ និង​ការទាក់ទាញ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស និង​ការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​របស់ខ្លួន ប្រសិនបើ​យើង​អាច​រៀបចំ​ប្រជុំ​នានា​ដោយផ្ទាល់​បាន​។​

​ខាងលើ​ជា​ឱកាស​ខ្លះៗ ដែល​កម្ពុជា​អាច​ទទួលបាន​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ​២០២២​ខាងមុខនេះ​។ ប៉ុន្តែ សំណួរ​សួរថា តើ​កម្ពុជា​គួរ​ត្រៀមលក្ខណៈ​បែបណាខ្លះ​ដើម្បី​ចាប់យក​ឱកាស​ទាំងនោះ​?

​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន កម្ពុជា​នឹងមាន​ទាំង​ឱកាស​ទាំង​បញ្ហា​ប្រឈម​។ ក្នុងន័យនេះ កម្ពុជា​ត្រូវ​ត្រៀមលក្ខណៈ​ទាំង​ខាងក្នុង​និង​ខាងក្រៅ​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ចាប់យក​ឱកាស​ផង​និង​ទប់​ទល់នឹង​បញ្ហា​ប្រឈម​ផង​។ ខាងក្រោម​នេះ​ជាការ​ពិចារណា​ខ្លះៗ​អំពី​ការត្រៀម​លក្ខណៈ​របស់​ក​ម្ពុ​ជា​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​។​

​ពិត​ហើយ​, កម្ពុជា​ជា​របស់​យើងទាំងអស់គ្នា មិនមែនជា​របស់​រាជ​រដ្ឋាភិបាល​ឬ​ស្ថាប័នរដ្ឋ​ណាមួយ​ដាច់ដោយឡែក​នោះទេ​។ ភាពជោគជ័យ​ឬ​បរាជ័យ​របស់​កម្ពុជា​ជាការ​ទទួលខុសត្រូវរ​បស់​យើងទាំងអស់គ្នា​រាប់ទាំង​ប្រជាពលរដ្ឋ​គ្រប់រូប​របស់​កម្ពុជា​ផងដែរ​។ ក្នុងន័យនេះ ជា​ទិដ្ឋភាព​ផ្ទៃក្នុង គឺ​ត្រូវ​ធានាថា មានការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​គាំទ្រ​ដល់​ការទទួល​ធ្វើជា​ប្រធាន​អាស៊ាន​ជា​ប្រវត្តិសាស្ត្រ​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ គឺ​ត្រូវ​ត្រៀមលក្ខណៈ​ទាំង​ធនធានមនុស្ស​, សម្ភារៈ​, ថវិកា​, បច្ចេកទេស​, ការងារ​សន្តិសុខ​, ការងារ​ពិធីការ​និង​បដិសណ្ឋារកិច្ច ជាពិសេស ការងារ​ឯកសារ​សម្រាប់​បម្រើ​ដល់​កិច្ចប្រជុំ​កំពូល​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ដែលជា​ការងារ​ដ៏​មាន​សារៈ​សំខាន់បំផុត​សម្រាប់​ព្រឹ​តិ្ត​ការណ៍​នេះ​។​

​ទន្ទឹមនឹង​នោះដែរ គណបក្សនយោបាយ​នានា​គួរតែមាន​ជំហរ​រួម​ទៅលើ​គោលបំណង និង​អាទិភាព​គោលនយោបាយ​ការបរទេស​របស់​ជាតិ ដើម្បី​អធិបតេយ្យ បូរណភាព​ទឹក និង​ផលប្រយោជន៍​ជាតិ​, ស្ថាប័ន​សិក្សា​ស្រាវជ្រាវ ធនាគារ​ខួរក្បាល​ជាតិ ក៏ដូចជា​អ្នកសិក្សា​ស្រាវជ្រាវ​ដទៃទៀត គួរ​រួមចំណែក​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ផ្តល់​យុទ្ធសាស្ត្រ​និង​អនុសាសន៍​គោលនយោបាយ​នានា ដើម្បីឱ្យ​កម្ពុជា​អាច​ទទួលបាន​នូវ​ផលប្រយោជន៍​ដ៏​លើសលប់​ពី​តួនាទី​របស់ខ្លួន​ជា​ប្រធាន​អាស៊ាន​, ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​និង​ឯកជន ត្រូវ​ជំរុញ​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី​តួនាទី​របស់​កម្ពុជា​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​អំពី​កម្ពុជា​ជូន​ទៅដល់​សាធារណជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​, អង្គការ​សង្គម​ស៊ីវិល​នានា ក៏ត្រូវ​រួមចំណែក​លើ​កម្ពស់​មុខមាត់​កម្ពុជា​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​នេះដែរ ហើយ​ត្រូវ​រួមចំណែក​ផ្តល់​អនុសាសន៍​ក្នុងន័យ​ស្ថាបនា​ដល់​រាជរដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​ចុងក្រោយ ពលរដ្ឋ​កម្ពុជា ក៏មាន​ចំណែក​ក្នុង​ភាពជោគជ័យ​របស់​កម្ពុ​ជា​ផងដែរ ត្រូវ​រៀបចំខ្លួន​ជា​ពលរដ្ឋ​ដែលមាន​វិន័យ ជា​ពលរដ្ឋ​ដែលមាន​ការទទួលខុសត្រូវ ជា​ពលរដ្ឋ​ប្រកបដោយ​ពុទ្ធិ និង​ជា​ពលរដ្ឋ​ដែល​សកម្ម​។​

​ជា​ទិដ្ឋភាព​ខាងក្រៅ តំបន់​និង​ពិភពលោក​កំពុង​ពើបប្រទះ​បញ្ហា​ប្រឈម​ធំៗ តួយ៉ាង ការប្រកួតប្រជែង​នៃ​ពួក​មហាអំណាច បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​ក្នុង​តំបន់​មេគង្គ ក៏ដូចជា​ការ​ប្រជែង​គ្នា​រវាង​យុទ្ធសាស្ត្រ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ (Belt and Road Initiative – BRI) និង​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក (Indo-Pacific Strategy) ជាដើម​។ ក្នុងស្ថានភាព​នេះ គឺ​ទាមទារ​ឱ្យ​កម្ពុជា​អនុវត្ត​ការទូត​ស្ងាត់ស្ងៀម​និង​ការពិគ្រោះ​យោបល់ ដើម្បី​ស្វែងរក​មូលដ្ឋាន​រួម សម្រាប់​កិច្ចសហប្រតិបត្តិការ​តំបន់​ក្នុងចំណោម​ប្រទេស​នានា​នៅក្នុង​តំបន់ ដើម្បី​កុំឱ្យ​សមាជិក​អាស៊ាន​បែកបាក់ ដែល​ម្ខាង​រត់ទៅរក​សហរដ្ឋ​អាម៉េរិក ម្ខាង​រត់ទៅរក​ចិន ដើម្បី​ផលប្រយោជន៍​រៀងៗ​ខ្លួន​។ ពោលគឺ ជំរុញ​របៀបវារៈ​ទាំង​ឡាយ​ណា​ដែល​ចងភ្ជាប់​អាស៊ាន ជាជាង​បញ្ហា​ដែល​ធ្វើឱ្យ​អាស៊ាន​បែកបាក់ ជាពិសេស គឺ​រក្សា​សាមគ្គីភាព ឯកភាព និង​អព្យាក្រឹតភាព​អាស៊ាន និង​បង្ហាញឱ្យឃើញថា អាស៊ាន​ជា​កម្លាំង​ទប់​ក្នុងការ​គ្រប់គ្រង​ការប្រកួតប្រជែង​អំណាច​រវាង​ចិន​និង​សហរដ្ឋ​អាម៉េរិក ដើម្បី​រក្សា​និង​គ្រប់គ្រង​ស្ថានភាព​ឬ​បរិស្ថាន​ដែល​អំណោយផល​ដល់​សន្តិភាព​និង​ស្ថិរភាព ដើម្បី​ទ្រទ្រង់​ការជំរុញ​វិបុលភាព​ក្នុង​តំបន់​។ លើសពីនេះ​ទៀត កម្ពុជា​ត្រូវ​ដាក់ចេញ​នូវ​របៀបវារៈ​ដែល​អាច​ផ្តល់នូវ​ផលប្រយោជន៍​ជាក់ស្តែង​សម្រាប់​ពលរដ្ឋ​អាស៊ាន ដើម្បីឱ្យ​ពលរដ្ឋ​អាស៊ាន​មាន​មោទនភាព​និង​ក្តីសង្ឃឹម​សម្រាប់​អនាគត និង​មាន​ទំនុកចិត្ត​សម្រាប់​សុខុមាលភាព​របស់​មនុស្ស​ជំនាន់​ក្រោយ និង​ព្យាយាម​ធ្វើឱ្យមាន​តុល្យភាព​ផងដែរ រវាង​សសរស្តម្ភ​ទាំង​៣​របស់​អាស៊ាន រួមមាន​សហគម​ន៍ន​យោ​បាយ​-​សន្តិសុខ​, សហគមន៍​សេដ្ឋកិច្ច និង​សហគមន៍​សង្គម​-​វប្បធម៌​។​

​ក្នុងឱកាស​ដ៏​ពិសេស​នោះ កម្ពុជា​គួរ​ផ្តួចផ្តើម​គំនិត​បង្កើត «​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​និង​សម្របសម្រួល​អាស៊ាន​» មួយ​ដែល​ដើរតួនាទី​ជា​ស្ថាប័ន​ត្រួតពិនិត្យ​និង​វាយតម្លៃ​ការអនុវត្ត​កិច្ចព្រមព្រៀង សេចក្តីថ្លែងការណ៍ និង​លិ​ខិ​តូ​បក​រណ៍​នានា​របស់​អាស៊ាន ព្រោះ អាស៊ាន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​ឯកសារ​នានា​រាប់មិនអស់ ប៉ុន្តែ ការអនុវត្ត​ជាក់ស្តែង ហាក់ដូចជា​នៅមានកម្រិត​នៅឡើយ ហើយ​អាស៊ាន​មិនទាន់មាន​យន្តការ​អចិន្ត្រៃយ៍​និង​អាណត្តិ​ពេញលេញ​ក្នុង​កិច្ចការ​នេះ​នោះទេ​។ ទន្ទឹមនឹង​នេះដែរ ក្រុមប្រឹក្សា​នេះ នឹង​ដើរតួនាទី​ជា​យន្តការ​សម្រាប់​សម្រប​សម្រួល​ឬ​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​នៃ​រដ្ឋ​ជា​សមាជិក ជម្លោះ​រវាង​រដ្ឋ​ជា​សមាជិក និង​ធ្វើ​បុ​រេ​សកម្មភាព​ដើម្បី​ទប់ទល់​ការជ្រៀតជ្រែក​ពី​មហាអំណាច​ខាងក្រៅ​។​

​ពាក់ព័ន្ធ​នឹង​វិបត្តិ​នយោបាយ​បាយ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា កម្ពុជា​គួរ​បង្កើត​ក្រុមការងារ​ពិសេស​មួយ ដើម្បី​ធ្វើការ​ជាមួយ​បណ្តា​គូ​ជម្លោះ​នៅ​មី​យ៉ាន់​ម៉ា​ដោយ​ស្ងាត់ស្ងៀម​ឬ​ការទូត​ទ្វារក្រោយ ដើម្បី​ចែករំលែក​មេរៀន​និង​បទពិសោធន៍​នៃ​ការកសាង​សន្តិភាព​និង​ការអនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​វា​ក៏​ជា​ឱកាស​ដើម្បី​បង្ហាញថា កម្ពុ​ជាមាន​សមត្ថភាព​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ដូចគ្នា​។ ការជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា មិនមែនជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នេះ​នោះទេ ប៉ុន្តែ ជាការ​បង្ហាញ​សាមគ្គីភាព​អាស៊ាន​និង​ការជួយ​គ្នា​ទៅវិញទៅមក​ដោយ​ឈរលើ​ការគោរព​អធិបតេយ្យ​គ្នា​ទៅវិញទៅមក​។

​កម្ពុជា​ត្រូវ​បន្ត​លើកកម្ពស់​តួនាទី​និង​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ តាមរយៈ​ការជំរុញ​បន្ថែមទៀត​នូវ​ដំណើរការ​មជ្ឈមណ្ឌល​ស​កម្ម​ភាព​មីន​តំបន់​អាស៊ាន ដែលជា​ផ្នែក​មួយ​នៃ​ការទូត​សាធារណៈ​របស់​កម្ពុជា ដែលជា​ប្រទេស​ធ្លាប់​រងគ្រោះ​ដោយសារ​មីន ទៅជា​ប្រទេស​ដែលមាន​សកម្ម​ភាពលេច​ធ្លោ​ក្នុងការ​បោសសម្អាត​មីន​, ចូលរួម​យ៉ាងសកម្ម​ថែមទៀត​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​និង​ការងារ​មនុស្សធម៌​អន្តរជាតិ​, ការប្រកាន់​ខ្ជាប់​នូវ​នីតិរដ្ឋ​, អភិបាលកិច្ច​ល្អ​, គោលការណ៍​ប្រជាធិបតេយ្យ ក៏ដូចជា​ការលើកកម្ពស់​នូវ​ការគោរព និង​ការការពារ​សេរីភាព សិទ្ធិមនុស្ស និង​ការលើកកម្ពស់​យុត្តិធម៌​សង្គម ជាដើម ដើម្បី​កសាង​មុខមាត់​និង​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ​។​

​កម្ពុជា​ចាំបាច់​ត្រូវធ្វើ​សកម្មភាព​ចាប់ពីពេលនេះ​តទៅ ក្នុង​ការជំរុញ​ការគាំទ្រ​ការបញ្ចូល​សមាជិកភាព​ប្រទេស​ទី​ម័​រ​ខាងកើត​ទៅក្នុង​អាស៊ាន​។ ទី​ម័​រ​ខាង​កើតជា​រដ្ឋ​មួយ​ដូច​កម្ពុជា​ដែរ ដែល​បាន​ឆ្លងកាត់​ជម្លោះ​និង​អំពើ​ប្រល័យពូជសាសន៍​ពី​អតីតកាល កម្ពុជា​បាន​យល់ច្បាស់​ពី​សារៈសំខាន់​នៃ​ការចូល​របស់​ទី​ម័​រ​ខាងកើត​ទៅក្នុង​អាស៊ាន​។ ក្នុងនាម​ជា​សមាជិក​ចុងក្រោយ​របស់​អាស៊ាន កម្ពុជា​បានទទួល​ផលប្រយោជន៍​យ៉ាងច្រើន​ពី​សមាជិកភាព​របស់ខ្លួន​នៅក្នុង​អាស៊ាន​។ ដូច្នេះ វា​ជា​កាតព្វកិច្ច​របស់​កម្ពុ​ជា​ក្នុង​ការគាំទ្រ​និង​ជួយ​ដល់ទី​ម័​រ​ខាងកើត​ក្នុង​ការចូល​ជា​សមាជិក​អាស៊ាន​ដើម្បី​ធ្វើឱ្យ​សមាហរណកម្ម​តំបន់​អាស៊ាន​មាន​លក្ខណៈ​ពេញលេញ​។ ទន្ទឹមនឹងនោះ កម្ពុជា​ក៏ត្រូវ​ជំរុញ​ការពង្រីក​ដៃគូ​សហប្រតិបត្តិ​ការ​ខាងក្រៅ​របស់​អាស៊ាន​ដើម្បី​ផលប្រយោជន៍​អាស៊ាន​ផង​និង​ដើម្បី​តុល្យភាព​ផង​។

កម្ពុជា​និង​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២៖ ឱកាស​និង​ការត្រៀម​លក្ខណៈ​ ​ក្នុង​ដំណើរ​ការកសាង​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន
ថ្នាក់ដឹកនាំ​អាស៊ាន​និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ជា​ដៃគូ ក្នុង​ពិធី​លៀង​សាយភោជន៍បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១២

​កម្ពុជា​ត្រូវ​បន្តធ្វើ​ពិពិធ​កម្ម​ការទូត​ជា​យុទ្ធសាស្ត្រ គាំទ្រ​គោលការណ៍​ពហុភាគី​និយម រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​មហាអំណាច​ទាំងអស់ ពង្រឹង​តួនាទី​សំខាន់​របស់​អាស៊ាន​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ទំនាក់ទំនង​អន្តរជាតិ​ដែល​ផ្អែកលើ​ច្បាប់ និង​លើកកម្ពស់​សន្តិភាព​តាមរយៈ​ការសន្ទនា​និង​ការចរចា​។ ប្រទេស​កម្ពុជា​ត្រូវតែ​ប្រកាន់​ជំហរ​អព្យាក្រឹត​ដាច់ខាត​ចំពោះ​ជម្លោះ​និង​អធិបតេយ្យភាព​អន្តរជាតិ​។ កម្ពុជា​ក៏​អាច​ដើរតួរ​ជា​មេអណ្តើក​ក្នុងការ​សម្របសម្រួល​ប​ន្ធូ​រ​បន្ថយកម្ដៅ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​

​ចុងក្រោយ​, ទន្ទឹមនឹង​កិច្ចប្រជុំ​នានា កម្ពុជា​គួររៀបចំ​វេទិកា​ធុរកិច្ច​និង​វិនិយោគ ដើម្បី​បង្ហាញ​សក្តានុពល​និង​ភាព​ទាក់ទាញ​របស់​កម្ពុជា​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ដែល​ស្រប​នឹង​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ប៉ុន្តែ​ដើម្បី​ធានា​ឧត្តមភាព​ប្រកួតប្រជែង​របស់ខ្លួន កម្ពុជា​ចាំបាច់​ត្រូវ​បន្តធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ជាក់ស្តែង​និង​មាន​ប្រសិទ្ធភាព​ទៅលើ​ស្ថាប័ន​របស់​រដ្ឋ​, បន្ត​ពង្រឹង​និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដែល​អាច​កាត់បន្ថយ​ថ្លៃ​សេវា​ដឹកជញ្ជូន​និង​ថ្លៃដើម​ចង្វាក់​ផលិតកម្ម​, ការផ្គត់ផ្គង់​អគ្គិសនី​និង​ទឹក​ក្នុងតម្លៃ​ទាប​, កាត់បន្ថយ​ឬ​លុបបំបាត់​ការិយាធិបតេយ្យ​ក្នុង​នីតិវិធី​វិនិយោគ និង​ចុងក្រោយ គឺ​ពង្រឹង​អភិវឌ្ឍ​ធនធានមនុស្ស​ដើម្បី​ធានាថា កម្ពុ​ជាមាន​កម្លាំង​ពលកម្ម​ជំនាញ និង​ពាក់កណ្តាល​ជំនាញ សម្រាប់​បំពេញតម្រូវការ​ទីផ្សារ ទាំង​ក្នុងស្រុក តំបន់ និង​អន្តរ​តំបន់​។​

​ជារួម​ទៅ ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន កម្ពុជា​នឹង​អាច​ទទួលបាន​នូវ​ឱកាស​យ៉ាងច្រើន ក្នុងការ​បង្ហាញមុខ​មាត់​និង​កិត្យានុភាព​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ និង​សមត្ថភាព​ក្នុងការ​រួមចំណែក​ដោះស្រាយ​បញ្ហា​តំបន់​និង​អន្តរជាតិ និង​ជា​មោទនភាព​ដ៏​ធំធេង​របស់​កម្ពុជា​ដែល​បានទទួល​តួនាទី​ដ៏​ត្រចះត្រចង់​នេះ​។ ប៉ុន្តែ ភាពជោគជ័យ​ឬ​បរាជ័យ​របស់​កម្ពុជា វា​អាស្រ័យ​លើ​ការត្រៀម​លក្ខណៈ​របស់​ក​ម្ពុ​ជា ទាំង​កិច្ចការ​ខាងក្នុង​និង​កិច្ចការ​ខាងក្រៅ និង​ការចូលរួម​ដោយ​ស្មារតី​គិតគូរ​ផលប្រយោជន៍​ជាតិ​ខ្ពស់​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​ពី​គ្រប់​សមាសភាព​សង្គម​ក​ម្ពុ​ជា រាប់​ចាប់ពី​គណបក្សនយោបាយ ស្ថាប័ន​សិក្សា​ស្រាវជ្រាវ ធនាគារ​ខួរក្បាល​ជាតិ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​និង​ឯកជន អង្គការ​សង្គម​ស៊ីវិល អ្នកសិក្សា​ស្រាវជ្រាវ និង​ពលរដ្ឋ​កម្ពុ​ជាទូទៅ ដែល​ម្នាក់ៗ សុទ្ធ​តែមាន​ចំណែក​ចំពោះ​ភាពជោគជ័យ​ឬ​បរាជ័យ​នៃ​តួនាទី​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នេះ​៕

ហេង វុធ្ធី

rasmeinews.com/Thmeythmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤