លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានព្រមានថា ការធ្វេសប្រហែសភ្លេចការពារខ្លួន និងមិនបានយកចិត្តទុកដាក់អនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវនូវវិធានការកំណត់អាចជាហានិភ័យបណ្តាលឱ្យភូមិសាស្ត្រមួយចំនួននឹងត្រូវប្រែក្លាយទៅជាតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហមជាថ្មីម្តងទៀត។
![]() |
លោក ឃួង ស្រេង ព្រមានថា ការធ្វេសប្រហែសភ្លេចការពារខ្លួនអាចបណ្ដាលឱ្យភូមិសាស្ត្រមួយចំនួនក្លាយជាតំបន់លឿង លឿងទុំ និងក្រហមជាថ្ |
លោកលើកឡើងបែបនេះ ក្នុងសេចក្តីណែនាំបន្ថែមស្តីពីការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាលចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នាយប់ថ្ងៃទី ១១ ខែមិថុនា។
លោក ឃួង ស្រេង បានឱ្យដឹងថា ក្រោយពេលដែលរាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល រដ្ឋបាលរាជធានីភ្នំពេញ បានបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការចំនួន ៣ គឺវិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការគាំពារសង្គម។
លោកបន្តថា ជាការកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ ស្របពេលដែលវិធានការត្រូវបានបន្ធូរបន្ថយ ម្ចាស់ក្រុមហ៊ុនឯកជន គ្រឹះស្ថានហិរញ្ញវត្ថុ រោងចក្រ សហគ្រាស អាហារដ្ឋាន ផ្សារម៉ាត ផ្សាររដ្ឋ-ឯកជន កម្មករ-និយោជិត អាជីវករ និងប្រជាពលរដ្ឋមួយចំនួនហាក់មានការធ្វេសប្រហែសភ្លេចការការពារខ្លួន និងមិនបានយកចិត្តទុកដាក់អនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវនូវវិធានការកំណត់»។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ «ទង្វើនេះ គឺជាហានិភ័យអាចបណ្តាលឱ្យមានការឆ្លងរាលដាលធ្ងន់ធ្ងរក្នុងសហគមន៍ ហើយអាចនាំឱ្យភូមិសាស្ត្រមួយចំនួន ត្រូវប្រែក្លាយទៅជាតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហមជាថ្មីម្តងទៀត»។
រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំទៅដល់ម្ចាស់ក្រុមហ៊ុនឯកជន ម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ រោងចក្រ-សហគ្រាស អាជីវកម្មដ្ឋាន ការដ្ឋាន ផ្សារម៉ាត កម្មករ-និយោជិត ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅបំពេញការងារ ប្រកបអាជីវកម្ម និងធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រ រាជធានីភ្នំពេញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
ម្ចាស់អាជីវកម្មទាំងអស់ ត្រូវរៀបចំច្រកសុវត្ថិភាព កំណត់ច្រកចេញ-ចូល និងកំណត់ចំនួនអតិថិជន, លើកទឹកចិត្តឱ្យមានការវេចខ្ចប់អាហារមកគេហដ្ឋានរៀងៗខ្លួនសម្រាប់ទទួលទាន, គួររៀបចំកន្លែងសម្រាក និងកន្លែងទទួលទានអាហារ, បន្តស្នាក់នៅក្នុងលំនៅឋានរៀងៗខ្លួន និងចៀសវាងការធ្វើដំណើរដែលមិនចាំបាច់។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានបញ្ជាដល់រដ្ឋបាលខណ្ឌទាំង ១៤ និងមន្ទីរ-អង្គភាពជំនាញត្រូវចុះត្រួតពិនិត្យគ្រប់ពេលវេលានូវសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបានលើកលែង និងសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបន្តផ្អាកដំណើរការ ព្រមទាំងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនក្នុងមូលដ្ឋាននីមួយៗ ដើម្បីធានាការអនុវត្តឱ្យបានត្រឹមត្រូវ។ បើបុគ្គលណាមួយមិនព្រមសហការ ឬមិនអនុវត្តត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់៕
Postkhmer/Khmertimes
មតិពីមិត្តអ្នកអាន