ដោយសារការរីករាលដាលនៃជំងឺកូវី ១៩ មានភាពស្មុកស្មាញ។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការម៉ឹងមាត់ ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺនេះ។ ដូច្នេះរាជរដ្ឋាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារការឆ្លងកូវីដ១៩ នៅក្នុងឱកាសចូលឆ្នាំប្រពៃណី ដោយអនុវត្តន៍វិធានការណ៍ «ចូលឆ្នាំនៅផ្ទះ» ឬភាសាអង់គ្លេសថា «New Year at Home» !
![]() |
ជាធម្មតា ប្រជាជនខ្មែរតែងតែទៅវត្តនិងបួងសួង ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ (រូបថត៖ Thmey Thmey.com) |
តាមទំនៀមទម្លាប់ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃ ដោយមានការប្រារព្ធកម្មវិធីទៅតាមថ្ងៃនីមួយៗ។ មុនថ្ងៃចូលឆ្នាំមកដល់ ប្រជាពលរដ្ឋបានរៀបចំផ្ទះសម្បែង ទិញសម្លៀកបំពាក់ថ្មី និងរៀបចំសម្ភារទុកជូនដល់ឪពុម្ដាយ ជីដូនជីតា ទៀតផង។
តាំងពីបុរាណកាលមកថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី គេឲ្យឈ្មោះថា ថ្ងៃសង្ក្រាន្ត ដែលប្រជាពលរដ្ឋ តែងតែរៀបចំគ្រឿងសក្ការ ដើម្បីទទួលទេវតា។ ក្រោយពីរៀបចំកម្មវិធីបួងសួងដល់ទេវតាឆ្នាំថ្មីហើយ ជាទំលាប់ប្រជាពលរដ្ឋខ្មែរ នាំគ្នាទៅវត្តរបាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ និងស្តាប់ធម៌ទេសនា។
ចូលមកដល់ថ្ងៃទី២ ដែលប្រជាពលរដ្ឋឲ្យឈ្មោះថា ថ្ងៃវារវ័នប័ត ដែលពលរដ្ឋខ្មែររៀបចំជូនទេយ្យវត្ថុ ដល់លោកអ្នកមានគុណ ចែកទានដល់អ្នកទ័លក្រ និងនាំគ្នាទៅវត្តដូចថ្ងៃទី១។
ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរ គេហៅថាថ្ងៃឡើងសក្តិ តាមទំនៀមទំលាប់ខ្មែរ គេនាំគ្នាទៅឆ្លងបុណ្យនៅវត្ត ដើម្បីរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ទេសនា និងជាពិសេស គឺធ្វើពីធី ស្រង់ព្រះ ដើម្បីទទួលបានពរជ័យ សិរីសួស្ដីសម្រាប់ឆ្នាំថ្មី។
![]() |
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន។ (រូបថត៖ AKP.gov.khmer) |
ប៉ុន្តែនៅឆ្នាំ ២០២១នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា ៖
"អ្នកឆ្លងរកឃើញកើនឡើងច្រើនជាបន្តបន្ទាប់ ដែលបង្កើតនូវការព្រួយបារម្ភដល់ផលប៉ះពាល់សុខភាពសាធារណ: ក្នុងរយ:ពេលយូរ ដែលយើងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់ សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍ និងផលរំខានដល់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គម។ ដូច្នេះលោកជំទាវ សូមបង្កើតពាក្យថា៖ “ចូលឆ្នាំនៅផ្ទះ” ឬ “New Year at Home” ជាមួយនឹងការអនុវត្តវិធានការ៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលអាចឱ្យបុគ្គលអាចវ៉ៃបកបានទៅនឹងការវាយលុកធ្ងន់ធ្ងរលើសរីរាង្គកាយរបស់ខ្លួន ចៀសផុតនូវការចម្លងជំងឺកូវីដ-១៩ និងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបាន និងឆាប់បានធ្វើឱ្យមានការងើបឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិយើងផងដែរ។"
ឆ្លៀតឱកាសនេះ លោកជំទាវ ក៏បានគោរពជូនពរឆ្នាំថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នូវពាក្យថា “ចូលឆ្នាំនៅផ្ទះ” មិនប៉ះកូវីដ-១៩ សុខភាពមាំមួន មានសុខសិរីជ័យមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន និងជាឆ្នាំដែលត្រូវប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យឈ្នះទាំងអស់គ្នា៕
មតិពីមិត្តអ្នកអាន