Trending now

មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងការបាត់បង់​ការងារប្រសិនបើពួកគេខកខានមិនបានចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ដោយចេតនា

12:44 | 07/04/2021

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​​ថ្លែងថា មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងការបាត់បង់ការងារ ប្រសិន​បើពួកគេខកខានមិនបានចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ដោយចេតនា ដោយសម្តេច​អំពាវនាវឱ្យអ្នកទាំងនោះត្រូវស្វះស្វែងរកការចាក់វ៉ាក់សាំងឱ្យបាន ក្នុងពេលដែល​យុទ្ធនា ការ​ចាក់វ៉ាក់សាំងកំពុងដំណើរការ ដើម្បីការពារជីវិតរបស់ខ្លួន និងការពារការងារ​របស់​ខ្លួនផងដែរ។

រដ្ឋមន្ត្រីសុខាភិបាល បានចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩
រដ្ឋមន្ត្រីសុខាភិបាល បានចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩

​ក្នុងសារជាសំឡេង នាយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងហើយថ្មីៗនេះដំណើរការចាក់វ៉ាក់សាំងត្រូវចាក់មន្រ្តី​រាជការនៅ​ថ្នាក់​ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ ដំណើការចាក់វ៉ាក់សាំង នេះបានលេចឡើងមន្រ្តី២​ ប្រភេទ ទីមួយ គឺអ្នកចង់បានចាក់វ៉ាក់សាំងយ៉ាងឆាប់តាមដែលអាចធ្វើទៅបាន ដោយ​មានកង្វល់ខ្លាចអត់វ៉ាក់សាំងចាក់ នេះគឺជាការលើកទឹកចិត្តមួយ។ ក៏ប៉ុន្តែក៏មានលេច​ឡើងនូវ​ប្រភេទមន្ត្រីទី២ គឺមន្ត្រីគេចវេសពីការចាក់វ៉ាក់សាំងតែម្ដង។ សម្ដេចតេជោបាន​គូស​​បញ្ជាក់ថា ពិតមែនតែវ៉ាក់សាំងចាក់លើគោលការណ៍ស្ម័គ្រចិត្ត ក៏ប៉ុន្តែនៅពេលខាង​មុខ​ច្បាស់ណាស់ថាវ៉ាក់សាំង នឹងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ចតែម្ដង ជាពិសេស​ជំហាន​ដំបូងនេះគឺនៅក្នុងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិលរបស់យើងទាំងអស់។

សម្ដេចតេជោថ្លែងថា «ខ្ញុំសូមជម្រាបជូន ខ្ញុំមិនចង់ឱ្យដល់ដំណាក់កាលដែលមាន ការលំបាកហើយទើបស្រោចស្រង់នោះទេ។ ខ្ញុំសុំបញ្ជាក់ជូនទៅមន្ត្រីរាជការដែលមិនចង់ ចាក់វ៉ាក់សាំងឱ្យបានជ្រាបថា នៅពេលដែលគ្រប់ស្ថាប័នចាក់វ៉ាក់សាំងចាប់បានពី ៧០ ភាគរយឡើងលើ មន្ត្រីដែលមិនបានចាក់វ៉ាក់សាំង ប្រហែលជាមិនអាចចូលធ្វើការបានទេ សុំដេកផ្ទះចុះ ហើយប្រសិនជាថ្នាក់ត្រូវចូលប្រជុំ ក៏មិនចាំបាច់ឱ្យប្រធានស្ថាប័នអញ្ជើញ​គាត់ចូលរួមប្រជុំដែរ ទុកឱ្យគាត់នៅដេកផ្ទះទៅ ព្រោះគ្រាន់តែវ៉ាក់សាំងចាក់ដើម្បីការពារ​ជីវិតខ្លួនឯង និងចូលរួមការពារប្រយុទ្ធនឹងកូវីដ-១៩ ធ្វើមិនបានផង តើបន្តចាំបាច់ធ្វើជាទាហាន ធ្វើប៉ូលីស ឬក៏មន្ត្រីរាជការធ្វើអ្វីតទៅទៀត»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍បន្តទៀតថា»គ្មានការចាំបាច់ទេ ខ្ញុំសុំបញ្ជាក់ជូនដើម្បីកុំឱ្យហួសពេល ពីព្រោះ​វ៉ាក់សាំងមិនមែនជាទំនិញរើសតាមផ្សារ តាមឱសថស្ថានបាននោះទេ ខុសគ្នាពីថ្នាំពេទ្យ​នានា ដែលមានលក់នៅតាមឱសថស្ថាន។ ឥឡូវនេះ រាជរដ្ឋាភិបាលកំពុងយកចិត្ត​ទុកដាក់​ចាក់ ឱ្យមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ទាន់មានវ៉ាក់សាំងចាក់អញ្ជើញមកចាក់ ហើយប្រសិនបើពុំមកចាក់ដោយការស្ម័គ្រចិត្តទេ ថ្ងៃក្រោយ លោក លោកស្រី ឬឯកឧត្តម លោកជំទាវ គ្មានឱកាសបានចូលរួមប្រជុំ ហើយក៏គ្មានឱកាសចូលទៅក្នុងក្រសួងទៀតដែរ ព្រោះអ្នកនៅក្នុងក្រសួងគេខ្លាចឆ្លងរោគពីឯកឧត្តម លោកជំទាវ អស់លោក​លោកស្រី​អ្នក​នាងកញ្ញាដែលជាមន្ត្រីមិនបានចាក់វ៉ាក់សាំង»។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានដាក់បទបញ្ជាឱ្យរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័នទាំងអស់ គ្រប់គ្រងពិនិត្យមើលចលនា​នៃមន្ត្រីក្រោមឱវាទរបស់ខ្លួន។ កងទ័ពក៏ដូចគ្នា អាជ្ញាធរថ្នាក់ក្រោមជាតិ ជាពិសេស​អភិបាល​​ខេត្ត អភិបាលស្រុក ត្រូវត្រួតពិនិត្យមើលមន្ត្រីក្រោមឱវាទ តើមន្ត្រីណាខ្លះបាន​ចាក់ មន្ត្រី​ណាខ្លះមិនបានចាក់វ៉ាក់សាំង ដើម្បីចៀសវាងការគេចវេសណាមួយចំពោះការ​ចាក់វ៉ាក់​សាំង ហើយការគេចវេសនេះវាមិនត្រឹមតែបំផ្លាញជីវិតរបស់ពួកគាត់ប៉ុណ្ណោះទេ ក៏ប៉ុន្តែវា​បានចូលរួមបំផ្លាញជីវិតអ្នកដទៃនៅតាមស្ថាប័នដែលខ្លួនធ្វើការ ក្នុងករណីដែល​មានការ​ខកខាន​ដោយចេតនាមិនបានចាក់វ៉ាក់សាំង។

មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងការបាត់បង់​ការងារប្រសិនបើពួកគេខកខានមិនបានចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ដោយចេតនា
មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងការបាត់បង់​ការងារប្រសិនបើពួកគេខកខានមិនបានចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ដោយចេតនា។

សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា អ្នកដែលមិនអាចចាក់វ៉ាក់សាំងបានត្រូវមានការ​បញ្ជាក់ពី​គ្រូពេទ្យ ហើយការបញ្ជាក់នេះទៀតសោត ចៀសវាងមានការឃុបឃិតរវាង​គ្រូពេទ្យ ជាមួយនឹងអ្នកមិនចាក់វ៉ាក់សាំង។ មន្ត្រីនៅថ្នាក់ខេត្តត្រូវមានការបញ្ជាក់ពី​មន្ទីរ​សុខាភិបាលរបស់ខេត្ត ទើបអាចជឿជាក់បានថាខ្លួនមិនអាចចាក់វ៉ាក់សាំងបាន ចៀសវាង​មានការស៊ុមគ្រលំមិនចាក់វ៉ាក់សាំង។ ឯនៅទីក្រុងភ្នំពេញនេះក៏ដូចគ្នាដែរ គឺគប្បីត្រូវមាន​ការបញ្ជាក់ជាក់លាក់ដូចជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញបញ្ជាក់ជូនមន្ត្រី រាជការស៊ីវិល​នៅថ្នាក់ជាតិ ទាំងស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និង ស្ថាប័នផ្សេងទៀតដូចជាក្រុម​ប្រឹក្សាធម្មនុញ្ញ គណៈកម្មការជាតិរៀបចំការបោះឆ្នោត អង្គភាពប្រឆាំងអំពើពុករលួយ អគ្គសវនកម្មជាតិ ក្រសួងព្រះបរមរាជវាំង ផងដែរត្រូវមានការបញ្ជាក់។ ទន្ទឹមនេះ គ្មានការ​ឃុបឃិតណាមួយបញ្ជាក់ចេញពីគ្រូពេទ្យណាម្នាក់បានទេ។ សម្ដេចតេជោបានឱ្យដឹងដែរថា នៅពេលខាងមុខ យើងគិតគូរថាក្រៅពីការបញ្ជាក់ពីការចាក់វ៉ាក់សាំងយើងអាចមានផ្លាក​សញ្ញាបញ្ជាក់អំពីអ្នកដែលបានចាក់វ៉ាក់សាំងក្នុងកន្លែងធ្វើការនីមួយៗ ចេញដោយក្រសួង​សាមីនោះតែម្ដង ដើម្បីបញ្ជាក់ថាបុគ្គលនេះត្រូវបានចាក់វ៉ាក់សាំង បុគ្គលនោះមិនទាន់បាន​ចាក់វ៉ាក់សាំង។ សម្ដេចតេជោបានលើកឡើងថា សូម្បីតែមន្ត្រីរាជការត្រូវជ្រើស​រើសថ្មី មន្ត្រីជាប់កិច្ចសន្យាត្រូវជ្រើសរើសថ្មី ត្រូវតែមានលក្ខ​ខ័ណ្ឌ​មួយតម្រូវជាចាំបាច់ គឺត្រូវបានចាក់ វ៉ាក់សាំងរួចហើយ ទើបអនុញ្ញាតឱ្យជ្រើសរើស​ចូលក្របខ័ណ្ឌ ឬប្រលងចូលក្របខ័ណ្ឌ បើមិនដូច្នោះទេវ៉ាក់សាំងដែលយើងចាក់រាប់លាន​ដូសដែលគ្រោងចាក់ក្នុងរង្វង់១០ ទៅ១៣លាននាក់ នឹងក្លាយទៅជាអត់ន័យដោយសារតែ មនុស្សមួយចំនួនមិនទទួលយកវ៉ាក់​សាំង។ សម្ដេចតេជោបានបន្ថែមថា “យើងសុខចិត្តឱ្យ​ពួក​គាត់នៅផ្ទះ យើងសុខចិត្តឱ្យពួក​គាត់ចាកចេញពីការងារ ហើយយើងសុខចិត្តជ្រើស​រើសមន្ត្រីថ្មីឱ្យចូលធ្វើការជំនួសវិញ។ ព្រោះបញ្ហានេះជាបញ្ហាសុខភាពសាធារណៈ បញ្ហា​ស្ម័គ្រចិត្ត គឺជាបញ្ហាមួយហើយ ប៉ុន្តែ​យើងត្រូវគិតអំពីផលប្រយោជន៍រួមរបស់ជាតិអំពីសុខ​ភាពសាធារណៈជាចាំបាច់”។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់សារជាថ្មីថា នេះមិនមែនជាការ​ជំរុញការ រើសអើងសម្រាប់ការចាក់វ៉ាក់សាំងនោះទេ តែនេះគឺជាការដាស់តឿន​ដើម្បីការ​ពារខ្លួនពី ជំងឺកូវីដ-១៩ សម្រាប់ខ្លួនផង និងសម្រាប់អង្គភាពដែលខ្លួនត្រូវធ្វើការផង។ ដូច្នេះ​ក្រសួង មុខងារសាធារណៈសូមធ្វើការបូកសរុបចំនួនមន្ត្រីដែលបានធ្វើការចាក់វ៉ាក់សាំងរួចហើយ ជូនមកនាយករដ្ឋមន្ត្រី ដើម្បីគ្រប់គ្រងជាព័ត៌មានសម្រាប់ការ​ធ្វើជំរឿនទៅលើ​បច្ចុប្ប​ន្នភាព ដើម្បីស្វែងរកវ៉ាក់សាំងធ្វើការចាក់បន្តទៀតនៅពេលក្រោយ៕

AKP/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤