Trending now

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីហុងគ្រី

21:35 | 28/10/2019

នៅល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Janos Ader ប្រធានាធិបតីនៃប្រទេស ហុងគ្រី ដែលជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីហុងគ្រី (រូបថតៈ FN)

ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតីហុងគ្រី បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្ដមបានជួបចូលគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏បានយាងព្រះអង្គដើម្បីយាងធ្វើទស្សនកិច្ចនៅប្រទេសហុងគ្រីផងដែរ។ លើសពីនោះទៀត ឯកឧត្តមក៏បានមានប្រសាសន៍ថានេះ ជាលើកទី៣ហើយ ដែលឯកឧត្តមបានជួបសម្ដេចតេជោក្នុងរយៈពេលតែ០៦ខែប៉ុណ្ណោះ ហើយក្នុងជំនួបនេះ គឺជាជំនួសពិសេសមួយ។ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺឯកឧត្តមពិតជាមិនអាចស្មានដល់ពីការរីកចម្រើននៃទីក្រុងភ្នំពេញ ដែលកាលពីឆ្នាំ ១៩៧៩ ភ្នំពេញគឺមានមនុស្សតែ៧០នាក់តែប៉ុណ្ណោះ ក៏ប៉ុន្តែពេលនេះ ភ្នំពេញមានការរីកចម្រើន និងមានសកម្មភាពយ៉ាងមមាញឹក ជាពិសេសការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស គួរជាទីចាប់អារម្មណ៍ផងដែរ។

ក្នុងជំនួបនេះ ឯកឧត្តមបានបង្ហាញពីការចូលរួមរបស់ ប្រទេសហុងគ្រីជាមួយនឹងការអភិវឌ្ឍរបស់កម្ពុជា នោះគឺឯកឧត្តមនឹងបញ្ជូនអ្នកជំនាញការរបស់ហុងគ្រី ដើម្បីមកជួយកម្ពុជាក្នុងការសិក្សាលើបញ្ហាទឹកស្អាត លើបញ្ហាសំរាម ទាំងសំរាមសំណល់រឹង និងសំណល់រាវ និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង។ បន្ទាប់ពីការសិក្សាហើយក្រុមអ្នកជំនាញរបស់ហុងគ្រី នឹងផ្ដល់ជូននិងណែនាំនូវបច្ចេកវិទ្យា និងដំណោះស្រាយដើម្បីដោះស្រាយបញ្ហាទឹកស្អាត បញ្ហាសំណល់រឹង សំណល់រាវនៅកម្ពុជាយើង។ លើសពីនេះទៅទៀត ដើម្បីជំរុញការអភិវឌ្ឍន៍កម្ពុជារយៈពេលវែងទាំងសង្គម ទាំងធនធានមនុស្ស ទាំងសុខភាពផងនោះ។ ឯកឧត្តមបានលើកឡើងសារជាថ្មីទៀតថា ប្រទេសហុងគ្រីនៅតែបន្តគាំទ្រកម្ពុជា និងស្នើសុំឱ្យមិនឱ្យមានការដកហូត EBA ពីកម្ពុជាផងដែរ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ FN)

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីហុងគ្រី ចំពោះអ្វីដែលឯកឧត្តមបានលើកឡើង។ សម្តេចតេជោបានមានប្រសាសន៍ថា ជំនួបរបស់យើងជាលើកទី៣នេះ គឺជាការភ្ជាប់ទំនាក់ទំនង ក៏ដូចជាការកសាងទំនាក់ទំនង និងពង្រឹងទំនាក់ទំនងយើងឡើងវិញ។ ទំនាក់ទងកម្ពុជា និងហុងគ្រីមានអស់រយៈពេលជាង៦០ឆ្នាំមកហើយ។ សម្តេចតេជោក៏បានជម្រាបជូនអំពីប្រវត្តិសាស្ត្ររបស់កម្ពុជាយ៉ាងសង្ខេបថា កម្ពុជាកន្លងមកតែងតែមានការបែកបាក់គ្នា ហើយរហូតមកដល់ប៉ុន្មានឆ្នាំក្រោយនេះ កម្ពុជាក៏ទទួលបានសុខសន្តិភាព និងស្ថេរភាពពេញលេញ ថែមទាំងមានកំណើនសេដ្ឋកិច្ចរហូតដល់ជាង៧%។ សម្តេចតេជោក៏បានថ្លែងអំណរគុណជូនចំពោះប្រទេស ហុងគ្រីដែលបានផ្ដល់នូវការគាំទ្រដល់កម្ពុជា ជាពិសេសលើឯកសារដែលបានចុះហត្ថលេខាកន្លងមកនោះគឺទី១)គម្រោង តេជោភូមិ១០០ ទី២) សកម្មភាពដោះមីន ដើម្បីជំរុញអោយកម្ពុជាក្លាយជាប្រទេសគ្មានមីននៅឆ្នាំ ២០២៥ និងទី៣) អាហារូបករណ៍ជូនដល់និស្សិតកម្ពុជាចំនួន១៥ក្នុង១ឆ្នាំ។ ពាក់ព័ន្ធនឹងបញ្ហាទឹក និងសំរាម សម្ដេចតេជោបានស្នើសុំឲ្យភាគីហុងគ្រីបញ្ជូនអ្នកជំនាញដើម្បីមកធ្វើការសិក្សា ផ្តល់យោបល់ និងចូលរួមសហការជាមួយកម្ពុជាយើងលើទាំងបញ្ហាទឹកស្អាត បញ្ហាសំណល់រឹង និងសំណល់រាវ។ សម្ដេចតេជោបានមានប្រសាសន៍ថាយើងត្រូវផ្តល់អទិភាពលើកិច្ចសហប្រតិបត្តិការនេះ ទៅលើបញ្ហាសំណល់រឹង និងសំណល់រាវ នៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងផ្សេងៗទៀតទៅតាមដងសមុទ្រ និងតាមដងទន្លេមេគង្គ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការងារនេះជូនដល់ក្រសួងបរិស្ថានដើម្បីបន្តការពិភាក្សាជាមួយនឹងភាគីហុងគ្រី ដើម្បីស្នើឲ្យភាគីហុងគ្រីបញ្ជូនអ្នកជំនាញការមកកម្ពុជាក្នុងសិក្សា និងពិភាក្សារួមគ្នាជាមួយក្រសួងបរិស្ថានក្នុងពេលដ៏ឆាប់ៗខាងមុខនេះ៕

(ប្រភព៖ FN)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤