Trending now

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានព្រឹទ្ធសភាឆែក

06:53 | 15/10/2019 (ហេង វុធ្ធី)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាជាមួយលោក Jaroslav Kubera ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាជាមួយលោក Jaroslav Kubera (រូបថត​៖ Freshnews)

ក្នុងជំនួបដែលធ្វើឡើងនៅវិមានព្រឹទ្ធសភា ទីក្រុងប្រាក លោក Jaroslav Kubera មានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា សភានៃសាធារណរដ្ឋឆែក ជាស្ថាប័ននីតិបញ្ញត្តិ នៃសាធារណរដ្ឋឆែក ដែលត្រូវបានបែងចែកជា២ថ្នាក់ គឺសភាជាន់ខ្ពស់ (ព្រឹទ្ធសភា) និងសភាជាន់ទាប (រដ្ឋសភា)។

លោកមានប្រសាសន៍បន្តថា ព្រឹទ្ធសភាឆែក ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ និងមានសមាជិកចំនួន ៨១រូប ដែលត្រូវបានជ្រើសរើសតាមរយ:ការបោះឆ្នោតចំនួន២ជុំ ពោលប្រ សិនបើគ្មានបេក្ខជនណាមួយទទួលបានសំឡេងគាំទ្រភាគច្រើន នៅក្នុងជុំទី១នោះទេ បេក្ខជនមានការគាំទ្រច្រើនជាងគេ២រូប នឹងត្រូវបានបោះឆ្នោតជ្រើសរើសក្នុងជុំទី២។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត​៖ Freshnews)

ក្នុងកិច្ចសន្ទនាគ្នានោះដែរ ភាគីទាំងពីរបានស្នើឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតគណ:កម្មការជំនាញរវាងព្រឹទ្ធសភា នៃប្រទេសទាំងពីរ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌសហភាពអន្តរសភា (IPU) និងវេទិកាផ្សេងៗទៀត។ មេដឹកនាំទាំងពីរ ក៏បានធ្វើការពិភាក្សាគ្នាផងដែរ ទាក់ទិនទៅនឹងស្ថាប័នរដ្ឋសភា នៃប្រទេសទាំងពីរ តាមរយ:ការស្នើបង្កើតឲ្យមានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឆែក។ ស្នើឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំគណ:កម្មការជំនាញ និងក្នុងក្របខណ្ឌអគ្គលេខាធិការដ្ឋាន រវាងរដ្ឋសភានៃប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឆែក ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះសម្តេចផ្ទាល់ និងគណៈប្រតិភូកម្ពុជាក្នុងអំលុងពេលស្នាក់នៅទីក្រុងប្រាក។

ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបពីការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ជូនចំពោះលោក Jaroslav Kubera ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឆែក ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដែលការអញ្ជើញនេះត្រូវបានលោកប្រធានព្រឹទ្ធសភាឆែក ទទួលយកនូវការអញ្ជើញ ហើយរកពេលវេលាសមស្របមកទស្សនកិច្ចនៅកម្ពុជា។

ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញភាគីឆែកឲ្យមកបំពេញចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEM) លើកទី១១ នៅកម្ពុជាក្នុងឆ្នាំ២០២០។ ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរ ទាំងស្ថាប័ននីតិបញ្ញត្តិ និងទាំងស្ថាប័ននីតិប្រតិបត្តិ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: FreshNews)

(ហេង វុធ្ធី)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤