កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងលើសេចក្តីព្រាងស្តីពីផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ ដែលធ្វើនាថ្ងៃទី ៨ កក្កដា នៅខេត្តសៀមរាបបានឯកភាព ៥ ចំណុចលើសេចក្តីព្រាងផែនការមេ ដើម្បីដាក់ជូនរដ្ឋាភិបាលពិនិត្យ និងសម្រេច។ នេះបើតាមក្រសួងទេសចរណ៍។
អន្តរក្រសួង ឯកភាព ៥ ចំណុច លើសេចក្តីព្រាងផែនការមេអភិវឌ្ឍទេសចរណ៍សៀមរាប
កិច្ចប្រជុំអន្តរក្រសួងនេះមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលខេត្តសៀមរាបលោក ទៀ សីហា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
តាមការផ្សាយរបស់ក្រសួងទេសចរណ៍ដែលអន្តរក្រសួងសម្រេច ៥ ចំណុចគឺ ទី ១ អង្គប្រជុំឯកភាពនូវការប្តេជ្ញារបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបជា «គោលដៅ ទេសចរណ៍ប្រកបដោយគុណភាព»។ ក្នុងន័យនេះផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប បានកំណត់វិសាលភាពរួមគឺរួមទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ខណៈបច្ចុប្បន្នការទស្សនាប្រាសាទអង្គរគឺជាមូលហេតុចម្បងតែ ១ របស់ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។ ផែនការមេនេះសិក្សា និងកំណត់យុទ្ធសាស្ត្រ និងផែនការសកម្មភាពដើម្បីបង្កើនភាពទាក់ទាញនៃតំបន់ សៀមរាបទាំងមូលក្រោមទស្សនទាន «សៀមរាបលើសពីការទស្សនា ប្រាសាទ» ដោយផ្សារភ្ជាប់ជាមួយសកម្មភាពកម្សាន្តដ៏សម្បូរបែប។
ចំណុចទី ២ អង្គប្រជុំឯកភាពថា ការរៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបនេះនឹងក្លាយជាយន្តការដ៏មានសារៈសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្នក៏ដូចជាអនាគតដែលជាផ្នែកមួយសំខាន់នៃចក្ខុវិស័យកម្ពុជាដែលនឹងត្រូវសម្រេចឲ្យបាននូវបំណងប្រាថ្នារួមរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងចំណុចទី ២ នេះអង្គប្រជុំបានឯកភាពនូវ ៣ ចំណុចតូចៗទៀតដោយកំណត់ថាទី ១ សៀមរាប គឺជាខេត្តទេសចរណ៍អន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ និងមានការទទួលស្គាល់ជាសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្តល់ជូននូវធនធានទេសចរណ៍ និងភាពទាក់ទាញជាច្រើនទៀត។
ទី ២ ធានាឲ្យបានផលប្រយោជន៍ សេដ្ឋកិច្ចសង្គមជាអតិបរមាពីវិស័យទេសចរណ៍ពោលគឺតំបន់ប្រវត្តិសាស្ត្រអង្គរ តំបន់ទីក្រុងដែលមានស្ទឹងសៀមរាប តំបន់ទន្លេសាប ឧទ្យានជាតិគូលេន និង តំបន់ជនបទដែលជាគោលដៅទេសចរណ៍ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។
ទី ៣ ខេត្តសៀមរាបត្រូវតែធ្វើការផ្លាស់ប្តូរពីគោលដៅទេសចរណ៍ទ្រង់ទ្រាយធំទៅជាគោលដៅទេសចរណ៍មានគុណភាពសំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបានម្តងហើយម្តងទៀត និងភ្ញៀវទេសចរកម្រិតខ្ពស់អាចបង្កើនចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយបរិយាបន្ន។
ចំណុចទី ៣ អង្គប្រជុំឯកភាពថា ការកំណត់ផែនការយុទ្ធសាស្ត្រ និងសកម្មភាពជាក់ស្តែងក្នុងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ ត្រូវតែឈរលើបង្គោលចរ ៤ គឺគោលដៅយុទ្ធសាស្ត្រចំនួន ៧ យុទ្ធសាស្ត្រចំនួន ៤៦ គម្រោងចំនួន ៧២ និងសកម្មភាពអនុវត្តចំនួន ៩៤។ ក្នុងនោះគម្រោងវិនិយោគធំៗមានសរុបចំនួន ២០ គម្រោង។
ចំណុចទី ៤ អង្គប្រជុំឯកភាពថាជម្រើសនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាបន្នសម្រាប់ខេត្តសៀមរាបក្នុងនោះឆ្ពោះទៅឆ្នាំ ២០៣៥ ត្រូវផ្តោតលើអ័ក្សជាយុទ្ធសាស្ត្រចំនួន ៥។
ចំណុចទី ៥ ឯកសារផែនការមេនេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវមួយដ៏សំខាន់ក្នុងការឈានទៅដល់សុខដុមនីយកម្មរវាងការអភិវឌ្ឍសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ពលរដ្ឋនៅខេត្តសៀមរាប។ ឯកសារនេះនឹងចូលរួមដល់វិធានការគោលនយោបាយនៃរដ្ឋាភិបាលក្នុងការស្តារវិស័យទេសចរណ៍ ក្រោយវិបត្តិជំងឺ Covid-19។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា៖ «ក្រោយពីបញ្ហាជំងឺកូវីដ ១៩ ស្ងប់ស្ងាត់ ការធ្វើផែនការនេះនឹងអាចឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការផ្សេងៗលើវិស័យទេសចរណ៍។ ក្នុងគោលដៅទាក់ទាញទេសចរសំខាន់ៗ ផែនការក្នុងការទាក់ទាញទេសចរត្រូវតែធ្វើ»៕
(ប្រភពព័ត៌មាន: postkhmer.com)
មតិពីមិត្តអ្នកអាន