Trending now

ព្រៃកោងកាង ជាប្រភពទាក់ ទាញភ្ញៀវទេសចរ,ផ្តល់ជីវចម្រុះនិងការលក់កាបោន

15:18 | 26/06/2020

ព្រៃកោងកាងជាប្រភពចំណូលមួយរបស់សហគមន៍ផ្នែកអេកូទេសចរណ៍ធម្មជាតិ ហើយក្រៅពីនេះវាក៏ផ្តល់នូវសក្តានុពលជីវចម្រុះ និង អ្វីដែលពិសេសយើងអាចលក់កាបោនថែមទៀត ដែលនេះមិនរាប់ទាំងការផ្តល់នូវលើវិស័យសេដ្ឋកិច្ចផ្សេងៗផង។ ​

នេះជាការលើកឡើងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន កាលពីថ្ងៃទី១៩ខែមិថុនា ឆ្នាំ ២០២០ នាឱកាសដែលលោកដឹកនាំប្រតិភូក្រសួងបរិស្ថានចុះពិនិត្យដំណើរការចិញ្ចឹមខ្យងចំពុះទានិងការកែច្នៃផលិតផលជាច្រើនទៀតក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប នៃដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិសាស្ត្រទឹកដីខេត្តកោះកុង។

គួរបញ្ជាក់ថាព្រៃកោងកាង​ជា​រុក្ខជាតិ​ពណ៌​បៃតង និង​មាន​ឫស​ច្រើន​បែក​ចេញ​សាខាមើលទៅគួរឱ្យគយគន់ដល់ក្រុមអ្នកទេសចរចូលទៅកម្សាន្ត។ដើមឈើមួយប្រភេទនេះមិនត្រឹមតែមាន​ប្រយោជន៍​សម្រាប់​មនុស្ស​ទេ សូម្បី​តែ​សត្វ​ក៏​ត្រូវ​ពឹង​ផ្អែក​លើ​វា​ដែរក្នុងនេះដូចជា​ជម្រក​ត្រី ខ្ចង ក្ដាម​គ្រប់​ប្រភេទ​រស់​នៅ និង​ជា​ជម្រក​ពង​កូន​យ៉ាង​សំខាន់។

បើតាមលោកនេត្រភក្រ្តារដ្ឋលេខាធិការបានថ្លែងឱ្យដឹងថានៅតំបន់សហគមន៍ពាមក្រសោប សំបូរព្រៃកោងកាងច្រើនជាងគេ ហើយបើនិយាយពីខេត្តទាំង៤ដែលនៅជាប់មាត់សមុទ្រខេត្តកោះកុងមានព្រៃកោងកាងសរុបដល់ទៅ ៤៦០០០ហិកតា ហើយតំបន់ដែនជម្រកសត្វព្រៃពាមក្រសោបនេះដែរបានហ៊ុមព័ទ្ធទៅដោយព្រៃកោងកាង។តំបន់នេះយើងមានរមណីយដ្ឋានពាមក្រសោប ដែលតាមរយៈរមណីយដ្ឋាននេះគេឃើញមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្តច្រើន ។

យ៉ាងណាក្តីលោករដ្ឋលេខាធិការបានលើកឡើងថាក្នុងអំឡុងការវាយលុកដោយជំងឺកូវីដ-១៩នេះដែរភ្ញៀវទេសចរបរទេសមិនសូវចូលមកកម្សាន្តពិតមែន ប៉ុន្តែបើគេក្រឡេកមើលពីភ្ញៀវទេសចរក្នុងស្រុកវិញមានកំណើនកើនឡើង ក្នុងនេះបើតាមរយៈរបាយការណ៍កាលពីខែ ឧសភាកន្លងមកគឺរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលមកកម្សាន្តតំបន់នេះជាង១ម៉ឺននាក់។

លោកបានបញ្ជាក់ថាតាមរយៈភ្ញៀវទេសចរនេះបង្ហាញថាបងប្អូនប្រជាពលរដ្ឋខ្មែរបានចាប់អារម្មណ៍ទៅលើការទស្សនាចរបែបធម្មជាតិ ហើយការចូលមកកម្សាន្តនេះ បានផ្តល់នូវចំណូលប្រជាពលរដ្ឋសហគមន៍ ដែលធ្វើឱ្យពលរដ្ឋអាចយកចំណូលនេះមកជួយការពារព្រៃកោងកាងផងដែរ។

តាមរយៈព្រៃកោងកាងដែលជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរ និងពិសេសផ្តល់នូវសក្តានុពលជីវចម្រុះយ៉ាងមហាសាលនេះដែរ លោករដ្ឋលេខាធិការបានបញ្ជាក់ថាកាល​ពី​មុន ព្រៃ​ដើម​កោងកាង រង​ការ​កាប់​យក​ទៅ​ធ្វើ​ធ្យូង និង​ប្រើប្រាស់ប្រចាំថ្ងៃច្រើន ប៉ុន្តែ​បច្ចុប្បន្ន ពលរដ្ឋ​ភាគ​ច្រើន​ជា​ពិសេស​ប្រជា​នេសាទ បាន​យល់​ដឹង​ពី​សារ​ប្រយោជន៍​របស់​វា និង​បាន​យក​ចិត្ត​ទុក​ដាក់​ការពារ​យ៉ាង​ម៉ត់ចត់ និង​មាន​ផែនការ​ដាំ​ដុះ​ឡើង​វិញ​ជា​បន្ត​បន្ទាប់។

លោកបានបញ្ជាក់ជុំវិញបញ្ហានេះថា “គ្រំចំពុះទាដែលសំបូរនិងធំធាត់បានល្អគឺមួយផ្នែកកើតឡើងដោយការតែការរក្សាបាននូវព្រៃកោងកាង ។តាមពិតព្រៃកោងកាងជាប្រភពចំណូលរបស់សហគមន៍ ផ្នែកទេសចរធម្មជាតិ ។នេះមិនគិតទាំងតម្លៃសេដ្ខកិច្ចជាតិ ដែលបានមកពីព្រៃកោងកាងផង។ពិតណាស់ព្រៃកោងកាងបំភាយអុកស៊ីសែនច្រើន និងវាបានបំភាយនូវកាបោនដែលយើងអាចលក់ឥណ្ឌទានកាបោនស្ម័គ្រចិត្ត ដូចដែលយើងបានលក់នៅស្រុកកែវសីម៉ា ខេត្តមណ្ឌកគិរី នៅតាតៃខេត្តកោះកុង និង ឧទ្យានជាតិភ្នំក្រវ៉ាញខាងត្បូងហើយបើនៅតំបន់នេះអាចរក្សាបាននោះយើងនឹងអាចលក់កាបោកបានថែមទៀតនិងពិសេសជាងនេះកម្រិតនៃការបំភាយកាបោនរបស់ព្រៃកោងកាងមានកម្រិតខ្ពស់៣ដងបើប្រៀបធៀបនឹងព្រៃឈើធម្មតា”

(ប្រភពព័ត៌មាន: rasmeinews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤