Trending now

លោក ហេង សំរិន​៖​«​រណសិរ្ស​​២​ធ្នូ​»​​បាន​​កែប្រែ​មុខ​មាត់​​កម្ពុជា​​ជា​ថ្មី​​

07:14 | 03/12/2019 (ប្រភព៖ Freshnews -សរុបដោយ ហេងវុធ្ធី)

​នា​ថ្ងៃ​ទី​២ ខែ​ធ្នូ​នេះ គឺជា​ខួប​លើក​ទី ៤១​ឆ្នាំ នៃ​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ឬ​ហៅ​ថា «​រណសិរ្ស​២​ធ្នូ​»​។​ខួប​២​ធ្នូ​ត្រូវបាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ធ្វើ​គគ្រឹកគគ្រេង​ជា​រៀងរាល់ឆ្នាំ​មិន​ដែល​អាក់ខាន ដើម្បី​រំលឹក​ដល់​កំណើត​ចលនា​តស៊ូ​៤១​ឆ្នាំ​កន្លង​ទៅ​។​សម្រាប់​លោក ហេង សំរិន បានចាត់ទុក រណសិរ្ស​២​ធ្នូ​ថា បាន​ជួយ​ស្តារ និង​អភិវឌ្ឍន​កម្ពុជា ហើយ​ធ្វើឱ្យ​កម្ពុជា​កែប្រែ​មុខមាត់​ជា​ថ្មី​។

ទិដ្ឋភាពនៃពិធីរំលឹកខួប​លើក​ទី ៤១​ឆ្នាំ នៃ​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ឬ​ហៅ​ថា «​រណសិរ្ស​២​ធ្នូ​»​ (រូបថត៖ Freshnews)

​ថ្ងៃ​២​ធ្នូ ឆ្នាំ​២០១៩​គឺជា​ខួប​លើក​ទី ៤១​ឆ្នាំ នៃ​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ឬ​ហៅ​ថា «​ចលនា​រណសិរ្ស​២​ធ្នូ​»​។​រណសិរ្ស​២​ធ្នូ បង្កើតឡើង​កាលពី​ខែ​ធ្នូ ឆ្នាំ​១៩៧៨ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដឹកនាំ​ដោយ​ឥស្សរៈជន​កំពូល​៣​រូប​គឺ ហេង សំរិន ប្រធានរដ្ឋសភា​បច្ចុប្បន្ន លោក ជា ស៊ីម និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​ជា​ទម្លាប់​ខួប​២​ធ្នូ​ត្រូវ​បាន​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន ប្រារព្ធ​ធ្វើ​គគ្រឹកគគ្រេង​ជា​រៀងរាល់ឆ្នាំ​មិន​ដែល​អាក់ខាន​។​សម្រាប់​ឆ្នាំ​២០១៩​នេះ ពិធី​រំលឹក​ខួប​២​ធ្នូ ត្រូវបាន​ប្រារព្ធ​ឡើង នៅ​សាលសន្និសិទ​ចតុមុខ ក្រោម​ការដឹកនាំ​របស់​លោក ហេង សំរិន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​មាន​ការចូលរួម​ពី​អតីត​យុទ្ធជន មន្ត្រីរាជការ​ដែល​មាន​តំណែង​នៅក្នុង​រដ្ឋាភិបាល គ្រប់​លំដាប់ថ្នាក់​ជាច្រើន​ពាន់​នាក់​ទៀត​។​

​ក្នុង​សុន្ទរកថា​នៅថ្ងៃនេះ លោក ហេង សំរិន បានចាត់ទុក​រណសិរ្ស​២​ធ្នូ មិន​ត្រឹមតែ​សង្គ្រោះ​កម្ពុជា​ឱ្យ​ចាក​ផុត​ពី​មហន្តរាយ​ល័យ​ពូជសាសន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រណសិរ្ស​២​ធ្នូ​បាន​ជួយ​អភិវឌ្ឍន​កម្ពុជា និង ធ្វើ​ឱ្យ​មាតុភូមិ​កម្ពុជា​កែប្រែ​មុខមាត់​ថ្មី​ជា​បន្តបន្ទាប់​។​សម្រាប់​លោក ហេង សំរិន "​ទោះបីជា​អស់​រយៈពេល ៤១ ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ​ក្តី ពលរដ្ឋ​កម្ពុជា​ពិតជា​មិន​អាច​បំភ្លេច​បាន​នូវ​អតីតកាល​ដ៏​ខ្មៅ​ងងឹត ដែល​ពោរពេញ​ទៅ​ដោយ​ទុក្ខវេទនា ការឈឺចាប់​ខ្លោចផ្សា និរាស​ព្រាត់ប្រាស់ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម​បាន​ឡើយ​។​

ទិដ្ឋភាពនៃពិធីរំលឹកខួប​លើក​ទី ៤១​ឆ្នាំ នៃ​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ឬ​ហៅ​ថា «​រណសិរ្ស​២​ធ្នូ​»​ (រូបថត៖ Freshnews)

​បើ​តាម​លោក ហេង សំរិន គុណ​រណសិរ្ស​២​ធ្នូ ដែល​ទទួលបាន​ការជួយ​ឧបត្ថម្ភ​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម គឺជា​បុព្វហេតុ​នៃ​ការ​កើត​មហា​ជ័យជំនះ ៧​មករា ១៩៧៩ បញ្ចប់​នូវ​សម័យកាល​ខ្មៅ​ងងឹត​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា និង​បើក​នូវ​សករាជ​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​ឱ្យ​ទទួលបាន​មកវិញ​នូវ​សិទ្ធិសេរីភាព និង​ឱកាស​ដើម្បី​ស្តារ កសាង​មាតុភូមិ​របស់​ខ្លួន​។​

​តែ​យ៉ាងណាក៏ដោយ​អ្នកនយោបាយ​ក៏​ដូចជា​ពលរដ្ឋ​ខ្មែរ មាន​និន្នាការ​ផ្ទុយគ្នា មិន​ដែល​ទទួលស្គាល់​លើ​តម្លៃ​២​ធ្នូ​ទេ និង​តែង​លើក​ហេតុផល​ផ្សេង​ពី​នេះ ជុំវិញ​ការបន្ត​ត្រួតត្រា​របស់​វៀតណាម​ដែល ធ្វើឲ្យ​ខ្មែរ​មានការខាត​បង់បន្ទាប់​ពី​ជួយ​ផ្តួលរំលំ​របប​ប៉ុល ពត​។​ទោះ​យ៉ាងនេះក្តី សម្រាប់​រដ្ឋាភិបាល​មិន​ដែល​បង្ខិតបង្ខំ​ឱ្យ​គេ​ទទួល​ស្គាល់​ទេ ក៏​ប៉ុន្តែ​នេះ​គឺជា​សច្ចៈ​ធម៌​ប្រវត្តិសាស្ត្រ ដែល​មិន​អាច​បំភ្លេចបាន​៕


(ប្រភព៖ Freshnews -សរុបដោយ ហេងវុធ្ធី)

(ប្រភព៖ Freshnews -សរុបដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម