Trending now

វត្តអារាមនៅទីក្រុងហូជីមិញ - កន្លែងតភ្ជាប់វប្បធម៌ប្រពៃណីរបស់ប្រជាជនខ្មែរ

14:59 | 16/05/2019 (រូបថតនិងអត្ថបទ Xuan Khu (TTXVN) បកប្រែដោយ សមុទ្រ)

យុគសម័យ - នៅក្នុងបរិបទដែលជីវភាពរស់នៅរបស់សហគមន៍ខ្មែរនៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) កំពុងមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដើម្បីសមស្របទៅនឹងសង្គមសម័យទំនើបនោះ ព្រះពុទ្ធសាសនាថេរវាទខ្មែរ និងវត្តអារាមនានា កំពុងបំពេញនូវតួនាទី តភ្ជាប់ទំនាក់ទំនងរក្សាវប្បធម៌ប្រពៃណីរបស់ប្រជាជនខ្មែរនៅក្នុងទីក្រុង។

ព្រះតេជគុណ Danh Lung និងព្រះសង្ឃនៅវត្តចន្ទរង្សី បានរួមជាមួយជនរួមជាតិខ្មែរនៃទីក្រុងហូជីមិញ និងតំបន់ជំវិញ អនុវត្តពិធីបួងសួងឧទ្ទិសកុសលសូមសេចក្តីសុខចម្រុងចម្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៩

ព្រះពុទ្ធសាសនាថេរវាទក្នុងជីវភាពប្រចំាថ្ងៃរបស់ជនជាតិខ្មែរ

ឆ្លងកាត់ជាច្រើនជំនាន់មក ព្រះពុទ្ធសាសនាថេរវាទបានក្លាយជាផ្នែកមួយដ៏មិនអាចខ្វះបានឡើយ ក្នុងជីវភាពខាងព្រលឹងវិញ្ញាណរបស់ប្រជាជនខ្មែរណាមបូ ដែលផ្សារភ្ជាប់ជាមួយនឹងទស្សនៈអំពីជីវិតមនុស្ស, ទស្សនៈអំពីពិភពលោក ដែលបានក្លាយទៅជាប្រភពគំនិតមួយដែលជះឥទ្ធិពលដល់ការបង្កើតលក្ខណៈវប្បធម៌ដោយឡែករបស់សហគមន៍ជនជាតិខ្មែរ។

ផ្សាភ្ជាប់នឹងព្រះពុទ្ធសាសនា គឺវត្តអារាម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃរបស់សហគមន៍ជនជាតិខ្មែរ។ យោងតាមប្រពៃណីរាប់ពាន់ឆ្នាំរបស់ជនជាតិខ្មែរណាមបូ វត្តអារាមតែងតែបានកសាងឡើងចំកណ្តាលនៃតំបន់ លើដីខ្ពស់ ដើម្បីងាយស្រួលក្នុងការគោរពបូជារបស់ពុទ្ធសាសនិកនិងការបួសរបស់ព្រះសង្ឃ។

សកម្មភាពក្នុងជីវភាពប្រចាំថ្ងៃក៏ដូចជានៅក្នុងពិធីបុណ្យវប្បធម៌សហគមន៍ឬការងាររបស់គ្រួសារនិមួយៗ ដូចជាបុណ្យសព អាពាហ៍ពិពាហ៍ ការសាងសង់ផ្ទះថ្មី សុទ្ធតែបានជះឥទ្ធិពលមកពីព្រះធម៌នៃព្រះពុទ្ធសាសនា។ ហេតុ ដូច្នេះ សកម្មភាពទាំងអស់នេះភាគច្រើនបានប្រព្រឹត្តទៅនៅវត្តអារាមដោយមានការចូលរួមដោយផ្ទាល់ឬការណែនាំរបស់ព្រះសង្ឃផងដែរ។ វត្ត ក៏ជាកន្លែងសម្រាប់បង្រៀនអក្សរឲ្យប្រជាជនខ្មែរ តម្កល់ទុកសៀវភៅ អភិរក្សអក្សរ ក៏ដូចជាតម្លៃវប្បធម៌ទាំងខាងសំភារៈនិងខាងស្មារតីរបស់ប្រជាជនខ្មែរ។

ប្រជាជនខ្មែរនៅទីក្រុងហូជីមិញ អនុវត្តពិធីស្រង់ព្រះពុទ្ធនៅវត្តចន្ទរង្សី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៩

សាស្ត្រាចារ្យរង បណ្ឌិត Huynh Ngoc Thu ប្រធាននាយកដ្ឋាននរវិទ្យានៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រនៃទីក្រុងហូជីមិញដែលបានចំណាយពេលជាច្រើន សម្រាប់ស្រាវជ្រាវពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរបានលើកឡើងថា ក្នុងជីវភាពខាងវប្បធម៌របស់សហគមន៍និងបុគ្គលនីមួយៗ ប្រជាជនខ្មែរមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវត្តអារាម ពីព្រោះ វត្តជាជាមជ្ឈមណ្ឌលប្រតិបត្តិសកម្មភាពសហគមន៍ ដែលបង្ហាញពីវប្បធម៌ - សាសនា មានលក្ខណៈអប់រំនិងការផ្សារភ្ជាប់សង្គមរបស់សហគមន៍។ ជាទូទៅវត្ត វត្តអារាមរបស់ប្រជាជនខ្មែរ មិនត្រឹមតែមានតួនាទីសាសនាប៉ុណ្ណោះទេ ថែមទាំងមានតួនាទីសំខាន់អំពីវប្បធម៌ - សង្គមក្នុងសហគមន៍ទៀតផង។

ការតភ្ជាប់ ពង្រឹងនិងពង្រីកវប្បធម៌ប្រពៃណី

បច្ចុប្បន្ននេះ សហគមន៍ជនជាតិខ្មែរនៅទីក្រុងហូជីមិញនៅតែគោរពតាមព្រះពុទ្ធសាសនាថេរវាទ ប៉ុន្តែផ្នត់រស់នៅ ជីវភាពវប្បធម៌របស់ប្រជាជនខ្មែរដែលរស់នៅច្រើនឆ្នាំនៅក្នុងទីក្រុងតែងតែមានភាពខុសគ្នា ដោយសារតែការសម្របខ្លួនទៅនឹងស្ថានភាពរស់នៅទីក្រុង។ នៅក្នុងបរិបទនេះ វត្តអារាមខ្មែរនៅក្នុងទីក្រុង បានក្លាយទៅទីតាំងតភ្ជាប់គ្នា ដែលរួមចំណែករក្សាទំនៀមទម្លាប់និងវប្បធម៌ប្រពៃណីរបស់ប្រជាជនខ្មែរអស់ជាច្រើនជំនាន់។

សកម្មភាពណែនាំរៀបចម្អិនអាហារប្រពៃណីរបស់ប្រជាជនខ្មែរនៅក្នុងបុណ្យចូលឆ្នំាប្រពៃណី ដែលបានរៀបចំឡើងនៅវត្តចន្ទរង្សី

បច្ចុប្បន្ននេះ នៅទីក្រុងហូជីមិញមានវត្តអារាមខ្មែរចំនួនពីរ គឺវត្តចន្ទរង្សី នៅខ័ណ្ឌទី ៣ និងវត្តពោធិវង្សនៅ ខ័ណ្ឌ Tan Binh។ វត្តទាំងពីរនេះ ជាមជ្ឈមណ្ឌលវប្បធម៌និងសាសនា នៃសហគមន៍ប្រជាជនខ្មែរនៅទីក្រុងហូជីមិញនិងតំបន់ជុំវិញ។ ជារៀងរាល់ឆ្នាំ នៅកន្លែងទាំងពីរនេះ តែងតែបានប្រព្រឹត្តទៅនូវព្រឹត្តិការណ៍ជាច្រើន ដែលទាក់ទងទៅនឹងសកម្មភាពវប្បធម៌ប្រពៃណីសាសនានិងជំនឿរបស់ជនរួមជាតិជាជនជាតិខ្មែរ និងជាកន្លែងសម្រាប់ថ្នាក់បង្រៀនអក្សរខ្មែរ និងអប់រំអំពីសីលធម៌ពុទ្ធសាសនាផងដែរ។

មិត្ត Tran Ngoc Tran (នៅស្រុក Binh Thoi ខេត្ត Ca Mau) ជានិស្សិតខ្មែរម្នាក់ដែលកំពុងសិក្សានៅមហាវិទ្យាល័យវប្បធ៌មក្រុងហូជីមិញបានអោយដឹងថា: “នៅថ្ងៃដែលព្រះច័ន្ទពេញបូរមីឬថ្ងៃឈប់សម្រាក ខ្ញុំតែងតែទៅវត្តចន្ទរង្សី ដើម្បីស្វែងយល់បន្ថែមអំពីអត្ថន័យនៃសកម្មភាពវប្បធម៌តាមបែបប្រពៃណី ដូចជាពិធីស្រង់ព្រះ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ចម្អិនម្ហូបតាមប្រពៃណីរៀនក្បាច់រាំជាដើម”។ នៅពេលសម្រាកវិស្សមកាល Tran និងនិស្សិតខ្មែរមួយចំនួន នឹងទៅកាន់វត្តអារាម ដើម្បីជួយព្រះសង្ឃ បង្រៀនភាសាខ្មែរសម្រាប់ប្អូនៗកុមារ។ Tran បានចាត់ទុក នេះជាភារកិច្ចរបស់ជំនាន់ក្រោយៗ ដែលរួមចំណែករក្សាប្រពៃណីជនជាតិខ្មែរក្នុងជីវភាពទំនើបបច្ចុប្បន្ន៕



(រូបថតនិងអត្ថបទ Xuan Khu (TTXVN) បកប្រែដោយ សមុទ្រ)

(រូបថតនិងអត្ថបទ Xuan Khu (TTXVN) បកប្រែដោយ សមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញលែងមាននាវានេសាទ IUU ទៀតហើយ
ការដក "កាតលឿង" របស់ EC៖ ការពិនិត្យឡើងវិញនូវកងនាវា ការធ្វើឌីជីថលទិន្នន័យ និងការដោះស្រាយការរំលោភបំពាន
ទិសដៅថ្មីសម្រាប់ជីវភាពរស់នៅរបស់អ្នកនេសាទវៀតណាម
ជួយអ្នកនេសាទទីក្រុងហូជីមិញឱ្យយល់ដឹងពីច្បាប់ និងនិយាយថាទេចំពោះការនេសាទខុសច្បាប់ (IUU)
ការយកឈ្នះលើ «កាតលឿង» របស់ IUU៖ តំបន់ជាច្រើនសម្រេចបាន ១០០% នៃនាវានេសាទដែលដំឡើងឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរ