ការចាត់ចែងសពដែលស្លាប់ដោយសារជំងឺកូវីដ ១៩ ខុសពីការណែនាំនឹងត្រូវផាកពិន័យពី ៥ ទៅ ២០ លានរៀល ខណៈដែលបុគ្គលពាក់ព័ន្ធនឹងអ្នកមានផ្ទុកកូវីដ ១៩ ហើយមិនសហការជាមួយមន្ត្រីសុខាភិបាលក្នុងការយកសំណាកនឹងត្រូវផាកពិន័យពី ១ លាន ទៅ ៥ លានរៀល និងបុគ្គលមិនព្រមពាក់ម៉ាស់តាមការព្រមានលើកទី១ នឹងត្រូវផាកពិន័យពី ២ សែនរៀល ទៅ ១ លានរៀល។ នេះបើតាមអនុក្រឹត្យស្ដីពីវិធានការគ្រប់គ្រងកូវីដ ១៩។
![]() |
បុគ្គលមិនព្រមពាក់ម៉ាស់នៅកន្លែងចាំបាច់តាមការព្រមានលើកទី១ នឹងត្រូវពិន័យពី ២ សែន ទៅ ១ លានរៀល។ (ប្រភព៖ Postkhmer) |
រាជរដ្ឋាភិបាលកាលពីថ្ងៃទី ១២ ខែមីនា បានចេញអនុក្រឹត្យថ្មីស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀតដែលមាន ៩ ជំពូក និង ៣៩ មាត្រា ព្រមទាំងបាននិរាករណ៍អនុក្រឹត្យចាស់។ អនុក្រឹត្យនេះចែងលម្អិតអំពីវិធានការនានារាប់ចាប់ពីការធ្វើអនាម័យ ការវាស់កម្ដៅ ការពាក់ម៉ាស់ ការរក្សាគម្លាត ការយកសំណាកទៅពិនិត្យ ការធ្វើចត្តាឡីស័ក ការព្យាបាល ការចាក់វ៉ាក់សាំង ការគ្រប់គ្រង និងចាត់ចែងសព។
តាមមាត្រា ១៩ នៃអនុក្រឹត្យនេះចែងថា បុគ្គលដែលមិនពាក់ម៉ាស់នៅកន្លែងចាំបាច់ដែលក្រសួងសុខាភិបាលបានណែនាំនឹងត្រូវរងការផាកពិន័យពី ២ សែនរៀល ទៅ ១ លានរៀល ប្រសិនបើបុគ្គលនោះមិនធ្វើតាមការព្រមានលើកទី ១។ ចំណែកអ្នករៀបចំកម្មវិធីអ្វីមួយដែលមិនគោរពទៅតាមគោលការណ៍គម្លាតសង្គមត្រូវរងការផាកពិន័យពី ១ លាន ទៅ ៥ លានរៀល ក្នុងករណីមិនធ្វើតាមការព្រមានលើកទី១។
ចំណែកគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្មដែលមិនអនុវត្តតាមការណែនាំអំពីការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាពនឹងត្រូវផាកពិន័យពី ២ លាន ទៅ ១០ លាន ក្នុងករណីដែលមិនស្ដាប់ការណែនាំ ឬការព្រមានរបស់អាជ្ញាធរមានសមត្ថកិច្ច។ នេះបើយោងតាមមាត្រា ២០ នៃអនុក្រឹត្យ។
ចំណែកមាត្រា ២១ នៃអនុក្រឹត្យនេះចែងថា៖ «ត្រូវផ្តន្ទាទោសផាកពិន័យអន្តរការណ៍ពី ១ លានរៀល ទៅ ៥ លានរៀល ចំពោះបុគ្គលដែលមិនសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ ១៩ ដូចមានចែងក្នុងមាត្រា ១០ នៃអនុក្រឹត្យនេះ។ ការបង់ប្រាក់ពិន័យអន្តរការណ៍នេះមិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្ត្រីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ ១៩ នោះទេ»។
អ្នកជំងឺកូវីដ១៩ ដែលមិនអនុវត្តតាមគោលការណ៍នៃការព្យាបាលក៏នឹងត្រូវផាកពិន័យពី ២ លានរៀល ទៅ ១០ លានរៀលផងដែរ ដូចមានចែងក្នុងមាត្រា ២៤ នៃអនុក្រឹត្យ។ ការផាកពិន័យក៏ធ្វើឡើងចំពោះបុគ្គលដែលចាត់ចែងសពមានផ្ទុកកូវីដ១៩ ល្មើសនឹងការណែនាំរបស់ក្រសួងសុខាភិបាល ដោយផាកពិន័យពី ៥ លាន ទៅ ២០ លានរៀល។ នេះបើតាមមាត្រា ២៥។
ចំណែកមាត្រា ២៦ ចែងថា៖ «ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១០ លានរៀល ទៅ ៥០ លានរៀល ចំពោះគ្រឹះស្ថានសុខាភិបាលឯកជនទាំងអស់ ដែលមិនបានធ្វើការជូនដំណឹងបន្ទាន់ទៅក្រសួងសុខាភិបាលក្នុងករណីពិនិត្យឃើញថា អ្នកជំងឺដែលកំពុងទទួលសេវាព្យាបាលនៅក្នុងគ្រឹះស្ថានរបស់ខ្លួនមានតម្រុយបញ្ជាក់ថា ជាអ្នកជំងឺដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬកំពុងគេចចេញពីកន្លែងធ្វើចត្តាឡីស័ក»។
អនុក្រឹត្យនេះធ្វើឡើងដើម្បីអនុវត្តឱ្យស្របទៅតាមច្បាប់ស្ដីពីវិធានការគ្រប់គ្រងកូវីដ ១៩ និងជំងឺកាចសាហាវប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត ដែលប្រមុខរដ្ឋស្ដីទីលោក សាយ ឈុំ បានចុះហត្ថលេខាប្រកាសឱ្យប្រើកាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២១។
ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីច្បាប់នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង និងរដ្ឋមន្ត្រីយុត្តិធម៌ លោក កើត រិទ្ធ នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយនៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី ១៥ ខែមីនា នេះ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងកាលពីម្សិលមិញថា ក្រៅពីការធ្វើសន្និសីទកាសែតនេះច្បាប់ថ្មីនេះត្រូវបានបកប្រែជាភាសាអង់គ្លេស និងភាសាចិន ដើម្បីឱ្យជនបរទេសដែលចេះភាសាទាំង ២ នេះអាចយល់កាន់តែច្បាស់ ខណៈដែលពួកគេមានវត្តមាននៅកម្ពុជា។
លោក ម៉ាលីន ក៏លើកទឹកចិត្តឱ្យស្ថានទូតនានាយកច្បាប់នេះទៅផ្សព្វផ្សាយដល់ពលរដ្ឋរបស់ខ្លួនដែលចូលមកកម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងច្បាប់ស្ដីពីវិធានការគ្រប់គ្រងកូវីដ១៩ នេះដែរលោក ហេង សំរិន ប្រធានរដ្ឋសភាបានអំពាវនាវឱ្យប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ចូលរួមអនុវត្តច្បាប់នេះឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
លោកបានថ្លែងតាមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២១ ថា៖ «ការចូលរួមគោរពច្បាប់ឱ្យបានពេញលេញ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ជាការថែរក្សាសុខុមាលភាពសង្គមជាតិរបស់យើងឱ្យចៀសផុតពីគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរដែលបង្កឡើងពីមេរោគដ៏កាចសាហាវនេះ។ ការដែលយើងមិនចូលរួមគោរពអនុវត្តច្បាប់ប្រៀបដូចយើងបានបំផ្លាញសុខភាពយើង សុខភាពគ្រួសារយើង និងសង្គមសេដ្ឋកិច្ចជាតិយើង ហើយនឹងត្រូវទទួលរងការពិន័យ និងផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមានទៀតផង»៕
Postkhmer/Khmertimes
មតិពីមិត្តអ្នកអាន