យុគសម័យ - ប្រទេសកម្ពុជាបានបដិសេធការចោទប្រកាន់ថាច្បាប់ដើម្បីបង្កើតវិបផតថលអ៊ិនធឺរណែតនឹងអនុញ្ញាតឱ្យមានការឃ្លាំមើលនិងត្រួតពិនិត្យតាមបែបចិន។
ប្រទេសកម្ពុជាច្រានចោលការសង្ស័យថាប្រទេសនេះនឹងត្រួតពិនិត្យលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតតាមបែបចិននោះឡើយ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា (MPTC) កាលពីថ្ងៃទី ១៩ ខែកុម្ភៈបានមានប្រសាសន៍ថា “ការចោទប្រកាន់ទាក់ទងនឹងច្បាប់ក្នុងការបង្កើតច្រកទ្វារអ៊ិនធរណេតគឺមិនមានមូលដ្ឋានច្បាស់លាស់នយោបាយមិនពិត” និងផ្ទុយគោលដៅដែលបានចែងនៅក្នុងច្បាប់ថ្មីដែលបានចេញផ្សាយនៅថ្ងៃទី ១៧ ខែកុម្ភៈ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របាននិយាយថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មិនមានបទប្បញ្ញត្តិនៅក្នុងច្បាប់ថ្មីដើម្បីអនុញ្ញាតឱ្យប្រមូលទិន្នន័យអ្នកប្រើប្រាស់ឬកំណត់សេរីភាពនៃការបញ្ចេញមតិនោះទេ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចេញសេចក្តីថ្លែងការណ៍នេះបន្ទាប់ពីជួបប្រទះការជំទាស់ទាក់ទងនឹងការសម្រេចចិត្តរបស់ខ្លួនក្នុងការបង្កើតប្រព័ន្ធត្រួតពិនិត្យតាមអ៊ិនធរណេតដែលអ្នករិះគន់បាននិយាយថានឹងអនុញ្ញាតឱ្យអាជ្ញាធរត្រួតពិនិត្យយ៉ាងតឹងរឹងលើអ៊ីនធឺរណែតដូចជាប្រទេសចិន។
គួរបញ្ជាក់ថារាជរដ្ឋាភិបាលបានចេញអនុក្រឹត្យថ្មីមួយស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ (NIG) ដែលអាចជួយសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្ដាញអ៊ីនធឺណិតនានានៅក្នុងស្រុកនិងអន្តរជាតិ។
អនុក្រឹត្យនេះក៏នឹងពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពលើការកៀរគរចំណូលជាតិ ការពារសន្ដិសុខជាតិ និការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណីជាតិ។ អនុក្រឹត្យនេះត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបានចេញនៅថ្ងៃអង្គារនេះ ខណៈដែលអនុក្រិត្យនេះមានវិសាលភាពអនុវត្តចំពោះរាល់ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធនិងប្រតិបត្តិការសេវាអ៊ិនធឺណិតទាំងអស់នៅក្នុងប្រទេសកម្ពុជា។
មានន័យថាច្រកទ្វារអ៊ីនធឺណិតក្នុងប្រទេស និងច្រកទ្វារអ៊ីនធឺណិតអន្តរជាតិនៃច្រកទ្វារអ៊ីនធឺណិតជាតិត្រូវធ្វើប្រតិបត្តិការនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យនិងក្រុងបាវិតនៃខេត្តស្វាយរៀង ក៏ដូចជានៅតាមទីតាំងមួយចំនួនទៀតស្របតាមតម្រូវការជាក់ស្តែង ដោយមានការឯកភាពពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ច្រកទ្វារអ៊ីនធឺណិតជាតិត្រូវបានចាត់ទុកថាជាប្រព័ន្ធច្រកទ្វារអ៊ីនធឺណិតតែមួយដើម្បីធ្វើឱ្យការគ្រប់គ្រងបណ្តាញមានប្រសិទ្ធិភាពនៅក្នុងប្រទេស។ វានឹងបង្កើតប្រព័ន្ធច្រកចេញចូលតែមួយដើម្បីភ្ជាប់បណ្តាញអ៊ិនធរណេតក្រៅប្រទេសទាំងអស់តាមរយៈចំណុចតែមួយនិងសន្សំសំចៃថ្លៃដើមសម្រាប់វិស័យទូរគមនាគមន៍របស់ប្រទេសកម្ពុជា។
យោងតាមអនុក្រឹត្យ ច្រកទ្វារអ៊ីនធឺណិតជាតិត្រូវតែមានប្រតិបត្តិករដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលតាមរយៈរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
អនុក្រឹត្យដដែលចែងថាបុគ្គលដែលមានបំណងធ្វើប្រតិបត្តិការច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវតែដាក់ពាក្យសុំអាជ្ញាប័ណ្ណពីនិយតករទូរគមនាគមន៍កម្ពុជា (TRC) ។ ល័ក្ខខ័ណ្ឌ និងនីតិវិធីនៃការដាក់ពាក្យស្នើសុំ ផ្ដល់ ព្យួរ និងដកហូតអាជ្ញាប័ណ្ណនឹងត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
អនុក្រឹត្យបន្ថែមថា៖ «ក្រៅពីកាតព្វកិច្ចដែលមានចែងនៅក្នុងច្បាប់ទូរគមនាគមន៍ ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតនិងបុគ្គលពាក់ព័ន្ធទាំងអស់ត្រូវភ្ជាប់ឬ ភៀរីងបណ្តាញរបស់ខ្លួនជាមួយនឹងច្រកទ្វារអ៊ីនធឺណេតក្នុងប្រទេសដែលស្ថិតនៅក្រោមការត្រួតពិនិត្យនិងប្រតិបត្តិការដោយប្រតិបត្តិករនៃច្រកទ្វារអ៊ីនធឺណិតជាតិ»។
«ការតភ្ជាប់និង/ឬភៀរីងបណ្តាញរបស់ប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិត និងបុគ្គលពាក់ព័ន្ធនេះត្រូវអនុវត្តសម្រាប់ការផ្លាស់ប្ដូរត្រាហ្វ៊ិកក្នុងប្រទេស តាមរយៈច្រកអ៊ីនធឺណិតក្នុងប្រទេស និងអាចទទួលយកការតភ្ជាប់អាយភីអិលស៊ី ពីក្រៅប្រទេសតាមរយៈច្រកទ្វារអ៊ិនធឺណេតអន្តរជាតិ»។ អ្នកផ្តល់សេវាទូរគមនាគមន៍ទាំងអស់ដែលភ្ជាប់ជាមួយប្រតិបត្តិកររបស់ច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវតែតម្រូវឱ្យអ្នកប្រើប្រាស់បណ្តាញនិងសេវាកម្មទូរគមនាគមន៍បំពេញបែបបទនិងបញ្ចូលអត្តសញ្ញាណប័ណ្ណដើម្បីគោរពតាមបទប្បញ្ញត្តិ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសហការបង្រ្កាបអំពីល្មើសទាក់ទងនឹងការតភ្ជាប់ និងប្រើប្រាស់ប្រព័ន្ធអ៊ិនធរណេតឆ្លងដែនខុសច្បាប់។
អនុក្រឹត្យនេះបានបន្តថាប្រតិបត្តិកររបស់ច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវផ្តល់របាយការណ៍ត្រាហ្វ៊ិកជូនក្រសួងប្រៃសណីយ៍ និងនិយតករទូរគមនាគមន៍កម្ពុជាប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំក្នុងរយៈពេល ៧ ថ្ងៃ ក្រោយដំណាច់ខែត្រីមាស ឆមាស នព្វមាស និងឆ្នាំនីមួយៗ៕
(ប្រែសម្រួលដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: congnghe.tuoitre.vn)