Trending now

ព្រឹត្តិការណ៍សំខាន់ៗ ដែលកើតឡើងនៅប្រទេសកម្ពុជា ឆ្នាំ២០២០

16:13 | 11/01/2021

ឆ្នាំ២០២០ គឺជាឆ្នាំដ៏លំបាកជាងគេរបស់មនុស្សជាតិលើពិភពលោក រាប់ទាំងប្រទេសកម្ពុជាផងដែរ ដោយសារតែការរីករាលដាលជំងឺកាចសាហាវកូវីដ១៩ ជាជំងឺថ្មីដែលមានការចម្លង និងសម្លាប់មនុស្សលឿនបំផុត ហើយមិនមានថ្នាំព្យាបាល។ ប្រទេសកម្ពុជា ជាប្រទេសតូចមួយអំណោយផលសម្រាប់ភូមិសាស្រ្តនយោបាយ ក្រៅពីប្រឈម និងប្រយុទ្ធយ៉ាងស្វិតស្វាញ ជាមួយជំងឺកូវីដ១៩ ក៏ពើបប្រទះរឿងរ៉ាវជាច្រើន ដោយមានព្រឹត្តិការណ៍រលំបាក់អគារ ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ព្រឹត្តិការណ៍មនុស្សធម៌ឱ្យនាវាទេសចរណ៍លោកខាងលិចដែលគេបដិសេធចូលចត ការចុះកិច្ចព្រមព្រៀងពាណិជ្ចកម្មកម្ពុជា-ចិន ការអនុវត្តការដកប្រព័ន្ធអនុគ្រោះពន្ធ២០ភាគរយរបស់អឺរ៉ុប គ្រោះទឹកជំនន់ និងការផ្តល់ជំនួយម៉ាស់ដល់ប្រទេសក្នុងតំបន់ផងដែរ។

ព្រឹត្តិការណ៍សំខាន់ៗ ដែលកើតឡើងនៅប្រទេសកម្ពុជា ឆ្នាំ២០២០

អង្គភាពព័ត៌មាន Fresh News សូមរម្លឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដែលបានកើតឡើងក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០ ដូចតទៅ៖

១៖ ការរីករាលដាលជំងឺកូវីដ១៩

ខណៈដែលប្រទេសចិន ចាប់ផ្តើមផ្ទុះជំងឺកូរ៉ូណា ដែលក្រោយមកប្តូរជាឈ្មោះ​កូវីដ១៩ (Covid-19) នៅទីក្រុងវូហាន ខេត្តហឺប៉ី នាចុងឆ្នាំ២០១៩នោះ នៅកម្ពុជា ដែលស្ថិតនៅក្នុងតំបន់ជាមួយគ្នា មិនទាន់មានការឆ្លងជំងឺកាចសាហាវនេះឆ្លងមកដល់នៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការមួយចំនួនរួចជាស្រេច ជាពិសេសការត្រួតពិនិត្យមេរោគនៅព្រលានយន្តហោះ ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ១៩ មកពីប្រទេសចិន ក៏ដូចជាប្រទេសផ្សេងៗទៀត ដែលមានការឆ្លងរីករាលដាល។

កម្ពុជាបានចាប់ផ្តើមរកឃើញមានករណីកូវីដ១៩ ដំបូងបង្អស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ដែលករណីនេះ កើតឡើងចំពោះជនជាតិចិនមួយរូប មកពីក្រុងវូហាន ដែលជាក្រុងដំបូងនៃការផ្ទុះជំងឺនេះ តែក៏មិនមែនកើតឡើងលើជនជាតិខ្មែរឡើយ។ ៣ខែក្រោយមក ទើបមានពលរដ្ឋខ្មែរម្នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ នៅខេត្តសៀមរាប ជាខេត្តទេសចរណ៍ដ៏សំខាន់បំផុតរបស់កម្ពុជា។ រូបគាត់ បានឆ្លងបន្តពីជនជាតិជប៉ុនម្នាក់ ដែលបំពេញការងារជាមួយគ្នា ប៉ុន្តែករណីនេះនៅតែត្រូវបានក្រសួងសុខាភិបាល កំណត់ថា «មិនមែនជាការឆ្លងក្នុងសហគមន៍» ទេ វាជាករណីនាំចូលនៅឡើយ ហើយកម្ពុជានៅតែបន្តគ្រប់គ្រងមិនឱ្យមានការឆ្លងដល់សហគមន៍យ៉ាងល្អប្រសើរ។

រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Péter Szijjártó បានបង្កភាពភ្ញាក់ផ្អើលម្តងទៀត ដោយលោករដ្ឋមន្រ្តី ត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩ ក្រោយពេលចាកចេញពីកម្ពុជា ទៅដល់ប្រទេសថៃ។ ព្រឹត្តិការណ៍៣វិច្ឆិកា មានមនុស្សជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលសរុប១៨០២នាក់ ដែលក្នុងនោះមាន៤នាក់ ត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩ ខណៈដែលមានការរីករាលដាលដល់១១ខេត្ត នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានរាជធានីភ្នំពេញ កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ កែប ព្រះសីហនុ ព្រៃវែង កំពង់ចាម កំពង់ធំ ព្រះវិហារ និងរតនគិរីជាដើម។ ព្រឹត្តិការណ៍៣វិច្ឆិកា បានបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែបែរជាលេចចេញ នូវព្រឹត្តិការណ៍ថ្មី នោះគឺព្រឹត្តិការណ៍ឆ្លងសហគមន៍២៨វិច្ឆិកា វិញម្តង បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញជំងឺកូវីដ១៩ នៅលើខ្លួន ភរិយារបស់ អគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ ដែលមិនបានដឹងថា គាត់ឆ្លងពីនោះទេ ហើយពួកគាត់មិនបានពាក់ព័ន្ធទាល់តែសោះ ជាមួយនឹងព្រឹត្តិការណ៍៣វិច្ឆិកា។ ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ដែលជាការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកដំបូងរបស់កម្ពុជា ដែលមានអ្នកឆ្លងសរុបចំនួន៤១នាក់ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា នៅតែគ្រប់គ្រងស្ថានការណ៍បានល្អ ដែលធ្វើឱ្យ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីលែងមានអ្នកឆ្លងបន្តទៀតរយៈពេល២សប្តាហ៍។ ជារួមក្នុងឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣៧៨នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៦នាក់។

២៖ ការរលំបាក់អគារនៅខេត្តកែប

អគារកម្ពស់៧ជាន់ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។ មូលហេតុនៃការបាក់នេះ ដោយសារតែកំហុសបច្ចេកទេស ក្នុងការសាងសង់ ដោយការដាក់ដែកមិនត្រូវតាមស្តង់ដារ និងការប្រញាប់ប្រញាលរុះរើទម្រប្លង់សេត្រឹមរយៈពេល១០ថ្ងៃ បញ្ហាប្លង់សេ ខណៈដែលជាធម្មតាបច្ចេកទេសប្លង់សេត្រូវរង់ចាំរហូតដល់២៧ ឬ២៨ថ្ងៃ។ ព្រឹត្តិការណ៍នេះ បានបណ្តាលឱ្យ មានជនរងគ្រោះសរុប៥៩នាក់ ក្នុងនោះមានស្លាប់៣៦នាក់ និងជួយសង្គ្រោះ ២៣នាក់។ មេហ្គាសាងសង់អគារនេះ បានស្លាប់ជាមួយនឹងកម្មករ ចំណែកម្ចាស់សំណង់ដំបូងឡើយ ត្រូវបានចាប់ខ្លួន ប៉ុន្តែក្រោយមកត្រូវបានតុលាការសម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ បទពិសោធន៍នៃការរលំបាក់អគារនេះ បាននាំទៅដល់ ការចេញសេចក្តីណែនាំ មិនអនុញ្ញាតឱ្យកម្មករស្នាក់នៅអគារដែលកំពុងសាងសង់ និងការ ពង្រឹងនូវគុណភាពការសាងសង់អគារ នៅទូទាំងប្រទេស ដែលតម្រូវឱ្យ ក្រុមហ៊ុនម៉ៅការត្រូវតែចុះបញ្ជី និងមានជំនាញពីសាលាត្រឹមត្រូវ។

៣៖ ការទៅសួរសុខទុក្ខប្រធានាធិបតី និងប្រជាជនចិនរបស់សម្តេចតេជោ ហ៊ុន សែន

គ្រាដែលប្រទេសចិន ចាប់ផ្តើមផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុងក្រុងវូហាន ខេត្តហឺប៉ី ប្រទេសមួយចំនួននៅលោកខាងលិច បានដាក់សម្ពាធដល់ រដ្ឋាភិបាលប្រទេស មហាយក្ស ជំនាន់ថ្មីនេះ តាមរយៈការប្រើប្រាស់នូវព័ត៌មានចចាមអារ៉ាមដើម្បីសម្អុយចិន។ ព័ត៌មានខ្លះបានចោទថា ជំងឺនេះបានផ្ទុះចេញពីទីតាំងផលិតអាវុធគីមី នៅក្រុងវូហាន ខ្លះទៀតថា កើតឡើង ដោយសារតែប្រជាជនចិនបរិភោគសាច់សត្វប្រចៀវស្មោគរោគ ហើយទំនងជាពាក្យចចាមអារ៉ាមនេះហើយ បានធ្វើឱ្យប្រជាជន និងរដ្ឋាភិបាលមហាយក្សចិន ស្ថិតនៅក្នុងភាពឯកោមួយរយៈ ដោយគ្មានមេដឹកនាំណាមួយបានទៅប្រទេសនេះទេ។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាមិត្តដែកថែបរបស់ចិន បានក្លាយជាមេដឹកនាំ នៃប្រទេសជាមិត្តដំបូងគេ ដែលបានបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន ដើម្បីផ្តល់ជាកម្លាំងចិត្ត និងសួរសុខទុក្ខ មេដឹកនាំ និងប្រជាជនដែលកំពុងរងគ្រោះ។

៤៖ ការអនុញ្ញាតឱ្យនាវា «វេស្ទើដាម» ចូលចត ខណៈប្រទេសផ្សេងៗបដិសេធ

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» ដែលត្រូវប្រទេសចំនួន៤ និងកោះចំនួន២ បដិសេធមិនឱ្យចូលចត ដោយសារតែបារម្ភខ្លាចមានមេរោគកូវីដ១៩នោះ បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាការសម្រេចចិត្ត ដោយយោងលើ មនុស្សធម៌ជាសំខាន់។ នាវាដែលតែលតោលនៅកណ្តាលលំហរសមុទ្ររយៈពេលជិត២សប្តាហ៍នេះ ផ្ទុកដោយមនុស្សសរុបប្រមាណ២២០០នាក់ ក្នុងនោះអ្នកទេសចរប្រមាណ១៤៥៥នាក់ និងបុគ្គលិកបម្រើការ ៨០២នាក់។ ការអនុញ្ញាតឱ្យនាវាខាងលើចូលចត ត្រូវបានរិះគន់យ៉ាងខ្លាំងដោយក្រុមប្រឆាំងជ្រុលនិយម ប៉ុន្តែបែរជាទទួលបានសារសម្តែងនូវការកោតសរសើរជាច្រើន ក្នុងនោះមានសារពីប្រធានាធិបតីអាមេរិក, ម្ចាស់នាវាវេស្ទើដាម ក៏ដូចជាអង្គការទេសចរណ៍អន្តរជាតិផងដែរ។

៥៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ អំឡុង ទស្សនកិច្ចផ្លូវការរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន មកកាន់ប្រទេសកម្ពុជា ហើយការអនុវត្តកិច្ចព្រមព្រៀងនេះ ចូលជាស្ថាពរនៅឆ្នាំ២០២១។ ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកើតឡើងប្រមាណ២៥ភាគរយ ដោយសារតែ កម្ពុជានឹងអាចនាំចេញទៅចិននូវទំនិញជាង ៣៤០មុខទំនិញ ហើយ ៩៥% នៃទំនិញនោះនឹងចុះពន្ធទៅ ០%។ នៅសល់៥% គឺចុះក្នុងរយៈពេល១០ឆ្នាំ ឬអាចឆ្នាំបន្ទាប់អាចចុះទៅ០%។ ចំណែកមុខទំនិញដែលភាគីចិន គិតពន្ធពីប្រទេសកម្ពុជា គឺជាប្រភេទគ្រឿងចក្រ និងយានយន្តផ្សេងៗ។

៦៖ ការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជា ២០ភាគរយ ដែលនាំចេញទៅអឺរ៉ុប

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានចេញសេចក្តីសម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលមានន័យថា អឺរ៉ុបសម្រេចយកពន្ធលើទំនិញកម្ពុជាប្រមាណ២០ភាគរយ ក្នុងចំណោមទំនិញទាំងអស់ ដែលនាំទៅកាន់ សហភាពអឺរ៉ុប។ តាមការវាយតម្លៃរបស់ផ្នែកឯកជន ការកាត់ផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណជាង១០០លានដុល្លារអាមេរិក លើកផលិតផល៤១មុខរបស់កម្ពុជា។ ការសម្រេចនេះ មិនទាន់អនុវត្តនៅឡើយទេ ដោយរង់ចាំរហូត៦ខែទៀត។ ការគិតពន្ធលើមុខទំនិញកម្ពុជា ២០ភាគរយ ត្រូវបានអនុវត្តចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ តទៅ។ ទោះបីជាកម្ពុជា បានសម្តែងការសោកស្តាយចំពោះ ការសម្រេចរបស់អឺរ៉ុប ប៉ុន្តែកម្ពុជាក៏បានប្រកាសជំហរដែរថា ខ្លួននឹងមិនស្នើសុំ EBA ២០ភាគរយដែលអឺរ៉ុបកាត់នោះ ត្រឡប់មកវិញទេ។ ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) គង់មានថ្ងៃណាមួយបាត់បង់មិនខាន ចំណែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងបន្តនៅជាមួយកម្ពុជាជារៀងរហូត។

៧៖ ការបំពេញទស្សនកិច្ចផ្ទាល់របស់ប្រធានាធិបតី និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសជាមិត្ត៣រូប

នៅឆ្នាំ២០២០ កន្លងទៅនេះ កម្ពុជាបានទទួលទស្សនកិច្ចរបស់ឥស្សរជនជាន់ខ្ពស់ នៃប្រទេសជាមិត្តចំនួន៤រូប ក្នុងនោះមាន លោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីខែកុម្ភៈ, ទស្សនកិច្ច លោក ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេសជប៉ុន នៅខែសីហា, លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅខែកញ្ញា និងទស្សនកិច្ចរបស់ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី នៅចុងខែតុលា ឆ្នាំ២០២០។ ទស្សនកិច្ចទាំងនេះ ក្រៅពីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ ថែមទាំងផ្តល់នូវផលប្រយោជន៍ពាណិជ្ជកម្មដ៏ខ្លាំងក្លាឱ្យគ្នាទៅវិញទៅមក។

៨៖ គ្រោះទឹកជំនន់

នៅខែតុលា ឆ្នាំ២០២០ គ្រាដែលកម្ពុជាចាប់ផ្តើមស្បើយចំពោះការរកឃើញករណីកូវីដ១៩ ជំនន់ទឹកភ្លៀងក៏ចាប់ផ្តើមវាយប្រហារ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ អំឡុងពេលនោះ មានចំនួន៤៤នាក់ ក្នុងនោះខេត្តបន្ទាយមានជ័យ មានរហូតដល់ទៅ ២៦នាក់។ ទឹកជំនន់បានបង្កផលប៉ះពាល់រាជធានី-ខេត្ត ចំនួន២០ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ ព្រមទាំងធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋជិត ១៥ម៉ឺនគ្រួសារ ស្មើនឹងជិត ៦០ម៉ឺននាក់។ ប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ ស្មើនឹងជិត ៥ម៉ឺននាក់ ត្រូវបានជម្លៀស។ ជាមេដឹកនាំដែលតែងនៅជាប់ជាមួយប្រជាជនពេលមានទុក្ខលំបាក សម្តេចតេជោ ហ៊ុន សែន បានចុះទៅដល់មូលដ្ឋាន ដែលពលរដ្ឋ រងគ្រោះដោយទឹកជំនន់ នៅរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ ដែលជាខេត្តរងគ្រោះធ្ងន់ធ្ងរជាងគេ ហើយបានបញ្ជាប្រតិបត្តិការ សង្គ្រោះដោយផ្ទាល់តែម្តង។

៩៖ ការផ្តល់ជំនួយម៉ាស និងសម្ភារៈបរិក្ខាដល់ប្រទេសនៅក្នុងតំបន់

ក្នុងនាមប្រទេសរួមតំបន់ជាមួយគ្នា នាចុងឆ្នាំ២០២០ កម្ពុជាបានផ្តល់អំណោយម៉ាស និងបរិក្ខារពេទ្យជូនដល់ប្រទេសចំនួន៤ ដែលក្នុងនោះមានប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រឡេស្តេ និងនេប៉ាល់ផងដែរ។ សម្រាប់រដ្ឋាភិបាលឡាវ កម្ពុជាបានផ្តល់ម៉ាស់ចំនួន ២លាន និងបរិក្ខារពេទ្យមួយចំនួន, រដ្ឋាភិបាលមីយ៉ាន់ម៉ា កម្ពុជាផ្តល់ម៉ាសចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួន, រដ្ឋាភិបាលទីម័រឡេស្ត ម៉ាសចំនួន ១លាន ៥ម៉ឺន និងបរិក្ខារពេទ្យមួយចំនួន និងរដ្ឋាភិបាលប្រទេសនេប៉ាល់ កម្ពុជាបានផ្តល់ម៉ាសជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ការផ្តល់ជំនួយម៉ាស់ និងបរិក្ខាពេទ្យរបស់កម្ពុជានេះ ជាការចូលរួមផ្នែកមនុស្សធម៌ ដើម្បីចូលរួមជាមួយប្រទេសដែលមានភាពខ្សត់ខ្សោយនៅក្នុងតំបន់ទាំងនោះ រួមគ្នាប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។

១០៖ ការប្រកាសត្រៀមទិញវ៉ាក់សាំងកូវីដ១៩

នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ខណៈដែលកម្ពុជា កំពុងមានការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកដំបូង និងប្រជាពលរដ្ឋមានការព្រួយបារម្ភនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអំពីការត្រៀមថវិកាទិញវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ក្នុងដំណាក់កាលដំបូង រាជរដ្ឋាភិបាលកម្ពុជា នឹងទិញវ៉ាក់សាំង១លានដូស (មួយលានដូស) ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេល មានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ ត្រូវការចាក់វ៉ាក់សាំង។ ទោះជាយ៉ាងនេះក្តី អ្នកដែលត្រូវទទួលវ៉ាក់សាំង ក្នុងដំណាក់កាលដំបូងនេះ មានគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីពន្ធនាគារ មន្ត្រីយុត្តិធម៌ខាងជលផល ព្រៃឈើ និងបរិស្ថានជាដើម ប៉ុន្តែការទិញវ៉ាក់សាំងអាចធ្វើទៅបាន លុះត្រាតែវ៉ាក់សាំងនោះ ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ជាមុនសិន។ ទោះបីជាមិនមានការប្រកាសអំពាវនាវស្វែងរកថវិកាពីសប្បុរសជន ប៉ុន្តែការប្រកាសទិញវ៉ាក់សាំងរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលការគាំទ្រយ៉ាងខ្លាំងពីសប្បុរសជនក្នុងវិស័យរដ្ឋ និងឯកជន។ មានថ្នាក់ដឹកនាំ មហាសេដ្ឋី ប្រជាពលរដ្ឋ យុវជន មិនតិចនោះទេ បានចូលរួមបរិច្ចាគថវិកាជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ទិញវ៉ាក់សាំងនេះ។

១១៖ ការបង្កើតគណបក្សនយោបាយ និងការស្នើសុំនីតិសម្បទា

នៅឆ្នាំ២០២០នេះ មានអតីតថ្នាក់ដឹកនាំរបស់អតីតគណបក្សសង្រ្គោះជាតិចំនួន៥នាក់ បានទទួលនីតិសម្បទាធ្វើនយោបាយឡើងវិញ បន្ទាប់ពីពួកគេបានដាក់ពាក្យស្នើសុំតាមរយៈក្រសួងមហាផ្ទៃ។ គោលដៅនៃការដាក់ពាក្យស្នើសុំនេះ មានមួយចំនួនអស់ជំនឿ នឹងអតីតមេដឹកនាំខ្លួន ហើយសម្រេចបង្កើតគណបក្សនយោបាយ ខ្លះទៀតរង់ចាំឱកាសធ្វើនយោបាយ និងខ្លះទៀត ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សកាន់អំណាច។ រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន, ទី១២៖ លោកវ៉ា សាម៉ុន, ទី១៣៖ លោក ស៊ុន សុភ័ក្រ និងចុងក្រោយទី១៤៖ លោកស្រី លី ស្រីវីណា។

១២៖ សម រង្ស៉ី និង កឹម សុខា ក្នុងវិថីច្បាប់

នៅឆ្នាំ២០២០នេះ តុលាការបានចាប់ផ្តើមបន្តសវនាការចំពោះសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលតុលាការបាត់កាត់ទោសរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ ភស្តុតាងជាច្រើនត្រូវបានរកឃើញ ដើម្បីបន្ថែមបន្ទុកលើ លោក កឹម សុខា ក្នុងនោះក៏មានការបង្ហាញភស្តុតាងជាវីដេអូថែមទៀត ដោយលោក សម រង្ស៉ី ជាដៃគូចាប់ដៃជាន់ជើងរបស់ លោក កឹម សុខាផងដែរ។ ចំណែក លោក សម រង្ស៉ីវិញ ត្រូវបានតុលាការបន្តនីតិវិធីជាបន្តបន្ទាប់ ទាំងនៅតុលាការកម្ពុជា និង នៅតុលាការបារាំង។ នៅកម្ពុជា តុលាការបានកាត់ទោសឱ្យ លោក សម រង្ស៉ី ជាប់ពន្ធនាគារ៤ឆ្នាំបន្ថែមទៀត បន្ថែមលើទោសដ៏ច្រើនសន្ធឹកសន្ធាប់របស់លោកនាពេលកន្លងទៅ ក្នុងនោះមានកាត់ទោសមាន២ឆ្នាំ លើករណីបំភ្លៃព័ត៌មានជុំវិញមរណភាពរបស់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ និង២ឆ្នាំទៀត លើករណីញុះញង់ប្រជាពលរដ្ឋកុំឱ្យសងបំណុលធនាគារ។ ជាមួយគ្នានេះ តុលាការក៏បានបន្តនីតិវិធីលើសំណុំរឿងប្រមាថអង្គព្រះមហាក្សត្រជាថ្មី ដែលធ្វើឡើងដោយ លោក សម រង្ស៉ី ផងដែរ។ ចំណែកនៅប្រទេសបារាំងឯនោះវិញ តុលាការបារាំង បានចោទប្រកាន់ លោក សម រង្ស៉ី ពី «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងរបស់ មេធាវីសម្តេចតេជោ ហ៊ុន សែន និង លោក ឌី វិជ្ជា កូនប្រុសរបស់ លោក ហុក ឡង់ឌី។

១៣៖ ការរកឃើញដំណក់ប្រេងលើកដំបូងរបស់កម្ពុជា

នៅពេលនេះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួនហើយ ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។ ការចាប់ផ្តើមបូមប្រេងជាលើកដំបូងនេះ ចំថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ការរកឃើញដំណក់ប្រេងលើកដំបូងនេះ ទទួលបានការសាទរជាជនរួមជាតិគ្រប់មជ្ឈដ្ឋាន។

១៤៖ សារនយោបាយសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន

មិនខុសអ្វីពីឆ្នាំមុនៗ នៅឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន ក៏មានសារនយោបាយជាច្រើនផងដែរ៕

(ប្រភពព័ត៌មាន: freshnewsasia.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ