ព្រៃវែង ជាខេត្តជាប់ចំណាត់ថ្នាក់លេខមួយលើការផលិតស្រូវ ទាំងការផ្គត់ផ្គង់ក្នុងខេត្ត និងការនាំចេញ។ របាយការណ៍របស់មន្ទីរកសិកម្មខេត្តព្រៃវែង ស្ដីពីស្ថានភាពនៃការងារបន្តបង្កើនផលដំណាំស្រូវរដូវវស្សាឆ្នាំ២០២០ រយៈពេលជិត៣ខែ គិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ខេត្តព្រៃវែង បាននាំចេញស្រូវទៅប្រទេសវៀតណាមសរុបជាង១៨ម៉ឺនតោន ដោយលក់បានតម្លៃ២២៣ដុល្លារ ក្នុងមួយតោន។
រយៈពេល៣ខែ ខេត្តព្រៃវែងនាំចេញស្រូវជាង១៨ម៉ឺនតោនទៅវៀតណាម
រយៈពេលជិត៣ខែ ឆ្នាំ២០២០នេះ ខេត្តព្រៃវែងបានដាំដុះស្រូវលើផ្ទៃខ្ពស់ជាងឆ្នាំ២០១៩ ចំនួន៣០៤ហិកតា ស្មើនឹង ៨៨.៥៧ ភាគរយ នៃផែនការ២៥ម៉ឺនហិកតា បើធៀបនឹងរយៈពេលដូចគ្នា។ ចាប់ពីថ្ងៃទី២២-៣១ ខែឧសភា ឆ្នាំ២០២០ បាននាំចេញជាង២ម៉ឺនតោន ហើយចាប់ពីថ្ងៃទី១-៣០ មិថុនា ឆ្នាំ២០២០បាននាំចេញជាង៦ម៉ឺនតោន និងចាប់ពីថ្ងៃទី១-៣១ កក្កដា ឆ្នាំ២០២០ បាននាំចេញ៩ម៉ឺនតោន។ ចំណែកឯរយៈពេលចុងក្រោយ ចាប់ពីថ្ងៃទី១-៩ សីហា ឆ្នាំ២០២០ បាននាំចេញជាង២ម៉ឺនតោនផងដែរ។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានលើកឡើងដូច្នេះថា ទោះបីជាមានបញ្ហារាលដាលនៃជំងឺកូវីដ-១៩ តែការផលិត ក៏ដូចជានាំចេញស្រូវនៅខេត្តព្រៃវែងនេះមិនមានការថយចុះឡើយ ហើយរដ្ឋាភិបាល បានជំរុញបន្ថែមក្នុងបរិបទនេះផងដែរ។
លោក បានប្រាប់យ៉ាងដូច្នេះថា៖«ចំពោះការនាំចេញស្រូវ គឺក្រោយពីកសិករបានទុករួចជាស្រេចសម្រាប់ផ្គត់ផ្គង់ជាស្បៀងនៅក្នុងស្រុកហើយ ទើបនាំចេញ។ ចំពោះការប្រមូលផលស្រូវស្រាលដើមរដូវនេះគឺភាគច្រើននាំចេញស្ទើរតែ៨០ ទៅ៩០ភាគរយ ហើយមិនមានជួបប្រទះបញ្ហាខ្វះខាតអ្វីនោះទេ តម្រូវការក្នុងស្រុកគឺគ្រប់គ្រាន់»។ លោក បន្ថែមថា ដោយសារតែលើសពីតម្រូវការពលរដ្ឋក្នុងស្រុក ទើបមានការនាំចេញទៅក្រៅប្រទេស ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។ ការប្រមូលផលនេះ មានលក្ខណៈបម្រុងរួចជាស្រេច ដោយចំនួន១៣ភាគរយសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក មិនមាននាំចូលអង្ករពីក្រៅប្រទេសឡើយ។
រយៈពេល៣ខែ ខេត្តព្រៃវែងនាំចេញស្រូវជាង១៨ម៉ឺនតោនទៅវៀតណាម
លោក បានពន្យល់បន្ថែមយ៉ាងដូច្នេះ បច្ចុប្បន្ននេះជារដូវដាំដុះស្រូវ IR504 ដែលស្រូវផលិតឡើងសម្រាប់ការនាំចេញ ហើយការផ្គត់ផ្គង់ក្នុងស្រុកគឺប្រភេទស្រូវក្នុងស្រុក ដូចជា ផ្ការំដួល ជាដើម។ ស្រូវសម្រាប់នាំចេញ ជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវ ដែលកសិករអាចដាំដុះបានគ្រប់ពេលវេលាបាន ទាំងរដូវប្រាំង និងរដូវវស្សា ប្រើពេលតែ៩៥ថ្ងៃអាចប្រមូលផលបាន។ ខេត្តព្រៃវែង ដាំដុះស្រូវចំនួន៣ប្រភេទគឺ ស្រូវស្រាលមិនប្រកាន់រដូវ ស្រូវកណ្ដាល និងស្រូវធ្ងន់ប្រកាន់រដូវ ហើយរដ្ឋាភិបាលក៏បានជំរុញឲ្យពលរដ្ឋដាំដុះស្រូវស្រាលនេះឲ្យបានច្រើនជាងស្រូវធ្ងន់ ព្រោះប្រើរយៈពេលខ្លី។
ស្រូវស្រាលខេត្តព្រៃវែងភាគច្រើននាំចេញទៅប្រទេសវៀតណាម ដោយសារខេត្តព្រៃវែង មានព្រំប្រទល់នៅជិតប្រទេសវៀតណាម និងក៏ព្រោះតម្រូវការទីផ្សារ ប្រទេសវៀតណាមមានលទ្ធភាពក្នុងការប្រមូលទិញផងដែរ។ នេះជាការលើកឡើងរបស់លោក ប្រធានមន្ទីររូបនេះ ដោយបានបន្ថែមថា ជាគោលការណ៍របស់រដ្ឋាភិបាល គឺខិតខំបង្កើនតម្លៃ មិនមាននាំចេញវត្ថុធាតុដើមទេ គឺកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក។ ប៉ុន្តែដោយសារ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់មិនមានរោងម៉ាស៊ីនកិនស្រូវ ហើយបរិមាណស្រូវច្រើន ដូច្នេះស្រូវដែលលើសពីតម្រូវការក្នុងស្រុក គឺត្រូវលក់ចេញទៅក្រៅប្រទេស។
ថ្នាក់ដឹកនាំកំពូលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ការនាំចេញស្រូវទៅប្រទេសវៀតណាមឆ្លងកាត់តាមច្រកក្នុងខេត្តព្រៃវែង មានជិត៦ពាន់តោន ក្នុងមួយថ្ងៃ កាលពី១០ សីហា បើគិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២០នេះមានជាង១លានតោន ។ តែបរិមាណនាំចេញស្រូវនេះ អ្នកជំនាញយល់ថា វាមិនបានធ្វើឱ្យប៉ះពាល់ដល់រោងម៉ាស៊ីនកិនស្រូវនៅក្នុងស្រុកនោះទេ ។ បើតាម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា យោងតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០ ការនាំស្រូវចេញតាមច្រកក្នុងភូមិសាស្ត្រខេត្តព្រៃវែង មានចំនួនសរុប ៥. ៩៧៧ តោនក្នុងថ្ងៃក្នុងនេះការនាំស្រូវចេញតាមច្រកបន្ទាយចក្រីស្រុកព្រះស្តេច មានចំនួន ៥.៧៩៨ តោន និងតាមច្រកកោះសំពៅមានចំនួន ១៧៩ តោន ។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា «តម្លៃស្រូវនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ទទួលបានល្អប្រសើរ គឺប្រភេទស្រូវ OM៥៤៥១ មានតម្លៃ ៩៣០ រៀលក្នុងមួយគីឡូក្រាម និងស្រូវអីអ៊ែ៥០៤ មានតម្លៃ ១.០៣០រៀលក្នុងមួយគីឡូក្រាម» ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ថា នៅខែសីហានេះ សម្រាប់ថវិកាទិញស្រូវរបស់ម្ចាស់រោងម៉ាស៊ីនគ្មានបញ្ហាចោទទេ ព្រោះស្រូវប្រមូលផលនៅមានចំនួនស្រូវតិចធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវអាចប្រមូលទិញតាមធម្មតាបាន ហើយក្នុងពេលនេះខាងវៀតណាមក៏ទិញស្រូវកម្ពុជាដែរ ។ លោកបន្តថា សព្វថ្ងៃនេះសម្រាប់រោងម៉ាស៊ីនកិនស្រូវកសិករមានស្រូវប៉ុន្មាន ម្ចាស់រោងម៉ាស៊ីនទិញយកប៉ុណ្ណឹង ព្រោះផ្ទៃដីស្រូវប្រមូលផលមានតែប៉ុន្មានម៉ឺនហិកតា អីចឹងវាគ្មានអ្វីជាបញ្ហាចោទនោះទេ ។
លោកលន់ យ៉េង មានប្រសាសន៍ថា «ការនាំចេញស្រូវជាង១លានតោន ក្នុងរយៈពេល៧ខែកន្លងមកនេះ វាមិនបានធ្វើឱ្យប៉ះពាល់ដល់ម្ចាស់រោងម៉ាស៊ីនក្នុងស្រុកនោះទេ ព្រោះស្រូវនាំចេញទៅប្រទេសវៀតណាមជាប្រភេទស្រូវអ៊ីអ៊ែ វាមិនពាក់ព័ន្ធនឹងស្រូវដែលជាមុខសញ្ញានាំចេញជាអង្ករទេ ។ បើតាមការរាយការណ៍ និងការគណនានោះ គឺស្រូវនៅសល់៥ទៅ៦លានតោន បើយើងកិនស្រូវសម្រាប់ធ្វើការនាំចេញជាអង្ករ យើងត្រូវការប្រហែលស្រូវតែប្រមាណ២លានតោន» ។េះ បើតាមអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ទីផ្សារស្រូវធំរបស់កម្ពុជា គឺវៀតណាម ។បើអត់វៀតណាមចូលមកទិញនោះប្រាកដណាស់កសិករអាចនឹងមានបញ្ហា ៕
(ប្រភពព័ត៌មាន: thmey thmey)
មតិពីមិត្តអ្នកអាន