យុគសម័យ - នាព្រឹកថ្ងៃទី ២៩ ខែសីហា នៅទីក្រុងសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ បានប្រារព្ធជាផ្លូវការ។ ចូលរួមក្នុងកិច្ចប្រជុំ មានតំណាងជាង៣០០រូប ជារដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូសុខាភិបាលនៃប្រទេសអាស៊ានទាំង១០ និងប្រទេសដៃគូ គឺ ចិន កូរ៉េខាងត្បូង ជប៉ុន អគ្គលេខាធិការអាស៊ាន និងតំណាងអង្គការអន្តរជាតិច្រើនរូបទៀត។
តំណាងជារដ្ឋមន្ត្រីនិងប្រធានគណៈប្រតិភូសុខាភិបាលនៃប្រទេសអាស៊ានទាំង១០ និងប្រទេសដៃគូ អញ្ជើញថតរូបអនុស្សាវរីយ៍ (រូបថតៈ FN)
កិច្ចប្រជុំត្រូវបានចែកចេញជា ២ ដំណាក់កាលគឺចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ គឺជាកិច្ចប្រជុំត្រៀមរបស់ក្រុមឧត្តមមន្ត្រីសុខាភិបាលអាស៊ាន អាស៊ានបូក ៣ និងអាស៊ានចិន ហើយចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែសីហាគឺជាកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន អាស៊ានបូក ៣ និងអាស៊ានចិនដែលកិច្ចប្រជុំទាំងនោះស្ដីពីការលើកកម្ពស់សុខភាពប្រជាជនអាស៊ានទាំងមូល។
ពោលគឺ កាលពីថ្ងៃទី ២៦ ខែ សីហា លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ាន ដើម្បីពិភាក្សាផ្ដោតលើការរីកចម្រើននៃការអនុវត្តកិច្ចការរបស់ក្រុមការងារសុខាភិបាលអាស៊ានកន្លងមកដូចជាការលើកកម្ពស់ការរស់នៅមានសុខភាពល្អ ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងការគំរាមកំហែង ការពង្រឹងប្រព័ន្ធសុខភាព និងទទួលបានការថែទាំ និងការធានាសុវត្ថិភាពចំណីអាហារ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ FN)
កាលពីថ្ងៃទី ២៧ ខែសីហាកិច្ចប្រជុំ ២ ទៀតបានធ្វើឡើងគឺកិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ានបូក ៣ ដែលមានប្រទេសចិន ជប៉ុន និងកូរ៉េ និងកិច្ចប្រជុំឧត្តមមន្ត្រីសុខាភិបាលអាស៊ានចិន ហើយមកដល់ព្រឹកថ្ងៃទី ២៨ ខែសីហា ឧត្តមមន្ត្រីសុខាភិបាលអាស៊ានបានបន្តបើកកិច្ចប្រជុំពិភាក្សាមួយទៀតលើប្រធានបទសុខភាពសកល និងការលើកកម្ពស់ការថែទាំសុខភាពដោយផ្ដោតលើការជ្រើសរើសចំណីអាហារដែលមានសុខភាពល្អដើម្បីកាត់បន្ថយហានិភ័យនៃជំងឺនានា។
យ៉ាងណាមិញ លទ្ធផលកិច្ចប្រជុំត្រៀមទាំង ៣ ថ្ងៃនេះបានសម្រេចរៀបចំឯកសារជាច្រើនដែលមានខ្លឹមសារជំរុញឱ្យមានការពន្លឿនកិច្ចប្រឹងប្រែងលើកតម្កើងសុខភាពប្រជាជន ហើយឯកសារទាំងនោះនឹងដាក់ឱ្យអង្គប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានពិនិត្យ និងអនុម័តនៅថ្ងៃទី ២៩ និងថ្ងៃទី ៣០ ខែសីហា នេះ។
កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានបានរៀបចំឡើង ២ ឆ្នាំម្ដង ដើម្បីពិភាក្សាលើបញ្ហាប្រឈមជាចម្បងនានាពាក់ព័ន្ធសុខភាពប្រជាជនក្នុងតំបន់ (រូបថតៈ FN)
សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានបានរៀបចំឡើង ២ ឆ្នាំម្ដង ដើម្បីពិភាក្សាលើបញ្ហាប្រឈមជាចម្បងនានាពាក់ព័ន្ធសុខភាពប្រជាជនក្នុងតំបន់។ អាស៊ានដឹងថា គន្លាតបញ្ហាសុខភាពនៅតែបន្តកើតឡើង នៅប្រទេសក្នុងតំបន់។ ក្នុងប្រទេសអាស៊ានខ្លះភាពក្រីក្រនៅតែជាឧបសគ្គដ៏សំខាន់បំផុតសម្រាប់ស្ថានភាពសុខភាពដែលកើតឡើងជាចម្បងសម្រាប់សហគមន៍រស់នៅក្នុងតំបន់ដាច់ស្រយាល សហគមន៍ស្ថិតនៅឯកោ សហគមន៍តាមតំបន់ភ្នំ និងសហគមន៍រស់នៅលើកោះជាដើម។ ប្រទេសមួយចំនួនថែមទាំងប្រឈមទ្វេដងទៅនឹងជំងឺមិនឆ្លងដូចជា ជំងឺសរសៃឈាមបេះដូង និងជំងឺមហារីកខណៈជំងឺគ្រុនចាញ់ គ្រុនឈាម របេង ជំងឺដែលអាចការពារដោយវ៉ាក់សាំង និងជំងឺឆ្លងផ្សេងទៀតនៅតែជាបន្ទុកសម្រាប់ប្រទេសទាំងនោះ៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
មតិពីមិត្តអ្នកអាន