យុគសម័យ - នាព្រឹកថ្ងៃទី ៧ ខែកក្កដា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធពិធីបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ធនាគារ Emperor ដែលជាធនាគារវិនិយោគដោយពាណិជ្ជករវៀតណាមមួយរូបកាន់ដំណែងជាប្រធានក្រុមប្រឹក្សាភិបាល។
ទិដ្ឋភាពនៃពិធីសម្ពោធបើកឲ្យដំណើរការធនាគារ Emperor (រូបថតៈ rasmeinews.com )
ការបើកសម្ពោធបានធ្វើឡើង ក្រោមការចូលរួមពីឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh, អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាលោក ជា ចាន់តូ និងមានការចូលរួមពីលោក ឱម វិសាល អគ្គនាយកធនាគារ Emperor រួមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។
អញ្ជើញថ្លែងក្នុងពិធីលោក ជា ចាន់តូ អគ្គទេសារភិបាលធនាគារជាតិនៃកម្ពុជាបានអបអរសារទរចំពោះការខិតខំប្រឹងប្រែង របស់ភាគហ៊ុននិកធនាគារ Emperor ដែលបានបំពេញលក្ខខណ្ឌ និងទទួលបានការអនុញ្ញតពី ធនាគារជាតិនៃកម្ពុជា ឲ្យចាប់ផ្ដើមដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ លោកអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានលើកឡើងថា៖ វត្តមានរបស់ធនាគារ Emperor បានឆ្លុះបញ្ចាំងពីជំនឿទុកចិត្ត, ការគាំទ្រ និងការចូលរួមចំណែកកាន់តែច្រើនពី វិនិយោគិនបរទេសមកលើវិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ។ នេះជាទិសដៅមួយលើការអភិឌ្ឍវិស័យធនាគារ និងហិរញ្ញាត្ថុរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
រូបថត៖ rasmeinews.com
ក្នុងពិធីនេះ លោក ឱម វិសាល នាយកប្រតិបត្តិធនាគារ Emperor បានឲ្យដឹងថា ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ធនាគារមានចក្ខុវិស័ជាក់លាក់ចំពោះទីផ្សារ និងមានផែនការទីផ្សារច្បាស់លាស់ ក្នុងការអភិវឌ្ឍ និងពង្រីកសក្ដានុពលរបស់ខ្លួន ដោយឈរលើស្មារតីរួមគឺ រួមគិតរួមធ្វើ សម្រាប់តម្រងទិសលើរាល់ការធ្វើសេចក្ដីសម្រេចចិត្ត ដើម្បីសម្រេចគោលដៅនានា។
លោកនាយកប្រតិបត្តិ Emperor បន្ថែមថា ៖ធនាគារ Emperor មានចក្ខុវិស័យខ្ពស់ក្នុងការប្រែក្លាយខ្លួនជា ធនាគារឌីជីថលឈានមុខគេនៅកម្ពុជា ប៉ុន្ដែដំបូងឡើយធនាគារនឹងផ្ដល់នូវសេវាផ្សេងៗដូចជា៖ ការទទួលប្រាក់បញ្ញើជាសាធារណៈ, ការផ្ដល់ឥណទាន, ការផ្ទេរប្រាក់ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ ម្យ៉ាងវិញទៀត ធនាគារ ផ្ដោតសំខាន់លើសហគ្រាសធុនតូច និងមធ្យមជាចម្បង ហើយបច្ចុប្បន្ននេះធនាគារ Emperor ទើបតែមាន១សាខាប៉ុណ្ណោះនៅកម្ពុជា ប៉ុន្ដែគ្រោងនឹងពង្រីក ទៅតាមរាជធានី-ខេត្ត និងពង្រីកទៅតំបន់អាស៊ានដូចជា៖ អាហ្វ្រិក, អាមេរិក និងអឺរ៉ុបជាដើម។
ទិដ្ឋភាពនៃពិធីបើកសម្ពោធ (រូបថតៈ rasmeinews.com)
ធនាគារ Emperor ត្រូវបានលោកស្រី Huynh Kim Hao ដែលអាជីវករមួយរូបដើមកំណើតវៀតណាម បង្កើត វិនិយោគ និងកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល។
គួរបញ្ជាក់ដែរថា៖ ធនាគារ Emperor បានផ្ដោតលើគោលដៅអាទិភាពមួយចំនួនដូចជា៖ ១៖ បំពាក់ម៉ាស៊ីនដាក់ និងដកប្រាក់ស្វ័យប្រវត្តិ (ម៉ាស៊ីន ATM) ដែលប្រើបច្ចេកវិទ្យា សម្គាល់ភិនភាគផ្ទៃមុខ ដើម្បីផ្ដល់ភាពងាយស្រួលឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ សម្រាប់អតិថិជន។ ២៖ បង្កើត Emperor Banking Center សម្រាប់បម្រើអតិថិជន ដើម្បីទទួលបាននូវបទពិសោធន៍សេវា One-Stop-Service។ ៣៖ វិនិយោគបន្ថែមទៀតព្រមទាំងធ្វើការសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ដើម្បីបង្កើតមូលដ្ឋានគ្រឹះទិន្នន័យ ឌីជីថលសម្រាប់ការវាយតម្លៃហានិភ័យឥណទាន និងការផ្ដល់ប្រឹក្សាហិរញ្ញវត្ថុជូន ដល់អតិថិជនជាគោលដៅ។ |
(យោងតាម vov.vn និង rasmeinews សរុបព័ត៌មានដោយស្រីពេជ្រ)
មតិពីមិត្តអ្នកអាន