ទីក្រុង Da Nang បញ្ចេញឱ្យអស់ពីសមត្ថភាពនូវប្រភពធនធានមិនមែនរដ្ឋាភិបាលបរទេសសម្រាប់ការបំប្លែងបៃតង

21:55 | 23/10/2026 ឌឿងង្វៀន

យុគសម័យ - នាថ្ងៃទី ២២ ខែតុលា នៅទីក្រុង Da Nang អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលបរទេសនៅវៀតណាមជិត ១០០ អង្គការ បានចូលរួមសិក្ខាសាលាអន្តរជាតិស្តីពីការងារមិនមែនរដ្ឋាភិបាលបរទេសក្នុងបរិបទថ្មី ដោយផ្តោតលើការផ្លាស់ប្តូរយោបល់អំពីដំណោះស្រាយកៀរគរប្រភពធនធានអន្តរជាតិសម្រាប់សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ទីក្រុង Hue ប្រគល់អាហារូបករណ៍ “ទ្រទ្រង់ការទៅសាលារៀន” ចំនួន ២០០ កន្លែង ជូនដល់សិស្សានុសិស្សក្រីក្រ ការតភ្ជាប់ប្រភពធនធានមិនមែនរដ្ឋាភិបាលបរទេស ជាមួយអាទិភាពអភិវឌ្ឍន៍ថ្មីៗរបស់វៀតណាម
សិក្ខាសាលានេះ មានការចូលរួមពីអង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលបរទេសជិត ១០០ អង្គការ ដែលកំពុងធ្វើសកម្មភាពនៅប្រទេសវៀតណាម។
សិក្ខាសាលានេះ មានការចូលរួមពីអង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលបរទេសជិត ១០០ អង្គការ ដែលកំពុងធ្វើសកម្មភាពនៅប្រទេសវៀតណាម។

សិក្ខាសាលានេះ មានប្រធានបទ «ការងារមិនមែនរដ្ឋាភិបាលបរទេសក្នុងបរិបទថ្មី សំដៅទៅរកខឿនសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងការអភិវឌ្ឍប្រកបដោយចីរភាព - និន្នាការចាំបាច់ទូទាំងសកលលោក» ដោយសហភាពបណ្តាអង្គការមិត្តភាពក្រុង Da Nang សហការជាមួយគណៈសម្របសម្រួលជំនួយប្រជាជន (PACCOM) ចំណុះសហភាពបណ្តាអង្គការមិត្តភាពវៀតណាម និងអង្គការ Catalyste+ (ប្រទេសកាណាដា) រៀបចំឡើង។

នៅក្នុងព្រឹត្តិការណ៍នេះ បណ្តាប្រតិភូបានចូលរួមសម័យពិភាក្សាឯកទេសចំនួន ៣ អំពីគោលការណ៍ តម្រង់ទិសការងារមិនមែនរដ្ឋាភិបាលបរទេសរបស់វៀតណាម និងក្រុង Da Nang ក្នុងដំណាក់កាលថ្មី, និន្នាការអភិវឌ្ឍន៍នៅលើពិភពលោក, ការផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងការតភ្ជាប់ និងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការ។

ថ្លែងនៅក្នុងសិក្ខាសាលា លោក Nguyen Ngoc Binh ប្រធានសហភាពបណ្តាអង្គការមិត្តភាពក្រុង Da Nang បានយល់ឃើញថា ការបំប្លែងទៅរកសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ បានក្លាយជានិន្នាការចាំបាច់ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។

តាមលោក សំណូមពរនេះក៏បានដាក់ចេញនូវតម្រូវការច្នៃប្រឌិតថ្មីនូវវិធីសាស្ត្រអនុវត្តការងារការទូតប្រជាជនតាមទិសដៅកិច្ចសហប្រតិបត្តិការជាក់ស្តែងជាងមុន កៀរគរឱ្យមានប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើម បច្ចេកវិទ្យា និងប្រភពធនធានអន្តរជាតិ ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ការងារការទូតប្រជាជនរបស់ទីក្រុងកំពុងបំប្លែងចេញពីការជួបប្រាស្រ័យមិត្តភាពសុទ្ធសាធ ទៅជាការបង្កើតឡើងនូវផលប្រយោជន៍ជាក់ស្តែង ការពង្រីកកិច្ចសន្ទនា និងការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។

នៅលើស្មារតីនោះ សហភាពបណ្តាអង្គការមិត្តភាពក្រុង Da Nang បានកំណត់ថា ជំនួយមិនមែនរដ្ឋាភិបាលបរទេស មិនត្រឹមតែជាប្រភពឧបត្ថម្ភហិរញ្ញវត្ថុរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវចំណេះដឹង បច្ចេកវិទ្យា និងបទពិសោធន៍អន្តរជាតិ តាមរយៈនោះ បំពេញបន្ថែមនូវប្រភពធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងពង្រឹងចំណងមិត្តភាព ការយោគយល់គ្នារវាងប្រជាជន Da Nang ជាមួយនឹងប្រជាជននៃបណ្តាប្រទេស និងបណ្តាអង្គការអន្តរជាតិ។

សំណើ ៤ ក្រុមនៃកិច្ចសហប្រតិបត្តិការ

ថ្លែងនៅក្នុងសិក្ខាសាលា លោក Nguyen Ngoc Hung អនុប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម និងជាអនុប្រធានគណៈកម្មាធិការទទួលបន្ទុកការងារអង្គការមិនមែនរដ្ឋាភិបាលបរទេស បានអះអាងថា ការងារមិនមែនរដ្ឋាភិបាលបរទេស គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចការបរទេសប្រជាជន ដែលសម្របសម្រួល និងបំពេញបន្ថែមឱ្យកិច្ចការបរទេសរបស់បក្ស និងការទូតរបស់រដ្ឋ។

វៀតណាមតែងតែលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឱ្យបណ្តាអង្គការមិនមែនរដ្ឋាភិបាលបរទេសធ្វើសកម្មភាពស្របទៅនឹងអាទិភាព និងតម្រូវការរបស់វៀតណាម។

តាមលោក Nguyen Ngoc Hung តម្លៃនៃកិច្ចសហប្រតិបត្តិការមិនត្រឹមតែស្តែងចេញតាមរយៈចំនួនគម្រោង ឬថវិកាជំនួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងឡើងតាមរយៈជំនឿទុកចិត្តដែលត្រូវបានពូនជ្រុំ ចំណេះដឹងដែលត្រូវបានចែករំលែក និងបណ្តាការផ្លាស់ប្តូរជាវិជ្ជមានយូរអង្វែងនៅក្នុងសហគមន៍។

បណ្តាអង្គការមិនមែនរដ្ឋាភិបាលបរទេស ក៏បានរួមចំណែកតភ្ជាប់ប្រជាជនវៀតណាមជាមួយប្រជាជនពិភពលោក ចែករំលែកព័ត៌មានប្រកបដោយតម្លាភាព និងសត្យានុម័តអំពីប្រទេសជាតិ មនុស្ស និងបុព្វហេតុផ្លាស់ប្តូរថ្មីរបស់វៀតណាម តាមរយៈនោះ ពង្រឹងមូលដ្ឋានគ្រឹះសង្គមសម្រាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ដោយវាយតម្លៃថា Da Nang គឺជាមូលដ្ឋានប្រកបដោយថាមវន្ត មានហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាសមស្រប ប្រភពធនធានមនុស្សល្អ និងការគិតគូរផ្នែកអភិបាលកិច្ចបើកចំហ លោក Nguyen Ngoc Hung បានយល់ឃើញថា ទីក្រុងមានលក្ខខណ្ឌអំណោយផលជាច្រើន ដើម្បីសាកល្បងបណ្តាគំរូនៃកិច្ចសហប្រតិបត្តិការមិនមែនរដ្ឋាភិបាលបរទេសជំនាន់ថ្មី។

ចំពោះមុខបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ បរិស្ថាន និងការផ្លាស់ប្តូររចនាសម្ព័ន្ធពលកម្ម លោកបានស្នើឡើងនូវ ៤ ក្រុមគំនិតផ្តួចផ្តើមស្នូល៖

ទីមួយ សាកល្បងបណ្តាគំរូសេដ្ឋកិច្ចវិលជុំនៅទីក្រុង ដោយរួមបញ្ចូលការអភិរក្សជីវចម្រុះ ជាមួយនឹងការអភិវឌ្ឍទេសចរណ៍បៃតង និងសេដ្ឋកិច្ចសមុទ្របៃតង។

ការយកចិត្តទុកដាក់ស្នូល គឺការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការវិលជុំកាកសំណល់ប្លាស្ទិក ជំរុញផលិតកម្ម និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ ផ្សារភ្ជាប់ការអភិវឌ្ឍជាមួយនឹងការអភិរក្សប្រព័ន្ធអេកូឡូស៊ីនៅឧបទ្វីប Son Tra តំបន់អភិរក្ស Ba Na - Nui Chua ទន្លេ Tranh ទន្លេ Thanh ច្រករបៀងជីវចម្រុះ Trung Truong Son និងបណ្តាតំបន់ពាក់ព័ន្ធ។

ទីពីរ អភិវឌ្ឍបណ្តាគំរូបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងមុខរបរចិញ្ចឹមជីវិតបៃតងផ្អែកលើសហគមន៍ ដោយផ្តល់អាទិភាពដល់តំបន់ជាប់មាត់សមុទ្រ និងតំបន់ព្រៃភ្នំ។

បណ្តាគម្រោងចាំបាច់ត្រូវតម្រង់ទិសឆ្ពោះទៅរកការលើកកម្ពស់សមត្ថភាពស្តារឡើងវិញដោយខ្លួនឯង និងការរក្សាដំណើរការសកម្មភាពរបស់សហគមន៍ បើទោះបីជាប្រភពហិរញ្ញប្បទានត្រូវបានបញ្ចប់ក៏ដោយ។

ទីបី ជំរុញការកសាងប្រព័ន្ធអេកូឡូស៊ីបង្កើតធុរកិច្ចថ្មី អាកាសធាតុប្រកបដោយបរិយាបន្ន។

បណ្តាអង្គការមិនមែនរដ្ឋាភិបាលបរទេស អាចបញ្ចេញឱ្យអស់ពីសមត្ថភាពនូវតួនាទីតភ្ជាប់ គាំទ្របច្ចេកទេស សហការជាមួយសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ មណ្ឌលបណ្តុះធុរកិច្ចនៅ Da Nang ដើម្បីអភិវឌ្ឍសហគ្រាសទាំងឡាយដែលមានសមត្ថភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងពង្រីកឱកាសទទួលបានប្រភពហិរញ្ញវត្ថុបៃតងអន្តរជាតិ។

ទីបួន ច្នៃប្រឌិតថ្មីបណ្តាកម្មវិធីសន្តិសុខសង្គមដែលផ្សារភ្ជាប់នឹងការបំប្លែងបៃតង។

ទន្ទឹមនឹងការបន្តគាំទ្រវិស័យសុខាភិបាល អប់រំ និងក្រុមជនងាយរងគ្រោះ ចាំបាច់ត្រូវបញ្ជ្រាបការបណ្តុះបណ្តាលបំណិនបៃតង និងការតម្រង់ទិសវិជ្ជាជីវៈក្នុងវិស័យសេដ្ឋកិច្ចវិលជុំសម្រាប់យុវជន-កុមារដែលមានកាលៈទេសៈលំបាក ដោយជួយលើកកម្ពស់សមត្ថភាពចូលរួមក្នុងទីផ្សារពលកម្ម។

តាមលោក Nguyen Ngoc Hung ប្រសិនបើត្រូវបានអនុវត្តដោយជោគជ័យ បណ្តាគំរូសាកល្បងនៅ Da Nang អាចផ្តល់នូវមូលដ្ឋានជាក់ស្តែង ដើម្បីសុក្រឹតគោលនយោបាយ និងពង្រីកទំហំអនុវត្តនៅតំបន់ភាគកណ្តាល ក៏ដូចជានៅទូទាំងប្រទេស។

ដើម្បីធ្វើឱ្យបណ្តាតម្រង់ទិសទាំងនេះក្លាយជាការពិត Da Nang ចាំបាច់ត្រូវម្ចាស់ការកំណត់នូវបញ្ហាប្រឈមជាក់ស្តែងនៃការបំប្លែងបៃតង រួមជាមួយដៃគូនានារៀបចំរចនាគម្រោងចាប់តាំងពីដំណាក់កាលបង្កើតគំនិត ពង្រឹងការសម្របសម្រួលអន្តរវិស័យ កាត់បន្ថយពេលវេលាដោះស្រាយសំណុំឯកសារ និងឯកភាពអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់។

ទីក្រុងក៏ចាំបាច់ត្រូវបង្កើតលក្ខខណ្ឌសាកល្បងបណ្តាគំនិតផ្តួចផ្តើមថ្មីៗ បូកសរុប និងចែករំលែកបទពិសោធន៍ ព្រមទាំងរៀបចំយន្តការ និងប្រភពធនធានសមស្របសម្រាប់សកម្មភាពតភ្ជាប់ និងការចលនាកៀរគរជំនួយមិនមែនរដ្ឋាភិបាលបរទេស។

ចំពោះភាគីសហភាពបណ្តាអង្គការមិត្តភាពវៀតណាម និងគណៈកម្មាធិការទទួលបន្ទុកការងារអង្គការមិនមែនរដ្ឋាភិបាលបរទេស លោក Nguyen Ngoc Hung បានអះអាងថា នឹងបន្តម្ចាស់ការចលនាដៃគូ ទទួលស្តាប់ ដោះស្រាយការលំបាកក្នុងដំណើរការកិច្ចសហប្រតិបត្តិការ ចូលរួមកសាងបរិស្ថានគោលនយោបាយប្រកបដោយស្ថិរភាព តម្លាភាព និងរួមដំណើរជាមួយបណ្តាអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលកំពុងធ្វើសកម្មភាពស្របច្បាប់នៅប្រទេសវៀតណាម។

សំដៅឆ្ពោះទៅរកទីក្រុងវិលជុំនៅឆ្នាំ ២០៤៥

តាមលោក Nguyen Dinh Vinh អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង Da Nang គោលដៅបំប្លែងបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវបានផ្សារភ្ជាប់ជាមួយនឹងផែនការមេទីក្រុងដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

ស្របពេលជាមួយគ្នានេះ ទីក្រុងបានកសាងផែនទីបង្ហាញផ្លូវអភិវឌ្ឍសេដ្ឋកិច្ចវិលជុំឆ្លងកាត់ ៣ ដំណាក់កាល៖ ចាប់ផ្តើមដំណើរការពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥, អភិវឌ្ឍពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣០, បង្កើនល្បឿនលើទំហំទូទាំងទីក្រុងពីឆ្នាំ ២០៣០ ដល់ឆ្នាំ ២០៤៥។

តាមតម្រង់ទិសនេះ Da Nang ខិតខំប្រឹងប្រែងដើម្បីសម្រេចបានជាមូលដ្ឋាននូវបណ្តាលក្ខណៈវិនិច្ឆ័យនៃទីក្រុងវិលជុំមួយនាចុងឆ្នាំ ២០៤៥។

ថ្នាក់ដឹកនាំទីក្រុងបានស្នើឱ្យផ្តល់អាទិភាពដល់ការចលនាកៀរគរប្រភពជំនួយមិនមែនរដ្ឋាភិបាលបរទេស សម្រាប់បណ្តាគម្រោងអភិវឌ្ឍន៍បៃតង សេដ្ឋកិច្ចវិលជុំ បញ្ចេញឱ្យអស់ពីសមត្ថភាពនូវតួនាទីរបស់សហភាពបណ្តាអង្គការមិត្តភាពទីក្រុង ក្នុងការតភ្ជាប់ដៃគូជាមួយបណ្តាមន្ទីរ អង្គភាពជំនាញ និងមូលដ្ឋាន ដើម្បីធ្វើឱ្យជាក់ស្តែងទៅជាបណ្តាកម្មវិធី និងផែនការកិច្ចសហប្រតិបត្តិការ។

ទីក្រុង Da Nang មានបំណងប្រាថ្នាឱ្យបណ្តាអង្គការមិនមែនរដ្ឋាភិបាលបរទេស ពង្រឹងការផ្ទេរចំណេះដឹង បច្ចេកវិទ្យាបៃតង ឧទ្ទេសនាមបណ្តាគំរូសេដ្ឋកិច្ចវិលជុំប្រកបដោយប្រសិទ្ធភាពនៅលើពិភពលោក ជួយឧបត្ថម្ភលើកកម្ពស់សមត្ថភាពសម្រាប់ជួរកម្មាភិបាលមូលដ្ឋាន សហគ្រាសធុនតូចនិងមធ្យម ស្របពេលជាមួយគ្នានេះ ផ្សព្វផ្សាយបំណិនអនុវត្តសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំដល់ប្រជាជន។

លោក Nguyen Dinh Vinh ក៏បានស្នើឱ្យបណ្តាមន្ទីរ អង្គភាពជំនាញ និងមូលដ្ឋានបន្តកែទម្រង់រដ្ឋបាល លើកកម្ពស់ការទទួលខុសត្រូវក្នុងការសម្របសម្រួល បង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឱ្យបណ្តាអង្គការមិនមែនរដ្ឋាភិបាលបរទេសអនុវត្តកម្មវិធី និងគម្រោងនានានៅលើភូមិសាស្ត្រ។

ពង្រីកការសម្របសម្រួលក្នុងកិច្ចការបរទេសប្រជាជន

នៅក្នុងសិក្ខាសាលា សហភាពបណ្តាអង្គការមិត្តភាពក្រុង Da Nang និងទស្សនាវដ្តី យុគសម័យ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្របសម្រួលអនុវត្តសកម្មភាពកិច្ចការបរទេសប្រជាជនដំណាក់កាល ២០២៦-២០៣០។

ភាគីទាំងពីរបានឯកភាពសម្របសម្រួលលើ ៥ វិស័យស្នូល រួមមាន៖ ព័ត៌មាន និងការឃោសនាកិច្ចការបរទេស, ការរៀបចំវគ្គបណ្តុះបណ្តាល បំប៉នចំណេះដឹង បំណិន និងជំនាញវិជ្ជាជីវៈសារព័ត៌មាន-ផ្សព្វផ្សាយកិច្ចការបរទេស, ការឧបត្ថម្ភផ្នែកសារព័ត៌មាន ឬសហការរៀបចំព្រឹត្តិការណ៍កិច្ចការបរទេសប្រជាជន, ការតភ្ជាប់ និងពង្រីកបណ្តាញដៃគូ ព្រមទាំងការចលនាកៀរគរប្រភពធនធាន, ការសម្របសម្រួលចូលរួមក្នុងបណ្តាគណៈប្រតិភូបំពេញបេសកកម្ម ព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់ៗ និងសកម្មភាពជាក់ស្តែងដែលរៀបចំឡើងដោយទីក្រុង Da Nang និងសហភាពបណ្តាអង្គការមិត្តភាពទីក្រុង។

ក៏នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះដែរ សហភាពបណ្តាអង្គការមិត្តភាពទីក្រុង Da Nang បានចុះហត្ថលេខាលើកំណត់ហេតុនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើកទី ៣ ជាមួយអង្គការ Save the Children International (SCI) និងអង្គការ VinaCapital Foundation (VCF)។

តាមខ្លឹមសារនៃកំណត់ហេតុនៃការយោគយល់គ្នាជាមួយ Save the Children International ភាគីទាំងពីរបានឯកភាពសម្របសម្រួលអនុវត្តបណ្តាសកម្មភាពក្នុងវិស័យការពារកុមារ អភិបាលកិច្ចសិទ្ធិកុមារ ការអប់រំ សុខាភិបាល និងអាហារូបត្ថម្ភ ការកាត់បន្ថយភាពក្រីក្រសម្រាប់កុមារ និងយុវជន-កុមារ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនេះ អង្គការ Catalyste+ (ប្រទេសកាណាដា) ត្រូវបានប្រគល់ប័ណ្ណសរសើរពីប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ដោយសារមានស្នាដៃរួមចំណែកយ៉ាងសកម្មក្នុងការងារបំប្លែងសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទីក្រុង៕

ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
យុគសម័យ - នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ សម្ព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងហាយហ្វុងបានចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលបរទេសលើសពី ១.៣៦ លានដុល្លារអាមេរិក នៅក្នុងនោះបើកផ្តល់ថវិកាលើសពី ១.១ លានដុល្លារអាមេរិក។ នាពេលខាងមុខ ទីក្រុងផ្តល់អាទិភាពពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងបណ្តាវិស័យឆ្លើយតបនិងការប្រែប្រួលអាកាសធាតុ ជីវភាពរស់នៅប្រកបដោយចីរភាព ការអប់រំ សុខាភិបាលព្រមទាំងការផ្លាស់ប្តូរឌីជីថល។
ការតភ្ជាប់ប្រភពធនធានមិនមែនរដ្ឋាភិបាលបរទេស ជាមួយអាទិភាពអភិវឌ្ឍន៍ថ្មីៗរបស់វៀតណាម ការតភ្ជាប់ប្រភពធនធានមិនមែនរដ្ឋាភិបាលបរទេស ជាមួយអាទិភាពអភិវឌ្ឍន៍ថ្មីៗរបស់វៀតណាម
យុគសម័យ - នាថ្ងៃទី ១ ខែតុលា នៅទីក្រុង Hai Phong ប្រតិភូជិត ៣០០ នាក់ មកពីអង្គការមិនមែនរដ្ឋាភិបាលបរទេសប្រមាណ ១០០ អង្គការ ព្រមទាំងតំណាងបណ្តាក្រសួង ស្ថាប័ន និងមូលដ្ឋាននានា បានចូលរួមសន្និសីទជួបប្រាស្រ័យជាមួយអង្គការមិនមែនរដ្ឋាភិបាលបរទេសឆ្នាំ ២០២៦។ សន្និសីទបានផ្តោតលើការដោះស្រាយការជាប់ជំពាក់ស្មុគស្មាញខាងស្ថាប័ន ព្រមទាំងបង្កើនការតភ្ជាប់ប្រភពធនធានអន្តរជាតិជាមួយបណ្តាអាទិភាពអភិវឌ្ឍន៍ថ្មីៗរបស់វៀតណាម ដូចជា វិទ្យាសាស្ត្រ-បច្ចេកវិទ្យា បរិវត្តកម្មឌីជីថល កំណើនបៃតង និងការអភិវឌ្ឍធនធានមនុស្ស។

ឌឿងង្វៀន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុង Da Nang បញ្ចេញឱ្យអស់ពីសមត្ថភាពនូវប្រភពធនធានមិនមែនរដ្ឋាភិបាលបរទេសសម្រាប់ការបំប្លែងបៃតង
ឃុំ An Cu បង្កើតលក្ខខណ្ឌឱ្យស្ត្រីខ្មែរបញ្ចេញឱ្យអស់ពីសមត្ថភាពនូវតួនាទីនៅក្នុងសហគមន៍
ខេត្ត Lam Dong - ខេត្ត Mondulkiri ពង្រឹងការសម្របសម្រួលការពារព្រំដែន
កម្ពុជាឈានឆ្លងផុតបង្គោលចរ ១ លានតោនអង្ករនាំចេញជាលើកដំបូង
ក្រុម K51 ប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ២ បន្ថែមទៀតនៅខេត្ត Dak Lak និងប្រទេសកម្ពុជា

អានច្រើនបំផុត

ការតភ្ជាប់បញ្ញវន្តអាណិកជនវៀតណាម ជាមួយបញ្ហាប្រឈមនៃកសិកម្មបៃតង
សហគមន៍ជនជាតិវៀតណាមនៅឥណ្ឌា បង្កើនការតភ្ជាប់សហគមន៍ និងការថែរក្សាភាសាវៀតណាម
ពាណិជ្ជករវៀតណាមនៅតំបន់ Kyushu បង្កើនការតភ្ជាប់ ពង្រីកកិច្ចសហប្រតិបត្តិការ វៀតណាម - ជប៉ុន
កម្ពស់ធនធានជនជាតិវៀតណាមទូទាំងសកលលោកសម្រាប់ទីក្រុង Ho Chi Minh
សន្និសីទជនជាតិវៀតណាមនៅបរទេសទូទាំងពិភពលោកលើកទី ៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែធ្នូ