ការបំប្លែងឌីជីថលត្រូវតែវាស់វែងដោយតម្លៃដែលនាំមកជូនប្រជាពលរដ្ឋ និងសហគ្រាស

10:11 | 12/10/2026 វ៉ាន់ណាំ

យុគសម័យ - កាលពីថ្ងៃទី ៩ ខែតុលា ក្នុងពិធីអបអរសាទរទិវាបំប្លែងឌីជីថលជាតិ ឆ្នាំ ២០២៦ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Vu Hai Quan បានសង្កត់ធ្ងន់ថា ការបំប្លែងឌីជីថលមិនត្រឹមតែឈប់នៅត្រឹមកសាងហេដ្ឋារចនាសម្ព័ន្ធ ថ្នាលបច្ចេកវិទ្យា និងទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្កើតលទ្ធផលជាក់ស្តែង ដែលអាចវាស់វែងបាននៅក្នុងការគ្រប់គ្រង ការដឹកនាំបញ្ជា និងការបម្រើប្រជាពលរដ្ឋ ព្រមទាំងសហគ្រាស។

សេរីភាពនៃការបញ្ចេញមតិក្នុងលំហឌីជីថលត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការទទួលខុសត្រូវ ឧត្តមសេនីយ៍ទោ Vu Van Tan៖ ចាំបាច់ត្រូវលើកកម្ពស់ VNeID ឱ្យក្លាយជាថ្នាលអន្តរកម្មឌីជីថលរវាងរដ្ឋ និងប្រជាពលរដ្ឋ

ពិធីអបអរសាទរទិវាបំប្លែងឌីជីថលជាតិ ឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (VEC) ទីក្រុង Ha Noi ស្ថិតនៅក្នុងខ្សែសង្វាក់សកម្មភាពដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែតុលា ក្រោមប្រធានបទ «ពីស្ថាបត្យកម្ម ថ្នាលបច្ចេកវិទ្យា ទិន្នន័យ ឆ្ពោះទៅកាន់លទ្ធផលជាក់ស្តែង លើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ចជាតិ»។

ចាប់តាំងពីឆ្នាំ ២០២២ ថ្ងៃទី ១០ ខែតុលា ជារៀងរាល់ឆ្នាំត្រូវបានជ្រើសរើសជាទិវាបំប្លែងឌីជីថលជាតិ យោងតាមសេចក្តីសម្រេចលេខ 505/QD-TTg របស់នាយករដ្ឋមន្ត្រី សំដៅលើកកម្ពស់ការយល់ដឹង ជំរុញការអនុវត្តភារកិច្ច និងកៀរគរការចូលរួមយ៉ាងស៊ីសង្វាក់គ្នានៃប្រព័ន្ធនយោបាយទាំងមូល។

ពីថ្នាលបច្ចេកវិទ្យាឌីជីថល ឆ្ពោះទៅកាន់លទ្ធផលដែលអាចវាស់វែងបាន

យោងតាមប្រសាសន៍របស់រដ្ឋមន្ត្រី Vu Hai Quan នាពេលកន្លងមក មូលដ្ឋានគ្រឹះនៃការបំប្លែងឌីជីថលជាតិត្រូវបានបន្តពង្រឹង ក្របខ័ណ្ឌច្បាប់ ក្របខ័ណ្ឌស្ថាបត្យកម្មរួមជាតិនៃឌីជីថល និងថ្នាលបច្ចេកវិទ្យាឌីជីថលរួម ត្រូវបានបំពេញបន្ថែមជាបណ្តើរៗ។

គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៦ បណ្តាញ 5G សម្រេចបានការគ្របដណ្តប់លើ ៩១,៩៩% នៃចំនួនប្រជាជន ហើយខ្សែកាបអុបទិកបានទៅដល់ ១០០% នៃឃុំ-សង្កាត់។ ទូទាំងប្រទេសមានសហគ្រាសបច្ចេកវិទ្យាឌីជីថលចំនួន ៨១.៦០០ សហគ្រាស ហើយចំណូលនៃឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលសម្រេចបានជិត ៣,៦ លានពាន់លានដុង។

ទោះជាយ៉ាងណាក៏ដោយ ដំណើរការបំប្លែងឌីជីថលនៅតែប្រឈមមុខនឹងបញ្ហាប្រឈមធំៗចំនួន ៥។

ជាបឋមគឺបញ្ហាទិន្នន័យ។ ទោះបីជាបទប្បញ្ញត្តិជាច្រើនស្តីពីការកសាងមូលដ្ឋានទិន្នន័យត្រូវបានប្រកាសឱ្យប្រើប្រាស់ និងសម្រេចបានលទ្ធផលមួយចំនួនយ៉ាងណាក្តី ក៏វឌ្ឍនភាពនៃការអនុវត្តនៅក្នុងវិស័យ ក្រសួង និងស្ថាប័នមួយចំនួននៅតែមានភាពយឺតយ៉ាវនៅឡើយ។

រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Vu Hai Quan និងបណ្តាប្រតិភូ អញ្ជើញទស្សនាលំហពិព័រណ៍ក្នុងក្របខ័ណ្ឌទិវាបំប្លែងឌីជីថលជាតិ ឆ្នាំ ២០២៦។
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Vu Hai Quan និងបណ្តាប្រតិភូ អញ្ជើញទស្សនាលំហពិព័រណ៍ក្នុងក្របខ័ណ្ឌទិវាបំប្លែងឌីជីថលជាតិ ឆ្នាំ ២០២៦។

បញ្ហាប្រឈមទីពីរ គឺថ្នាលបច្ចេកវិទ្យាឌីជីថលនានាមានការអភិវឌ្ឍមិនទាន់ស្មើគ្នា កន្លែងខ្លះនៅតែអនុវត្តតាមទិសដៅដាច់ដោយឡែកពីគ្នា មិនទាន់ធានាបាននូវតម្រូវការតភ្ជាប់ប្រទាក់ក្រឡា និងការប្រើប្រាស់រួមគ្នានៅឡើយ។

បន្ទាប់មកគឺហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធគណនាដែលមានសមត្ថភាពខ្ពស់បម្រើការស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) ទិន្នន័យ និងតម្រូវការដោះស្រាយតំបន់ដែលខ្វះសេវាទូរស័ព្ទ។

នៅក្នុងវិស័យសហគ្រាស តម្រូវការអនុវត្តបច្ចេកវិទ្យា ជាពិសេសគឺ AI កាន់តែមានទំហំធំធេងឡើង ប៉ុន្តែល្បឿននៃការអនុវត្តមិនទាន់សម្រេចបានតាមការរំពឹងទុកនោះទេ ជាពិសេសនៅតាមបណ្តាសហគ្រាសធុនតូច និងមធ្យម។

បញ្ហាប្រឈមទីប្រាំ ព្រមទាំងត្រូវបានរដ្ឋមន្ត្រី Vu Hai Quan កំណត់ថាមានសារៈសំខាន់បំផុត គឺធនធានមនុស្ស។ ធនធានមនុស្សទទួលបន្ទុកការបំប្លែងឌីជីថលនៅតាមបណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន ជាពិសេសនៅថ្នាក់ឃុំ-សង្កាត់ នៅមានការខ្វះខាត ខណៈដែលជួរអ្នកជំនាញដែលមានជំនាញស៊ីជម្រៅ ចាំបាច់ត្រូវបន្តបណ្តុះបណ្តាល និងបំប៉នសមត្ថភាពបន្ថែមទៀត។

រដ្ឋមន្ត្រីក៏បានកត់សម្គាល់អំពីប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន នៅពេលដែលការបើកផ្តល់ថវិកាក្នុងវិស័យបំប្លែងឌីជីថលនៅមានភាពយឺតយ៉ាវ ដោយស្ថិតក្នុងក្រុមដែលយឺតយ៉ាវជាងគេ ក្នុងចំណោមវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការបំប្លែងឌីជីថល។

ផ្អែកលើបញ្ហាខាងលើ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានកំណត់ក្រុមភារកិច្ចស្នូលចំនួន ៥។

ជាបឋម គឺបន្តបំពេញបន្ថែមស្ថាប័ន លើកកម្ពស់ប្រសិទ្ធភាព និងផ្លាស់ប្តូរថ្មីវិធីសាស្ត្រគ្រប់គ្រង។ កម្មវិធីនីមួយៗត្រូវតែបញ្ជាក់ជាក់លាក់ទៅជាភារកិច្ច ដោយមានលទ្ធផលផលិតផល កាលកំណត់ និងការទទួលខុសត្រូវច្បាស់លាស់។ ប្រសិទ្ធភាពចាំបាច់ត្រូវវាយតម្លៃតាមរយៈទិន្នន័យប្រតិបត្តិការជាក់ស្តែង កម្រិតនៃការប្រើប្រាស់ អត្រានៃការចែករំលែកទិន្នន័យ រយៈពេល និងការចំណាយ។

ទន្ទឹមនឹងនោះ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថ្នាលបច្ចេកវិទ្យាឌីជីថល និងទិន្នន័យប្រើប្រាស់រួមឱ្យមានភាពស៊ីសង្វាក់គ្នា ដោយផ្អែកលើក្របខ័ណ្ឌស្ថាបត្យកម្មរួមជាតិនៃឌីជីថល ផ្តល់អាទិភាពដល់ការបន្តវេន ការធ្វើសមាហរណកម្ម និងកម្រិតការវិនិយោគថ្មីនៅពេលដែលមិនទាន់មានភាពចាំបាច់ពិតប្រាកដ។

រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Vu Hai Quan ថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍នេះ។
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Vu Hai Quan ថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍នេះ។

ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតល្បឿនលឿន, 5G, បច្ចេកវិទ្យាខ្លោដ និងមជ្ឈមណ្ឌលទិន្នន័យ ត្រូវបានតម្រង់ទិសឱ្យអភិវឌ្ឍតាមបែបបៃតង និងមានសុវត្ថិភាព។ ទិន្នន័យត្រូវតែមានភាពសុក្រឹត ពេញលេញ ទទួលបានការធ្វើបច្ចុប្បន្នភាព និងការចែករំលែកទៅតាមកម្រិតសិទ្ធិអំណាចដែលបានកំណត់។ ការអនុវត្ត AI ត្រូវតែផ្តើមចេញពីបញ្ហាជាក់ស្តែង ផ្អែកលើទិន្នន័យប្រកបដោយគុណភាព និងមានសមត្ថភាពវាស់វែងលទ្ធផលបាន។

ភារកិច្ចបន្ទាប់ គឺការកសាងរដ្ឋាភិបាលឌីជីថលដោយយកប្រជាពលរដ្ឋ និងសហគ្រាសជាស្នូល។ ការធ្វើឌីជីថលូបនីយកម្មត្រូវតែដើរទន្ទឹមគ្នាជាមួយការរៀបចំរចនាសម្ព័ន្ធនីតិវិធីឡើងវិញ ការតភ្ជាប់ប្រទាក់ក្រឡារវាងបណ្តាស្ថាប័ន និងការប្រើប្រាស់ព័ត៌មានឡើងវិញដែលរដ្ឋមានស្រាប់ សំដៅឆ្ពោះទៅកាន់គោលការណ៍ដែលប្រជាពលរដ្ឋ និងសហគ្រាសត្រូវផ្តល់ព័ត៌មានតែម្តងគត់។

សេវាសាធារណៈចាំបាច់ត្រូវផ្តល់ជូនតាមប្រព័ន្ធអនឡាញពេញលេញគ្រប់ដំណាក់កាល មានភាពងាយស្រួល មិនអាស្រ័យលើទីតាំងភូមិសាស្ត្រ រីឯសកម្មភាពដឹកនាំ និងបញ្ជាត្រូវពង្រឹងការប្រើប្រាស់ទិន្នន័យតាមពេលវេលាជាក់ស្តែង។

ចំពោះសេដ្ឋកិច្ចឌីជីថល គោលដៅគឺការនាំយកការបំប្លែងឌីជីថលចូលទៅក្នុងគ្រប់វិស័យ និងគ្រប់ផ្នែក ជាពិសេសនៅតាមបណ្តាសហគ្រាសធុនតូច និងមធ្យម សហករណ៍ ព្រមទាំងអាជីវកម្មគ្រួសារ ព្រមពេលជាមួយគ្នានោះ អភិវឌ្ឍសហគ្រាស និងផលិតផលបច្ចេកវិទ្យាឌីជីថល «Make in Viet Nam» ហើយធ្វើជាម្ចាស់លើបច្ចេកវិទ្យាយុទ្ធសាស្ត្រនានា ដូចជា AI ឧបករណ៍ពាក់កណ្តាលចម្លងបច្ចេកវិទ្យាខ្លោដ ទិន្នន័យធំ និងអ៊ីនធឺណិតនៃវត្ថុ។

ក្រុមភារកិច្ចចុងក្រោយ គឺការអភិវឌ្ឍសង្គមឌីជីថលប្រកបដោយបរិយាបន្ន ធនធានមនុស្សឌីជីថលប្រកបដោយគុណភាពខ្ពស់ និងការពង្រឹងទំនុកចិត្តឌីជីថល។ ការបំប្លែងឌីជីថលត្រូវតែទៅដល់ថ្នាក់មូលដ្ឋាន កាត់បន្ថយគម្លាតរវាងតំបន់នានា ផ្សព្វផ្សាយជំនាញឌីជីថលជាទូទៅ លើកកម្ពស់សមត្ថភាពមន្ត្រីថ្នាក់ឃុំ-សង្កាត់ បណ្តុះបណ្តាលធនធានមនុស្សបច្ចេកវិទ្យាយុទ្ធសាស្ត្រ ព្រមទាំងធានាសុវត្ថិភាព សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ការពារទិន្នន័យផ្ទាល់ខ្លួន និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្តេជ្ញាបន្តរួមដំណើរជាមួយបណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន សហគ្រាស និងប្រជាពលរដ្ឋ ក្នុងការចាត់តាំងអនុវត្ត សំដៅឆ្ពោះទៅកាន់ការកសាងប្រជាជាតិឌីជីថលទំនើប សេដ្ឋកិច្ចឌីជីថលរស់រវើក និងសង្គមឌីជីថលប្រកបដោយសុវត្ថិភាព ព្រមទាំងមនុស្សធម៌។

តំណាងមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Ha Noi ចែករំលែកបទពិសោធន៍ពីរឿងរ៉ាវ iHanoi។
តំណាងមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Ha Noi ចែករំលែកបទពិសោធន៍ពីរឿងរ៉ាវ iHanoi។

រដ្ឋមន្ត្រី Vu Hai Quan បានសង្កត់ធ្ងន់ថា៖ «រាល់ការវិនិយោគសម្រាប់ការបំប្លែងឌីជីថលទាំងអស់ សុទ្ធតែត្រូវបង្កើតតម្លៃដែលអាចវាស់វែងបាន»។

ការនាំយកបច្ចេកវិទ្យាទៅដោះស្រាយបញ្ហាជាក់ស្តែង

នៅក្នុងព្រឹត្តិការណ៍នេះ បណ្តាមូលដ្ឋាន និងសហគ្រាសបានណែនាំគំរូ និងបទពិសោធន៍ជាច្រើន ដែលបង្ហាញថា ប្រសិទ្ធភាពនៃការបំប្លែងឌីជីថលកាន់តែត្រូវបានមើលឃើញតាមរយៈការផ្លាស់ប្តូរជាក់ស្តែងនៅក្នុងជីវភាពរស់នៅ។

តំណាងមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Ha Noi បានឱ្យដឹងថា ទីក្រុងកំណត់ថាការបំប្លែងឌីជីថលមិនមែនសំដៅបង្កើតកម្មវិធីបន្ថែមទៀតនោះឡើយ ប៉ុន្តែត្រូវតែដោះស្រាយឱ្យកាន់តែប្រសើរនូវបញ្ហាជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

តាមរយៈថ្នាល iHanoi ប្រជាពលរដ្ឋអាចផ្ញើមតិឆ្លុះបញ្ចាំងអំពីបញ្ហានានាដែលកើតឡើងក្នុងជីវភាពរស់នៅ អមដោយរូបភាព ទីតាំង និងខ្លឹមសារជាក់លាក់ ដោយមិនចាំបាច់ស្វែងរកដោយខ្លួនឯងនូវស្ថាប័នមានសមត្ថកិច្ច ឬបណ្តាញទទួលព័ត៌មាននោះឡើយ។

រហូតមកដល់ពេលនេះ iHanoi បានទទួល និងដោះស្រាយមតិឆ្លុះបញ្ចាំង និងសំណូមពរជាង ២៦៣.០០០ ករណី។ យោងតាមការគណនាដែលបានលើកឡើងនៅក្នុងព្រឹត្តិការណ៍នេះ ប្រសិនបើពីមុន មតិឆ្លុះបញ្ចាំងនីមួយៗត្រូវការពេលប្រហែល ២ ម៉ោងដើម្បីស្វែងយល់ពីបទប្បញ្ញត្តិ សរសេរ និងផ្ញើពាក្យបណ្តឹង ខណៈដែលការអនុវត្តតាមកម្មវិធីចំណាយពេលត្រឹមតែប្រហែល ១៥ នាទីប៉ុណ្ណោះ ថ្នាលនេះអាចជួយប្រជាពលរដ្ឋសន្សំសំចៃពេលវេលាបានជិត ៥០០.០០០ ម៉ោង។

ជាមួយនឹងកម្មវិធីតូច HanoiCheck អាណាព្យាបាលសិស្សអាចទទួលបានព័ត៌មានអំពីបញ្ជីមុខម្ហូប អាហារ និងការផ្ទៀងផ្ទាត់ប្រភពដើមនៃចំណីអាហារនៅក្នុងសាលារៀន។

សិស្សានុសិស្សជិត ១,៥ លាននាក់ត្រូវបានតភ្ជាប់នៅលើប្រព័ន្ធ។ ចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៦ ថ្នាលនេះបានកត់ត្រាចំនួននៃការចូលទស្សនាជាង ២៤៧.០០០ លើក។

ពីកម្មវិធី និងចំណុចចូលប្រើប្រាស់ដាច់ដោយឡែកពីគ្នាចំនួន ៧៣ មុខងារងាយស្រួលជាច្រើនកំពុងត្រូវបានធ្វើសមាហរណកម្មចូលទៅក្នុង iHanoi សំដៅឆ្ពោះទៅរកគំរូកម្មវិធីទំនើបចម្រុះ ដោយមានចំណុចចូលប្រើប្រាស់តែមួយរួម។

នៅក្នុងក្របខ័ណ្ឌពិព័រណ៍បំប្លែងឌីជីថល និងទីក្រុងឆ្លាតវៃ ខេត្ត Lai Chau បានណែនាំគំរូចំនួន ៣ ដែលកំពុងត្រូវបានដាក់ឱ្យអនុវត្តសាកល្បង រួមមាន មជ្ឈមណ្ឌលចំណេះដឹងរូបភាព និងបញ្ជាឆ្លាតវៃ ជំនួយការនិម្មិតជួយប្រជាពលរដ្ឋបំពេញនីតិវិធីរដ្ឋបាលសាធារណៈពហុភាសា និងជំនួយការ AI កិច្ចការសាធារណៈក្នុងការត្រួតពិនិត្យស្រាវជ្រាវឯកសារ។

គំរូទាំងអស់សុទ្ធតែឆ្ពោះទៅរកការនាំយក AI ចូលទៅក្នុងការគ្រប់គ្រងរដ្ឋ និងការបម្រើប្រជាពលរដ្ឋ។

មជ្ឈមណ្ឌលចំណេះដឹងរូបភាព និងបញ្ជាឆ្លាតវៃ ធ្វើសមាហរណកម្ម AI ចក្ខុវិញ្ញាណ ជាមួយប្រព័ន្ធកាមេរ៉ា ដើម្បីតាមដានត្រួតពិនិត្យ វិភាគ និងផ្តល់ការព្រមានជាមុន។

សម្ពោធដាក់ឱ្យដំណើរការនូវថ្នាលកម្មវិធីបំប្លែងឌីជីថលថ្នាក់ឃុំ-សង្កាត់។
សម្ពោធដាក់ឱ្យដំណើរការនូវថ្នាលកម្មវិធីបំប្លែងឌីជីថលថ្នាក់ឃុំ-សង្កាត់។

ជំនួយការនិម្មិតជួយប្រជាពលរដ្ឋ ត្រូវបានអនុវត្តសាកល្បងជាមួយនីតិវិធីរដ្ឋបាលចំនួន ៥៤ នៅថ្នាក់ឃុំ-សង្កាត់ ដែលមានអត្រាកើតឡើងសំណុំឯកសារខ្ពស់។ កម្មវិធីនេះអនុញ្ញាតឱ្យប្រជាពលរដ្ឋសួរសំណួរ និងឆ្លើយតបអំពីនីតិវិធីជាភាសាវៀតណាម និងភាសា Mong បំពេញព័ត៌មានដោយស្វ័យប្រវត្តិចូលក្នុងទម្រង់បែបបទ តាមរយៈនោះ កាត់បន្ថយសកម្មភាពសរសេរដៃ ឬវាយអក្សរ។

ប្រព័ន្ធនេះក៏ជួយដល់មន្ត្រីរាជការនៅមជ្ឈមណ្ឌលបម្រើរដ្ឋបាលសាធារណៈថ្នាក់ខេត្ត និងថ្នាក់ឃុំ ធ្វើបច្ចុប្បន្នភាពព័ត៌មានបានកាន់តែឆាប់រហ័ស រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការដោះស្រាយនីតិវិធី និងពង្រឹងអន្តរកម្មរវាងអាជ្ញាធរជាមួយប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ ជំនួយការ AI កិច្ចការសាធារណៈ ជួយដល់កម្មាភិបាលក្នុងការស្វែងរក វិភាគ ផ្ទៀងផ្ទាត់គតិយុត្ត និងដំណើរការឯកសារ។

លោក Pham Quang Cuong អនុប្រធានមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត Lai Chau បានឱ្យដឹងថា មន្ទីរនឹងបន្តធ្វើសេនាធិការកសាងផែនការប្រើប្រាស់សេវាបច្ចេកវិទ្យាព័ត៌មានឱ្យសមស្របទៅនឹងតម្រូវការរបស់ស្ថាប័ន មូលដ្ឋាននីមួយៗ និងបណ្តាបទប្បញ្ញត្តិជាធរមាន។

ទន្ទឹមនឹងពិព័រណ៍ វេទិកាជាន់ខ្ពស់បំប្លែងឌីជីថលជាតិ បានផ្តោតលើការផ្លាស់ប្តូរយោបល់អំពី រដ្ឋាភិបាលឌីជីថល និងសេវាសាធារណៈជំនាន់ថ្មី ការអនុវត្ត AI ក្នុងអភិបាលកិច្ច ទិន្នន័យមានសុវត្ថិភាព និងគួរឱ្យទុកចិត្ត សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងការលើកកម្ពស់សមត្ថភាពឌីជីថលជាតិ។

បណ្តាវេទិកាប្រធានបទជំនាញក្រៅផ្លូវការ ក៏បានលើកឡើងអំពីអនាគតប្រជាជាតិឌីជីថល ការអនុវត្តបច្ចេកវិទ្យាឌីជីថល និង AI ក្នុងសេដ្ឋកិច្ចច្នៃប្រឌិត ការអភិវឌ្ឍទីក្រុងឆ្លាតវៃជំនាន់ថ្មី ដោយផ្តោតលើការទាញយកផលប្រយោជន៍ពីទិន្នន័យ ធនធានឌីជីថល ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិត និងការពង្រឹងការតភ្ជាប់រវាងស្ថាប័នគ្រប់គ្រង សហគ្រាស អ្នកជំនាញ ជាមួយសហគមន៍បច្ចេកវិទ្យា។

ពីការតម្រង់ទិសថ្នាក់ជាតិ រហូតដល់ការអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋាន តម្រូវការដែលបានចោទឡើងកាន់តែមានភាពច្បាស់លាស់៖ ការបំប្លែងឌីជីថលត្រូវតែដើរចេញពីស្ថាបត្យកម្ម ថ្នាលបច្ចេកវិទ្យា និងទិន្នន័យ ឆ្ពោះទៅកាន់ការផ្លាស់ប្តូរដែលអាចវាស់វែងបាននៅក្នុងអភិបាលកិច្ច និងជីវភាពរស់នៅ ដោយយកប្រសិទ្ធភាពនៃការបម្រើប្រជាពលរដ្ឋ និងសហគ្រាសធ្វើជារង្វាស់រង្វាល់៕

វិសោធនកម្មច្បាប់ស្តីពីការវាស់វែង៖ ធ្វើឌីជីថលភាវូបនីយកម្ម កាត់បន្ថយនីតិវិធី កាត់បន្ថយការចំណាយសម្រាប់សហគ្រាស វិសោធនកម្មច្បាប់ស្តីពីការវាស់វែង៖ ធ្វើឌីជីថលភាវូបនីយកម្ម កាត់បន្ថយនីតិវិធី កាត់បន្ថយការចំណាយសម្រាប់សហគ្រាស
យុគសម័យ - សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវាស់វែង កំពុងត្រូវបានកែលម្អឱ្យកាន់តែពេញលេញ ក្នុងទិសដៅធ្វើឌីជីថលភាវូបនីយកម្មលើគ្រប់ជ្រុងជ្រោយនៃសកម្មភាពវាស់វែង ធ្វើឱ្យសាមញ្ញនូវនីតិវិធីរដ្ឋបាល និងផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីការត្រួតពិនិត្យជាមុនទៅជាការត្រួតពិនិត្យជាក្រោយ ដោយផ្អែកលើទិន្នន័យ និងកម្រិតហានិភ័យ ដែលតាមរយៈនោះបង្កើតលក្ខខណ្ឌកាន់តែងាយស្រួលសម្រាប់សហគ្រាស។
ទីក្រុង Ho Chi Minh ចែករំលែកបទពិសោធន៍អភិបាលកិច្ច និងការបំប្លែងឌីជីថល ជាមួយថ្នាក់ដឹកនាំវ័យក្មេង វៀតណាម - ឡាវ - កម្ពុជា ទីក្រុង Ho Chi Minh ចែករំលែកបទពិសោធន៍អភិបាលកិច្ច និងការបំប្លែងឌីជីថល ជាមួយថ្នាក់ដឹកនាំវ័យក្មេង វៀតណាម - ឡាវ - កម្ពុជា
យុគសម័យ - នារសៀលថ្ងៃទី ២៤ ខែសីហា ថ្នាក់ដឹកនាំទីក្រុង Ho Chi Minh បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូថ្នាក់ដឹកនាំវ័យក្មេងនៃគណបក្សទាំងបី វៀតណាម - ឡាវ - កម្ពុជា ដោយបានផ្លាស់ប្តូរបទពិសោធន៍ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម អភិបាលកិច្ចទីក្រុង ការបំប្លែងឌីជីថល ការអភិវឌ្ឍប្រភពធនធានមនុស្ស និងការងារកសាងបក្ស។

វ៉ាន់ណាំ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបំប្លែងឌីជីថលត្រូវតែវាស់វែងដោយតម្លៃដែលនាំមកជូនប្រជាពលរដ្ឋ និងសហគ្រាស
ការត្រួតពិនិត្យច្បាប់ឡើងវិញត្រូវតែឆ្ពោះទៅរកការដោះស្រាយចំណុចស្ទះនៃការអភិវឌ្ឍ
សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូជាង ៨.០០០ នាក់នៅខេត្ត Thai Nguyen ចូលរួមលើកកម្ពស់ជំនាញបង្ការ និងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ
សន្និសីទជនជាតិវៀតណាមនៅបរទេសទូទាំងពិភពលោកលើកទី ៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែធ្នូ
ពីរដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រ ឆ្ពោះទៅកាន់សេចក្តីប្រាថ្នារបស់រដ្ឋធានី Ha Noi ក្នុងយុគសម័យថ្មី

អានច្រើនបំផុត

រាជបណ្ឌិត្យសភា និង Vingroup បង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវបច្ចេកវិទ្យាឈានមុខ
ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលកើនឡើង ៣២,១% ក្នុងរយៈពេល ៩ ខែ
គោលដៅការងារ និងជ្រើសរើសសិស្សជិត ៥.០០០ កន្លែង ត្រូវបានតភ្ជាប់នៅទីក្រុង Ha Noi
កសាងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឆ្លាតវៃចេញពីទិន្នន័យ និងបច្ចេកវិទ្យា
ពីសន្តិភាពដល់អភិបាលកិច្ចបច្ចេកវិទ្យា៖ សាររបស់វៀតណាមនៅអង្គការសហប្រជាជាតិ