យុគសម័យ - ក្រុមមន្ត្រីឥណ្ឌូនេស៊ី បានថ្លែងកាលពីថ្ងៃសៅរ៍ថា ប្រទេស ឥណ្ឌូនេស៊ី បានបញ្ជូនសំរាម ៥ កុងតឺន័រ ត្រឡប់ទៅអាមេរិកវិញ និងបាននិយាយថា នឹងលែងក្លាយទៅជា «កន្លែងចាក់សំរាមតទៅទៀតហើយ» ហើយប្រទេសនេះ គឺជាប្រទេសអាស៊ីអាគ្នេយ៍ចុងក្រោយបំផុតដែលបញ្ជូនកាកសំណល់ នាំចូលមកត្រឡប់ទៅប្រទេសដើមវិញ។
ប្រទេសឥណ្ឌូនេស៊ីដឹកបញ្ជូនសំរាមកុងតឺន័រត្រឡប់ទៅអាមេរិកវិញ
យោងតាមឯកសារគយបានឲ្យ ដឹងថា កុងតឺន័រទាំងនោះ ត្រូវបានគេសន្និដ្ឋានថា មានផ្ទុកកម្ទេចក្រដាសតែប៉ុណ្ណោះ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានលោក Sayid Muhadhar បានថ្លែងថា ផ្ទុយទៅវិញ កុងតឺន័រនោះ មានផ្ទុកសំរាមផ្សេងៗ នៅក្នុងនោះមានដបជាច្រើន ប្លាស្ទិក និងកន្ទបលាមកក្មេង។
លោក Sayid Muhadhar បានប្រាប់ AFP ថា៖ «បញ្ហានេះ មិនសមរម្យទេ ហើយយើងមិនចង់ឲ្យប្រទេសរបស់យើង ក្លាយជាកន្លែងសម្រាប់ចាក់សំរាមទេ»។
លោក Sayid Muhadhar បានថ្លែងថា សំរាមក្នុងកុងតឺន័រទាំង ៥ នោះ ជារបស់ក្រុមហ៊ុនកាណាដាមួយ ត្រូវបានគេដឹកចេញពីក្រុងកំពង់ផែ Seattle នៅអាមេរិក បញ្ជូនទៅកាន់ក្រុង Surabaya ជាទីក្រុងធំទី២ របស់ឥណ្ឌូនេស៊ីកាលពីចុងខែមីនា។
វាមិនទាន់ដឹងច្បាស់ភ្លាមៗថា តើសំរាមទាំងនោះចេញពីប្រភពដើមប្រទេសណាមួយនៅឡើយនោះទេ។ បច្ចុប្បន្ន ប្រទេសឥណ្ឌូនេស៊ី កំពុងត្រួតពិនិត្យមើលកុងតឺន័រផ្ទុកសំរាមមួយចំនួនទៀត នៅកំពង់ផែក្រុងហ្សាការតា និងក្រុងបាតាំនៅកោះស៊ូម៉ាត្រា៕
(ប្រែសម្រូលដោយវិច្ឆិកា)
មតិពីមិត្តអ្នកអាន