ការទូតរបស់កងទ័ពជើងទឹក គឺជាផ្នែកសំខាន់មួយនៃការទូតការពារជាតិ។ ក្រោមការដឹកនាំ និងណែនាំរបស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ការងារការទូតកងទ័ពជើងទឹកត្រូវបានពង្រីកកាន់តែស៊ីជម្រៅ និងទូលំទូលាយ រួមចំណែកដល់ការកសាងសមុទ្រមួយប្រកបដោយសន្តិភាព និងស្ថិរភាព។
នាវាកងទ័ពជើងទឹកវៀតណាមចូលរួមលំហាត់សមកងទ័ពជើងទឹកអាស៊ាន
ដោយសារប្រកាន់ខ្ជាប់នូវគោលនយោបាយការទូតរបស់បក្ស និងរដ្ឋ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក កងទ័ពជើងទឹកប្រជាជនវៀតណាមបានផ្តល់ប្រឹក្សា និងលើកឡើងវិធានការនានាជាច្រើនជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ដើម្បីអនុវត្តការងារការទូតកងទ័ពជើងទឹកប្រកបដោយប្រសិទ្ធភាព សមស្រប ម្ចាស់ការក្នុងការធ្វើសមាហរណកម្មពីទាបទៅខ្ពស់ទាំងទទឹង និងជម្រៅ។ រហូតមកដល់ពេលនេះ កងទ័ពជើងទឹកប្រជាជនវៀតណាម បានបង្កើត និងរក្សាទំនាក់ទំនងទ្វេភាគីជាមួយកងទ័ពជើងទឹកនៃប្រទេសជិត ៥០ ដោយរួមទាំងប្រទេសជាមហាអំណាចជើងទឹកនៅលើពិភពលោកថែមទៀត និងក៏បានចូលរួមក្នុងវេទិកាកងទ័ពជើងទឹកអន្តរជាតិជាច្រើនផងដែរ។
ដោយឈរលើទិដ្ឋភាពទ្វេភាគី ជារៀងរាល់ឆ្នាំ កងទ័ពជើងទឹកប្រជាជនវៀតណាមបានរៀបចំការទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ថ្នាក់រដ្ឋ និងកងទ័ព កងទ័ពជើងទឹកបរទេសមកធ្វើទស្សនកិច្ចការងារនៅវៀតណាម។ ទន្ទឹមនឹងនោះ កងទ័ពជើងទឹកប្រជាជនវៀតណាមក៏បានបញ្ជូនគណៈប្រតិភូជានាយទាហាន និងនាវាទៅទស្សនា ផ្លាស់ប្តូរ ជួបប្រាស្រ័យ ចូលរួមលំហាត់សមយុទ្ធ ចូលរួមក្បួនព្យុហយាត្រា សន្និសីទ សិក្ខាសាលា ពិព័រណ៍ការពារជាតិអន្តរជាតិទៀតផង។ ដោយមានគណៈប្រតិភូជិត ២,៤០០ បានចេញចូលតាំងពីឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ រួមទាំងរាល់ដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យទាំងអស់របស់ខ្លួនឯងនោះបានរួមចំណែកពង្រឹងនូវជំនឿទុកចិត្ត បង្កើតការយល់ដឹងរួមដើម្បីធ្វើជាមូលដ្ឋានជំរុញទំនាក់ទំនងការពារជាតិរវាងវៀតណាម និងប្រទេសដទៃទៀតឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។
កងទ័ពជើងទឹកប្រជាជនវៀតណាមបាន និងកំពុងរក្សាសកម្មភាពល្បាតប្រកបដោយប្រសិទ្ធភាពជាមួយកងទ័ពជើងទឹកចិន ថៃ និងកម្ពុជា។ បង្កើត និងរក្សាយន្តការពិគ្រោះយោបល់ទ្វេភាគីជាមួយកងទ័ពជើងទឹករុស្ស៊ី ឥណ្ឌា អាមេរិក ជប៉ុន ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងព្រុយណេ។ ដោយហេតុនេះបង្កើតបានបណ្តាញផ្លាស់ប្តូរ ពិភាក្សារកដំណោះស្រាយ និងការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍកងទ័ពជើងទឹកនៃប្រទេសនីមួយៗ និងសម្របសម្រួលដើម្បីដោះស្រាយបញ្ហាសន្តិសុខ និងសុវត្ថិភាពដែនសមុទ្រ។
រីឯលើទិដ្ឋភាពពហុភាគី កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលរួម និងជាសមាជិកសកម្ម និងមានការទទួលខុសត្រូវនៃយន្តការសហប្រតិបត្តិការកងទ័ពជើងទឹកពហុភាគីជាច្រើន ដែលមានយន្តការសំខាន់ពីរ គឺកិច្ចប្រជុំកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (ANCM) និងកិច្ចប្រជុំកងទ័ពជើងទឹកប៉ាស៊ីហ្វិកខាងលិច (WPNS)។ កងទ័ពជើងទឹកវៀតណាមមានការចូលរួមវិភាគទានជាច្រើនដែលត្រូវបានកោតសរសើរយ៉ាងខ្លាំងពីបណ្តាប្រទេសជាសមាជិក ជាពិសេសការធ្វើជាផ្លូវការ និងជាប្រចាំឆ្នាំនៃការផ្លាស់ប្តូរនាវាកងទ័ពជើងទឹកអាស៊ាន (ANI) ទៅជាកិច្ចប្រជុំ ANCM។
នៅ ANCM ៥ ក្នុងនាមជាម្ចាស់ផ្ទះនោះ ប្រទេសវៀតណាមបានផ្តួចផ្តើមឡើងប្រធានបទ “កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ានដើម្បីសន្តិភាព និងសន្តិសុខដែនសមុទ្រ” រួមទាំងគំនិតផ្តួចផ្តើម ៣ រួមមាន៖ ការបង្កើតខ្សែទំនាក់ទំនងបន្ទាន់, នីតិវិធីស្វាគមន៍គ្នានៅលើសមុទ្ររវាងនាវា និងយន្តហោះនៃបណ្តាប្រទេសអាស៊ាន (Hello អាស៊ាន) និងការផ្លាស់ប្តូរនាយទាហានវ័យក្មេងនៃកងទ័ពជើងទឹកអាស៊ាន (ANYOI)។ កងទ័ពជើងទឹកវៀតណាមបានក្លាយជាសមាជិកផ្លូវការរបស់ WPNS ចាប់តាំងពីឆ្នាំ១៩៩៤ - ដែលជាវេទិកាដ៏មានកិត្យានុភាពក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខតាមសមុទ្រនៃបណ្តាប្រទេសកងទ័ពជើងទឹកនៅជុំវិញពិភពលោក។ តាមរយៈសិក្ខាសាលាជាន់ខ្ពស់ចំនួន ១៦ លើក កងទ័ពជើងទឹកវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការលើកឡើងគំនិតសម្រាប់ការថែរក្សាសន្តិភាព សន្តិសុខ និងសុវត្ថិភាពដែនសមុទ្រ នៅសមុទ្រខាងកើត និងអាស៊ី - ប៉ាស៊ីហ្វិក។
ក្រៅពីយន្តការដែលបានរៀបរាប់ខាងលើ កងទ័ពជើងទឹកប្រជាជនវៀតណាមក៏បានចូលរួមផងដែរនៅក្នុងសកម្មភាពពហុភាគីជាច្រើនទៀត ដូចជា៖ លំហាត់សមពហុភាគីនៃកងទ័ពជើងទឹកអាស៊ាន (AMNEX), លំហាត់សមយុទ្ធនាវាចរណ៍អាស៊ាន - ចិន (ACMEX), លំហាត់សមយុទ្ធ អាស៊ាន - សហរដ្ឋអាមេរិក (AUMX), លំហាត់សមយុទ្ធកងទ័ពជើងទឹកពហុភាគី KOMODO, លំហាត់សមនៅក្នុងក្របខ័ណ្ឌនៃក្រុមអ្នកជំនាញសន្តិសុខដែនសមុទ្រនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM +), ការចូលរួមក្នុងមជ្ឈមណ្ឌលចែករំលែកព័ត៌មានសន្តិសុខតាមសមុទ្រ (IFC) នៃកងទ័ពជើងទឹកសិង្ហបុរី, ការបញ្ជូននាវាទៅចូលរួមក្បួនព្យុហយាត្រាអន្តរជាតិ (IMR) នៅប្រទេសរុស្ស៊ី ឥណ្ឌា ចិន កូរ៉េខាងត្បូង ...
យើងអាចនិយាយបានថា កងទ័ពជើងទឹកវៀតណាមកំពុងពង្រីកប្រកបដោយកាន់តែស៊ីជម្រៅ ទូលំទូលាយ ប្រសិទ្ធភាពជាក់ស្តែង ទាំងលើទិដ្ឋភាពទ្វេភាគី និងពហុភាគី បានរួមចំណែកបង្កើតបរិយាកាសអន្តរជាតិអំណោយផលសម្រាប់ការការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព បូរណភាពទឹកដីរបស់កងទ័ពជើងទឹកវៀតណាម។ ទន្ទឹមនឹងនោះ លើកកម្ពស់កិត្យានុភាព មុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិ។
នាពេលខាងមុខ កងទ័ពជើងទឹកប្រជាជនវៀតណាម នឹងបន្តគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគ្រប់បទបញ្ជាពីថ្នាក់លើ និងគោលនយោបាយរបស់បក្ស រដ្ឋ កងទ័ពស្តីពីការធ្វើសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេស ចាប់យក និងព្យាករណ៍ពីស្ថានភាពឲ្យបានត្រឹមត្រូវ ជាក់ស្តែងដើម្បីផ្តល់យោបល់ ជូនបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសចំពោះគ្រប់កិច្ចការសំខាន់ៗ ពាក់ព័ន្ធនឹងភារកិច្ចរបស់ខ្លួន។ កងទ័ពជើងទឹកវៀតណាមប្តេជ្ញាចិត្តក្លាយទៅជាឧបករណ៍ដ៏សំខាន់មួយប្រកបដោយប្រសិទ្ធភាពក្នុងគោលដៅការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិយ៉ាងរឹងមាំ រក្សាបរិស្ថានសន្តិភាព និងស្ថិរភាពនៅសមុទ្រដើម្បីការអភិវឌ្ឍជាតិ។
កងទ័ពជើងទឹកវៀតណាមនឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការពារជាតិទ្វេភាគីជាមួយកងទ័ពជើងទឹកនៃប្រទេសដទៃទៀត ដោយផ្តល់អាទិភាពលើបណ្តាប្រទេសអាស៊ាន ប្រទេសឆ្នេរសមុទ្រ ប្រទេសធំៗ និងដៃគូប្រពៃណីរបស់ខ្លួន។ បន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងដែលមានស្រាប់ឱ្យកាន់តែស៊ីជម្រៅ ស្ថិរភាព និងជាក់ស្តែង។ ព្រមទាំង ចូលរួមយ៉ាងសកម្មក្នុងយន្តការសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន និងយន្តការដែលអាស៊ានដើរតួនាទីស្នូល។
កងទ័ពប្រជាជនវៀតណាមបាន និងកំពុងរៀបចំយ៉ាងសកម្មសម្រាប់កិច្ចប្រជុំ ANCM ១៤ តាមរយៈនោះ រួមចំណែកដល់ជោគជ័យនៃរាល់កិច្ចប្រជុំយោធា និងការការពារជាតិនៃក្រសួងការពារប្រទេសវៀតណាមក្នុងឆ្នាំដែលវៀតណាមជាប្រធានអាស៊ានឆ្នាំ ២០២០។ ប្រការនេះបង្ហាញយ៉ាងច្បាស់ពីតួនាទី ការទទួលខុសត្រូវ ការខិតខំដើម្បីជំនះការលំបាក ការសម្របខ្លួនយ៉ាងសកម្មនៅក្នុងបរិបទនៃការរីករាលដាល Covid-19 ដ៏ស្មុគស្មាញនៅលើពិភពលោក។
តាមរយៈ ANCM ១៤ កងទ័ពជើងទឹកវៀតណាម នឹងបន្តសិក្សាស្រាវជ្រាវ ពិភាក្សា និងជំរុញរាល់កម្មវិធី និងគំនិតផ្តួចផ្តើមទាំងអស់ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ សន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនៅសមុទ្រខាងកើត និងក្នុងតំបន់៕
(ប្រភពព័ត៌មាន: kh.qdnd.vn)
មតិពីមិត្តអ្នកអាន