Trending now

រដ្ឋាភិបាលវៀតណាមគាំទ្រអាជីវកម្មទាំងឡាយដែលរងផលប៉ះពាល់ ដោយបញ្ហាមេរោគ Covid-19

16:01 | 13/03/2020 (ដោយវិច្ឆិកា)

យុគសម័យ - រដ្ឋាភិបាលវៀតណាម កំពុងពិចារណា ក្នុងការពន្យារពេលយកពន្ធ រយៈពេល ៥ខែ ចំពោះអាជីវកម្មទាំងឡាយដែលរងផលប៉ះពាល់ ដោយបញ្ហាមេរោគ Covid-19 ខណៈដែលពន្ធដែលនឹងត្រូវពន្យារពេល ប្រមូលយកនេះ គឺមានតម្លៃប្រមាណ ១.៣០០ លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Forbesvietnam ដែលបានផ្សាយនៅថ្ងៃនេះ។

សហគ្រាសវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាម ប្រឈមនឹងការបិទទ្វារដោយសារវីរុស Covid 19។ (ប្រភព៖​ baoquocte)

បើតាម​សេចក្ដីព្រាង​ពីក្រសួង​ហិរញ្ញវត្ថុវៀតណាម ដែលត្រូវបាន​សារព័ត៌មាន Forbesvietnam យកមកផ្សាយបន្ដ បាន​បញ្ជាក់ឲ្យដឹងថា មាន​ប្រាក់ពន្ធ​ប្រមាណជាង ៩៧០ លាន​ដុល្លារអាមេរិក នៃប្រាក់ពន្ធ​សរុប​ដែលត្រូវរដ្ឋ​ពន្យារពេល​ប្រមូលយកនោះ គឺ​នឹង​ពន្យារ​ពេល​ចន្លោះពី ខែ​មីនា ដល់ខែ​មិថុនា ដោយមានអនុគ្រោះ​លើ​​អាជីវកម្ម​នៅក្នុងវិស័យដូចជា ​កសិកម្ម, ការកែច្នៃម្ហូបអាហារ, វាយនភណ្ឌ, ស្បែកជើង, ការផលិតស្បែក គ្រឿងអេឡិចត្រូនិក, រថយន្ដ, អាកាសចរណ៍, ផ្លូវដែក, ផ្លូវថ្នល់, ឡូជីស្ទិក, ភោជនីយដ្ឋាន និងទេសចរណ៍ជាដើម។ ​

ជាមួយគ្នានេះ សម្រាប់​ការបង់ពន្ធ​លើតម្លៃបន្ថែម​ប្រមាណ ​១៣០ លាន​ដុល្លារអាមេរិក និង​ពន្ធលើប្រាក់ចំណូល​របស់បុគ្គល​ម្នាក់ៗ នឹងត្រូវពន្យារពេល​ប្រមូលយក រហូតដល់​ថ្ងៃទី​១៥ ខែ​ធ្នូ។

ដោយឡែក ចំពោះ​ប្រាក់ពន្ធ​ ប្រមាណ ជាង​ ១៩០ លានដុល្លារអាមេរិក​ផ្សេងទៀត ទាក់ទងនឹង​កម្រៃពន្ធពីការលក់ដីធ្លី ក៏នឹងត្រូវពន្យារពេល​ដល់​ថ្ងៃទី ៣១ ខែតុលាផងដែរ។ ប៉ុន្ដែ ដោយសារតែ អាជីវកម្មទាំងអស់ ត្រូវ​បំពេញ​កាតព្វកិច្ចពន្ធ​​របស់ពួកគេ នៅមុន​ដំណាច់​ឆ្នាំនេះ ដូច្នេះ ប្រាក់ចំណូលពន្ធ​របស់រដ្ឋាភិបាល​វៀតណាម​នៅឆ្នាំនេះ ទំនងជា​មិនរង​ផលប៉ះពាល់​នោះទេ។

ការ​ពន្យារពេល​យកពន្ធនេះ វាគឺជាផ្នែកមួយ​នៃកិច្ចខិតខំ​ប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ​ការខាតបង់​សេដ្ឋកិច្ច ដែល​បង្កឡើង​ដោយ Covid-19 ហើយបញ្ហានេះ នឹង​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ចវៀតណាម នៅឆ្នាំនេះ អាចនឹងធ្លាក់ចុះ មកនៅ ៥,៩៦% ដែលជា​កំណើនទាប​ ក្នុងរយៈពេល​៧ឆ្នាំ​កន្លងមកនេះ។

សូមបញ្ជាក់ថា កំណើនសេដ្ឋកិច្ច​វៀតណាម កាលពីឆ្នាំ ២០១៩ កន្លងទៅ សម្រេចបាន​៧,០២% ដែលជាកំណើន​ខ្ពស់​បំផុតទី២ ក្នុងរយៈពេល ១ទសវត្សរ៍​ចុងក្រោយនេះ៕ ​

(ដោយវិច្ឆិកា)

(ដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤