យុគសម័យ - បណ្តាប្រទេសដែលចូលរួមក្នុង EAS បានអះអាងថាគាំទ្រចំពោះអាទិភាពរបស់វៀតណាម ហើយមានឆន្ទៈគាំទ្រដល់វៀតណាមនិងអាស៊ានក្នុងការសម្រេចបាននូវអាទិភាពទាំងនេះ។
លោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអាស៊ាន (រូបថត៖ vnanet)
នាថ្ងៃទី ១៣ ខែកុម្ភះនៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅកិច្ចប្រជុំឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសសមាជិកជាន់ខ្ពស់អាស៊ីបូព៌ា(EAS)។ នេះគឺជាកិច្ចប្រជុំលើកទី ១ ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាមដែលមានគោលបំណងពិនិត្យឡើងវិញនូវសកម្មភាពសហប្រតិបត្តិការក្រោមក្របខ័ណ្ឌ EAS។ លោកឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអាស៊ាន បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។
ក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Tran Duc Binh បានចែករំលែកជាមួយបណ្តាប្រទេសដែលបានចូលរួម EAS អំពីអត្ថន័យនៃប្រធានបទ“អាស៊ាន- ភាពស្អិតរមួតនិងការឆ្លើយតប” (Cohesive and Responsive ) និងអាទិភាពរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ដើម្បីជំរុញការកសាងសហគមន៍អាស៊ាន ពង្រឹងទំនាក់ទំនងជាមួយដៃគូនានា ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពនិងលើកកម្ពស់តួនាទីរួមចំណែករបស់អាស៊ានក្នុងសហគមន៍អន្តរជាតិ ព្រមទាំងពង្រីកនិងលើកស្ទួយទំនាក់ទំនងជាមួយដៃគូ ដើម្បីរួមចំណែកពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខនិងការអភិវឌ្ឍន៍ក្នុងតំបន់ផងដែរ។
បណ្តាប្រទេសដែលចូលរួម EAS បានស្វាគមន៍ប្រធានបទរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ និងបានអះអាងគាំទ្រដល់អាទិភាពរបស់វៀតណាម ព្រមទាំងត្រៀមខ្លួនជាស្រេចគាំទ្រដល់វៀតណាមនិងអាស៊ានក្នុងការសំរេចបានអាទិភាពទាំងនេះ ក៏ដូចជាគំនិតផ្តួចផ្តើមនិងសកម្មភាពដែលស្នើឡើង ក្នុងឱកាសរំលឹកខួបលើកទី ១៥ នៃការបង្កើត EAS (២០០៥-២០២០) និងទិសដៅសម្រាប់ការអភិវឌ្ឍ EAS ក្នុងប៉ុន្មានទសវត្សនាទៀត ដោយឈរលើមូលដ្ឋាននៃសមិទ្ធិផលដែលសម្រេចបានក្នុង រយៈពេល ១៥ ឆ្នាំកន្លងមក ព្រមទាំងគោលការណ៍ជាមូលដ្ឋានបានបញ្ជាក់ពីតម្លៃនិងតួនាទីមជ្ឈភាពរបស់អាស៊ាន សំដៅបន្តរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់។
ទន្ទឹមនឹងនេះ អង្គប្រជុំបានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមាននៃសកម្មភាពសហប្រតិបត្តិការដើម្បីអនុវត្តនូវសេចក្តីសម្រេចចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ដែលបានសម្តែងតាមរយៈសេចក្តីថ្លែងការណ៍រួម EAS ចាប់ពីឆ្នាំ ២០០៥ រហូតមកដល់នាពេលបច្ចុប្បន្ននេះ ក៏ដូចជាផែនការសកម្មភាព ក្រុងម៉ានីល (២០១៨-២០២២) ក្នុងវិស័យនានាដូចជា ការប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន ពង្រឹងការតភ្ជាប់អាស៊ាន កិច្ចសហប្រតិបត្តិការតាមសមុទ្រ បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (ICTs) និងកិច្ចសហប្រតិបត្តិការថាមពល បរិស្ថាននិងការគ្រប់គ្រងគ្រោះមហន្តរាយជាដើម៕(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: vov5)
មតិពីមិត្តអ្នកអាន